ភ្នំពេញៈ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សាកល្បង​ដាក់បញ្ចូល​មុខវិជ្ជា​ទាក់ទង​នឹង​ហិរញ្ញវត្ថុ ក្នុង​កម្មវិធីសិក្សា​ទៅដល់​សាលា​ក្នុង​ខេត្ត​គោលដៅ​ចំនួន ៣ គឺ​ខេត្តកំពង់​ចាម កំពត និង​ខេត្តសៀមរាប ចាប់ពី​កម្រិត​ថ្នាក់​ទី១ ដល់​ថ្នាក់​ទី១២។

ក្នុងពេល​ចុះ​ត្រួត​ពិនិត្យ​ការ​បង្រៀន​សាកល្បង ការ​បញ្ជ្រាប​ខ្លឹមសារ ចំណេះ​ដឹង​ហិរញ្ញវត្ថុ ក្នុង​កម្មវិធី​សិក្សា​នៅតាម​សាលា​នានា​ក្នុង​ខេត្តសៀមរាប កាល​ពី​សប្តាហ៍​មុន លោក ម៉ុក សា​រ៉ុ​ម អគ្គនាយក​រង នៃ​អគ្គនាយក​ដ្ឋាន​អប់រំ និង​ជា​ប្រធាន​ក្រុមការងារ​ការ​បញ្ជ្រាប​ខ្លឹមសារ​ចំណេះដឹង ហិរញ្ញវត្ថុ​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​លើក​ឡើង​ថា ការងារ​អក្ខរកម្ម​ជាទូទៅ ទាក់ទង​ការ​រៀន និង​បង្រៀន​អក្សរ លេខ​នព្វន្ត។

លោក​ថា៖ «ទន្ទឹម​នេះ ការងារ​អក្ខរកម្ម ជា​បរិវត្ត​កម្ម​ដែលមាន​វិសាលភាព​គ្របដណ្តប់​ដល់​អក្ខរកម្ម​ហិរញ្ញវត្ថុ ពត៌មាន​វិទ្យា និង​ភាសា​បរទេស​ជាដើម ក្នុងការ​ឆ្លើយ​តប​ចំពោះ​បរិបទ​ឧស្សាហកម្ម ៤.០។ ក្នុងន័យ​នេះ ក្រសួង​អប់រំ បាន​និង​កំពុង​បន្ត​កិច្ច​សហការ​វិជ្ជមាន​ជាមួយ​ក្រសួង-ស្ថាប័ន ដូចជា​ធនាគារ​ជាតិ​នៃ​កម្ពុជា និង​គ្រប់ភាគី​ពាក់ព័ន្ធ ដើម្បី​លើក​កម្ពស់​អក្ខរ​កម្ម​ហិរញ្ញវត្ថុ»។

កម្មវិធី​នេះ គឺ​ដើម្បី​លើកកម្ពស់​អក្ខរកម្ម​ហិរញ្ញវត្ថុ ដោយ​បញ្ជ្រាប​ខ្លឹមសារ​ចំណេះដឹង​ហិរញ្ញវត្ថុ​លើ ៤ ​មុខវិជ្ជា រួមមាន គណិតវិទ្យា សីលធម៌ ពលរដ្ឋវិទ្យា បំ​ណិ​ន​ជីវិត តាម​មូលដ្ឋាន និង​សេដ្ឋកិច្ច-គេហវិទ្យា ពី​ថ្នាក់​ទី១ ដល់​ថ្នាក់​ទី១២។

ជាមួយគ្នានេះ ក្រសួង​បានរៀបចំ​សៀវភៅ​គ្រូ ផ្នែក​ចំណេះដឹង​ហិរញ្ញវត្ថុ, បាន​បណ្តុះបណ្តាល​គ្រូ​បង្គោល​ផ្នែក​ចំណេះដឹង​ហិរញ្ញវត្ថុ​មកពី ៣ ខេត្ត គឺ​ខេត្តកំពង់ចាម ខេត្តកំពត និង​ខេត្តសៀមរាប និង​បាន​បង្រៀន​សាកល្បង​ការបញ្ជ្រាប​ខ្លឹមសារ​ចំណេះដឹង​ហិរញ្ញវត្ថុ​ក្នុង​កម្មវិធីសិក្សា​នៅតាម​ខេត្ត​គោលដៅ​ទាំងនេះ។

ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្តសៀមរាប លោក លី ប៊ុន​ណា ថ្លែងថា នេះ​គឺជា​រឿង​ល្អ​មួយ​ដែល​ក្រសួង​សម្រប​សម្រួល​ចាប់ផ្តើម​ឱ្យមាន​ការបញ្ជ្រាប​កម្មវិធី​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ដល់​សិស្សានុសិស្ស​នៅ​តាម​គ្រឹះ​ស្ថាន​សិក្សា​រដ្ឋ ដើម្បី​ឱ្យ​ពួកគេ​មាន​ចំណេះ​ដឹង​មូលដ្ឋាន​គ្រឹះ​ពី​តូច​ទៅ។

