ភ្នំពេញៈ ​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​លើ​កុមារា​ត្រូវបាន​រ​កឃើញ​​កើត​ឡើង​ច្រើន​មិន​ចាញ់​ករណី​អំពើ​រំលោភ​បំពាន​ផ្លូវ​ភេទ​លើ​កុមារី​នោះ​ទេ ប៉ុន្តែករណី​កើត​ឡើង​ចំពោះ​កុមារា​មិន​សូវ​មាន​ទិន្នន័យ​ ដោយ​សារ​ពិបាក​កំណត់​អត្ត​សញ្ញាណ ​ហើយ​ការផ្តល់​សេវា​គាំពារ​ទៅដល់​កុមារា​ គឺ​មាន​តិច​តួច​បំផុត​ ទោះ​បីជា​បញ្ហា​នេះ​កើត​ឡើង​ជា​យូរ​មក​ហើយ​ក៏​ដោយ​។ នេះ​បើ​តាម​លោក យ៉ាំ ចំរើន ប្រធាន​អង្គ​ការ​ជំហាន​ដំបូង​កម្ពុជា​។

​លោក យ៉ាំ ចំរើន ​បាន​លើក​ឡើង​ក្នុង​សិក្ខា​សាលា​ស្តីពី​កិច្ច​គាំពារ​កុមារ​ប្រកប​ដោយ​បរិ​យាប​ន្ននៅ​សណ្ឋាគារ​ហ៊ី​ម៉ា​វ៉ា​រី នៅ​ព្រឹក​ថ្ងៃទី​ ១៦ ខែសីហា​​ថា តាម​ការ​ស្រាវជ្រាវ​តាម​ខ្នង​ផ្ទះ​ដោយ​អង្គ​ការ​យូ​នី​សេ​ហ្វ​ ក្រោម​កិច្ច​សហ​ការ​ជាមួយ​វិទ្យា​ស្ថាន​ជាតិ​ស្ថិតិ​នៅ​ឆ្នាំ ​២០១៥ ​បាន​រក​ឃើញ​ថា​ កុមារា ​៥,៦​ ភាគ​រយ​ ធៀប​ទៅនឹង​កុមារី ៥,៤ ភាគរយ​ ធ្លាប់​រង​បទ​ពិសោធ​រំលោភ​បំពាន​ផ្លូវភេទ​នៅ​ក្នុង​ពេល​ណា​មួយ​នៃ​ជីវិត​របស់​ពួក​គេ​។

​លោកបាន​ថា កា​ររំលោភ​បំពាន​ផ្លូវ​ភេទ​លើ​កុមា​រាជា​បញ្ហា​សំខាន់​មួយ ដែល​កើត​ឡើង ​មិន​មែន​តែ​នៅ​ប្រទេស​កម្ពុជា​នោះ​ទេ នៅ​ប្រទេស​ផ្សេងៗ​ក៏មាន​ផង​ដែរ​។ តួយ៉ាង​ដូច​ជា ​នៅ​ប្រទេស​ឥណ្ឌា​ មាន​កុមារា​ ៦០ ​ភាគរយ ​នៅ​ញូដែលី​ធ្លាប់​រង​អំពើ​រំលោភ​បំពាន​ផ្លូវ​ភេទ ​ខណៈ​គ្មាន​សេវា​គាំពារ​ដល់​កុមា​រាទាំង​នោះ​ឡើយ។ ​ចំណែក​នៅ​ប្រទេស​ចិន ​មាន​កុមារា​ ២០​ ទៅ ៤០ ភាគរយ​បាន​រង​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​ផង​ដែរ​។​

​លោក​ថ្លែងថា​​៖ «​បញ្ហា​នេះ​កើត​ឡើង​យូរ​មក​ហើយ ​គ្រាន់តែ​អត់​មាន​សេវា​ ដូច្នេះ​ហើយ First Step នៅ​ឆ្នាំ​​ ២០១០​ យើង​ចាប់ផ្តើម​ផ្តល់​សេវា​នេះ​។​ រហូត​មកដល់​បច្ចុប្បន្ន​នេះ​យើង​បាន​ផ្តល់​សេវា​សរុប​ទៅដល់​កុមារ​ និង​មនុស្ស​ធំ​បាន​ចំនួន​ ៤៣២ ​ករណី ​ក្នុង​ចំណោម​នោះ​មាន​ ៣៧៥ ​ករណី​ជា​កុមារ ​[​កុមារា​-​កុមារី​]​ ហើយ​ក្នុង​នោះ​មាន​ ២៩២ ​ករណី​ ជា​ជន​រង​គ្រោះ ដែល​ក្នុង​ចំនួននេះ​មាន​ ៧០​ ភាគ​រយ​ជា​កុមា​រា​»​។

