ព្រះសីហនុ/ព្រះវិហារៈ រដ្ឋបាល​ខេត្ដ​ព្រះសីហនុ និង​ព្រះវិហារ​ អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កុំ​ចាញ់​បោក​មេខ្យល់​ចូលទៅ​ទន្ទ្រាន​ កាន់​កាប់ ​សាង​សង់​ខ្ទម​​អនាធិបតេយ្យ​លើ​ទីតាំង​ដី​កម្មសិទ្ធិ​ឯកជន ខណៈថ្មីៗនេះ មានក្រុម​អនា​ធិប​តេយ្យបានចូលទៅ​​សាង​​សង់ខ្ទម​មិនរៀប​រយប្រមាណ ៣០០ ខ្ទម លើទីតាំង​ដីរបស់​ក្រុមហ៊ុនឯក​ជន​ស្ថិតនៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសី​ហនុ (SIHANOUK VILLE SEZ)។

លោក​ ឃាង ភារម្យ អ្នក​នាំពាក្យ ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ថ្លែង​​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ កាលពីថ្ងៃទី ១៦ ខែ​សីហា​ថា កន្លង​មក​មានបង​ប្អូន​ប្រជាពល​រដ្ឋ មួយ​ចំនួន បាន​ចូល​ទៅទន្ទ្រាន​កាន់​កាប់ និង​សង់​ខ្ទម​មិន​រៀបរយ លើទី​តាំងដីរបស់​​ក្រុម​ហ៊ុន សីហនុ​វីល ស្តេស​ល អ៊ុខន​នើមី ហ្សូន នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសី​ហនុ (SIHANOUK VILLE SEZ) ដែល​ទង្វើនេះ​បាន​បង្ក​ឱ្យមាន​ភាព​អនាធិបតេយ្យ​ទន្ទ្រាន​កាន់​កាប់​ដីធ្លី​ដោយ​ខុសច្បាប់​នៅក្នុង​ភូមិសាស្ត្រ​ខេត្តព្រះសី​ហនុ​។

ដើម្បី​ចៀស​វាង និង​ទប់​ស្កាត់​ការ​ចូល​ទន្ទ្រាន​កាន់​កាប់​ទីតាំង​ដីនេះ​បន្ត​ទៅ​ទៀត រដ្ឋបា​ល​ខេត្តព្រះ​សីហនុ បានសម្រេច​បង្កើត​ក្រុ​មការងារ​ចម្រុះ តាម​លិខិត​បង្គាប់​ការលេ​ខ ០៤៥/២២ លបក ចុះ​ថ្ងៃទី ៩ ខែ សី​ហា ឆ្នាំ ២​០២២ ដើម្បី​ចុះវាស់​វែង​កំណត់​ព្រំដី ឈូស​ឆាយ សម្អាត​ដីនិង​ធ្វើការ​ចុះរុះ​រើខ្ទម​មិនរៀប​រយលើទី​តាំងដី​ខាងលើ។​

លោក​បញ្ជាក់​ថា​៖ «ខ្ទម​មិន​រៀបរយ​ដែល​ពលរដ្ឋ​ចូល​ទៅ​សាង​សង់​លើទីតាំង​ដីរបស់​ក្រុមហ៊ុន សីហនុវីល ស្តេសល អ៊ុខន​នើមី ហ្សូន នៃតំបន់​សេដ្ឋ​កិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​បង្កឱ្យមាន​ភាពអនា​ធិបតេយ្យ​ទន្ទ្រាន​កាន់​កាប់​ដីធ្លីដោយ​ខុស​ច្បាប់​នៅ​ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​ព្រះសី​ហនុ មាន​ជាង ៣០០ ខ្ទម​»។

លោក​ ភារម្យ បាន​ឱ្យដឹង​ថា កន្លង​មក អាជ្ញាធរ​មាន​សមត្ថ​កិច្ច បាន​ផ្សព្វ​ផ្សាយ ពន្យល់ និង​ណែនាំ ប្រជា​ពលរដ្ឋឱ្យយល់​ដឹង ពីផ្លូវ​ច្បាប់តាម​រយៈគេ​ហទំព័រ​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ និង​ការចុះ​ផ្សព្វផ្សាយ​ដល់​ទីតាំង​ដីដែល​កំពុង​រងការ​ទន្ទ្រាន ដែល​ជា​ទង្វើខុស​ច្បាប់ អាច​នឹង​ប្រឈម​ទោស​ទណ្ឌ​ផ្លូវ​ច្បាប់​។

