ភ្នំពេញៈ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នឹង​រៀបចំ​កិច្ចប្រជុំ​ត្រីភាគី​ចំនួន​​ ៦ ​ដង​ទៀត ដើម្បី​បន្ត​កិច្ចពិភាក្សា​លើ​ប្រាក់​ឈ្នួល​ក្នុង​វិស័យ​កាត់ដេរ ដោយ​ក្នុងនោះ​បាន​កំណត់​យក​ថ្ងៃទី​ ២៣ ខែកញ្ញា ជា​ថ្ងៃ​កំណត់​ចុងក្រោយ ដែល​ត្រូវ​ប្រកាស​ប្រាក់ឈ្នួល​គោល​ក្នុង​វិស័យ​កាត់ដេរ សម្រាប់​កម្មករ​នៅ​ឆ្នាំ​ ២០២៣​។

ការកំណត់​នេះ​បាន​ធ្វើ​ឡើង ក្រោយពី​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា អាណត្តិ​ទី​ ២ ឆ្នាំ​ទី​ ២ បាន​បើក​កិច្ចប្រជុំ​លើក​ទី​ ១ ​នៅ​ថ្ងៃទី​ ១៥ ខែសីហា ដើម្បី​ពិភាក្សា​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ និយោជិត​ផ្នែក​វាយនភណ្ឌ​កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើដំណើរ និង​កាបូប សម្រាប់​ឆ្នាំ​ ២០២៣ នៅ​ទីស្ដីការ​ក្រសួង​ការងារ​។

សេចក្តី​ថ្លែងការណ៍​របស់​ក្រុមប្រឹក្សាជាតិ​ប្រាក់​ឈ្នួល​អប្បបរមា ដែល​ចុះហត្ថលេខា ដោយ​លោក​ អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​ ២ ​ភាគី​ទៀត ជា​សមាជិក​បាន​ឱ្យ​ដឹង​ថា ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​នឹង​រៀបចំ​កិច្ចប្រជុំ​បន្ទាប់​នៅ​ថ្ងៃទី ​២៤ ទី​ ៣១ ខែសីហា និង​ថ្ងៃទី​ ៧ ទី​ ១៤ ទី​ ២២ និង​ទី​ ២៣ ខែកញ្ញា ឆ្នាំ​ ២០២២ នៅ​ទីស្តីការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។

ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​ក៏បាន​អះអាងថា ក្នុង​កិច្ចប្រជុំ​លើក​ទី​ ១​ នេះ ខ្លួន​បាន​ធ្វើ​បទបង្ហាញ​អំពី​ស្ថិតិ​សំខាន់ៗ សម្រាប់​ភាគី​ពាក់ព័ន្ធ​ធ្វើជា​មូលដ្ឋាន​ក្នុង​ការ​ប្រើប្រាស់​លក្ខណវិនិច្ឆ័យ​ទាំង​ ៧ ដែលជា​ធាតុ​ចូល​ដ៏សំខាន់ ក្នុង​ការចរចា​ប្រាក់ឈ្នួល​អប្បបរមា​ផ្នែក​វាយនភណ្ឌ​កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើដំណើរ និង​កាបូប​សម្រាប់​ឆ្នាំ​ ២០២៣​។

សេចក្តី​ថ្លែងការណ៍​បញ្ជាក់​ថា​៖ «​បាន​ស្តាប់​គោលជំហរ​ពី​តំណាង ភាគី​នីមួយៗ​ទៅលើ​បម្រែបម្រួល​លក្ខណវិនិច្ឆ័យ​បែប​សង្គម (​ស្ថានភាព​គ្រួសារ អត្រា​អតិផរណា និង​ការចំណាយ​ក្នុង​ការ​រស់នៅ​) និង​លក្ខណវិនិច្ឆ័យ​បែប​សេដ្ឋកិច្ច​ (​ផលិតភាព ការប្រកួត​ប្រជែង​របស់​ប្រទេស ស្ថានភាព​ទីផ្សារ​ការងារ និង​កម្រិត​ចំណេញ​របស់​វិស័យ​)»​។

