
សវនាការនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា កាលពីខែមិថុនា ឆ្នាំ ២០២២។ រូបថត ECCC
ភ្នំពេញៈ លោកស្រី Falguni DEBNATH មកពីប្រទេសកាណាដា ត្រូវបានជ្រើសរើសជាសហមេធាវីនាំមុខអន្តរជាតិថ្មី តំណាងដើមបណ្តឹងរដ្ឋប្បវេណី នៅអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា(អវតក) ចាប់ពីថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០២២ តទៅ។
សេចក្តីប្រកាសព័ត៌មានរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានឱ្យដឹងនៅថ្ងៃទី ១៥ ខែសីហាថា លោកស្រី DEBNATH ចូលមកជំនួសលោកស្រី Megan HIRST ដែលបានលាឈប់ពីមុខតំណែង កាលពីថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២២។
សេចក្តីប្រកាសព័ត៌មានបន្តថា លោកស្រី DEBNATH មានបទពិសោធជាង ២០ ឆ្នាំ លើកិច្ចការវិវាទកម្ម ធ្លាប់ជាតំណាងអគ្គរដ្ឋអាជ្ញា (Attorney General) ប្រទេសកាណាដា ក្នុងកិច្ចការវិវាទ ដែលពាក់ព័ន្ធនឹងការវាយប្រហារផ្លូវភេទ និងសំណុំរឿងកំហុសរដ្ឋប្បវេណីទ្រង់ទ្រាយធំ ដែលមានជនរងគ្រោះរាប់ពាន់នាក់។
បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ពីមុនមក លោកស្រីធ្លាប់បានបំពេញការងារជាមន្ត្រីច្បាប់ ប្រតិបត្តិ (Executive Legal Officer) នៅសាលាឧទ្ធរណ៍ធំជាងគេនៅកាណាដា ដោយផ្តល់សេវាកម្មផ្នែកច្បាប់ និងភាពជាអ្នកដឹកនាំប្រតិបត្តិព្រមទាំងជាជំនួយការជាន់ខ្ពស់របស់ព្រះរាជអាជ្ញា នៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។
នាពេលថ្មីៗនេះ លោកស្រី DEBNATH កាន់មុខតំណែងជាអនុប្រធានស្តីទី (Associate Deputy Minister) និងជានាយកប្រតិបត្តិ នៃគណៈកម្មការស៊ើបអង្កេត នៅខេត្ត Ontario ដែលស៊ើបអង្កេតទៅលើគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារ។
លោក នេត្រ ភក្រ្តា អ្នកនាំពាក្យអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា អ.វ.ត.ក. ឱ្យដឹងថា លោកស្រី DEBNATH នឹងបំពេញការងារជាមួយសហមេធាវីនាំមុខជាតិ តំណាងដើមបណ្តឹងរដ្ឋប្បវេណី លោក ពេជ្ញ អង្គ ក្នុងកិច្ចដំណើរការនីតិវិធីក្នុងសំណុំរឿង 002/02 ។
លោកបន្តថា សហមេធាវី នាំមុខទាំង ២ រូប ធានានូវការរៀបចំតំណាងដើមបណ្តឹងរដ្ឋប្បវេណី យ៉ាងមានប្រសិទ្ធភាព ដែលពួកគេជាជនរងគ្រោះនៃឧក្រិដ្ឋកម្ម ស្ថិតក្រោមយុត្តាធិការរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលអាចចូលរួមក្នុងកិច្ចដំណើរការនីតិវិធី និងបន្តការស្នើសុំសំណងផ្លូវចិត្ត និងសំណងសមូហភាព។
បើតាមលោក នេត្រ ភក្ត្រា ការទទួលខុសត្រូវចម្បងៗរបស់សហមេធាវី នាំមុខតំណាងដើមបណ្តឹងរដ្ឋប្បវេណី រួមមានការធ្វើជាតំណាងផលប្រយោជន៍របស់ដើមបណ្តឹងរដ្ឋប្បវេណី ក្នុងពេលសវនាការ ដោយមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយមេធាវីតំណាងដើមបណ្តឹងរដ្ឋប្បវេណីនីមួយៗ៕