
ជនសង្ស័យជាគ្រូស្រោចទឹកព្យាបាលជំងឺដែលរំលោភក្មេងរងគ្រោះ ពេលត្រូវបានសមត្ថកិច្ចចាប់ខ្លួន។ រូបថត នគរបាល
ភ្នំពេញៈ ការសន្ទនាតាមទូរស័ព្ទជាមួយ ភ្នំពេញ ប៉ុស្តិ៍ ស្ត្រីជាម្ដាយម្នាក់អាយុប្រមាណ ៥២ ឆ្នាំ រស់នៅក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង (ការីនិពន្ធសូមលាក់អត្តសញ្ញាណ ដើម្បីការពារសិទ្ធិជនរងគ្រោះ) បានរៀបរាប់ដោយសម្ដីក្ដុកក្ដួល និងសោកស្ដាយ ដោយសារតែការសម្រេចចិត្តនាំកូនទៅព្យាបាលជំងឺតាមរបៀបស្រោចទឹក បែបអបិយជំនឿ។
ស្ត្រីជាម្ដាយបានឱ្យដឹងថា កូនស្រីរបស់គាត់អាយុ ១៥ ឆ្នាំ ជាសិស្សសាលា មានអាការរោគញ័រខ្លួន និងធុញថប់តប់ប្រមល់រវើរវាយក្នុងខ្លួនមិនលស់ពេល ក្នុងរយៈពេលប្រមាណកន្លះខែ ហើយបានទៅគ្លីនិកឯកជនក្នុងភូមិ តែមិនអាចរកអាការរោគឃើញដោយគ្រាន់តែប្រាប់ថា នាងមិនមានរោគសញ្ញាអ្វីឡើយ ដោយមិនអស់ចិត្ត ស្ត្រីរូបនេះបាននាំកូនស្រីទៅព្យាបាលជំងឺតាមអបិយជំនឿ ដោយអ្នកភូមិនិយាយថា មានគ្រូល្បីចេះមន្តអាគមម្នាក់ឈ្មោះ ទី លី ជាគ្រូចេះស្រោចទឹក បណ្តេញព្រាយបិសាច និងចេះដោះអំពើ។
ស្ត្រីជាម្ដាយរូបនេះបាននិយាយថា៖ «នៅថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០២២ ខ្ញុំបានយកកូនទៅស្រោចទឹក ព្រោះកន្លងមក ខ្ញុំឮគេថា លោកគ្រូ លី ចេះដោះអំពើ និងចេះស្រោចទឹកបណ្តេញខ្មោចព្រាយបិសាចចេញពីខ្លួនអ្នកជំងឺ ហើយខ្ញុំក៏ធ្លាប់ឃើញអ្នកជំងឺដែលត្រូវអំពើគេ ត្រូវបានលោកគ្រូលីប្រើមន្តអាគមដោះអំពើបានធូរស្រាលផង ដោយហេតុនេះហើយបានជាខ្ញុំនាំកូនស្រីទៅផ្ទះលោកគ្រូ លី នោះ ដើម្បីព្យាបាលកូនស្រីខ្ញុំ»។
ស្ត្រីជាម្ដាយរូបនេះបានថ្លែងបន្តថា ចំពោះសេវាស្រោចទឹក ឬស្តោះផ្លុំផ្សេងៗ គឺលោកគ្រូ លី មិនបង្គាប់អ្នកជំងឺទេ តែសម្រាប់តង្វាយមានចេក ១ ស្និត ធូប ១ ដុំ ទៀន ១ ដើម ក្រណាត់ស ១ ដុំ និងលុយ ១៥ ០០០ រៀល។