លោក​បន្ត​ថា​ បន្ទាប់​ពីការ​ផ្សព្វផ្សាយ​នេះ ប្រជា​ពលរដ្ឋមួយ​ចំនួន​ធំ​បាន​ចាកចេញ​ពីទីតាំង​ដីតាម​ការណែនាំ​របស់ អាជ្ញាធរ​មាន​សមត្ថ​កិច្ច។ ដោយ​ឡែក​នៅមាន​ប្រជាព​លរដ្ឋ​មួយចំនួន​តូច មិន​បាន​ស្តាប់​តាមការ​អប់រំ ណែ​នាំខា​ងលើ ថែម​ទាំង​បន្ត​សកម្មភាព​ចូល​ទន្ទ្រាន​កាន់កា​ប់ដី​របស់​ក្រុម​ហ៊ុន សីហនុ​វីល ស្គុសល អីខន​នើមី ហ្សូន ​នៃ តំប​ន់សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហ​នុ ទ្រង់​ទ្រាយធំ​ជាង​មុន​ជាបន្ត​បន្ទាប់។

ជាក់​ស្ដែងនៅ​ថ្ងៃទី ២៧ ​ខែ មេសា​ ឆ្នាំ ២០២២ អាជ្ញាធរ​មូល​ដ្ឋាន​បាន​ចុះអ​ប់រំ ពន្យល់​ណែនាំ​ប្រជា​ពលរដ្ឋ​ឱ្យស្ម័​គ្រចិត្តរុះ​រើខ្ទម​ចេញពី​ទីតាំង​ដីខាង​លើដោយខ្លួ​នឯង​ដោយ​បាន​ធ្វើកំណត់​ហេតុ​ណែនាំផង​ដែរ​។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋ​បាល​ខេត្ដ​ព្រះសីហ​នុ ចុះផ្សាយ​កាល​ពីថ្ងៃទី ១៥ ខែសី​ហា បាន​បញ្ជាក់​ថា នា​ពេល​ថ្មី​ៗ​នេះ រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ពិនិត្យ​ឃើញ​ថា អំឡុង​ពេល​យុទ្ធនាការ​នៃការ​បោះ ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ អាណត្តិទី​៥ ស្រប​ពេល​ដែល​អាជ្ញាធរ​មូល​ដ្ឋាន​កំពុង​មមាញឹក​ជាមួយ​នឹង​ការរៀប​ចំ ការពារ សន្តិ​សុខ សណ្តាប់​ធ្នាប់សម្រាប់​ពេលបោះឆ្នោត​ដែល​បាន​ប្រព្រឹត្ត​ទៅនៅថ្ងៃ​ទី០​៥ ខែមិ​ថុនា ឆ្នាំ២​០២២ មាន​មេខ្យល់​បាន​បំផុស​បំផុល​ប្រជាពលរដ្ឋ​ឱ្យចូល​ទៅ​ទន្ទ្រាន​កាន់​កាប់ដី​ដែល​មាន​បណ្ណ​សម្គាល់​សិទ្ធិកាន់​កាប់ អចលន​វត្ថុ​លេខ ព.ន ០០៨០៤០ (CI.1321) ចុះ​ថ្ងៃទី​ ១៩ ខែ កុម្ភៈ ឆ្នាំ ២​០០៨ និង​លេខព.ន ០០៨០៤៣ (CI.1324) ចុះថ្ងៃទី​ ១៩ ខែ ​កុម្ភៈ ឆ្នាំ ២០​០៨ របស់​ក្រុម​ហ៊ុន សីហនុ​វីល ស្តេស​ល អុំខន​នើមី ហ្សូន។

សេចក្ដី​ប្រកាស​បញ្ជាក់​ថា​៖ «ជាក់​ស្ដែង តាម​ការចុះ​ពិនិត្យ​របស់​ក្រុមការងារ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ ឃើញ​ថា មានខ្ទ​មរាប់​រយខ្នង​នៅ​លើទី​តាំង​ដីនេះ​»។

