
ទិដ្ឋភាពទឹកលិចដែលហៀរចេញពីជំនន់ទឹកអូរនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ក្នុងតំបន់ស្រុកម៉ាឡៃ។ រូបថត ក្រសួងធនធានទឹក
ភ្នំពេញៈ ស្ថានភាពទឹកនៅតាមអូរព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ បានជន់ឡើងពេញប្រៀបនិងហៀរហូរលិចផ្លូវ និងផ្ទះប្រជាពលរដ្ឋមួយចំនួនក្នុងតំបន់ទីប្រជុំជនក្រុងប៉ោយប៉ែត និង ផ្នែកខ្លះនៃស្រុកម៉ាឡៃ និង ស្រុកមង្គលបុរី។ នេះបើតាមការប្រាប់ឱ្យដឹងពីមន្ត្រីផ្នែកធនធានទឹក។
លោក ឡាយ ពុទ្ធី អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងនាប៉ុន្មានថ្ងៃកន្លងមកនេះ ជាពិសេស កាលពីថ្ងៃទី ១៥ ខែសីហា បានធ្វើឱ្យទឹកអូរព្រំដែន ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត និងស្រុកម៉ាឡៃ បានជន់ឡើងនិងហៀរហូរចូលមកក្នុងតំបន់ទីទំនាប ជាប់មាត់អូរ និងក្នុងទីប្រជុំជនមួយចំនួន បណ្ដាលឱ្យប៉ះពាល់ដល់លំនៅឋានប្រជាពលរដ្ឋជាច្រើនគ្រួសារ។
លោក ពុទ្ធី បានបញ្ជាក់ថា៖«បរិមាណទឹកភ្លៀងកាលពីថ្ងៃចន្ទ (១៥-៨-២០២២) គឺមានជាង ១០០ ម.ម ធ្វើឱ្យតំបន់ទីទំនាបជាប់មាត់អូរ និងមាត់ស្ទឹងមួយចំនួន បានរងការជន់លិចជាថ្មីម្ដងទៀត ពិសេស នៅក្នុងតំបន់ទីប្រជុំជនក្រុងប៉ោយប៉ែត និង ផ្នែកខ្លះនៃស្រុកម៉ាឡៃ និងស្រុកមង្គលបុរី»។
យ៉ាងណាក៏ដោយ នៅក្នុងខណៈនេះ អាជ្ញាធរមូលដ្ឋាន កំពុងរួមសហការជាមួយក្រុមមន្ត្រីជំនាញផ្នែកធនធានទឹក ចុះត្រួតពិនិត្យអំពីស្ថានភាពទឹកជំនន់នេះ និងត្រៀមធ្វើការឆ្លើយតបដើម្បីជួយដល់ប្រជាពលរដ្ឋពីគ្រោះទឹកជំនន់នេះ ឱ្យបានទាន់ពេលវេលាផងដែរ។
លោក ញឹម ភឿង នាយករដ្ឋបាលក្រុងប៉ោយប៉ែត បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា នៅពេលនេះ ជំនន់ទឹកភ្លៀង និងទឹកដែលជន់ឡើងពីអូរព្រំដែន បានបង្កការជន់លិចតំបន់ទីប្រជុំជនមួយចំនួនក្នុងសង្កាត់ប៉ោយប៉ែត និងសង្កាត់អូរជ្រៅ និងបានប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងដំណាំស្រូវកសិករមួយចំនួនផងដែរ។
លោកភឿងថ្លែងថា៖«លំនៅឋានប្រជាពលរដ្ឋនៅជាប់មាត់អូរព្រំដែនមួយចំនួនកំពុងរងការជន់លិច ប៉ុន្តែមិនទាន់ធ្ងន់ធ្ងររហូតដល់ត្រូវជម្លៀសចេញពីលំនៅឋាននោះទេ។ ទន្ទឹមនឹងនេះ តំបន់ទីប្រជុំជនមួយចំនួន ក៏មានការជន់លិចផ្លូវផងដែរ»។
ចំណែក លោក ប៉ាន់ ខែម ប៊ុនថន នាយករងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រចាំតំបន់អភិវឌ្ឍន៍បឹងជង្រុកបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា នៅពេលនេះទឹកអូរព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រស្រុក ម៉ាឡៃ បានជន់ឡើងពេញប្រៀប និងហូរហៀរលើផ្លូវ ព្រមទាំងបង្កការជន់លិចលំនៅឋាន ប្រជាពលរដ្ឋមួយចំនួន ដែលនៅតំបន់ទំនាបជាប់មាត់អូរ។ ទោះយ៉ាងណា គិតត្រឹមម៉ោង ១១:៣០នាទីព្រឹកថ្ងៃទី១៦ ខែសីហា [ម្សិលមិញ] នេះស្ថានភាពទឹកជំនន់ នៅមិនទាន់បង្កហានិភ័យធ្ងន់ធ្ងរនៅឡើយទេ ។
លោកបានបញ្ជាក់ថា៖«នៅពេលនេះ កម្លាំងសមត្ថកិច្ចយើងកំពុងបន្តឃ្លាំមើលអំពីការវិវត្តនៃស្ថានភាពទឹកជំនន់ និងត្រៀមកម្លាំងនិងមធ្យោបាយសម្រាប់ចុះអន្តរាគមន៍ជួយដល់ពលរដ្ឋ ក្នុងករណីមានការជន់លិចធ្ងន់ធ្ងរដល់លំនៅឋានរបស់ពួកគេ»។
