
ការផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពនៅកោះកុងកន្លងមក។ រូបថត សហការី
ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០២១ បានដាក់ចេញគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ជាថ្មីដែលមានក្រសួងមហាផ្ទៃជាសេនាធិការ។
គោលនយោបាយនេះត្រូវបានយកទៅផ្សព្វផ្សាយយ៉ាងទូលំទូលាយទាំងក្នុងវិស័យសាធារណៈទាំងក្នុងវិស័យឯកជន អ្នកពាក់ព័ន្ធ និងពលរដ្ឋ ដើម្បីចូលរួមអនុវត្តឱ្យបានជោគជ័យ។
ប៉ុន្តែបើពិនិត្យស្ថានភាពជាក់ស្តែងការអនុវត្តគោលនយោបាយនេះហាក់នៅមានកម្រិតនៅឡើយ។
បញ្ហាគ្រឿងញៀន បញ្ហាក្មេងទំនើង បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បញ្ហាចោរលួច និងឆក់ អំពើហិង្សា និងល្បែងខុសច្បាប់ ជាដើមនៅតាមភូមិ ឃុំ សង្កាត់ខ្លះនៅតែបន្តកើតមាន និងមានចុះផ្សាយពីបណ្តាញសារព័ត៌មានជាហូរហែ។ បញ្ហានេះ បានធ្វើឱ្យពលរដ្ឋនៅមានការបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន ដែលទាមទារឱ្យអាជ្ញាធរមានសមត្ថកិច្ច ពិសេសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ដែលទើបជាប់ឆ្នោតថ្មីយកចិត្តទុកដាក់បន្ថែមទៀត។
លោក កែវ មាលា ប្រធានសមាគមបញ្ញវន្ត ដើម្បីសន្តិភាពថ្លែងថា គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពពិបាកនឹងអនុវត្ត ព្រោះមន្ត្រីមូលដ្ឋានខ្លះមិនសូវមានសកម្មភាព និងធ្វើការនៅមានការរើសអើង។ មួយទៀតមន្ត្រីនគរបាលខ្លះដូចជាត្រូវរ៉ូវជាមួយជនល្មើសដោយបិទភ្នែកមិនសូវបង្ក្រាបលើការជួញដូរ និងចែកចាយគ្រឿងញៀនទេ ហើយករណីខ្លះ ចាប់ហើយក៏លែងវិញ។
លោកបន្តថា ចំពោះឃុំសង្កាត់មួយចំនួន ពលរដ្ឋមិនសូវមានការងារធ្វើជាហេតុនាំអ្នកខ្លះយកពេលទៅប្រព្រឹត្តអំពើមិនសមរម្យ។ ម្យ៉ាងទៀតពលរដ្ឋមិនសូវមានសិទ្ធិអំណាចគ្រប់គ្រាន់ដោយពេលខ្លះឃើញចោរកំពុងគាស់ទ្វារ តែមិនហ៊ានទៅឃាត់ ឬទៅឡូឡានោះទេ ពោលគឺមិនដូចកាលពីទសវត្សរ៍ ៨០ និង ៩០ ពលរដ្ឋគោះត្រឡោក គោះស្គរ និងគោះប៉ោតជាដើម ដើម្បីដេញចាប់ចោរ ខណៈពេលនោះមិនទាន់មានគោលនយោបាយភូមិឃុំមានសុវត្ថិភាពទេគឺពលរដ្ឋដាក់ផែនការខ្លួនឯង។
លោកថា៖ «ម្យ៉ាងទៀត បញ្ហាគ្រឿងញៀនត្រូវបានចាប់រាប់រយតោន...អ្នកជក់គ្រឿងញៀន នៅតែជក់ដដែល អ្នកធ្វើបងធំបងតូចនៅមានដដែល។ មែនទែនទៅ ពលរដ្ឋខ្លាចរអាបងធំបងតូច គ្រឿងញៀន ពួកគ្រឿងញៀនអត់ខ្លាចស្លាប់ផងពេលខ្លះវាហិតកាវ និងកាន់ដាវនៅនឹងមុខ មិនហ៊ានធ្វើអីផង»។
លោក លឿង សុទ្ធិ ជាពលរដ្ឋរស់នៅក្នុងខណ្ឌស្ទឹងមានជ័យរាជធានីភ្នំពេញថ្លែងថា ការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់របស់អាជ្ញាធរ ដូចជាមិនទាន់បានល្អទេ ព្រោះចោរកម្ម គ្រឿងញៀន ក្មេងទំនើង នៅតែបន្តមានដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ និងសុវត្ថិភាពរបស់ពលរដ្ឋ។
លោកថា៖ «នៅតាមផ្លូវ ខ្ញុំទៅធ្វើការមានភាពរញ៉េរញ៉ៃ ក្មេងទំនើង និងពេលខ្លះឃើញក្មេងៗប្រើប្រាស់គ្រឿងញៀន អាជ្ញាធរហាក់មិនទាន់ដោះស្រាយបានល្អទេ ហើយកន្លែងខ្ញុំនេះ ប្រហែលដូចកន្លែងគេផ្សេងដែរហើយ។ បញ្ហានេះ ខ្ញុំសុំឱ្យអាជ្ញាធរមូលដ្ឋានពង្រឹងគោលនយោបាយភូមិឃុំសង្កាត់ឡើងវិញ ដើម្បីសេចក្តីសុខពលរដ្ឋ»។