ស្ត្រីជាម្ដាយថ្លែងថា៖ «បន្ទាប់ពីរៀបចំតង្វាយរួច គ្រូ លី បង្គាប់ឱ្យកូនស្រីខ្ញុំផ្លាស់សម្លៀកបំពាក់ អង្គុយសណ្តូកជើង និងលើកដៃសំពះប្រណមដាក់ពីមុខថ្ងាសខណៈនោះគ្រូលី សូត្រមន្តអាគមបណ្តើរជះទឹកលើក្បាលកូនស្រីរបស់ខ្ញុំបណ្តើរ។ បន្ទាប់ពីលោកគ្រូ លី ស្រោចទឹកហើយបានឱ្យកូនខ្ញុំចូលផ្លាស់សម្លៀកបំពាក់នៅក្នុងបន្ទប់នៅក្នុងផ្ទះរបស់គាត់ ដោយមានតែវាំងននបិទបាំងប៉ុណ្ណោះ។ ចំណែកឯខ្ញុំអង្គុយចាំនៅក្បែរៗបន្ទប់នោះ ដោយសារលោកគ្រូ លី មិនឱ្យចូលតែខ្ញុំបានឃើញគ្រូ លី កាន់កន្រៃ្តពណ៌ក្រហម ១ និងស្លឹកម្លូចូលទៅតាមក្រោយកូនស្រីប្រមាណជាកន្លះម៉ោងទើបចេញមកវិញ។ ករណីនេះ ខ្ញុំក៏មានការសង្ស័យដែរ តែមិនហ៊ានចូលទៅមើល។ បន្ទាប់ពីធ្វើកិច្ចចប់សព្វគ្រប់ខ្ញុំបានឃើញកូនស្រីចេញពីក្នុងបន្ទប់វិញ ដោយលោកគ្រូលីដើរតាមក្រោយ»។
ស្ត្រីជាម្ដាយបន្តទៀតថា៖ «ខ្ញុំយកកូនស្រីខ្ញុំទៅស្រោចទឹក ៥ លើកហើយ តែមិនដែលដេកនៅផ្ទះគ្រូលីនោះទេ ដល់លើកទី៦ កូនប្រាប់ខ្ញុំថា ម៉ែខ្ញុំឈប់ទៅហើយព្រោះគ្រូលីចាប់ខ្ញុំរំលោភបាន ២ ដងហើយ។ ខ្ញុំក៏សួរកូនថា វាធ្វើអីខ្លះហើយកូនប្រាប់ខ្ញុំថា គាត់ឱ្យខ្ញុំស្រាតហើយយកម្លូគ្រវីសើៗពេញខ្លួនខ្ញុំពីក្បាលដល់ចុងជើងហើយគាត់ឡើងពីលើខ្ញុំរំលោភតែម្តង។ គាត់រំលោភខ្ញុំ (ពេលទៅព្យាបាល) លើកទី៤ និងលើកទី៥ ហើយពេលចាប់ខ្ញុំរំលោភគាត់កាន់កន្រៃ្ត ១ ខ្ញុំអត់ហ៊ានស្រែកខ្លាចគាត់ចាក់ខ្ញុំសម្លាប់»។
ស្ត្រីជាម្ដាយ បន្ទាប់ពីឮកូនស្រីប្រាប់ដូច្នោះ គាត់ក៏នាំកូនទៅប្តឹងនៅប៉ុស្តិ៍នគរបាលឃុំជៀប ហើយនគរបាល បានហៅលោកគ្រូ លី ម្នាក់នោះមកសាកសួរទល់មុខគ្នានៅប៉ុស្តិ៍។ ពេលនោះជនសង្ស័យបានសារភាព និងសុខចិត្តសងជំងឺចិត្ត ៣ ពាន់ដុល្លារ តែត្រូវបានគាត់បដិសេធ បន្ទាប់មកដំឡើង ៤ ពាន់ដុល្លារក៏គាត់នៅតែមិនព្រមយកទៀត ព្រោះតែគាត់ទាមទារសំណងជំងឺចិត្តចំនួន ៣ ម៉ឺនដុល្លារ ប៉ុន្តែជនសង្ស័យមិនព្រមហើយសមត្ថកិច្ចក៏ចាប់ខ្លួនជនសង្ស័យតែម្តងទៅ។
លោក ប៊ូ វាន្នី អធិការរងនគរបាលស្រុកទឹកផុសបានប្រាប់ថា តាមម្តាយក្មេងស្រីបានប្តឹងសមត្ថកិច្ចរបស់លោកថា គាត់បានយកកូនស្រីរបស់គាត់ទៅស្រោចទឹកនៅផ្ទះលោកគ្រូឈ្មោះ ទី លី ហើយត្រូវបានជនសង្ស័យរំលោភសេពសន្ថវៈលើកូនស្រីរបស់គាត់បានសម្រេចចំនួន ២ ដង។ ក្រោយពីទទួលបានពាក្យបណ្តឹងពីម្តាយក្មេងស្រីរងគ្រោះនៅយប់ថ្ងៃទី ១៥ កក្កដា ឆ្នាំ ២០២២ ភ្លាម លោកបានដឹកនាំកម្លាំងចុះទៅដល់ភូមិត្រពាំងស្មាច់ ឃុំឈើខ្ពស់ ស្រុកទឹកផុស និងហៅជនសង្ស័យមកប៉ុស្តិ៍នគរបាលឃុំ ទើបជនសង្ស័យសារភាពរឿងនេះ ហើយបាននាំទៅឃុំខ្លួនតាមនីតិវិធីច្បាប់។
សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះមេគណរាជធានីភ្នំពេញមានថេរដីកាថា ជំនឿនៃការទស្សន៍ទាយយ៉ាងណាមួយនោះនៅក្នុងព្រះពុទ្ធសាសនាក៏មាន នៅព្រហ្មញ្ញសាសនាក៏មាន ប៉ុន្តែសម្រាប់អ្នកបួស គឺព្រះពុទ្ធលោកមិនឱ្យភិក្ខុសង្ឃប្រើទេ។ តែអ្នកបួសជួនកាលពុទ្ធបរិស័ទពឹងពាក់ខ្លះអ៊ីចឹងទៅ។
ព្រះអង្គមានថេរដីកាថា៖ «បើបុគ្គលនោះជាគ្រហស្ថ ការមើលទស្សន៍ទាយស្រោចទឹកមិនអីទេ។ តែបើបុគ្គលនោះស្រោចទឹកគេហើយប្រព្រឹត្តបែបនេះ វាខុសឆ្គងនឹងផ្លូវច្បាប់សង្គមយើងដែលបំពានលើកុមារអ៊ីចឹង។ បើនិយាយពីទោសកំហុស គឺជននោះត្រូវមានបាបកម្មហើយ។ បើតាមផ្លូវធម៌វាជាទុច្ចរិតជាអកុសលហើយ»។
ព្រះអង្គបន្ដមានថេរដីកាថា ការមានជំនឿទៅលើអ្វីមួយអាស្រ័យលើពុទ្ធបរិស័ទម្នាក់ៗ ជាអ្នកគោរព អ្នកបូជា ហើយបើយល់ដឹងទាំងអស់គ្នាទៅគ្មាននរណាមកភូតកុហកបានឡើយ។ ដូចជាគ្រូទស្សន៍ទាយ ស្រោចទឹកខ្លះ គឺគេភូតកុហកបោកប្រាស់សុទ្ធសាធតែម្តង។ ពុទ្ធបរិស័ទខ្លះមិនបានសិក្សាស្វែងយល់ពីគ្រូទស្សន៍ទាយដែលជំនឿខ្លះគាត់ជឿខុស។
ព្រះអង្គមានថេរដីកាថា ជាការក្រើនរំឭកថា ការជឿលើជំនឿអ្វីមួយទាល់តែប្រជាពុទ្ធបរិស័ទទាំងអស់គ្នាធ្វើការស្វែងយល់អង្កេតឱ្យបានច្បាស់លាស់សិន មុននឹងយកកូនឬសមាជិកគ្រួសារទៅរកគ្រូមន្តអាគមណាម្នាក់។ ប៉ុន្តែមានគ្រូខ្លះគេចេះដឹងគេល្អឬគេជួយព្យាបាលអ្នកជំងឺបានសមប្រកបដែរ។
លោក អំ សំអាត នាយកប្រតិបត្តិ នៃអង្គការលីកាដូ បានឱ្យដឹងថា បើតាមអង្គការ លីកាដូ ធ្វើការជួយលើស្ត្រី និងកុមារ ដែលរងគ្រោះដោយអំពើហិង្សាក្នុងនោះកត់សម្គាល់ឃើញថា ការរំលោភបំពានផ្លូវភេទ ជាពិសេសការរំលោភសេពសន្ថវ:លើស្រី និងកុមារ ជាករណីមួយនៅតែកើតមានធ្ងន់ធ្ងរនៅឡើយ។ បញ្ហានេះជាការគួរឱ្យបារម្ភព្រោះមានករណីមួយចំនួនមានការរំលោភសេពសន្ថវ:ហើយសម្លាប់ជនរងគ្រោះ និងការរំលោភសេពសន្ថវ:បូកដែលក្នុងនោះកុមារីរងគ្រោះច្រើនជាងស្ត្រីពេញវ័យ។
