
ទូកនេសាទរបស់ប្រជានេសាទនៅខេត្តកំពត កាលពីពេលកន្លងមក។ រូបថត ហ្វេសប៊ុក ផែកំពតគ្រឿងសមុទ្រ
ភ្នំពេញៈ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ណែនាំឱ្យប្រជានេសាទត្រូវផ្អាកសកម្មភាពនេសាទអូសគ្រំក្រឡាហូល ក្នុងដែននេសាទសមុទ្រកម្ពុជា រយៈពេល ២ ខែ ដោយសារជារដូវពងកូន ដើម្បីរក្សាធនធានជលផលសមុទ្រឱ្យបានគង់វង្ស។
សេចក្តីជូនដំណឹងចុះហត្ថលេខាដោយប្រធានរដ្ឋបាលជលផល លោក ពុំ សុថា ចុះថ្ងៃទី ១៥ ខែ សីហា បានឱ្យដឹងថា៖ «ការធ្វើអាជីវកម្ម នេសាទគ្រំក្រឡាហូល នៅក្នុងដែននេសាទសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា ត្រូវផ្អាកសកម្មភាពក្នុងរដូវពងកូនចាប់ពីថ្ងៃទី ០១ ខែកញ្ញា រហូតដល់ថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០២២»។
រដ្ឋបាលជលផលសង្ឃឹមថា ប្រជានេសាទទាំងអស់ នឹងចូលរួមសហការអនុវត្ត ដើម្បីថែរក្សាការពារធនធានជលផលសមុទ្រឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ។
លោក ពុំ សុថា ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា តាមការសិក្សាក្នុងរយៈពេលប៉ុន្មានខែនេះ គឺជារដូវពងកូនច្រើន ហើយបើមានការអូសគ្រំក្រឡាហូល វានឹងធ្វើឱ្យប៉ះពាល់ដល់ការបន្តពូជ។
លោកបញ្ជាក់ថា៖ «មុនយើងចេញសេចក្តីប្រកាសនេះ គឺបានសិក្សាហើយថា ក្នុងរយៈពេលហ្នឹង គឺជារដូវគ្រំក្រឡាហូលពងច្រើន វាដូចត្រីដែរ ជួនកាលពងខែឧសភា ខ្លះពងខែមិថុនា ខ្លះខែកក្កដា ប៉ុន្តែយើងគិតរយៈពេលណាដែលពងកូនច្រើនជាងគេ ទើបយើងហាមឃាត់ពេលនោះ»។
លោកពន្យល់ថា គ្រំក្រឡាហូល ក៏ដូចត្រីដែរ ដូចនះកាលណាប្រជានេសាទបន្តសកម្មភាពនេសាទក្នុងរដូវពង វានឹងប៉ះពាល់ដល់តំបន់របស់វា ដែលអាចធ្វើឱ្យការប្រកបរបរនេសាទនៃគ្រំក្រឡាហូល នឹងមានការថយចុះនៅថ្ងៃអនាគត។
លោកសង្កត់ធ្ងន់ថា ក្នុងករណីប្រជានេសាទមិនគោរពតាមការណែនាំ នឹងត្រូវប្រឈមមុខច្បាប់ ប៉ុន្តែលោកថា កន្លងមកពុំមានប្រជានេសាទណា ប្រព្រឹត្តផ្ទុយនឹងការណែនាំនោះទេ។
លោកថា៖ «កន្លងមកយើងអត់បានមានការចាប់ខ្លួនគាត់ទេ កាលណាយើងណែនាំ គាត់ក៏ផ្អាកដែរ ព្រោះប្រជានេសាទគាត់ដឹង ពេលគាត់ទុកឱ្យពងច្រើន គាត់បានប្រយោជន៍រួមទៅថ្ងៃមុខ»។
លោកគូសបញ្ជាក់ថា គ្រំក្រឡាហូលមានតែនៅក្នុងដែនសមុទ្រប៉ុណ្ណោះ មិនរស់នៅក្នុងទឹកសាបនោះទេ ខណៈគ្រំប្រភេទនេះមានច្រើនជាងគេ គឺនៅខេត្តកោះកុង។
យោងតាមរបាយការណ៍របស់រដ្ឋបាលជលផលបានឱ្យដឹងថា ក្នុងឆ្នាំ ២០២១ រដ្ឋបាលជលផលទទួលបានផលនេសាទសរុបជាង ៨៥ ម៉ឺនតោន ក្នុងនោះ ផលនេសាទទឹកសាបសម្រេចបានជាង ៣៨ ម៉ឺនតោន នេសាទសមុទ្រចំនួន ១២ ម៉ឺនតោន និងផលវារីវប្បកម្មសម្រេចបានជិត ៣៥ ម៉ឺនតោន៕