
ស្លាកសញ្ញាភ្លើងស្តុបនៅជិតស្តាតអូឡាំពិក។ ហុង មិនា
ភ្នំពេញៈ ការធ្វើដំណើរឆ្លងកាត់ភ្លើងស្តុបពណ៌លឿង ដែលជាសញ្ញាឱ្យប្រុងប្រយ័ត្ន និងការបត់ស្ដាំនៅពេលភ្លើងក្រហមនៅតែជាបញ្ហាប្រឈមដាក់គ្នារវាងអ្នកបើកបរ និងមន្ត្រីនគរបាលអំពីការផាកពិន័យជាប្រាក់ បើទោះបីជាមន្ត្រីថ្នាក់លើបានណែនាំទៅកាន់មន្ត្រីថ្នាក់ក្រោមតាមគោលដៅភ្លើងស្តុប ត្រូវផ្ដល់ភាពអនុគ្រោះនូវចំណុចទាំង ២ នេះ នៅពេលដែលដំណើរនោះគ្មានឧបសគ្គនៅលើដងផ្លូវ។
លោក សាន សុខសីហា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៣ ខែសីហា បានផ្ញើសារសំឡេងណែនាំសាជាថ្មីទៀត ទៅកម្លាំងនគរបាលអនុវត្តច្បាប់ចរាចរណ៍ និងគោលដៅសម្រួលចរាចរណ៍តាមភ្លើងស្តុបក្នុងរាជធានីភ្នំពេញត្រូវផ្ដល់ភាពអនុគ្រោះដល់អ្នកបើកបរ ដោយមិនចាំបាច់ផាកពិន័យនូវកំហុសទាំង ២ នោះ។
លោកថ្លែងថា៖ «បើសិនជាភ្លើងស្តុបក្រហមហើយគាត់បត់ស្តាំក្នុងស្ថានភាពមិនមានឧបសគ្គគាត់រំកិលៗអាហ្នឹងយើងគួរតែកុំចាប់គាត់ហើយផាកអី វាច្រើនថា គោលដៅមួយចំនួននៅតែផាកពិន័យលើបញ្ហាហ្នឹង។ ករណីភ្លើងលឿងនៅពេលគាត់ជិះផុតគំនូសផ្លូវដើរហើយបានភ្លើងលឿងអាហ្នឹងក៏ដូចគ្នាដែរយ៉ាងច្រើនពន្យល់គាត់ប្រាប់គាត់ កុំផាកពិន័យគាត់»។ «យើងឃើញថា ជារួមយើងធ្វើបានលទ្ធផលល្អប្រសើរច្រើននៅតែតិចតួចទេ អ៊ីចឹងបានយើងផ្តល់ជាសារនេះទៅដើម្បីដាស់តឿនក៏ដូចជាក្រើនរំឭកបន្ថែម បើសិនមានអ្នកណាអនុវត្តខុស ឬលើសអី យើងនឹងអនុវត្តតាមវិធានការដើម្បីធ្វើការកោះហៅក៏ដូចជាធ្វើការសួរនាំ និងធ្វើការអប់រំក៏ដូចជាការដាក់ពិន័យជាដើម»។
លោកថា គោលដៅណាដែលសម្រួលចរាចរណ៍នៅតាមគោលដៅស្តុបត្រូវអនុវត្តឱ្យបានច្បាស់លាស់ ចៀសវាងកុំឱ្យគោលដៅសម្រួលចរាចរណ៍ទៅជាគោលដៅអនុវត្តច្បាប់ចរាចរណ៍។
លោក សុខ ប្រុសពៅ អ្នកបើករថយន្តម្នាក់ថ្លែងថា មន្ត្រីនគរបាលនៅតែអនុវត្តផ្សេងពីការណែនាំ ពោលគឺនៅពេលបានហៅរថយន្តចូលចតហើយ មន្ត្រីប៉ូលិសតែងរកមើលចាប់កំហុស ដើម្បីផាកពិន័យជាថវិកាទាល់តែបាន។
លោកថ្លែងថា៖ «រឿងប៉ូលិសហ្នឹងវាពិបាកណាស់! បើនិយាយទៅអ្នកថា [ណែនាំ] ថាតែអ៊ីចឹង ប៉ុន្តែការពិតឡាននៅតែយកលុយឥតល្ហែដូចតែគ្នាហ្នឹង បើមិនឱ្យលុយទេនៅស្ទះរញ៉េរញ៉ៃ មើលឆ្វេងមើលស្តាំ និយាយរួមរកវិធីយកលុយយើងទាល់តែបាន អ៊ីចឹងទេរឿងនេះគ្រាន់តែថាពេលផ្ទុះឡើងភ្លាមៗអាចស្ងាត់មួយរយៈអ៊ីចឹងទៅដែរ គេអត់ផាកមួយរយៈដែរ»។
លោក គឹម បញ្ញា នាយកប្រចាំប្រទេសនៃអង្គការមូលនិធិបង្ការរបួសអាស៊ី AIP ថ្លែងថា មន្ត្រីនគរបាលចរាចរណ៍គួរតែមានការពង្រឹងការយល់ដឹងឱ្យបានកាន់តែច្រើនថែមទៀត និងមានវិធានការក្តៅចំពោះមន្ត្រីណាដែលនៅតែមិនធ្វើតាមការណែនាំ ដោយដកហូតលែងឱ្យឈរជើងទាំងក្រុមតែម្តង និងជំនួសដោយក្រុមផ្សេងដែលអនុវត្តបានត្រឹមត្រូវតាមគោលការណ៍ច្បាប់។
លោកបន្តថា៖ «បើសិនជាអាចមន្ត្រីនគរបាលចរាចរណ៍គួរតែចំណាយពេលឈរណែនាំពលរដ្ឋដែលធ្វើដំណើរកាត់លើដងផ្លូវ ជាពិសេសពេលចរាចរណ៍មមាញឹកខ្លាំង ឱ្យបានដឹងច្បាស់ជុំវិញការបត់ស្តាំពេលមានភ្លើងស្តុបក្រហមក្នុងស្ថានភាពគ្មានឧបសគ្គ។ ខ្ញុំគិតថាជារឿងប្រសើរដើម្បីបង្កើនការយល់ដឹងដល់ពលរដ្ឋ ហើយធ្វើអ៊ីចឹងអត់មានប្រទាំងប្រទើសគ្នាទេ»៕
វីដេអូ៖