ភ្នំពេញៈ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​បង្ហើប​ពី​គម្រោង​បង្កើត​ភូមិ​ថ្មី​បន្ថែមទៀត នៅក្នុង​ខេត្ត​ចំនួន​ ៥ ដែល​មាន​ដី​នៅ​ទំនេរ​ហើយ ពលរដ្ឋ​ចំណាក​ស្រុក​បាន​ទៅ​រស់នៅ​ច្រើន ខណៈ​កាលពី​ពេល​កន្លងមក​ខេត្តក្រចេះ​ទើបតែ​ត្រូវបាន​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​បង្កើត​ភូមិ​ថ្មី​បាន​ជាង​ ៣០ ​ភូមិ​។

តាមរយៈ​សារ​ជា​សំឡេង និង​វីដេអូ លោក ស ខេង ថ្លែង​ក្នុង​ពិធី​ចូលកាន់​តំណែង​ជា​អភិបាលខេត្ត​ព្រះវិហារ និង​ត្រូវបាន​ចែកចាយ​នៅ​ថ្ងៃទី​ ១៥ ខែសីហា ថា គម្រោង​បង្កើត​ភូមិ​ថ្មី​ឱ្យ​ច្រើន​នេះ ស្ថិត​នៅក្នុង​ខេត្តក្រចេះ ខេត្ត​ស្ទឹងត្រែង ខេត្តរតនគិរី ខេត្ត​មណ្ឌលគិរី និង​ខេត្តព្រះវិហារ ព្រោះ​ភាគច្រើន​ខេត្ត​ទាំងនេះ ដី​នៅសល់​ទំនេរ​ច្រើន និង​ប្រជាពលរដ្ឋ​បាន​ប្រមូលផ្តុំ​រស់នៅ​ក៏​ច្រើន​។

លោក​ថ្លែងថា​៖ «​អ្នក​ពីក្រោម​ឡើងមក មក​នៅ​ហ្នឹង ប្រជាជន​យើង​ផ្លាស់​ទី​ទៅ​កន្លែង​ណា គាត់​រស់នៅ​ទីនោះ​ហើយ ស្របច្បាប់​ត្រឹមត្រូវ​មាន​ដី​មាន​ធ្លី កុំទៅ​ប្លន់​យក​ដី​គេ អាហ្នឹង​វា​អត់​ខុស​ទាស់​អី​ទេ​។ ដូច្នេះ​ត្រូវ​បង្កើត​ភូមិ​ឱ្យ​គាត់ បើ​នៅ​ឆ្ងាយ​ដាច់ស្រយាល ងាយស្រួល​ក្នុង​ការផ្តល់​សេវា កុំឱ្យ​ពិបាក​»​។

លោក ម៉ែន គុង នាយករង​រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១៥ ខែសីហា​ថា លក្ខខណ្ឌ​នៃ​ការបង្កើត​ភូមិ​ថ្មី​នៅក្នុង​ខេត្តស្ទឹងត្រែង​នេះ​ផ្តោត​សំខាន់ ទៅលើ​កត្តា​ប្រជាសាស្ត្រ និង​កត្តា​ភូមិសាស្ត្រ​ដែល​មាន​ប្រជាពលរដ្ឋ​រស់នៅ​ច្រើន​។

ក្នុង​រយៈ​ចុងក្រោយ​នេះ ខេត្ត​មិនទាន់​បាន​បង្កើត​ភូមិ​ថ្មី​នោះទេ ប៉ុន្តែ​រដ្ឋបាលខេត្ត​បាន​សិក្សា និង​ធ្វើ​របាយការណ៍​ជូនទៅ​ក្រសួង​មហាផ្ទៃ​រួចហើយ ជុំវិញ​ផែនការ​បង្កើត​ភូមិ​ថ្មី​នេះ ដោយ​រង់ចាំ​ការសម្រេច​ជាគោលការណ៍​ពី​ក្រសួង​មហាផ្ទៃ​ប៉ុណ្ណោះ​។

