ភ្នំពេញៈ អាស៊ាន និង​ឥណ្ឌា ប្ដេជ្ញា​តភ្ជាប់​ទំនាក់​ទំនង​ទៅវិញ​ទៅមក នៅក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក មជ្ឈភាព អាស៊ាន ភាព​បើកចំហ តម្លាភាព បរិយាប័ន្ន​, អភិបាលកិច្ច​ល្អ ការគោរព​សាមគ្គីភាព ខណៈ​ភាព​ជា​ដៃគូ​នៃ​អាស៊ាន និង​ឥណ្ឌា មាន​លក្ខណៈ​ទូលំទូលាយ និង​ចូលរួម​ក្នុង​វិស័យ​យុទ្ធសាស្ត្រ​ជាច្រើន​។

នេះ​បើ​យោងតាម​ការថ្លែង​របស់​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌា ដែល​ត្រូវ​បាន​ស្រង់​សម្តី​ដោយ​លោក​ ឈាង វុន​។ លោក ឈាង វុន ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋសភា ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃទី​ ១៥ សីហា ពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ និង​មិត្តភាព​របស់​លោក ជាម យៀប អនុប្រធាន​ទី១ រដ្ឋសភា​នៅ​សភា​នៃ​សាធារណរដ្ឋ​ឥណ្ឌា ដើម្បី​រំឭក​ខួប​លើក​ទី​៣០ នៃ​ទំនាក់​ទំនង​រវាង​អាស៊ាន និង​ឥណ្ឌា​ចាប់ពី​ថ្ងៃទី​ ១១ ដល់ ១២ ខែ​សីហា ឆ្នាំ​ ២០២២ ថា ដំណើរ​ទស្សនកិច្ច​នេះ​បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ស្ថាប័ន​នីតិប្បញ្ញត្តិ​ក្នុង​ការបំពេញ​បន្ថែម​កិច្ចខិតខំ​ប្រឹងប្រែង​ឆ្ពោះ​ទៅរក​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​របស់​អាស៊ាន និង​ឥណ្ឌា​។

លោក​បន្តថា ក្នុង​អំឡុងពេល​នៃ​ទស្សនកិច្ច​ផ្លូវការ និង​មិត្តភាព​នេះ​កិច្ចប្រជុំ​ជា​បន្តបន្ទាប់​ត្រូវបាន​ធ្វើឡើង​ជាមួយ​សមភាគី​របស់​មេដឹកនាំ​ប្រទេស​ឥណ្ឌា​ និង​ឥស្សរជន​សំខាន់ៗ​របស់​ឥណ្ឌា​។ បន្ទាប់មក​គណៈប្រតិភូ​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ ស៊ូប្រា-​ម៉ានយ៉ាម ជ័យហាន់ខា​ (Hon''a-ble Di. Subramanyam Jaishankha) រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌា​។ ក្នុងជំនួប​នេះ លោក​ ស៊ូប្រាម៉ានយ៉ាម ជ័យហាន់ខា ថ្លែងថា ទំនាក់ទំនង​រវាង​អាស៊ាន និង​ឥណ្ឌា​កំពុង​មាន​វឌ្ឍនភាព នៅក្នុង​វិស័យ​ជាច្រើន រួមមាន​សេដ្ឋកិច្ច​សង្គម​ និង​វប្បធម៌ និង​សន្តិសុខ​នយោបាយ​។ អាស៊ាន​ជា​តំបន់​មួយ​មាន​ទាំង​ស្ថិរភាព​នយោបាយ និង​សេដ្ឋកិច្ច​។

លោក​បន្តថា ដើម្បី​ក្លាយ​ជា​សមាជិក​សង្កេតការណ៍​របស់​អាយប៉ា មិនមែន​គ្រាន់តែ​ជា​ជំហាន​មួយ ដែលមាន​សារៈសំខាន់​សម្រាប់​ទំនាក់​ទំនង​រវាង​អាយប៉ា​ និង​សភា​ឥណ្ឌា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បាន​ពង្រីក​ទំនាក់​ទំនង​រវាង​អាស៊ាន និង​ឥណ្ឌា​ឱ្យ​កាន់តែ​ទូលំទូលាយ​បន្ថែមទៀត​។