ទោះជាយ៉ាងណាក្ដី មិនមែនគ្រប់ឃុំ-សង្កាត់សុទ្ធតែអនុវត្តមិនសូវបានជោគជ័យនោះទេ ប៉ុន្តែផ្ទុយទៅវិញមានឃុំសង្កាត់ជាច្រើនអនុវត្តបានជោគជ័យរហូតទទួលបានចំណាត់ថ្នាក់ល្អទៀតផង ដូចជា មេឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែងជាដើម។
លោកស្រី ហេង ស្រីពៅ មេឃុំកន្សោមអក ស្រុកកំពង់ត្របែក បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា ក្នុងនាមលោកស្រីជាមេឃុំ មិនដែលរើសអើងទាក់ទងនឹងការផ្តល់សេវាសាធារណៈជូនពលរដ្ឋក្នុងឃុំនោះទេ បើទោះបីជាពួកគាត់មាននិន្នាការបក្សណាក៏ដោយ។
លោកស្រីបន្តថា ដោយឡែកចំពោះការអនុវត្តគោលនយោបាយ ភូមិឃុំសង្កាត់មានសុវត្ថិភាពគឺឃុំលោកស្រីតែងតែទទួលបានពានរង្វាន់ជាប់លេខ ១ ជារៀងរាល់ឆ្នាំ ដោយសារតែសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងឃុំមានលក្ខណៈប្រសើរ និងមានការសហការបានល្អរវាងប្រជាការពារ ប្រជាពលរដ្ឋ និងសមត្ថកិច្ចប៉ុស្តិ៍។
លោកស្រីបញ្ជាក់ថា៖ «នៅពេលមានករណីចោរលួច ចោរប្លន់ យើងសហការចុះអនុវត្តផ្ទាល់ៗ ប៉ុន្តែតាមការសង្កេតក្នុងឃុំរបស់ខ្ញុំ ដូចជាមិនមាននោះទេ ករណីបែបនេះ អ៊ីចឹង ហើយបានជាឃុំរបស់យើងជាប់លេខ ១ រហូតមក»។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃប្រាប់ភ្នំពេញ-ប៉ុស្តិ៍ថា ការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់របស់រាជរដ្ឋាភិបាលមិនមែនសុក្រឹត ១០០% នោះទេ វាតែងតែមានចន្លោះប្រហោងខ្លះ ប៉ុន្តែយ៉ាងណាអាជ្ញាធរមានសមត្ថកិច្ច តែងកែលម្អជាបន្តបន្ទាប់ កុំឱ្យពលរដ្ឋមានការព្រួយបារម្ភពីចោរលួច ប្លន់ និងឆក់ជាដើម។
យ៉ាងណាក្ដី លោកក៏ទទួលស្គាល់ចំពោះការមានការប្រើប្រាស់អំពើហិង្សា និងមានក្មេងទំនើងខ្លះផងដែរនៅតាមឃុំសង្កាត់មួយចំនួន ប៉ុន្តែលោកថា ឃុំសង្កាត់ភាគច្រើនបានអនុវត្តបានល្អ និង ១ ឆ្នាំៗ ឃុំសង្កាត់ទាំងនោះទទួលបានពានរង្វាន់ពីរាជរដ្ឋាភិបាលពីការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពនេះ។
ឆ្លើយតបនឹងការលើកឡើងថា ការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់នេះមានការរើសអើង និងត្រូវរ៉ូវជាមួយជនល្មើសជាដើម លោក ខៀវ សុភ័គ បានបញ្ជាក់ថា បញ្ហាទាំងនេះ ប្រហែលជារឿងបុគ្គល ប៉ុន្តែក្នុងនាមរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា មិនដែលរើសអើង ឬប្រកាន់បក្ខពួកក្នុងការដោះស្រាយកង្វល់នោះទេ។
លោកបញ្ជាក់ថា៖ «ជាគោលការណ៍ មន្ត្រីទាំងអស់មិនថាមេឃុំ ចៅសង្កាត់ ឬមេប៉ុស្តិ៍ជារបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ មិនមែនជារបស់គណបក្សប្រជាជនទេ មានតួនាទីក្នុងការបម្រើ និងការពារសុវត្ថិភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ម្យ៉ាងនៅការបោះឆ្នោតអាណត្តិនេះក៏មានសមាជិកមកពីគណបក្សផ្សេងដែរ។ ដូច្នេះលែងស្ថិតក្រោមបក្សហើយនាំគ្នាធ្វើការបម្រើប្រជាពលរដ្ឋទៅ»។
ទាក់ទងនឹងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពនេះដែរ លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ ធ្លាប់បានថ្លែងថា ស្មារតីនៃគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពបានន័យថា ភូមិឃុំសង្កាត់គ្មានអំពើល្មើស គ្មានអំពើហិង្សា គ្មានបទល្មើសគ្រឿងញៀន គ្មានអំពើចោរលួច ឆក់ប្លន់ទាំងអស់។ ក៏ប៉ុន្តែការអនុវត្តមិនល្អឥតខ្ចោះនោះទេ។
