ភ្នំពេញៈ​ មន្ត្រី​ជំនាញ​​បច្ចេក​ទេស​ក្រសួង​ព័ត៌​មានបាន​និង​កំពុង​រៀប​ចំ​កត់​ត្រានូវ​ទិន្ន​ន័យ​នៃកា​រ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​ជា​ភាសា​អារ៉ាប់ ​និង​ទំនាក់​ទំនង​ព័ត៌មាន​បណ្តា​ប្រទេស​សមា​ជិក​អង្គ​ការ​អូ​អាស៊ី (OIC) បន្ទាប់​ពីបាន​បង្កើត​ក្រុម​ការងារផ្សព្វ​ផ្សាយ​ជា​ភាសា​នេះ ​ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ពី​បណ្តា​ប្រទេស​និយាយ​ភាសា​អារ៉ាប់​ឱ្យ​មក​កាន់​កម្ពុជា​។​

​កាល​ពី​ខែកុម្ភៈ​ ឆ្នាំ​នេះ ក្រសួង​ព័ត៌មាន​បានចេញសេចក្តី​សម្រេចបង្កើត​ក្រុម​ការងារ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ជា​ភាសា​អារ៉ាប់ ​និង​ទំនាក់​ទំនង​ព័ត៌មាន​បណ្តា​ប្រទេស​សមា​ជិក​អង្គការ​អូ​អាយ​ស៊ី (OIC) ដោយមាន​សមា​ជិក​ ១៧ ​រូប​ ដើម្បី​បកប្រែ​ព័ត៌មាន​ពី​ភាសា​ខ្មែរ​ទៅជា​ភាសា​អារ៉ាប់ ​និងផ្សព្វ​ផ្សាយ​ព័ត៌មាន​ជា​ភាសា​អារ៉ាប់​តាម​រយៈ​មធ្យោ​បាយ​ផ្សព្វ​ផ្សាយ​ក្រសួង​ព័ត៌មាន​​។​

​សេចក្តី​សម្រេច​បាន​បញ្ជាក់​ថា​ «​ក្រុម​ការងារ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ជា​ភាសា​អារ៉ាប់​និង​ទំនាក់​ទំនង​ព័ត៌មាន​បណ្តា​ប្រទេស​សមាជិក​អង្គការ​អូ​អាយ​ស៊ី​មាន​ភារកិច្ច​ទំនាក់​ទំនង​ និង​ផ្លាស់ប្តូរ​ព័ត៌មាន​ជា​មួយ​បណ្តា​ប្រទេស​សមា​ជិក​អង្គការ​អូ​អាយ​ស៊ី​សហ​ការ​ជាមួយ​អង្គ​ភាព​ជំនាញ​ចំណុះ​ក្រសួង​ ដើម្បី​ទទួល​បាន​ព័ត៌​មាន​ និង​ផ្សព្វ​ផ្សាយ​»​។​

បើតាម​គេហ​ទំព័រ​របស់​ក្រសួង​ព័ត៌​មាន ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ជា​ភាសា​អារ៉ាប់​នេះត្រូវជ្រើស​រើស​ព័ត៌មាន​សំខាន់ៗ​ទាក់​ទង​នឹង​ព្រឹត្ដិ​ការណ៍​នយោ​បាយ​ជាតិ ​ពាណិជ្ជ​កម្ម វិនិយោគ វិស័យ​ទេស​ចរណ៍ និង​កីឡា​ជាដើម ​ដើម្បី​បក​ប្រែ​ជា​ភាសា​អារ៉ាប់​និង​ផ្សព្វ​ផ្សាយ​តាម​រយៈ​មធ្យោ​បាយ​ផ្សព្វ​ផ្សាយ​របស់​ក្រសួង​ព័ត៌មាន​ឱ្យបាន​យ៉ាង​តិច​ ២​ អត្ថបទ​ ក្នុង​ ១ ថ្ងៃ​ ១០ ​អត្ថ​បទ ​ក្នុង​ ១​ សប្ដាហ៍​ ៤០ ​អត្ថ​បទ ​ក្នុង​ ១​ ខែ និង ​៥០០ អត្ថបទ ក្នុង​ ១​ ឆ្នាំ​។​