លោកបន្តថា៖ «អង្គការ លីកាដូ ទទួលករណីរំលោភបំពានផ្លូវភេទដែលជនរងគ្រោះ និងក្រុមគ្រួសារជនរងគ្រោះមកពឹងពាក់សុំជំនួយសេវាពីអង្គការក្នុង ១៤ រាជធានី-ខេត្ត ដូចជាមិនទាន់មានភាពថយចុះលើករណីនេះនៅឡើយ។ ក្នុងឆ្នាំ ២០២១ អង្គការលីកាដូ ទទួលបាន ១៦២ ករណី និង ៦ ខែ ក្នុងឆ្នាំ ២០២២ នេះ អង្គការលីកាដូទទួលបាន ៦៧ ករណី»។
លោក សំអាត ថ្លែងថា បើតាមការសង្កេតរបស់អង្គការលីកាដូមានកត្តាមួយចំនួនបណ្តាលមកពីការអនុវត្តច្បាប់នៅមានការខ្វះចន្លោះ ករណីខ្លះត្រូវបានធ្វើការសម្របសម្រួលគ្នាក្រៅប្រព័ន្ធតុលាការ ករណីមួយចំនួនជនរងគ្រោះ និងក្រុមគ្រួសារភ័យខ្លាចពីសុវត្ថិភាពសុខចិត្តទទួលសំណងដោយមិនបានប្តឹងផ្តល់តាមផ្លូវច្បាប់ ករណីមួយចំនួនជនរងគ្រោះ និងក្រុមគ្រួសាររង់ចាំចំណាត់ការផ្លូវច្បាប់យូរពេក បង្ខំចិត្តឈប់ចូលរួមតាមនីតិវិធីផ្លូវច្បាប់ និងទទួលសំណងក្រៅប្រព័ន្ធតុលាការ ឧបសគ្គខ្លះសម្រាប់ជនរងគ្រោះ។
លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ តាមទូរស័ព្ទថា ពាក់ព័ន្ធនឹងរឿងរ៉ាវដែលជឿលើគ្រូមន្តអាគម ឬគ្រូហ្មនេះ វាហាក់ដូចជានៅតែកើតមាន ដោយសារប្រជាជនមួយចំនួនខ្វះការពិចារណា ដោយពួកគាត់ឆាប់ជឿលើសម្តីបោកប្រាស់របស់ជនល្មើស។ មានពេលខ្លះដើម្បីលុយហើយគ្រាន់តែគេប្រាប់ថា ទៅធ្វើនេះធ្វើនោះបានលុយ ឬមានផលប្រយោជន៍ បើទោះជាគាត់មិនទាន់បានឃើញអ្វីក៏ដោយ ក៏គាត់ជឿគេទៅហើយដែលនេះជាការព្រួយបារម្ភ។
លោកស្រីថ្លែងថា៖ «ទាក់ទងរឿងគ្រូហ្មនេះគួរតែធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយដែរពីព្រោះមានពេលខ្លះយើងជឿងប់ងុលពេកដោយមិនបានតាមដានមើលជាមុន។ ចំពោះអ្នកប្រព្រឹត្តត្រូវយើងដាក់ទោសទណ្ឌអ៊ីចឹងមែន តែយើងបានខាតបង់ខ្លួនប្រាណឬលុយកាក់បាត់អស់»។ «ចំពោះការប្រព្រឹត្តបទល្មើសរបស់គ្រូមន្តអាគមមិនសូវជាមានប៉ុន្មាននោះទេ ហើយក៏មិនមានតួលេខបញ្ជាក់បានដែរ លុះត្រាតែមានបណ្តឹងឬលុះត្រាតែមានការបង្ក្រាបជាក់ស្តែង។ ប៉ុន្តែចំពោះស្ថានភាពរបស់ស្ត្រី និងកុមារីដែលរងនូវអំពើរំលោភសេពសន្ថវៈផ្លូវភេទគឺនៅមិនទាន់ថយចុះនៅឡើយទេ»៕