​លោក​ ផង់ ចិន្តា ប្រធាន​គ្រប់​គ្រង​កម្ម​វិធី​នៃ​អង្គការ​ជំហាន​ដំបូង​កម្ពុជា​ថ្លែង​ថា កុមារា​ដែល​រង​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​មិន​ងាយ​និយាយ​ចេញពី​ទុក្ខ​លំបាក​ដែល​រូបគេ​បាន​ជួប​នោះ​ទេ ​ដោយ​សារ​តែ​ជំនឿ និង​ទម្លាប់​ក្នុង​សង្គម​ដែល​កត់​សម្គាល់​ថា​ កុមា​រាជា​ភេទ​មួយ​ខ្លាំង ​រឹង​មាំ ដូច​ពាក្យ​មួយ​លើក​ឡើង​ថា មនុស្ស​ប្រុស​ដើម​ទ្រូង​ ៥ ​ហត្ថ​។

​លោក​ថ្លែង​ថា​៖ «​ខ្ញុំ​គិតថា ​មនុស្ស​ប្រុស​ដូច​មាស​ទឹក ​១០ ​អ៊ី​ចឹ​ង ជ្រុះ​ប្រឡាក់​ភក់លើ​កម​កលាង​ទឹក​លាង​សាប៊ូ​នៅតែ​មាស​ដដែល ទឹក ​១០​ នៅតែ​ ១០ ទឹក​ ៧ ​នៅតែ​ ៧ អត់​បញ្ហា​អ៊ីចឹង ​បណ្តោយ​វា​ទៅ​មិន​បាច់ Take Care វា​ពេក​ទេ អ៊ីចឹ​ង​ធ្វើឱ្យ​កុមារា​គាត់​ងាយ​រងគ្រោះ​ច្រើន​»​។

​លោក​បន្ត​ទៀត​ថា អ្នក​ដែល​អនុវត្ត​កម្មវិធី​កិច្ច​ការពារ​កុមារ​មាន​ច្រើន ប៉ុន្តែ​នៅតែ​ចន្លោះ ចំពោះ​កិច្ច​ការ​ពារ​ទៅលើ​កុមា​រា ហើយ​អ្នក​ដែល​មាន​តួនាទី​ជា​អ្នក​បំពេញ​សិទ្ធិដល់​កុមារ​ក៏​មិន​មាន​ចំណេះដឹង​ទាក់ទង​ទៅ​នឹង​ការ​រំលោភ​បំពាន​ផ្លូវភេទ​ទៅលើ​កុមារា​ផង​ដែរ​។

​ប្រធាន​គ្រប់​គ្រង​កម្មវិធីនៃ​អង្គការ​ជំហាន​ដំបូង​កម្ពុជា​បាន​ឱ្យដឹ​ង​ទៀត​ថា តាម​កា​រស្រាវ​ជ្រាវ​នៅលើ​ពិភព​លោក​មាន​កុមារ​ ១២០ លាន​នាក់ ​ដែល​មាន​អាយុ​ក្រោម ១៨ ឆ្នាំ បាន​ទទួល​រង​នូវ​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ ដែល​រាប់​តាំងពី​ការ​ប៉ះ​ពាល់​ស្ទាប់​អង្អែល ​រហូត​ទៅដល់​ការ​ស៊ក​ប​ញ្ជូ​ល​នូវ​អង្គ​ជាតិ ឬ​វត្ថុ​ផ្សេងៗ​ទៀត​។ចំណែក​កម្ពុជា​វិញ ក្នុង​ចំណោម​កុមារ​ ១០ ​នាក់​ មាន​ ៦​ នាក់ ឆ្លង​កាត់​ការ​រំលោ​ភបំ​ពាន​ផ្នែក​រាង​កាយ ស្មារតី និង​ផ្លូវភេទ​ និង​កុមារ ​៥ ​ទៅ៦ភាគ​រយ ​អាយុ​ក្រោម ១៨ ឆ្នាំ ​ធ្លាប់​រង​នូវ​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ ដែល​ទិន្ន​ន័យ​ទាំង​នេះ​ពិបាក​ក្នុង​ការ​ស្វែង​រក ​ជា​ពិសេស​សម្រាប់​កុមា​រា​។

