
ទិដ្ឋភាពទឹកស្ទឹងសែនក្នុងខេត្តកំពង់ធំ កាលពីថ្ងៃទី ១២ សីហា។ រូបថត យូរសុះ អាប់ឌុល រ៉ាស់ហ៊ីម
កំពង់ធំៈ អាជ្ញាធរខេត្តកំពង់ធំ បានប្រកាសប្រាប់ប្រជាពលរដ្ឋដែលរស់នៅប្របតាមមាត់ស្ទឹងសែន ឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះគ្រោះទឹកជំនន់ ខណៈកម្ពស់ទឹកស្ទឹងសែន នៅស្ថានីយជលសាស្ត្រ-កំពង់ធំ បានឡើងលើសពីកម្រិតប្រកាសឱ្យប្រុងប្រយ័ត្ន ហើយតំបន់មួយចំនួនបានជន់លិច។
លោក ហេ គឿន ប្រធានការិយាល័យ នៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា គិតត្រឹមរសៀលថ្ងៃទី ១៥ ខែសីហា កម្ពស់ទឹកស្ទឹងសែន នៅស្ថានីយជលសាស្ត្រ-កំពង់ធំ បានឡើងដល់ ១៣,៥១ម៉ែត្រ ខណៈកម្ពស់ទឹកត្រូវប្រកាសឱ្យប្រុងប្រយ័ត្ន គឺ ១៣,៥០ ម៉ែត្រ។
លោកថ្លែងថា៖ «នៅក្នុងស្ថានភាពនេះ ប្រជាពលរដ្ឋដែលរស់នៅប្របតាមមាត់ស្ទឹង ត្រូវបង្កើនការប្រុងប្រយ័ត្ន អំពីសុវត្ថិភាពក្រុមគ្រួសាររបស់ខ្លួន ជាពិសេសកុមារ ស្ត្រីមានផ្ទៃពោះ និងចាស់ជរា»។
បើតាមលោក គឿន កម្ពស់ទឹកស្ទឹងសែន នៅក្នុងខេត្តកំពង់ធំ អាចនឹងបន្តកើនឡើងថែមទៀត នៅក្នុងអំឡុងពេល ៣-៤ ថ្ងៃខាងមុខនេះ។
លោក ម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹងសែន បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា នៅពេលនេះទឹកបានជន់លិចប៉ះពាល់ដំណាំស្រូវជាង ៨០០ ហិកតា របស់ប្រជាកសិករនៅក្នុងសង្កាត់ចំនួន ៣ រួមមានសង្កាត់ដំរីជាន់ខ្លា សង្កាត់កំពង់រទេះ និងសង្កាត់អូរគន្ធរ។
លោកបញ្ជាក់ថា៖ «នៅក្នុងខណៈនេះ រដ្ឋបាលក្រុងស្ទឹងសែនយើង បានត្រៀមកម្លាំង និងមធ្យោបាយរួចជាស្រេច ដើម្បីអន្តរាគមន៍ជួយជម្លៀសពលរដ្ឋពីតំបន់រងគ្រោះដោយទឹកជំនន់»។
ស្រដៀងគ្នានេះ លោក អ៊ុន បុត្រ អភិបាលស្រុកកំពង់ស្វាយ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា គិតត្រឹមរសៀលថ្ងៃទី ១៥ ខែសីហា ជំនន់ទឹកភ្លៀង បានបង្កផលប៉ះពាល់ និងខូចខាតស្រូវរបស់ប្រជាពលរដ្ឋសរុបចំនួន ៧ ១៨៤ ហិកតា ក្នុងនោះខូចខាតទាំងស្រុងចំនួន ២ ៧៦០ ហិកតា ព្រមទាំងខូចខាត ហេដ្ឋារចនាសម្ព័ន្ធផ្លូវលំមួយចំនួនទៀត។
លោក បុត្រ មានប្រសាសន៍ថា៖ «បច្ចុប្បន្ន ទឹកស្ទឹងសែនកំពុងបន្តជន់ឡើងលិចហូរចូលក្នុងតំបន់ដីស្រែកសិករបន្ថែមទៀត ដែលក្នុងស្ថានភាពនេះ នឹងធ្វើឱ្យដំណាំស្រូវចំនួន ៤ ៤២៤ ហិកតា ដែលកំពុងរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនាពេលកន្លងមក រងការខូចខាតបន្ថែមទៀត»។
បើតាមលោក បុត្រ នៅពេលនេះមានប្រជាពលរដ្ឋរងគ្រោះចំនួន ២ ២២៦ គ្រួសារ បានស្នើសុំឱ្យសមត្ថកិច្ច ជួយអន្តរាគមន៍ផ្ដល់ពូជស្រូវបង្កើនរដូវជួយដល់ពួកគាត់ ដើម្បីត្រៀមបង្កបង្កើនផលស្ដារឡើងវិញនៅរដូវទឹកសម្រកខាងមុខ ។
យ៉ាងណាក៏ដោយ កម្ពស់ទឹកទន្លេមេគង្គ នៅគ្រប់ស្ថានីយជលសាស្ត្រទាំងអស់ នៅក្នុងថ្ងៃទី ១៥ ខែ សីហា ឆ្នាំ២០២២ បានស្រកចុះបន្តិចវិញបើធៀបទៅនឹងថ្ងៃទី ១៤ ខែសីហា។ ក្នុងនោះនៅស្ថានីយ៍ខេត្តស្ទឹងត្រែង ទឹកបានស្រកចុះ ០,៨៥ ម៉ែត្រ ខណៈនៅស្ថានីយខេត្តក្រចេះទឹកបានស្រកចុះ ០,៧៦ ម៉ែត្រ ... និងនៅស្ថានីយខេត្តកំពង់ចាម ទឹកបានស្រកចុះ ០, ៤២ ម៉ែត្រ។ នេះបើយោងតាមការព្យាករណ៍កម្ពស់ទឹកជំនន់របស់ក្រសួងធនធានទឹក ដែលបានចេញផ្សាយ នៅព្រឹកថ្ងៃទី ១៥ សីហា៕