​លោក ​ផុស សុវណ្ណ ​ប្រតិភូ​រាជរដ្ឋាភិ​បាលទទួល​បន្ទុក​អគ្គ​នាយក​ដ្ឋាន​ព័ត៌មានបាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ បន្ថែម​នៅ​ថ្ងៃទី​ ១៦​ សីហា​ថា​ ការ​ផ្សព្វ​ផ្សាយ​ជា​ភាសា​អារ៉ាប់​ គឺ​ដើម្បី​ចូល​រួមចំណែក​ក្នុង​ការ​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ដែល​រស់​នៅ​ក្នុង​ប្រទេស​និយាយ​ភាសារ​អារ៉ាប់​។ ​លោក​បន្តថា​ កន្លង​មក​នេះ​កម្ពុជា​បាន​មើល​ឃើញ​ពី​សក្តានុ​ពល​នៃ​ភ្ញៀវ​ទេសច​រមកពី​បណ្តា​ប្រទេស​ទាំង​នោះ​ ប៉ុន្តែ​ដោយ​សារ​តែ​កម្ពុជា​គ្មាន​ការ​ផ្សព្វ​ផ្សាយ​ជា​ភាសា​ទាំងនេះ​បាន​ធ្វើឱ្យ​បាត់​បង់​ទំនាក់​ទំនង​។​

​លោក​បាន​បញ្ជាក់​ថា​៖ «​នេះ​គឺជា​គំនិត​មួយ​ដែល​​ចូល​រួមចំណែក​ជាមួយ​រដ្ឋាភិ​បាល​ក្នុងការ​កៀរគរ​ទេសចរ​មកពី​បណ្តា​ប្រទេស​កាន់​សាសនា​អ៊ីស្លាម​ដែល​គាត់​ភាគ​ច្រើន​នៅ​ក្នុង​មជ្ឈិម​បូព៌ា​ ហើយ​និយាយ​ភាសា​អា​រ៉ាប់​ច្រើន​»​។​

​លោក​បាន​បន្តថា​៖ «​យើង​មាន​គោល​បំណង​បែបនេះ​ដោយ​សារ​កន្លង​ទៅ​យើង​ធ្លាប់​បាន​ជួប​ជាមួយ​ពួក​គាត់​ គឺ​ភាគ​ច្រើន​ពួក​គាត់​លើក​ឡើង​ថា ​ដូចជា ​បាត់​ព័ត៌​មាន​ពី​ប្រទេស​កម្ពុជា​។​ អត់​ដែល​បានទទួល​ដឹងឮ​ហើយ​យើង​ក៏​សម្លឹង​ឃើញ​ប្រទេសជិត​ខាង​យើង​ដូចជា​ ប្រទេស​ថៃ​ ប្រទេស​ម៉ា​ឡេ​អីហ្នឹង​ គេ​ទទួល​បាន​ទេសចរ​មក​ខាង​ហ្នឹង​ច្រើន​ ដែល​នេះ​ជា​ឱកាស​ដែល​យើង​ត្រូវ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​ជា​ភាសា​អារ៉ាប់​របស់​រដ្ឋ​យើង​»​។​

​លោក​ មាស​ សុភ័ណ្ឌ អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា ​ការផ្សព្វ​ផ្សាយ​ជា​ភាសា​អារ៉ាប់ ​គឺជា​ផ្នែក​មួយបន្ថែម​ទៀត​នៃ​ផែន​ការ​ពង្រីក​ការ​ផ្សព្វ​ផ្សាយ​របស់​ក្រសួង​ព័ត៌មាន​អំពី​សក្ដានុ​ពល​និង​កាលានុវត្ត​ភាពរ​បស់​កម្ពុជា​ទៅ​កាន់​ពិភព​លោក​ក៏ដូចជា ​ទៅ​កាន់​បណ្តា​ប្រទេស​នានា​ដែល​ប្រើ​ប្រាស់​ភាសា​អារ៉ាប់​នេះ​។

