
សិស្សតម្រង់ជួរត្រូវបានពិនិត្យមុនចូលប្រឡងបាក់ឌុបនៅវិទ្យាល័យទួលទំពូង នៅភ្នំពេញ កាលពីឆ្នាំ ២០១៩។ រូបថត ហេង ជីវ័ន
ភ្នំពេញៈ ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់យកថ្ងៃទី ២៤ ខែតុលា ជាថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) និងកំណត់យកថ្ងៃទី ១៤ ខែវិច្ឆិកា ជាថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម្រាប់ឆ្នាំសិក្សា ២០២១-២០២២។ នេះបើតាមអ្នកនាំពាក្យក្រសួងអប់រំ។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងអប់រំ យុវជន និងកីឡា» រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅទីស្ដីការគណៈរដ្ឋមន្ដ្រី កាលពីថ្ងៃទី ១៦ ខែសីហាថា ក្រសួងអប់រំ យុវជន និងកីឡា នៅពេលបច្ចុប្បន្នបានត្រៀមខ្លួនដោយយកចិត្តទុកដាក់ទៅនឹងកត្ដាបច្ចុប្បន្នភាព ក្នុងការត្រៀមខ្លួនរៀបចំការប្រឡងបាក់ឌុប និងឌីប្លូម។
លោកថ្លែងថា៖ «សម្រាប់ឆ្នាំសិក្សា ២០២១-២០២២ ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់កាលបរិច្ឆេទនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬឌីប្លូម នៅថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០២២ និងគ្រោងប្រកាសលទ្ធផល នៅថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០២២»។
«ចំណែកការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបវិញ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងនៅថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០២២ និងគ្រោងប្រកាសលទ្ធផលបាក់ឌុប នៅថ្ងៃទី ៧ ខែ ធ្នូ ឆ្នាំ ២០២២»។ នេះបើតាមលោកសុវាចា។
លោក រស់ សុវាចា បានផ្ញើសារទៅដល់បេក្ខជនប្រឡងឌីប្លូម និងបេក្ខជនប្រឡងបាក់ឌុបឱ្យបន្តខិតខំរៀនសូត្រក្នុងថ្នាក់ និងរៀនដោយខ្លួនឯងបន្ថែម ព្រមទាំងត្រងត្រាប់ស្ដាប់ឱវាទមាតាបិតា សម្រាប់ត្រៀមខ្លួនប្រឡងនាពេលខាងមុខនេះ។ ក្រៅពីការរៀនត្រៀមប្រឡងឌីប្លូម និងបាក់ឌុប បេក្ខជនប្រឡងទាំងអស់ ត្រូវបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួនជាទីបំផុតនូវគោលការណ៍នានា តាមការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា។
លោកបញ្ជាក់ទាក់ទងនឹងបច្ចុប្បន្នភាពនៃការអប់រំថា បច្ចុប្បន្នដំណើរការសាលារៀននៅទូទាំងប្រទេសបាននិងកំពុងប្រព្រឹត្តទៅដោយរលូនតាមការគ្រោងទុកតាមបែបគន្លងប្រក្រតីភាពថ្មីនៃវិស័យអប់រំ។
