ភ្នំពេញៈ ក្រសួង​អប់រំ​យុវ​ជន និង​កីឡា បាន​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ «កញ្ចប់​សម្ភារ​អំណាន​ និង​​គណិត​វិទ្យាថ្នាក់​ដំបូង»​ ព្រម​ទាំង​ដាក់​បញ្ចូល​ទៅ​ក្នុង​កម្មវិធី​បណ្តុះ​បណ្តាល​គ្រូ​ នៅ​តាម​សាលា​គរុកោសល្យ​ទាំង​ប្រព័ន្ធ​ ១២+២ និង ១២+៤ ដើម្បី​លើក​កម្ពស់​គុណ​ភាព​អប់​រំ​។

លោក ហង់​ជួន ណារ៉ុន រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​ ថ្លែង​នៅក្នុង​សិក្ខាសា​លាស្តី​ពីការ​ចែក​រំលែក​ឧត្តមា​នុវត្ត​នៃ​ការ​អនុវត្ត​កញ្ចប់​សម្ភារ​អំណាន និង​គណិត​វិទ្យា​កម្រិត​ថ្នាក់​ដំបូង​ នៅថ្ងៃទី​ ១៦ សីហាថា​ កញ្ចប់​សម្ភារ​អំណាន​ និង​គណិត​វិទ្យាដំបូង​គឺ​បង្កើត​ឡើង ដើម្បី​ឱ្យគ្រប់​អ្នក​ពាក់​ព័ន្ធ​ជាពិសេស​គ្រូ​បង្រៀន​ថ្នាក់​ទី១ ថ្នាក់​ទី​២ មាន​កញ្ចប់​សម្ភារ​អប្ប​បរមា​១​ដែល​អាច​យក​ទៅ​ប្រើប្រាស់​ដើម្បី​ពង្រីក​ការ​អនុវត្ត​នៅ​ទូទាំង​ប្រទេស​ ។

លោក​បន្ត​ថា ការ​ពអង្រីក​ការ​អនុវត្ត​នេះ ដើម្បីលើក​កម្ពស់​គុណ​ភាព​អប់រំ​តាម​រយៈកា​របង្កើន​លទ្ធផល​ការ​សិក្សា​របស់​សិស្ស​នៅ​បឋម​សិក្សា​ ពោល​គឺកុមារ​កម្ពុជា​​ចេះ​អាន ចេះស​រសេរ និង​ចេះគិត​លេខ​ទាំង​អស់​គ្នា ហើយ​នេះ​ គឺជា​មូលដ្ឋាន​គ្រឹះនៃ​គុណ​ភាព​នៃការ​អប់រំ​នៅថ្នាក់​មធ្យម​សិក្សា និង​ឧត្តម​សិក្សា​។

កញ្ចប់​សម្ភារ​អំណាន​ថ្នាក់​ដំបូង ត្រូវ​បាន​បែង​ចែក​ដ​ល់គ្រប់​សាលា​បឋម​សិក្សា​ទាំង​អស់​ក្នុង​ខេត្តចំនួន​ ៨​ រួ​ម​មាន ខេត្ត​កំពង់​ធំ កំពត កែប​ ក្រោម​ការ​ឧបត្ថម្ភ​ដោយ​ USAID តាម​រយៈ​អង្គការ​ RTI ខេត្ត​សៀម​រាប​ ក្រចេះ​ ស្ទឹង​ត្រែង​ ព្រះវិ​ហារ និង​ឧត្តរ​មាន​ជ័យ ​ក្រោម​ការ​ឧបត្ថម្ភ​ដោយ​ GPE ៣ តាម​រយៈ​ UNESCO ។

កញ្ចប់​សម្ភារ​គណិត​វិទ្យា​ថ្នាក់​ដំបូង​ ត្រូវ​បាន​បែង​ចែក​នៅ​ខេត្ត​សៀម​រាប ក្រចេះ ស្ទឹង​ត្រែង ព្រះវិហារ និង​ឧត្តរ​មាន​ជ័យ​ ក្រោម​ការ​ឧបត្ថម្ភ​ដោយ ​GPE ៣ តាម​រយៈ ​UNESCO ។

លោក​ថ្លែង​ថា៖ « រហូត​មក​ដល់​ពេល​នេះ ក្រុម​ការងារ​បាន​ផលិត​កញ្ចប់សម្ភារ​រួម​មាន​សៀវភៅជំ​នួយ​សិស្ស ​មុខវិជ្ជា​ ភាសា​ខ្មែរ ថ្នាក់​ទី១ ថ្នាក់​ទី២ សៀវ​ភៅ​ហ្វឹក​អាន​ សរសេរ​របស់​សិស្ស​ឆមាស​ទី​១ ឆមាស​ទី២ សៀវភៅ​ហ្វឹក​ហាត់​សរសេរ​ថ្នាក់​ទី១ ឆមាស​ទី១ សៀវ​ភៅ​កូន​ស្វាឆ្លាត ​៦ ក្បាល សៀវ​ភៅរឿង​ខ្លីៗ​ ៣០ ចំណង​ជើង សៀវ​ភៅ​សម្រាប់​គ្រូបង្រៀន​ភាគ​ ១ និង​ ភា​គ​ ២ បណ្ណ​អក្សរ-រូប​ភាព »។

