
ទិដ្ឋភាពនៅច្រកទ្វារអន្តរជាតិស្ទឹងបត់កាលពីថ្ងៃទី ៥ សីហា។ រូបថត ហ្វេសប៊ុក
បន្ទាយមានជ័យៈ រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនកម្ពុជា-ថៃ គ្រោងចុះត្រួតពិនិត្យរួមគ្នានូវការដ្ឋានសាងសង់ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន នៅថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០២២ ខាងមុខ ស្របពេលការសាងសង់ច្រកទ្វារព្រំដែននេះ នាពេលបច្ចុប្បន្នសម្រេចបានជាង ៥០ ភាគរយ។
ក្រសួងសាធារណការនិងដឹកជញ្ចូនបានអះអាងថាដំណើរទស្សនកិច្ចរបស់ថ្នាក់រដ្ឋមន្ត្រីនៃប្រទេសទាំង ២ គឺធ្វើឡើងបន្ទាប់ពីភាគីថៃបានពិនិត្យពិចារណាលើសំណើរបស់កម្ពុជាឱ្យមានការបើកប្រើប្រាស់ជាបណ្ដោះអាសន្នស្ពានមិត្តភាពកម្ពុជា-ថៃ និងច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន ខេត្តបន្ទាយមានជ័យ ដើម្បីជួយសម្រួលបញ្ចៀសចរាចរណ៍របស់រថយន្តដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនរវាងកម្ពុជា និងថៃ ក៏ដូចជាដើម្បីជួយកាត់បន្ថយការកកស្ទះនៅច្រកព្រំដែនប៉ោយប៉ែត-អារញ្ញប្រាថេត នាពេលបច្ចុប្បន្នផងដែរ។
លោកស្រី កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូនដែលបានដឹកនាំកិច្ចប្រជុំមួយដើម្បីត្រៀមដំណើរទស្សនកិច្ចនេះកាលពីថ្ងៃទី ១៥ សីហា បានឱ្យដឹងថា កិច្ចប្រជុំនេះគឺត្រៀមរៀបចំដំណើរទស្សនកិច្ចរួមគ្នាថ្នាក់រដ្ឋមន្ត្រីកម្ពុជា-ថៃ ដើម្បីត្រួតពិនិត្យមើលការដ្ឋានសាងសង់ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០២២។
លោកស្រីបានបន្តថា ការសាងសង់ស្ថានីយច្រកទ្វារព្រំដែនស្ទឹងបត់និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ដែលបច្ចុប្បន្នសម្រេចបានប្រមាណជា ៥៤ ភាគរយ ហើយវឌ្ឍនភាពនិងការសាងសង់បញ្ចប់ផ្លូវវាងស្នែងក្របី ទីលានចំណតយានយន្ត ការិយាល័យកុងតឺន័រសម្រេចបានចំនួន ៧ និងបង្គន់អនាម័យចំនួន ២។
លោកស្រី កុយ សុដានី បានបន្តថា ដើម្បីដំណើរទស្សនកិច្ចនេះប្រព្រឹត្តទៅដោយរលូន ការចុះត្រួតពិនិត្យជាមុននេះដើម្បីសម្អាតនិងរៀបចំទីតាំងទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូ ការរៀបចំរំហូរចរាចរណ៍និងក្បួនគណៈប្រតិភូឆ្លងកាត់ពីទឹកដីថៃតាមច្រកទ្វារប៉ោយប៉ែត-អារញ្ញប្រាថេត គឺត្រូវធ្វើឱ្យរួចរាល់។
លោកស្រីបានបញ្ជាក់ថា៖ «ចំណុចសំខាន់ៗមួយចំនួននៃកិច្ចប្រជុំដែលរួមមាន ការរៀបចំឯកសារ និងការរចនាប្លង់ពាក់ព័ន្ធ ដើម្បីចែកជូនគណៈប្រតិភូក្នុងពេលបំពេញទស្សនកិច្ច ដើម្បីពិនិត្យមើលលើការរៀបចំសំណង់ទាំងមូល និងការរៀបចំជំនួយស្មារតីសម្រាប់ថ្នាក់ដឹកនាំពិនិត្យ»៕