សេចក្តី​ថ្លែងការណ៍​បន្ត​ថា​៖ «​ប៉ុន្តែ​ភាគី​តំណាង​និយោជក និង​ភាគី​តំណាង​កម្មករ និយោជិត មិនទាន់​អាច​បញ្ជាក់​បាន​នូវ​តួលេខ ដែល​ជា​គោលជំហរ​ផ្លូវការ​របស់ខ្លួន​នៅឡើយ ដោយ​ស្នើសុំ​ប្រជុំ​ផ្ទៃក្នុង​របស់ខ្លួន​ម្ដងទៀត​សិន​»​។

កាលពី​ឆ្នាំ ​២០២១ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​បន្ថែម​ទឹកប្រាក់​ចំនួន​ ២ ​ដុល្លារ​អាមេរិក​ពីលើ​ទឹកប្រាក់​ចំនួន​ ១៩២​ ដុល្លារ ដែល​បាន​ស្នើឡើង​ដោយ​ក្រុម​ប្រឹក្សាជាតិ​ប្រាក់​ឈ្នួល​អប្បបរមា សម្រាប់​យកមក​អនុវត្ត​ក្នុង​ឆ្នាំ ​២០២២ ហើយ​ប្រាក់ឈ្នួល​គោល​ឆ្នាំ​ ២០២១ មាន​ចំនួន​ ១៩២​ ដុល្លារ ក្នុង​ ១ ​ខែ​។

លោក​ ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​-​កម្ពុជា និយាយ​ថា ការជួបគ្នា​ជា​លើកដំបូង​នេះ មិនទាន់​មាន​ជា​លទ្ធផល​អ្វី​នោះទេ​។ ភាគី​សហជីព​នឹង​យក​ស្ថិតិ​លក្ខណវិនិច្ឆ័យ​ទាំង​ ៧ របស់​ក្រសួង​ការងារ ដែល​បាន​បង្ហាញ​ក្នុង​ពេលនេះ​ទៅធ្វើការ​ផ្ទៀងផ្ទាត់​គ្នា​ក្នុង​កិច្ចប្រជុំ​ផ្ទៃក្នុង​បន្តទៀត ដើម្បី​ធ្វើការ​កំណត់​ពី​តួលេខ​ណាមួយ​ជាក់លាក់​ក្នុង​ការដាក់​ចរចា​ក្នុង​កិច្ចប្រជុំ​បន្ទាប់​។

ទោះយ៉ាងណា បើតាម​លោក​ ស៊ីណា តាមរយៈ​ការធ្វើ​បទបង្ហាញ​របស់​ក្រសួង​ពី​លក្ខណ​វិនិច្ឆ័យ​ទាំង​ ៧ ​ក្នុង​កិច្ចប្រជុំ​លើក​ទី​ ១ ឃើញ​មាន​សញ្ញា​អវិជ្ជមាន​ច្រើន ដែល​ផ្ទុយ​ទៅ​នឹង​អ្វី​ដែល​សហជីព​មើលឃើញ​ថា មាន​ស្ថានភាព​ល្អប្រសើរ ដូចជា​ការនាំចេញ​ផលិតផល អតិផរណា ដែល​អំណោយផល​ដល់​ការដំឡើង ប្រាក់​ឈ្នួល​ដល់​កម្មករ​ទៅវិញ​។

លោក​ថ្លែងថា​៖ «​យើង​មើលឃើញ​ថា ការនាំចេញ​មាន​ភាព​ល្អប្រសើរ សម្រាប់​ពេលនេះ ប៉ុន្តែ​ក្នុង​បទបង្ហាញ គេ​ព្យាករ​ថា នៅ​ចុង​ឆ្នាំនេះ ការនាំចេញ​នឹងមាន​ការធ្លាក់ចុះ​។ ចំពោះ​បញ្ហា​អតិផរណា ក្នុងឆ្នាំនេះ យើង​ឃើញ​មាន​ការហក់​ឡើង​ខ្ពស់​រហូតដល់​ ៥ ​ភាគរយ តែ​ការព្យាករ​ក្នុង​ឆ្នាំ​ ២០២៣ ខាងមុខ មាន​ការធ្លាក់​ចុះមក​វិញ​តិច​»​។