យោងតាមការព្យាករអាកាសធាតុរបស់ក្រសួងធនធានទឹកនិងឧតុនិយម ប្រទេសកម្ពុជា នឹងបន្តរងឥទ្ធិពលនៃជ្រលងសម្ពាធទាប ដែលកំពុងអូសកាត់ភាគខាងជើងប្រទេសថៃ ឡាវ និង វៀតណាម ភ្ជាប់ជាមួយសម្ពាធទាបសកម្មមួយ ដែលកំពុងកើតមាននៅភាគខាងលើនៃឈូងសមុទ្រចិនខាងត្បូងរួមជាមួយ ខ្យល់មូសុងនីរតីបក់បោកក្នុងកម្រិតពីមធ្យមទៅបង្គួរ ដែលស្ថានភាពនេះធ្វើឱ្យកម្ពុជាបន្តមានភ្លៀងធ្លាក់ពេញ១សប្ដាហ៍នេះ ក្នុងកម្រិតពីមធ្យមទៅច្រើន ដោយគ្របដណ្ដប់ស្ទើរគ្រប់ទីកន្លែងក្នុងក្របខ័ណ្ឌទូទាំងប្រទេស។
តាមរយៈការព្យាករអាកាសធាតុនេះ អាជ្ញាធរខេត្តព្រះវិហារ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹងសែន និងផ្នែកខ្លះទៀតក្នុងតំបន់ទំនាបជាប់ជួរភ្នំដងរែក និងដងទន្លេមេគង្គ បង្កើនការប្រុងប្រយ័ត្នចំពោះទឹកជំនន់ ខណៈកម្ពស់ទឹកស្ទឹងសែននៅក្នុងខេត្តនេះ បានហក់ឡើងប្រកៀកកម្រិតប្រកាសឱ្យប្រុងប្រយ័ត្ន។
ទន្ទឹមនឹងនេះ លោក គឹម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអំពាវនាវ ដល់អាជ្ញាធរនិងកងកម្លាំងប្រដាប់អាវុធ ទាំងអស់ចំណុះឱ្យរដ្ឋបាលខេត្តព្រះវិហារ ត្រៀមកម្លាំងនិងមធ្យោបាយ ដើម្បីចុះអន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋ ក្នុងករណីមានគ្រោះទឹកជំនន់កើតឡើងជាយថាហេតុ។
ថ្វីបើយ៉ាងដូច្នេះក្ដី កម្ពស់ទឹកស្ទឹងសែនក្នុងខេត្តព្រះវិហារ គិតត្រឹមរសៀលថ្ងៃអង្គារ (១៦-៨-២០២២) បានស្រកចុះ០,០៨ម៉ែត្រ បើធៀបទៅនឹងថ្ងៃចន្ទ (១៥-៨-២០២២) ខណៈកម្ពស់ទឹកត្រូវប្រកាសឱ្យប្រុងប្រយ័ត្ន គឺ១១,៥០ម៉ែត្រ។
លោក ចាប កុយ ប្រធានមន្ទីរធនធានទឹក និង ឧតុនិយម ខេត្តព្រះវិហារ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា យោងតាមកម្ពស់ទឹកស្ទឹងសែនក្នុងខេត្តព្រះវិហារនៅពេលនេះ គឺ មិនបង្កជាគ្រោះទឹកជំនន់នោះទេ ដោយសារទឹកបានស្រកទៅវិញជាបណ្ដើរៗហើយ។
លោកថ្លែងថា៖«នៅពេលនេះគឺទឹកស្ទឹងសែនក្នុងខេត្តព្រះវិហារយើងបានស្រកបន្តិចវិញ ប៉ុន្តែបណ្ដាខេត្តនៅខ្សែទឹកខាងក្រោម ជាពិសេសខេត្តកំពង់ធំ អាចមានការជន់ឡើងបន្ថែមទៀត ដូច្នេះប្រជាពលរដ្ឋ ដែលរស់នៅប្របជាប់តាមដងស្ទឹងសែននៃខ្សែទឹកខាងក្រោម គប្បីបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះស្ថានភាពជំនន់ទឹកស្ទឹងសែន»។
ជាការពិត នៅពេលមានការស្រកចុះនូវកម្ពស់ទឹកស្ទឹងសែននៅផ្នែកខាងលើនោះ កម្ពស់ទឹកស្ទឹងសែន ក្នុងខេត្តកំពង់ធំ ដែលនៅខ្សែទឹកខាងក្រោម បានហក់ឡើងបន្ថែមទៀត។
លោក ហេ គឿន ប្រធានការិយាល័យនៃមន្ទីរធនធានទឹក និង ឧតុនិយម ខេត្តកំពង់ធំ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា កម្ពស់ទឹកស្ទឹងសែន នៅថ្ងៃអង្គារ (១៦-៨-២០២២) នេះបានជន់ឡើងដល់១៣,៥៦ម៉ែត្រ កើនលើសកាលថ្ងៃចន្ទ (១៥-៨-២០២២) ក្នុងកម្ពស់៥សង់ទីម៉ែត្រ ខណៈកម្ពស់ទឹក ដែលត្រូវប្រកាសឱ្យប្រុងប្រយ័ត្ន ១៣,៥០ម៉ែត្រ។
លោកថ្លែងថា៖ «ប៉ុន្តែមិនទាន់មានពលរដ្ឋណាម្នាក់ ជម្លៀសទៅកាន់ទីទួលសុវត្ថិភាពនោះទេ»៕