
ម្ចាស់រថយន្តចង្កួតស្ដាំក្នុងពេលមកចុះបញ្ជីនៅដើមខែសីហានេះ។ រូបថត អគ្គនាយកដ្ឋានគយនិងរដ្ឋាករ
ភ្នំពេញៈ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) នៅថ្ងៃទី ១៦ ខែសីហា បានក្រើនរំឭកដល់ម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធស្រាប់ក្នុងស្រុកដែលបានចុះបញ្ជីរួច តែមិនទាន់បង់ពន្ធនិងអាករត្រូវរួសរាន់ទៅបំពេញកាតព្វកិច្ចបង់ពន្ធ ចៀសវាងការឃាត់សួរពីមន្ត្រីគយឬអាជ្ញាធរមានសមត្ថកិច្ច។
សេចក្តីជូនដំណឹងរបស់ (អគរ) បានឱ្យដឹងថា បន្ទាប់ពីបានបិទបញ្ចប់ជាស្ថាពរនូវការអនុញ្ញាតឱ្យចុះបញ្ជីរថយន្តចង្កូតស្តាំគ្មានពន្ធស្រាប់ក្នុងប្រទេសត្រឹមថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២២ កន្លងទៅ ម្ចាស់រថយន្តចង្កូតស្តាំត្រូវទៅបំពេញកាតព្វកិច្ចពន្ធនិងអាករនៅត្រឹមថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០២២។
សេចក្តីជូនដំណឹងបន្តថា «ក្នុងន័យនេះ (អគរ) សូមរំឭកដល់ម្ចាស់រថយន្តចង្កូតស្តាំដែលបានចុះបញ្ជីរួច តែមិនទាន់បានបង់ពន្ធនិងអាករត្រូវរួសរាន់ចូលមកបំពេញកាតព្វកិច្ចពន្ធនិងអាករលើរថយន្តរបស់ខ្លួនឱ្យបានឆាប់ដើម្បីចៀសវាងការឃាត់សួរដោយមន្ត្រីគយ និងរដ្ឋាករមានសមត្ថកិច្ចជាយថាហេតុពេលកំពុងចរាចរតាមដងផ្លូវ ដែលអាចបង្កជាការរំខាននានាហើយក៏ដើម្បីចៀសវាងការភ្លេច ឬខកខានមកបំពេញកាតព្វកិច្ចពន្ធនិងអាករតាមកាលកំណត់ដែលអាចបណ្ដាលឱ្យទទួលរងនូវវិធានការនានាជាបន្តបន្ទាប់»។
តាមរយៈសេចក្តីជូនដំណឹងនេះ (អគរ) បានបញ្ជាក់ថា ខ្លួនកំពុងចាត់វិធានការចុះបង្ក្រាបរថយន្តគ្មានពន្ធស្រាប់ក្នុងប្រទេសនៅសេសសល់ដែលម្ចាស់មិនបានមកបំពេញកាតព្វកិច្ចពន្ធ និងអាករឬចុះបញ្ជីក្នុងរយៈពេលដែលបានអនុញ្ញាតកន្លងមកហើយរថយន្តចង្កូតស្ តាំដែលបង្ក្រាបបានជាមុខសញ្ញានៃការរឹបអូសតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានឱ្យដឹងថា ក្នុងរយៈពេល៥ថ្ងៃគិតចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០២២ កម្លាំងគយសហការជាមួយកងរាជអាវុធហត្ថ បានឃាត់រថយន្តគ្មានពន្ធជ្រកក្រោមស្លាកលេខផ្សេងចំនួន២៧គ្រឿងក្នុងនោះរថយន្តចង្កូតឆ្វេង ១១ គ្រឿង និងរថយន្តចង្កូតស្តាំ ១៦ គ្រឿង។
អគ្គនាយករងនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា លោក ផា អេងវ៉េង ធ្លាប់បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ២ ខែសីហាថា គិតត្រឹមថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២២ ដែលថ្ងៃផុតកំណត់ការចុះបញ្ជីរថយន្ត គឺមានម្ចាស់រថយន្តចង្កូតស្តាំជាង ៩ ៨០០ គ្រឿង ក្នុងនោះម្ចាស់បានបំពេញកាតព្វកិច្ចពន្ធបានជាង ៣ ពាន់គ្រឿង និងនៅសល់ ៦ ពាន់គ្រឿងទៀត៕