លោក​បាន​បន្តថា​៖ «​ចំណុច​ទាំងនេះ បង្ហាញ​ពី​សញ្ញា​ដក ដែល​កន្លងមក យើង​តែង​ឃើញ​ប្រើ​សញ្ញា​ដក​រហូត​ក្នុង​ការធ្វើ​បទបង្ហាញ​។ សម្រាប់​និយោជក គាត់​គ្មានអ្វី​លើកឡើង​ក្រៅពី​បញ្ហាលំបាក ឬ​មិន​ [​ចំណេញ​] និង​ព្យាករ​ទុក​ពី​បញ្ហា​កើតឡើង​ដែលជា​លេស​មិន​ចង់​ដំឡើង​ប្រាក់​ឈ្នួល​នោះទេ​។ ប៉ុន្តែ​សម្រាប់ ពួកយើង​ជា​ភាគី​សហជីព ពួកយើង​នឹង​ជួបប្រជុំ​គ្នា​ក្នុងពេល​ខាងមុខនេះ ដើម្បី​ធ្វើការ​កំណត់​យក​តួលេខ​ ១ ​ទៅ​ចរចា​»​។

បើតាម​លោក ​ប៉ាវ ស៊ីណា សម្រាប់​ការកំណត់​ប្រាក់​ឈ្នួល​ពី​ភាគី​សហជីព គឺ​មិនអាច​ក្នុង​ចន្លោះ​ពី​ ២១០-២២០ ​ដុល្លារ​ទេ​។ លោក​ថា ចំនួន​នេះ​ក៏​នៅ​មិន​បាន​ធ្វើឱ្យ​ជីវភាព​របស់​កម្មករ​ល្អ​ប្រសើរ​ទេ គឺ​បាន​ត្រឹម​ចូលរួម​ទប់ទល់​ទៅនឹង​ការឡើង​ថ្លៃទំនិញ​លើ​ទីផ្សារ​តែប៉ុណ្ណោះ​។

លោក ​កាំង ម៉ូនីកា អគ្គលេខាធិការរង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC) មិនអាច​សុំ​អត្ថាធិប្បាយ​បានទេ នៅ​ថ្ងៃទី​ ១៥ សីហា​។ ប៉ុន្តែ​លោក​ធ្លាប់បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ៧ ខែសីហា​ថា ក្នុង​ដំណាក់កាល​នេះ សមាគម ពិតជា​ទទួលស្គាល់​ពី​ការលំបាក​របស់​កម្មករ​។ ស្ថានភាព គឺ​ពិតជា​មិន​អំណោយផល សម្រាប់​ភាគី​ទាំង​ ២ ដែល​វា​ពិតជា​បញ្ហា​ ១​ ក្នុង​ការជួយ​ដល់​ជីវភាព​របស់​កម្មករ និង​ការគាំទ្រ​ដល់​ការប្រកួត​ប្រជែង​របស់​ឧស្សាហកម្ម​។

លោក​បញ្ជាក់ថា​៖ «​ទោះបីជា​ការនាំចេញ​ក្នុង​ឆមាស​ទី​ ១​ ឆ្នាំនេះ ល្អ​ក៏ដោយ យើង​មាន​ការ​ព្រួយបារម្ភ​យ៉ាងខ្លាំង ចំពោះ​ស្ថានភាព​នាំចេញ​ សម្រាប់​ឆមាស​ទី​ ២ ​នៃ​ឆ្នាំនេះ ដោយ​មើល​ទៅលើ​ស្ថានភាព​សកលលោក​មិន​ស្ថិតស្ថេរ និង​លទ្ធភាព​នៃ​ការធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច ដែល​ភាគច្រើន​នៅ​ប្រទេស​លោក​ខាងលិច ដែលជា​ទីផ្សារ​នាំចេញ​សម្លៀកបំពាក់​ដ៏​សំខាន់​របស់​កម្ពុជា​»​។

ការសិក្សា​ថ្មីៗ របស់ JETRO បាន​បង្ហាញថា ក្នុង​ឆ្នាំ​ ២០២១ គឺមាន​តែ​ ៣៩ ​ភាគរយ​នៃ​ក្រុមហ៊ុន​នៅ​ប្រទេស​កម្ពុជា​តែប៉ុណ្ណោះ ដែល​រកបាន​ប្រាក់​ចំណេញ ខណៈ​ជាង​ ៤៣ ​ភាគរយ​បាន​ខាតបង់​ប្រាក់ និង​ ១៨ ​ភាគរយ​បាន​បិទទ្វារ​ក្រុមហ៊ុន​របស់​ពួកគេ​។ នេះ​បើតាម​ការអះអាង​របស់​លោក​ កាំង ម៉ូនីកា​៕