លោកបញ្ជាក់ថា៖ «បច្ចុប្បន្ននេះ សិស្សានុសិស្សគ្រប់កម្រិតថ្នាក់ បាននិងបន្តអនុវត្ដការរៀនពេញលេញ នៅទូទាំងប្រទេសដោយបន្តអនុវត្តគោលការណ៍ស្ដង់ដា របស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីធានាសុវត្ថិភាព សុខភាព នៃការរៀននៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន តាមគន្លងប្រក្រតីភាពថ្មី នៃវិស័យអប់រំ ជាពិសេសគឺការបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួន និងយកចិត្តទុកដាក់ខ្ពស់បំផុតនូវវិធានការ ៣ ការពារ ៣ កុំ របស់សម្ដេចតេជោ»។
បើតាមរបាយការណ៍របស់ក្រសួងអប់រំ ក្នុងការកែទម្រង់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងបន្តផ្តោតលើអាទិភាពសំខាន់ៗដូចការពង្រីកសេវាអប់រំកុមារតូច តាមគ្រប់រូបភាព ដោយសម្រេចបានក្នុងឆ្នាំសិក្សា២០១៨-២០១៩ អត្រាចូលរៀនកុមារអាយុ ៥ ឆ្នាំ ៦៣,១០ ភាគរយ កុមារអាយុ ៤ ឆ្នាំ ៣៩,៤០ ភាគរយ កុមារអាយុ ៣ ឆ្នាំ ១៨,៥០ ភាគរយ។ ក្នុងឆ្នាំសិក្សា ២០២១-២០២២ កុមារអាយុ ៥ ឆ្នាំចូលរៀន ៥៩,៥៨ ភាគរយ កុមារអាយុ ៤ ឆ្នាំ ២៧,៩៩ ភាគរយ កុមារអាយុ ៣ ឆ្នាំ ១២,០៦ ភាគរយ។ ជារួមអត្រារួមនៃការសិក្សាការអប់រំ កុមារតូចនៅឆ្នាំសិក្សា ២០២១-២០២២ មាន ៣៣,៦៣ ភាគរយ។
ការបង្កើនការចូលរៀននៅបឋមសិក្សាសម្រេចបានក្នុងឆ្នាំសិក្សា ២០១៨-២០១៩ អត្រាពិតនៃការសិក្សា ៩៨ ភាគរយ និងអត្រាបញ្ចប់ការសិក្សា ៨៦,១៩ ភាគរយ។ ក្នុងឆ្នាំសិក្សា ២០២១-២០២២ អត្រាពិតនៃការសិក្សា៩២,៩៨ ភាគរយ និងអត្រាបញ្ចប់ការសិក្សា ៩១,៧២ ភាគរយ។
ចំណែកការបង្កើនការចូលរៀននៅមធ្យមសិក្សាបឋមភូមិសម្រេចបានក្នុងឆ្នាំសិក្សា ២០១៨-២០១៩ អត្រារួមនៃការសិក្សា ៥៩,១០ ភាគរយ អត្រាបញ្ចប់ការសិក្សា ៤៧.៦០ ភាគរយ។ ក្នុងឆ្នាំសិក្សា ២០២១-២០២២ អត្រារួមនៃការសិក្សា ៦៨,៥៥ ភាគរយ អត្រាបញ្ចប់ការសិក្សា ៥៦,៥០ ភាគរយ។ ការបង្កើនការចូលរៀននៅមធ្យមសិក្សាទុតិយភូមិដោយសម្រេចបានក្នុងឆ្នាំសិក្សា ២០១៨-២០១៩ អត្រារួមនៃការសិក្សា ២៩,៧ ភាគរយ និងអត្រាបញ្ចប់ការសិក្សា ២៣,៦ ភាគរយ។ ក្នុងឆ្នាំសិក្សា ២០២១-២០២២ អត្រារួមនៃការសិក្សា ៣៩,៣៥ ភាគរយ និងអត្រាបញ្ចប់ការសិក្សា ៣៥,៦៦ ភាគរយ។
លោក សុវាចា បញ្ជាក់ថា ទោះបីមានវិបត្តិកូវីដ ១៩ ក្រសួងអប់រំបានដាក់ឱ្យដំណើរការការសិក្សាពីចម្ងាយ ដោយផ្ដោតលើភាសាខ្មែរ និងគណិតវិទ្យា និងបានផ្សព្វផ្សាយតាមស្ថានីយទូរទស្សន៍ជាតិ (ទ.ទ.ក២) តាមប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ក្រសួង រួមមាន ហ្វេសប៊ុក យូធូប និងគេហទំព័រ ព្រមទាំងបានអនុវត្តកម្មវិធីអក្ខរកម្មនៅតាមរោងចក្រ ពន្ធនាគារ និងមណ្ឌលកែប្រែនានាក្នុងគោលដៅធានាបានការអប់រំប្រកបដោយបរិយាប័ន្ន៕
វីដេអូ៖