លោកថា៖ «យើងមិនទាន់ថា ល្អឥតខ្ចោះនោះទេ ហើយនៅលើពិភពលោកនេះគ្មានប្រទេសណា គ្មានបទល្មើសទេ គ្រាន់តែតិច ឬច្រើនប៉ុណ្ណោះ។ មានភូមិឃុំអត់មានបទល្មើសក៏គេហៅថា ភូមិឃុំមានសុវត្ថិភាព ភូមិឃុំដែលមានបទល្មើសតិច ហើយបង្ក្រាបបានក៏គេហៅថា ភូមិឃុំមានសុវត្ថិភាពដែរ តែគេមានចំណាត់ថ្នាក់របស់គេ»។
លោក ម៉ៅ ស៊ីវន មេប៉ុស្តិ៍សង្កាត់ព្រែកថ្មីនៃខណ្ឌច្បារអំពៅ រាជធានីភ្នំពេញថ្លែងថា ការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» ទាំង ៧ ចំណុច លោកតែងតែពង្រឹង និងផ្សព្វផ្សាយជូនពលរដ្ឋឱ្យចូលរួមអនុវត្ត និងថែរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យបានល្អ។
លោកថា៖ «យើងខិតខំផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន បញ្ហាក្មេងទំនើង។ ខ្ញុំបានធ្វើសវនកម្មជាមួយខណ្ឌច្បារអំពៅរួចរាល់អស់ហើយមិនមានបញ្ហានោះទេ លើបញ្ហានេះ»។
យោងតាមឯកសារគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» បានឱ្យដឹងថា សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជាកត្តាគន្លឹះដែលផ្តល់ភាពអនុគ្រោះដល់ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច និងវិស័យផ្សេងៗទៀត មានការរីកចម្រើនស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណគ្រប់ដំណាក់កាលរបស់រាជរដ្ឋាភិបាលកម្ពុជា។
ដើម្បីឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ន រាជរដ្ឋាភិបាលសម្រេចកែលម្អលក្ខណសម្បត្តិនៃគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ព្រមទាំងលើកកម្រិតគោលនយោបាយនេះដែលមានគោលបំណង និងសំណូមពរ ដូចតទៅ ៖
ទី១- បន្តកសាង និងពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សង្គមលើកកម្ពស់អនាម័យ បរិស្ថាន សុខុមាលភាពប្រជាពលរដ្ឋ និងកាត់បន្ថយគ្រោះថ្នាក់ដែលបណ្តាលមកពីគ្រោះមហន្តរាយ និងជំងឺឆ្លងរាតត្បាតនៅគ្រប់កាលៈទេសៈព្រមទាំងលើកទឹកចិត្តឱ្យមានការដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ដើម្បីបង្កភាពអនុគ្រោះដល់ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចនៅមូលដ្ឋាន និងឈានទៅបង្កើនល្បឿននៃការកាត់បន្ថយភាពក្រីក្រ។
ទី២- កសាងបានជាកម្លាំងសរុប វិធានការសរុប និងមធ្យោបាយសរុបក្នុងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដោយបំផុសឱ្យមានកិច្ចសហការចូលរួមជាមួយសមត្ថកិច្ចពីវិស័យសាធារណៈវិស័យឯកជនអ្នកពាក់ព័ន្ធនានា និងប្រជាពលរដ្ឋនៅទូទាំងប្រទេស។
បើតាមគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» មានលក្ខណសម្បត្តិ ដូចជា៖ ទី១- ផ្ដល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត។
ទី២- គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។ ទី៣- មានសណ្ដាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍។
ទី៤- គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ដ្រី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង។ ទី៥- ដោះស្រាយវិធានការនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។ ទី៦- មានអនាម័យ មានសោភណភាពល្អ និងមានបរិស្ថានល្អ និងទី៧- ឆ្លើយតបបានទាន់ពេលវេលា ចំពោះគ្រោះមហន្ដរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