​លោក​បាន​ថ្លែង​ថា​៖ «​ការ​ផ្សព្វ​ផ្សាយ​ជា​ភាសា​អារ៉ាប់​នេះ ​បាន​ផ្តល់​នូវ​ការស្វែង​យល់​កាន់តែ​ច្រើន​បន្ថែម​អំពី​វិស័យ​នយោ​បាយ ​សេដ្ឋកិច្ច​ ពាណិជ្ជ​កម្ម ​វប្បធម៌ ​ប្រពៃណី​ និង​ជា​ពិសេស​វិស័យ​ទេសចរណ៍​របស់​កម្ពុជា​ក៏ដូច​ជា ​ការលើក​កម្ពស់​កា​រ​យល់​ដឹង​បន្ថែម​ទៀត​អំពី​កិច្ច​សហ​ប្រតិ​បត្តិការ​ និង​ទំនាក់​ទំនង​ការទូត​រវាង​កម្ពុជា​និង​បណ្តា​ប្រទេស​ដែល​ប្រើប្រាស់​ភាសា​អារ៉ាប់​នេះ​ព្រម​ទាំង​អាច​ទាក់​ទាញ​បណ្តា​វិ​និ​យោ​ទុន​និង​អ្នក​ទេស​ចរ​អារ៉ាប់​មកវិនិ​យោគក៏​ដូចជា​ មក​ទស្សនា​កម្ពុជា​យើង​ផងដែរ​»​។

​បើតាម​លោក​ មាស​ សុភ័ណ្ឌ ​ក្រៅពី​ការផ្សព្វ​ផ្សាយ​ជា​ភាសា​អារ៉ាប់​នេះ​ក្រសួង​ព័ត៌មាន​បាន​ផ្សព្វ​ផ្សាយ​ជា​ភាសា​អង់​គ្លេស​បារាំង​ ចិន ​វៀត​ណាម និង​ការ​ផ្លាស់​ប្ដូរ​កម្មវិធី​ផ្សាយ​ជា​ភាសាថៃ​ផង​ដែរ​ នៅ​បណ្តា​ខេត្ត​មួយ​ចំនួន​ តាម​បណ្តោយ​ព្រំដែន​នៃ​កម្ពុជា​-ថៃ​ ទៀត​ផង​។

ទោះជាយ៉ាងណា លោក សុភ័ណ្ឌ បានបញ្ជាក់ថា៖ «ដោយ​សារ​ខាង​យើង​ខ្ញុំ​ទើប​តែ​ចាប់​ផ្ដើម​ការ​ផ្សាយ​ជា​ភាសា​អារ៉ាប់​នេះ ​ដូច្នេះ​ខា​ងយើង​ខ្ញុំពុំ​ទាន់​បាន​កត់​ត្រា និ​ងបែងចែកអ្នក​ដែល​បាន​ចូល​អាន​ការ​ផ្សាយ​ជាភាសា​អារ៉ាប់​នេះ​នៅឡើយ​ទេ ប៉ុន្តែ​ខាង​ជំនាញ​បច្ចេក​ទេសកំពុង​រៀប​ចំ​កត់ត្រានូវទិន្ន​ន័យ​នេះ​។ តែទោះ​ជា​យ៉ាង​នេះ​ក្តី​ ក្រុម​ការងារក៏បាន​​ចែក​រំលែកព័ត៌មាន​ផ្សាយ​ជា​ភាសា​អារ៉ាប់​នេះដោយ​ផ្ទាល់ទៅតាមតំណាង​ទូត​នានា ​នៃ​ប្រទេស​ដែល​ប្រើ​ភាសា​អារ៉ា​ប់នៅក​ម្ពជា​ផង​ដែរ​»៕