លោក​ថ្លែងថា​៖ «​ជារួម យើង​បាន​ស្នើ​ច្រើន​ទីតាំង​ដែរ (​ភូមិ​ថ្មី​) ខ្ញុំ​មិនអាច​បញ្ជាក់​ពី​តួលេខ​ពិតប្រាកដ​បានទេ​។ យើង​រង់ចាំតែ​ការសម្រេច​ពី​ក្រសួង​មហាផ្ទៃ ថា​តើ​ឃុំ​ណា ដែល​អាច​បង្កើត​ភូមិ​ជា​អាទិភាព​មុនដំបូង​?»​។ លោក​ ប៉ែន លីណាត អភិបាលរង​ខេត្តក្រចេះ​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១៥ សីហា​ថា កន្លងមកនេះ រដ្ឋបាលខេត្ត​បាន​ស្នើសុំ​ទៅ​ក្រសួង​មហាផ្ទៃ​បង្កើត​ភូមិ​ថ្មី​បាន​ជាង​ ៣០ ​ក្រោយពី​បានធ្វើ​ការសិក្សា​ពី​លក្ខណ​សម្បត្តិ និង​ទីតាំង មាន​ហេដ្ឋារចនាសម្ព័ន្ធ​ ដែល​សមស្រប​ដែល​អាច​បង្កើត​បាន​ជា​ភូមិ​រដ្ឋបាល​។

ទោះជា​យ៉ាងណា លោក​ថា រដ្ឋបាលខេត្ត​នឹង​បន្ត​ពិនិត្យមើល​ឧបសម្ព័ន្ធ​នៅ​ទីតាំង​ផ្សេងទៀត ដើម្បី​ស្នើសុំ​ទៅ​ក្រសួង​មហាផ្ទៃ​ឱ្យ​ចុះមក​វាយតម្លៃ ដើម្បី​បង្កើត​ទៅជា​ភូមិ​រដ្ឋបាល​ថ្មី​បន្ថែមទៀត​។ លោក​ថ្លែងថា​៖ «​យើង​ពិនិត្យមើល ប្រជាពលរដ្ឋ​យើង​ចំណូល​ស្រុក​ច្រើន គាត់​រស់នៅ យើង​ពិនិត្យ​ទៅ វា​គ្រប់​លក្ខខណ្ឌ និង​សមស្រប គួរតែ​បង្កើត​ភូមិ​បាន យើង​ក៏​ជំរុញ​បង្កើត​ភូមិ​បាន​»​។

បើតាម​លោក ប៉ែន លីណាត ប្រជាពលរដ្ឋ​ភាគច្រើន​រស់នៅ​ឆ្ងាយ​ពី​ទីប្រជុំជន និង​ពិបាក​គ្រប់គ្រង ក៏​បង្កើត​ឱ្យ​មាន​ភូមិ​រដ្ឋបាល​នេះ ដើម្បី​មាន​ភាពងាយស្រួល​ក្នុង​ការគ្រប់គ្រង និង​ការផ្តល់​សេវាសាធារណៈ​ផ្សេងទៀត​។ ក្រៅពីនេះ ខេត្ត​ក៏បាន​បង្កើត​ឱ្យ​មាន​ឃុំ​ថ្មី​ ១​ ផងដែរ នៅមុន​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់ ក្រោយពី​ពិនិត្យ​មើលឃើញ​ថា មាន​ប្រជាពលរដ្ឋ​រស់នៅ​ច្រើន និង​ដី​មាន​ទំហំ​ធំ​។

លោក សន ជ័យ នាយក​ប្រតិបត្តិ អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា (ANSA) ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ​១៥ ខែសីហា​ថា លោក​មិន​ជំទាស់​ពី​គម្រោង​បង្កើត​ភូមិ​ថ្មី​នេះ​ទេ ប៉ុន្តែ​នៅពេល​ដែល​បង្កើត​ភូមិ​ថ្មី គួរតែ​មាន​ការជំរុញ​ឱ្យមាន​ការអភិវឌ្ឍ​ថ្មី​នៅ​ទីតាំង​នោះ​ផងដែរ​។ លោក​ថ្លែងថា​៖ «​ខ្ញុំ​ចង់ឱ្យ​មាន​ទិដ្ឋភាព​ថ្មីៗ កើតឡើង​នៅ​ទីនោះ ដូចជា​ការផ្តល់​ចំណេះដឹង​ដល់​ពលរដ្ឋ​ពាក់ព័ន្ធ​នឹង​អភិបាលកិច្ច បច្ចេកវិទ្យា ព្រោះ​អី ចំណុច​ខ្លះ​អាជ្ញាធរ​មួយ​ចំនួន​ហាក់​មិនទាន់​យល់​»៕