​លោក​ថ្លែង​ថា​៖ «​យើង​មិន​អាច​រក​ទិន្ន​ន័យ​បាន​ជា​រួម​នោះ​ទេ ​ចាប់​ពី​ឆ្នាំ ​២០០​៨ មក​ម៉្លេះ។​ យើង​ធ្លាប់​ធ្វើ​ការ​សិក្សា​ស្រា​វជ្រាវ​មួយ​ចំនួន​ធ្វើ​ដោយ​ខ្លួន​ឯង ប៉ុន្តែ​មិន​មាន​ទំហំ​ធំ​តំណាង​ឱ្យ​ជាតិ​នោះ​ទេ​»​។

​លោក សុខ ​សំបូរ​ មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​ជំហាន​ដំបូង​កម្ពុជា ​បាន​ឱ្យដឹង​ថា​ ក្រៅពី​កុមារា នៅ​មាន​កុមារ​ផ្សេង​ទៀត​ក៏​មាន​ការ​ទទួល​រង​នូវ​កា​ររំលោភ​បំពាន​ផ្លូវ​ភេទ​ផង​ដែរ​ នោះ​គឺ​កុមារ​ដែល​ស្រ​ឡាញ់​ភេទ​ដូច​ជា​ជាដើម​។ ការរង​គ្រោះ​នោះ​អាច​កើត​ឡើង​នៅ​ពេល​ដែល​គ្រួសារ​ប​ដិ​សេធ​ រើស​អើង ​បែង​ចែក ឬ​ស្តី​បន្ទោស ដែល​ជា​ហេតុ​មួយ​នាំឱ្យ​កុមារ​ ឬ​យុវជន​ដែល​មាន​ធម្មជាតិ​ស្រ​ឡាញ់​ភេទ​ផ្ទុយ​គ្នា ទៅ​ស្វែង​រក​ក្រុម ឬ​អ្នក​ណា​មួយ ដែល​អាច​ផ្តល់​ភាព​កក់​ក្តៅនិង​លើក​ទឹក​ចិត្ត​ដល់​រូប​គេ​។

​ការ​សម្លឹង​មើល​អ្នក​ផ្សេង​ក្រៅ​ក្រុម​គ្រួសារ​ដើម្បី​ភាព​កក់​ក្តៅ​នេះ​ហើយ ​ដែល​នាំ​ឱ្យ​ក្រុម​ជនខិល​ខូច ​ជន​ឆ្លៀត​ឱកាស​ក្នុង​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​ធ្វើការ​អូស​ទាញ​បាន​ជោគ​ជ័យ ​ដោយ​ពួកគេ​ចាំ​ទទួល​ផ្តល់​ភាព​កក់​ក្តៅ និង​គាំទ្រ​ដល់​កុមារ​ដែល​ស្វែង​រក​ភាព​កក់​ក្តៅ​ទាំង​នោះ​។

​លោក ​លី ហួ មន្ត្រី​អង្គ​ការ​ជីវិត​ស្រស់​បំព្រង បាន​លើក​ឡើង​ថា ដើម្បី​កុំឱ្យ​អ្នក​ស្រឡាញ់​ភេទ​ផ្ទុយ​គ្នា ​មាន​ការ​បាក់​ទឹក​ចិត្ត និង​ខ្វះ​ភាព​កក់​ក្តៅ សូម​កុំ​ប្រើ​ប្រាស់​ពាក្យ​មួយ​ចំនួន​ ដែល​ប៉ះ​ពាល់​ដល់​សតិ​អារម្មណ៍​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ដែល​ពាក្យ​ទាំង​នោះ​រួ​មមាន ខ្ទើយ ​ស៊ីម​ ២ ឡេឌី​ប៊​យ មនុស្ស​ប្តូរ​ភេទ ភេទ​ទី​បី ​៦៩ សក់​វែង ជា​ដើម។ លោក​ថា ពាក្យ​ដែល​គួរ​ប្រើ​រួ​ម​មាន​ ក្រុម​នុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា​ ក្រុម​មនុស្ស L​BTGIQ+ ឬ​សហ​គមន៍ IBTGIQ+​៕