ភ្នំពេញៈ គិត​ត្រឹម​ថ្ងៃទី​ ១៥ ខែ​សីហា គ្រឹះ​ស្ថាន​សិក្សា​ចំណេះទូទៅ​ឯកជន​ជាតិ និង​អន្តរ​ជាតិចំនួន ១៣​ ហើយ​ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​ទទួល​ស្គាល់​សញ្ញាបត្រ​បញ្ចប់​ការ​សិក្សា​ថ្នាក់ទី​១២ ដែល​ចេញ​ដោយ​គ្រឹះស្ថាន​សិក្សា​ទាំង​នេះ ត្រូវ​មាន​តម្លៃ​សមមូល​នឹង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ​ និង​បំពេញ​វិជ្ជា​ (បាក់ឌុប) ដែល​ចេញ​ដោយ​ក្រសួង​អប់រំ​​។

លោក​ រស់ សុវាចា អ្នកនាំ​ពាក្យ ក្រសួង​អប់រំ ថ្លែង​ប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍ កាលពី​ថ្ងៃទី​ ១៥ ខែសីហា​​ថា លោក​ ហង់ជួន ណារ៉ុន រដ្ឋ​មន្រ្ដី ក្រសួង​អប់រំ កាល​ពីថ្ងៃទី ​៣១ ខែ ធ្នូ ឆ្នាំ​ ២០១៩ បាន​ចេញ​ប្រកាស​ស្ដីពីបែប​បទ និង​នីតិវិធី​នៃការ​វាស់​ស្ទង់​សមត្ថ​ភាព​កម្រិត​សម​មូល។​

គោល​បំណង​នៃប្រកាស​នេះ គឺដើម្បី​​ទទួល​ស្គាល់​ និង​ផ្ដល់​វិញ្ញា​បនបត្រ​បញ្ជាក់​កម្រិត​សមត្ថភាព និង​វិញ្ញាបនបត្រ​ ឬ​សញ្ញា​បត្រ​កម្រិត​សមមូល ​ដល់​អ្នក​សិក្សា​ដែលបាន​ប្រឡង​បញ្ចប់​វគ្គ ឬភូមិ​សិក្សា​នៅគ្រឹះស្ថាន​សិក្សា​ចំណេះ​ទូទៅ​ឯក​ជនជាតិ និង​អន្តរជាតិ ក្នុង​ប្រទេស​ និង​ក្រៅប្រទេស​ និង​នៅ​សាលា​អប់រំ​បច្ចេក​ទេស​ និង​វិជ្ជាជី​វៈ​ដែល​មិន​​អ​នុវត្ដ​តាម​កម្មវិធី​សិក្សា​របស់​ក្រសួង​អប់រំ​​។

លោក​បញ្ជាក់ថា​៖ «គ្រឹះស្ថាន​សិក្សា​ចំណេះ​ទូទៅឯក​ជន​ជាតិ និង​អន្តរជាតិ​ ចំនួន ១៣​ ដែល​ក្រសួង​អប់រំ បាន​ប្រកាស​ទទួល​ស្គាល់​សញ្ញា​បត្រ​បញ្ចប់​ការ​សិក្សា​ថ្នាក់ទី​១២ ត្រូវ​មាន​តម្លៃ​សមមូល​នឹង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​ចំណេះ​ទូទៅ​ និង​បំពេញ​វិជ្ជា​ដែល​ចេញ​ដោយ​ក្រសួង​អប់រំ​»។

លោក ហង់ជួន ណារ៉ុន កាលពីថ្ងៃទី ១២​ ខែសីហា បាន​ចេញ​ប្រកាស​ស្ដីពី​តម្លៃ​សម​មូល​នៃស​ញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ សម្រេច​ឱ្យ​សញ្ញាបត្រ​បញ្ចប់​ការ​សិក្សា​ថ្នាក់ទី​១២ ដែល​ចេញដោយ​​សាលា​អន្តរជាតិ ប៊ើខឹលី (Berkeley International School) ត្រូវ​មាន​តម្លៃ​សមមូល​នឹង​សញ្ញា​បត្រ​​មធ្យម​សិក្សា​ទុតិយភូមិ​ចំណេះទូទៅ និង​បំពេញ​វិជ្ជា​ដែល​ចេញ​ដោយ​ក្រសួង​អប់រំ​។

