
មិត្តហ្វូនដែលជាក្រុមហ៊ុនផ្តល់សេវាបច្ចេកវិទ្យាទូរគមនាគមន៍ឌីជីថលឈានមុខគេនៅកម្ពុជា កាលពីថ្ងៃទី១៦ ខែសីហា បានរៀបចំពិធីប្រគល់-ទទួលប្រព័ន្ធសន្និសីទវីដេអូ (Video conference system) ចំនួន ១៦ឈុត ជូនដល់ក្រសួងអប់រំ យុវជន និងកីឡា នៅទីស្តីការក្រសួង។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡានិងលោក Phung Van Cuong អគ្គនាយកក្រុមហ៊ុនមិត្តហ្វូន ខណៈប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនេះ បន្តការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជួយដល់វិស័យសិក្សាអប់រំរបស់កម្ពុជា។
ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន បានថ្លែងអំណរគុណដល់ក្រុមហ៊ុនមិត្តហ្វូន សម្រាប់ការដាក់ឱ្យដំណើរការបច្ចេកវិទ្យាជាមួយនឹងប្រព័ន្ធនេះ ដើម្បីសម្រួលដល់ប្រតិបត្តិការរបស់ក្រសួង។
«ការប្រគល់ប្រព័ន្ធសន្និសីទវីដេអូចំនួន ២៦ឈុតនេះ គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់យើងក្នុងការភ្ជាប់ជាមួយមន្ទីរអប់រំខេត្តទាំងអស់ និងភ្ជាប់ទៅសន្និសីទអន្តរជាតិ»។
ឯកឧត្ដមមានប្រសាសន៍ថា៖ «នេះនឹងអនុញ្ញាតឱ្យយើងធ្វើការសន្សំការចំណាយបានយ៉ាងច្រើន និងអនុវត្តការងាររបស់យើងឱ្យកាន់តែមានប្រសិទ្ធភាព ក៏ដូចជា លើកកម្ពស់កម្មវិធីផ្លាស់ប្តូរឌីជីថល»។
លោក Phung Van Cuong ថ្លែងថា ពីធីប្រគល់នេះបង្ហាញពីការផ្តោតសំខាន់របស់មិត្តហ្វូនលើវិស័យអប់រំ ដោយក្រុមហ៊ុនមើលឃើញការវិនិយោគលើការសិក្សា គឺជាការវិនិយោគសម្រាប់ពេលអនាគត។
«ក្រុមហ៊ុនមិត្តហ្វូនមានកិត្តិយសណាស់ដែលបានបន្តរួមដំណើរជាមួយក្រសួងអប់រំ ក្នុងការប្រគល់ប្រព័ន្ធសន្និសីទវីដេអូចំនួន ២៦ឈុតនេះ»។
«ទាំងនេះវានឹងជួយឱ្យការទំនាក់ទំនងនិងរដ្ឋបាលរបស់ក្រសួង និងមន្ទីរអប់រំ ទាំង ២៥ រាជធានីខេត្ត កាន់តែលឿន និងមានប្រសិទ្ធភាព»។
លោក Phung Van Cuong បន្ថែមថា៖ «ជាមួយនឹងសមត្ថភាពដែលមាននៅក្នុងវិស័យបច្ចេកវិទ្យា និងគម្រោងដែលត្រូវបានបង្កើតឡើងដើម្បីអនុវត្តបច្ចេកវិទ្យានៅក្នុងវិស័យអប់រំ ក្រុមហ៊ុនមិត្តហ្វូននឹងបន្តចាប់ដៃជាមួយក្រសួងអប់រំក្នុងការផ្លាស់ប្តូរឌីជីថល»។

មិត្តហ្វូនប្តេជ្ញាគាំទ្រក្រសួងអប់រំក្នុងការនាំយកនូវអ្វីដែលល្អបំផុតសម្រាប់វិស័យអប់រំនៅកម្ពុជា ដោយផ្តល់ជូននូវដំណោះស្រាយកម្រិតខ្ពស់ អ្នកជំនាញ និងបច្ចេកវិទ្យាតាមមធ្យោបាយសមស្រប និងមានប្រសិទ្ធភាពបំផុត។
ហើយពិធីប្រគល់នេះ គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់មិត្តហ្វូន ក្នុងការឧបត្ថម្ភនិងគាំទ្រដល់សង្គមកម្ពុជា ជាមួយនឹងសកម្មភាពសហគមន៍ជាច្រើន។
លើសពីនេះប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងសាលារៀន (SIS) ដ៏សំខាន់របស់ក្រុមហ៊ុនមិត្តហ្វូន ត្រូវបានប្រើសម្រាប់គ្រឹះស្ថានសិក្សាសាធារណៈបានចំនួន ២៦៥គ្រឹះស្ថានដែលមានសិស្សជាង ៣១០ ០០០ នាក់ គ្រូបង្រៀនសរុបចំនួន ១៥ ០០០នាក់ និងអ្នកអាណាព្យាបាលចំនួន ៤៥០ ០០០ នាក់ ៤១៥១០៥នាក់ និងផ្តល់អត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់ជាង ៧៧៥ ០០០នាក់។
មិត្តហ្វូន គឺជាប្រតិបត្តិករបណ្តាញតែមួយគត់ ដែលអនុវត្តគម្រោងបែបនេះសម្រាប់ក្រសួងអប់រំ ដោយទទួលបានការឆ្លើយតបជាវិជ្ជមានពីសាលារៀន គ្រូបង្រៀន និងសិស្សានុសិស្ស។
យោងតាមគម្រោងសហប្រតិបត្តិការ មិត្តហ្វូននឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ ផ្តល់បច្ចេកវិទ្យាឌីជិថលដល់សាលារៀនចំនួន ៣ ០០០ នៅទូទាំងប្រទេសកម្ពុជា។
ដំណោះស្រាយអប់រំចុងក្រោយបង្អស់ ដូចជាសៀវភៅឌីជីថល ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក ការធ្វើតេស្តតាមអ៊ីនធឺណិត និងបណ្ណាល័យអេឡិចត្រូនិក នឹងត្រូវបានដាក់បញ្ចូលទៅក្នុងប្រព័ន្ធកណ្តាលដូចគ្នានៅទូទាំងសាលារៀន និងបច្ចេកវិទ្យាទំនើបដែលដាក់ឱ្យប្រើប្រាស់នៅក្រសួង។
ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ឯកឧត្តម នឹងធ្វើជាប្រធានក្រុមការងារផ្ទាល់ ដើម្បីធានាថា កិច្ចសហប្រតិបត្តិការដែលកំពុងបន្តជាមួយមិត្តហ្វូនត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាពបំផុត ហើយសក្តានុពលពេញលេញនៃប្រព័ន្ធ SIS ត្រូវបានសម្រេច៕