លោក​ថា​៖‍ «ជាកម្មវិធី​ល្អ​ប្រសើរ​ទាក់​ទង​ចំណេះ​ដឹង​ផ្នែក​ហិរញ្ញវត្ថុ ដើម្បី​ឱ្យ​សិស្សា​នុសិស្ស​អនុវត្ត​កិច្ច​ការ​ប្រតិបត្តិ​ក្នុង​ជីវ​ភាព​រស់​នៅ​ប្រចាំថ្ងៃ​របស់​គាត់ ហើយ​ចំណេះ​ដឹង​នេះអាចចាប់​ផ្តើមការ​រៀន​ពីតូច​ទៅ»។

ប៉ុន្តែ​លោក​ថា ដោយ​សារ​ជា​កម្ម​វិធីថ្មី និង​ជាដំណាក់​ការ​សាក​ល្បង​ដំបូង​ គឺមិន​ទាន់​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​នោះ​ទេ ខណៈ​លោក​កំពុង​រក​វិធី​កែលម្អ​បន្ថែម ដើម្បី​ដាក់​បញ្ចូល​ទៅ​ក្នុង​កម្មវិធី​សិក្សាតាម​មុខវិ​ជ្ជា។

លោក​ថា៖ «ការ​អនុវត្ត​សាក​ល្បងជំ​ហាន​ដំបូង​ជួប​ការ​លំបាក​ខ្លះ មិន​ទាន់​ប្រព្រឹត្ត​ទៅដោយ​រលូន​ទេ យើង​កំពុង​រក​ច្រក ដើម្បី​បញ្ចូល​កម្មវិធី​នេះទៅ​ក្នុង​ការ​សិក្សា​ទៅតាម​មុខ​វិជ្ជា ហើយ​យើង​នឹង​កែលម្អ​ឱ្យស្ថាន​ភាព​នៃការ​អនុវត្ត​ឈា​ន​ទៅដល់​ការ​អនុវត្តនៅ​ក្នុង​ក្រប​ខ័ណ្ឌទូទាំង​ប្រទេស​»។

លោក​បន្តថា​ ដោយ​សារ​មុខ​វិជ្ជា​ទាក់​ទង​នឹង​ហិរញ្ញវត្ថុ​ជាកម្មវិ​ធី​ថ្មី លោក​បាន​ដាក់​បញ្ចូល​សាក​ល្បង​នៅគ្រឹះ​សា្ថន​ចំនួន២គឺ អនុវិ​ទ្យាល័យ​ប៊ុនរ៉ានី ហ៊ុនសែន រលួស និង​សាលាបឋម​សិក្សាមុខ​នាគ​។

ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯក​រាជ្យ​លោក​ស្រី អ៊ុក ឆាយ៉ាវី មាន​ប្រសាសន៍​ថា ការ​ដាក់​បញ្ចូល​កម្ម​វិធី​ចំណេះ​ដឹង​ផ្នែក​ហិរញ្ញវត្ថុ​ទៅ​ក្នុង​កម្ម​វិធី​សិក្សា​គឺជារឿង​ល្អ ប៉ុន្តែ​គួរ​ដាក់​បញ្ចូល​ចាប់​ពីថ្នាក់​ទី៧ ​ឡើង​ទៅទើប​ជាការ​ប្រសើរ។

លោក​ស្រីថា​៖ «ខ្ញុំយល់​ថា បើក្រសួង​បញ្ចូល​ចាប់ពីថ្នាក់​ទី១ ទៅ​ដូចជា​លឿន​ពេក តាម​ពិតទៅ​ក្មេង​មិន​ទាន់​ចាប់​បាន​អ្វី​ដែល​ជាផ្នែក​ហិរញ្ញ​វត្ថុ​ទេ អ៊ីចឹង​ថ្នាក់​ទី១ យើង​ធ្វើយ៉ាង​ណា​ឱ្យគាត់​ស្គាល់អ​ក្សរសាស្រ្តខ្មែ​រ​ឱ្យច្បាស់​វាល្អពេក​ហើយ ព្រោះឥឡូវ​សិស្សខ្លះ​ថ្នាក់ទី៧​អត់ទាន់​ចេះអា​ន អ​ក្សរ​ច្បាស់​ផង​» ។

គោល​បំណង​នៃការ​បង្រៀន​ចំណេះដឹ​ងផ្នែក​ហិរញ្ញ​វត្ថុ គឺ​ដើម្បី​ជួយ​សិស្ស​ឱ្យអភិវឌ្ឍ​មូលដ្ឋាន​នៃវិជ្ជា​សម្បទា និង​បំណិន​សម្បទា និង​ចរិយា​សម្បទា អំពីការ​ខ្ចីប្រាក់ និង​ការ​ផ្តល់​ប្រាក់​កម្ចី ដើម្បី​ផ្លាស់ប្តូរ​អាកប្ប​កិរិយា​របស់​ពួក​គេក្នុង​ការគ្រ​ប់គ្រង​ប្រាក់​៕