ភ្នំពេញៈ ​អធិការដ្ឋាន​នគរបាល​ខ័​ណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ព្រមាន​ចាត់វិធានការ​តឹងរ៉ឹង​ទៅតាម​ផ្លូវច្បាប់ ទៅលើ​ក្រុម​អ្នកបើកបរ​ម៉ូតូ បើកផ្លូវ​ពីមុខ​រថយន្ត​សង្គ្រោះបន្ទាន់ (​រថយន្ត​សាមុយ​) ដែល​តែងតែ​បង្ក​ភាព​រញ៉េរញ៉ៃ នៅលើ​ដងផ្លូវ​សាធារណៈ​។

លោក ម៉ន វុទ្ធី អធិការនគរបាល​ខ​ណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​យប់​ថ្ងៃទី​ ១៥ ខែ សីហា ឆ្នាំ​ ២០២២ បាន​អំពាវនាវ​ឱ្យ​ក្រុម​អ្នកបើកបរ​ម៉ូតូ​បើកផ្លូវ​ពីមុខ​រថយន្ត​សង្គ្រោះបន្ទាន់ បញ្ឈប់​នូវ​សកម្មភាព​បើកបរ​បែប​អនាធិបតេយ្យ​នេះ​ជាបន្ទាន់ ព្រោះ​ការបើកបរ​ម៉ូតូ​បើកផ្លូវ​ពីមុខ​រថយន្ត​សង្គ្រោះបន្ទាន់ ឬ រថយន្ត​សាមុយ បែបនេះ គឺ​មិន​គ្រាន់​ធ្វើឱ្យមាន​ភាព​រញ៉េរញ៉ៃ​នៅលើ​ដងផ្លូវ​សាធារណៈ​ប៉ុណ្ណោះ​ទេ ថែមទាំង​អាច​បង្កឱ្យមាន​គ្រោះថ្នាក់​ចរា​ចរណ៍ ដល់​អ្នកប្រើប្រាស់​ផ្លូវ​សាធារណៈ​ដទៃទៀត​ផង​ដែរ​។

លោក​ថ្លែងថា​៖ «​អ្នកបើកបរ​រថយន្ត​សង្គ្រោះបន្ទាន់គាត់​មាន​ស៊ី​រ៉ែ​ន​របស់គាត់​ហើយ អ៊ីចឹ​ង​ទេ មិនចាំបាច់​បងប្អូន ទៅ​បើក​ម៉ូតូ​បើកផ្លូវ​ពីមុខ​រថយន្ត​របស់គាត់​នោះទេ​។ វា​នាំឱ្យ​ចរាចរណ៍​នៅលើ​ដងផ្លូវ មាន​ភាព​រញ៉េរ​ញ៉ៃ ឥត​សណ្ដាប់ធ្នាប់ និង​អាចធ្វើឱ្យ​បងប្អូន​មាន​គ្រោះថ្នាក់​ទៅវិញ​ទេ​» ។​

លោក​បាន​បញ្ជាក់ថា​៖ «​និយាយ​តាម​ត្រង់​ខ្ញុំ​មើលទៅ​ដូច​ឆ្គង​ភ្នែក​ណាស់ ជិះ​លើកដៃ​លើកជើង ស៊ី​ហ្វ្លែទីត​ទូតៗ មើលទៅរ​ញេ​រ​ញ៉ៃ ពេញ​ផ្លូវ​» ។

បើតាម​លោក វុទ្ធី កាលពី​ថ្ងៃមុន កម្លាំង​របស់លោក​បាន​ឃាត់ខ្លួន​ក្រុម​អ្នកបើកបរ​ម៉ូតូ​បើកផ្លូវ​ពីមុខ​រថយន្ត​សាមុយ​មួយចំនួន​យកមក​អប់រំ​ម្តង​ហើយ ដែល​ការឃាត់ខ្លួន​នាពេលនោះ គឺ​អនុវត្តតាម​បញ្ជា​របស់​ថ្នាក់ដឹកនាំ​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​។ ប៉ុន្តែ​ម្តងនេះ បើ​កម្លាំង​របស់លោក ប្រទះឃើញ​ និងឃាត់ខ្លួន​បាន​ទៀត​នោះ កម្លាំង​របស់លោក​នឹង​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់​យ៉ាង​តឹងរ៉ឹងបំផុត​។

ជុំវិញ​ករណីនេះ ប្រជាពលរដ្ឋដែល​ប្រើប្រាស់​ផ្លូវនៅក្នុង​រាជធានី​ភ្នំពេញបាន​សម្ដែង​ការគាំទ្រ​ចំពោះ​វិធាន​នេះ​។ អ្នកប្រើប្រាស់​ផ្លូវ​ម្នាក់ គឺ​លោក ថន សុចិ​ន្តា អាយុ​ ៥១​ ឆ្នាំ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា គាត់​ក៏​ទើសភ្នែក ចំពោះ​សកម្មភាព ការប្រើ​អាកប្បកិរិយា និងសម្ដីសំដៅ​របស់​ក្រុម​អ្នកបើកបរ​ម៉ូតូ បើកផ្លូវ​ពីមុខ​រថយន្ត​សាមុយ នោះ​ជាទង្វើ​អសីលធម៌ ផងដែរ​។

លោក​ថ្លែងថា​៖​ «​ពួកគេ​បើក​ម៉ូតូ​ស៊ី​ហ្វ្លេ និងជ្រែ​ពេញ​ផ្លូវ ដោយ​មិន​ខ្វល់​ពី​សុវត្ថិភាព​អ្នកដទៃ ដែល​កំពុង​ប្រើប្រាស់​ផ្លូវ​នៅក្នុង​ស្ថានភាព​កកស្ទះ​ចរាចរណ៍​នោះទេ​»៕