តាមរយៈ​ប្រកាស​នេះ ក្រសួង​អប់រំ​បាន​កំណត់​ឱ្យ សាលាអន្ដរ​ជាតិ ប៊ើខឹលី ត្រូវ​រៀប​ចំ​បញ្ជី​ឈ្មោះ​សិស្ស​ដែល​បាន​ប្រឡង​ជាប់​ជាស្ថាពរ​ក្នុងកម្មវិធី ប្រឡង​បញ្ចប់​ដោយ​ភ្ជាប់​ជាមួយ​នូវ​ពិន្ទុលទ្ធ​ផល​សិក្សា​របស់​សិស្ស ដើម្បី​ដាក់​ជូន​ថ្នាក់​ដឹក​នាំ​ក្រសួង​អប់រំ ពិនិត្យ និង​ផ្តល់​ការ​ឯកភាព​ជាមុន មុន​នឹងចេ​ញវិញ្ញាបន​បត្របណ្តោះអា​សន្ន និង​/​ឬ​បោះ​ពុម្ព​សញ្ញា​បត្រជូន​ដល់​សិស្ស​ដែល​បាន​ប្រឡង​ជាប់​ជាស្ថាព​រ​។

ក្រសួង​អប់រំ មាន​សិទ្ធិដក​ហូត ឬ​បដិសេធ​សញ្ញាបត្រ​ថ្នាក់ទី​១២ ដែល​ចេញ​ដោយ​ សាលា​អន្តរ​ជាតិប៊ើ​ខឹលី​ ក្នុង​ករណី​ពិនិត្យ​ឃើញ​មាន​ភាព​មិនត្រឹម​ត្រូវ​ក្នុង​ដំណើរ​ការ​សិក្សា ឬមាន​ភាពមិន​ត្រឹម​ត្រូវ​ក្នុង​ការ​សម្រេច​ផ្ដល់​សញ្ញា​បត្រ​ដល់​អ្នក​សិក្សា។

លោករដ្ឋមន្រ្ដី​បញ្ជាក់​ក្នុង​ប្រកាស​នេះថា ក្រសួង​អប់រំ ត្រូវ​បង្កើត​គណៈ​កម្ម​ការ​ដែល​មាន​សមាស​ភាព​មក​ពីនាយក​ដ្ឋាន​ធានា គុណ​ភាព​អប់​រំ នាយក​ដ្ឋាន​មធ្យម​សិក្សា​ចំណេះ​ទូទៅ នាយក​ដ្ឋាន​ជំនាញ​ពាក់​ព័ន្ធ ដើម្បី​ត្រួត​ពិនិត្យ​តាម​ដានជា​ប្រចាំ​លើ​កម្ម​វិធី​សិក្សា ដំណើរ​ការ​សិក្សា និង​ដំណើរ​ការប្រឡង​របស់ សាលា​អន្តរ​ជាតិ​ប៊ើខឺលី​។

លោក​បញ្ជាក់​ថា គណៈ​កម្មការ​នេះ ត្រូវ​រៀបចំ​ស្ដង់​ដាសម្រាប់​វាយតម្លៃលើ​កម្មវិធី​សិក្សា និង​ដំណើរ​ការរបស់​គ្រឹះ​ស្ថាន​សិក្សា​ឯក​ជន ដែលប្រើប្រាស់កម្មវិធីសិក្សាអន្តរជាតិ។ ស្ដង់ដា​​នេះ​ត្រូវ​រៀប​ចំទាប​បំផុ​ត​ឱ្យ​ស្មើ​នឹង​កម្ម​វិធី​សិក្សា​របស់​ក្រសួង​អប់រំ​ ។​

សាលា​អន្តរ​ជាតិ​ប៊ើខឺ​លី កាល​ពីថ្ងៃទី​ ១៤ ខែ​សីហា បានប្រកាស​អបអរ​សាទ​រ​ដែល​ក្រសួង​អប់រំ បាន​ប្រកាស​ទទួល​ស្គាល់​សញ្ញា​បត្រ​បញ្ចប់​ការ​សិក្សា​ថ្នាក់ទី​១២ ត្រូវ​មាន​តម្លៃ​សមមូល​នឹង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ​ និង​បំពេញ​វិជ្ជា​ ដែល​ចេញ​ដោយ​ក្រសួង​អប់រំ​​​។

សាលា​បញ្ជាក់​ថា​៖ «សញ្ញាបត្រ​បញ្ចប់​ការ​សិក្សា​ថ្នាក់​ទី១២ ដែល​ចេញ​ដោយសា​លាអន្តរ​ជាតិ ប៊ើខឹលី​ យើង​ខ្ញុំ​មាន​តម្លៃ​សម​មូ​​ល​ស្មើនឹង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ (បាក់​ឌុប) ចំណេះ​ទូទៅ និង​បំពេញ​វិជ្ជា​ដែល​ចេញ​ដោយ​ក្រសួង​អប់រំ»៕