លោក​រដ្ឋមន្ត្រី​បាន​លើក​ទឹកចិត្ត​ដល់​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ក្នុង​ការជំរុញ​កិច្ចព្រមព្រៀង​ស្តីពី​ពាណិជ្ជកម្ម​ទំនិញ​អាស៊ាន​-​ឥណ្ឌា (AITIGA) ដើម្បី​សម្រេច​បាន​នូវ​លំហូរ​ទំនិញ​ដោយ​សេរី​នៅក្នុង​តំបន់​ដែល​បណ្ដាល​ឱ្យ​មាន​ឧបសគ្គ​តិចតួច​ដល់​ពាណិជ្ជកម្ម​ និង​ទំនាក់​ទំនង​សេដ្ឋកិច្ច​កាន់តែ​ស៊ីជម្រៅ ខណៈ​តម្លៃ​ពាណិជ្ជកម្ម​របស់​ឥណ្ឌា​ជាមួយ​អាស៊ាន​បាន​ឈាន​ជិត​ដល់​ ១០០ ​ពាន់​លាន​ដុល្លារ​អាមេរិក ដែល​ឆ្លុះបញ្ចាំង​ពី​ទំនាក់​ទំនង​សេដ្ឋច្ច​ដ៏​រឹងមាំ​របស់​ឥណ្ឌា​ និង​តំបន់ អាស៊ីអាគ្នេយ៍​។

បើតាម​លោក ឈាង វុន គណៈប្រតិភូ​អាយប៉ា ក៏បាន​ចូលជួប​សម្តែង​ការគួរសម​ជាមួយ លោក ជកឌីប ដងខា​ (Hon''able Shri Jagdeep. Dhangkhar) អនុប្រធានាធិបតី​ឥណ្ឌា​ដែល​ទើប​ជាប់ឆ្នោត​ថ្មី និង​ជា​ប្រធាន​ព្រឹទ្ធសភា (Rajya Sabha) ​ផងដែរ​។ លោក​ ជកឌីប ដងខា ថ្លែងថា ការចូលរួម​របស់​អាស៊ាន និង​ឥណ្ឌា​មាន​លក្ខណៈ​ទូលំទូលាយ​គ្របដណ្តប់​លើ​សសរស្តម្ភ​ទាំង​ ៣ របស់​អាស៊ាន​។ ភាគី​ទាំង​ ២ បានបង្ហាញ​ពី​កង្វល់​ទៅវិញ​ទៅមក​ដែល​រួមមាន​ស្ថានភាព​ភូមិសាស្ត្រ​នយោបាយ​បច្ចុប្បន្ន ការលើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ និង​ការទូត​សភា​ក៏ដូចជា​ចេតនា​ក្នុង​ការ​ធ្វើឱ្យ​ទំនាក់ទំនង​កាន់តែ​ស៊ីជម្រៅ​ជាមួយ​នឹង​ការផ្លាស់ប្តូរ​ និង​កិច្ចសន្ទនា​សភា​ជា​ញឹកញាប់​។ កិច្ចប្រជុំ​ក៏បាន​បញ្ជាក់​ផងដែរ​នូវ​ទំនាក់​ទំនង​រវាង​អាយប៉ា និង​សភា​ឥណ្ឌា ដែល​បាន​ចូលរួម​ចំណែក​ដល់​ភាពជា​ដៃគូ​យូរអង្វែង​ និង​រឹងមាំ​របស់​អាស៊ាន និង​ឥណ្ឌា​។

ស្រប​ជាមួយ​នឹង​បំណង​នៃ​ការបង្កើត​កិច្ចសហប្រតិបត្តិការ​ជាក់ស្ដែង​ក្នុង​ការពង្រឹង​ធនធាន​មនុស្ស​តាមរយៈ​ការកសាង​សមត្ថភាព គណៈប្រតិភូ​អាយប៉ា ក៏បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ជាមួយ​វិទ្យាស្ថាន​ស្រាវជ្រាវ​ និង​បណ្តុះបណ្តាល​សភា​សម្រាប់​លទ្ធិប្រជាធិបតេយ្យ (PRIDE)​។ កិច្ចប្រជុំ​នេះ​បាន​លើក​ទឹកចិត្ត​ដល់​ភាគី​ទាំង ​២ ក្នុងការ​ស្វែងយល់​ពី​លទ្ធភាព​នៃ​កិច្ចសហប្រតិបត្តិការ​លើ​ការអភិវឌ្ឍ សមត្ថភាព​សម្រាប់​ទាំង​តំណាងរាស្ត្រ និង​មន្ត្រីសភា​។

អាយប៉ា និង​សភា​ឥណ្ឌា​មាន​ទំនាក់​ទំនង​ជា​ផ្លូវការ​អស់​រយៈពេល​ ១១​ ឆ្នាំ​ហើយ គឺ​ចាប់តាំងពី​សភា​ឥណ្ឌា​ត្រូវ​បានផ្ដល់​ឋានៈ​ជា​អ្នកសង្កេតការណ៍​របស់​អាយប៉ា នៅឯ​មហាសន្និបាត​អាយប៉ា​លើក​ទី​ ៣១ ក្នុង​ឆ្នាំ​ ២០១១​។ ទំនាក់​ទំនង​ជិតស្និទ្ធ​រវាង​អាយប៉ា និង​សភា​ឥណ្ឌា សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​សភា​ទាំង​ ២ ​ក្នុង​ការពង្រឹង​ទំនាក់​ទំនង​រវាង​ឥណ្ឌា និង​អាស៊ាន​៕