បើ​តាម ​លោក ហង់ជួន ណារ៉ុន ចំពោះ​កញ្ចប់​គណិត​វិទ្យា​ថ្នាក់​ដំបូង​រួម​មាន​ សៀវភៅ​ណែនាំ​សម្រាប់​គ្រូគណិត​វិទ្យា​ថ្នាក់​ទី១​ និង​ទី ២ សៀវ​ភៅជំនួយ​សិស្សថ្នាក់​ទី១ ថ្នាក់​ទី២ សៀវ​ភៅ​លំហាត់​ថ្នាក់​ទី​១ មាន​ ៤ ភាគ និង​ថ្នាក់​ទី២ មា​ន​៤​ភាគ និង​សម្ភារ​ឧបទ្ទេស​ បម្រើឱ្យ​ការ​បង្រៀន​ និង​រៀន ។

បន្ថែម​លើកញ្ចប់​សម្ភារទាំង​នេះ ក្រុម​ការ​ងារ​បាន​រៀប​ចំសៀវ​ភៅ ណែនាំ​ប្រតិប​ត្តិ ស្តីពីការ​ផ្តល់​ប្រឹក្សា​គរុកោសល្យ​កម្រិត​ថ្នាក់​ដំបូង​ បាន​រៀបចំ​គំរូតេ​ស្តស្តង់ដាប្រចាំ​ខែសម្រាប់​គ្រូយក​ទៅធ្វើ​តេស្តស​ម្រាប់​សិស្ស ផ្តល់​ការ​គាំទ្រ ​ដល់គ្រូ​បង្រៀន​តាម​រយៈ​កម្មវិធី​ប្រឹក្សា​គរុកោ​សល្យ។​

លោក​បន្ត​ថា ក្រសួង​សង្ឃឹ​ម​ថា កញ្ចប់​សម្ភារ​អំណាន និង​គណិត​វិទ្យា​ថ្នាក់​ដំបូង​ នឹង​ត្រូវ​ពង្រីក​ការ​អនុវត្ត នៅទូ​ទាំង​ប្រទេស​តាម​រយៈ​ការ​ប្រើប្រាស់​ថវិការ​បស់​រាជរដ្ឋា​ភិបាល និង​ការកៀរ​គរ​ថវិកាពី​អង្គការ​ដៃគូ ​ដើម្បីគាំទ្រ​ដល់ការ​អនុវ​ត្តនេះ​ ។

ជាមួយ​គ្នា​នេះ ថ្នាក់​ដឹនាំ និង​បុគ្គ​លិក អប់រំ​ គ្រឹះ​ស្ថាន បណ្តុះ​បណ្តាល​គ្រូ និង​អ្នក​ពាក់​ព័ន្ធ​ទាំង​អស់​ នឹង​យក​អស់កម្លាំង​កាយ​ចិត្ត​ ចូល​រួម​គាំទ្រ និង​ពង្រីក​ការ​អនុវត្ត​កញ្ចប់​សម្ភារ​អំណាន និង​គណិត​វិទ្យា​ថ្នាក់​ដំបូង​ ឱ្យទទួល​បាន​ជោគ​ជ័យ​​ដើម្បី​ក្រសួង​អាច​ធានា​បាន​នូវ​និរន្តរ​ភាព​ជារៀង​រហូត​តទៅ​។

លោក ​កាន់ ពុទ្ធី អនុ​ប្រធាន​នាយ​កដ្ឋាន​បឋម​សិក្សា​ថ្លែង​ថា កញ្ចប់​សម្ភារ​អំណាន និងគណិត​វិទ្យាថ្នាក់​ដំបូង​» គឺ​គ្រាន់​តែជាជំនួយ​បន្ថែម​ ទៅ​ដល់​ការ​អនុវត្ត​សៀវ​ភៅ​សិក្សា​គោល និ​ង​ស្របទៅ​នឹង​សៀវ​ភៅសិក្សា​គោល​ និង​ជាពិសេស​ជំរុញ​ការ​គិត​របស់​សិស្ស​ឱ្យ​បាន​ហ្មត់ច​ត់ និង​បំណិន ដែល​ជាមេរៀន​ស្ពាន ដើម្បី​ឱ្យសិស្សងាយ​ចេះ​អាន​។

លោក​ថ្លែង​ថា៖ «សៀវភៅ​សិក្សា​គោល​ នៅ​តែជា​អាហារ​បំប៉ន​ សម្រាប់​សិស្ស​ងាយ​ស្រួល​សិក្សា​ និ​ង​ឆាប់ចាប់​បាន​» ។

បើតាម លោក​ កាន់ ពុទ្ធី គ្រូ​បង្រៀន​ថ្នាក់​ទី១ និង​ទី​២ នៅ​ក្នុង​ខេត្ត​គោល​ដៅទាំង​អស់​ ទទួល​បាន​​ការបណ្តុះប​ណ្តាល​ដែលមាន​ ជាង ​៧ ពាន់​សាលា​បឋម​សិក្សា ស្មើនឹ​ង ៣៧% ​ក្នុង​ចំណោម​សិស្ស​ ៧៥​ ម៉ឺននាក់ នៅទូទាំង​ប្រទេស​ ដោយ​ក្នុង​នោះ​ គ្រប​ដណ្តប់​ប្រមាណ​ ៣៣%។ ​

នៅ​សល់​ជាង​ ៦០% ដែល​ក្រសួង​​ក៏ដូច​ជា​អង្គការ​ដៃ​គូពាក់​ព័ន្ធ​នឹង​ខិត​ខំ គ្របដណ្តប់​ឱ្យបានពីឆ្នាំ ​២០២២ ដល់​ឆ្នាំ​ ២០២៥ ដែលជា​យុទ្ធ​សាស្ត្រដាក់​ឱ្យ​អនុវត្ត​៕