រដ្ឋ​បាល​ខេត្ត​ព្រះសីហនុ បាន​អំពាវ​នាវ​យ៉ាង​ទទូច​ដល់​ប្រជាពលរដ្ឋ​ដែល​ចាញ់បោក​មេខ្យល់ បច្ចុប្បន្ន​បាន​និង​កំពុង​សង់​ខ្ទម​មិន​រៀប​រយលើទីតាំង​ដីខាង​លើ ឱ្យស្ម័គ្រ​ចិត្ត​ចាកចេ​ញពី​ទីតាំង​ដីដោយ​ខ្លួន​ឯង មុន​ពេល​ក្រុមការ​ងារ​រដ្ឋបាលខេ​ត្ត ចុះធ្វើ​ចំណាត់​ការ​រដ្ឋបាល និង​វិធាន​ការ​ច្បាប់ នា​ពេល​ខាង​មុខ​។

«រដ្ឋ​បាល​ខេត្ត​ព្រះសី​ហនុ សូម​បញ្ជាក់​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​ថា នឹង​ចាត់​វិធានការ​ផ្លូវច្បាប់​យ៉ាង​តឹងរ៉ឹង​ បំផុត​ ដោយមិន​លើក​លែង​ចំពោះ​ជនណា​ដែលនៅ​ពីក្រោយ​ខ្នងនៃអំ​ពើញុះ​ញង់ និង​ការបំផុ​សចលនា​បង្កឱ្យ​មាន​ភាព​ចលា​ចល និង​អនាធិបតេយ្យ​សម្រាប់​សង្គម​ជាតិ»។ នេះបើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​។

ដោយ​ឡែករដ្ឋ​បាល​ខេត្ត​ព្រះវិហារ នៅថ្ងៃ​ទី ១៥ ខែសីហា​ នេះ​ដែរ បាន​ជម្រាប​ទៅកាន់​លោក​អភិបាល​ក្រុង ស្រុក និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯក​ភាព​រដ្ឋបាល​ក្រុង ស្រុក ស្តីពីការ​ជំរុញការ​ទប់​ស្កាត់​ការកាប់​រាន​ទន្ទ្រាន​យកដីដោយ​ខុស​ច្បាប់​នៅក្នុង​តំបន់​ការពារ​របស់​ខេត្ត​​។

យោង​តាម​លិខិត​របស់​រដ្ឋ​បាល​ខេត្ត​បាន​បញ្ជាក់​ថា បាន​ជំរុញ​ឱ្យ​អាជ្ញាធរ ទប់ស្កាត់​ការកាប់រាន​ទន្ទ្រាន​យក​ដីដោយ​ខុស​ច្បាប់​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ និង​គម្រប​ព្រៃឈើ នៅក្នុង​ភូមិ​សាស្ត្រ​ខេត្ត​ព្រះវិហារ និង​ត្រូវ​កាត់ឆ្វៀល​ដីផ្ដល់​កម្ម​សិទ្ធិជូន​ប្រជា​ពលរដ្ឋ​ដែលបាន​កាន់កាប់ និង​អាស្រ័យ​ផលជាក់​ស្ដែង​យូរឆ្នាំមក​ហើយលើទី​តាំងដីដែល​ស្ថិត​ក្នុង​ផែន​ទីតំបន់​ការពារ​ធម្មជាតិ និង​គម្រប​ព្រៃឈើ ប្រក​បដោយ ត​ម្លាភា​ព ប្រសិទ្ធ​ភាព និង​ឱ្យ​ទទួលបាន​លទ្ធផល​ល្អ​ប្រសើរ​។

រដ្ឋ​បាល​ខេត្ត​ដឹក​នាំដល់​រដ្ឋបាល​ក្រុង ស្រុក ត្រូវ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការគ្រប់​គ្រង​នូវទិន្ន​ន័យ និង​ស្ថិតិ​ប្រជា​ពលរដ្ឋ និង​ដីធ្លី​ដែល​ប្រជា​ពលរដ្ឋ កំពុង​កាន់​កាប់ និង​អាស្រ័យ​ផលជាក់​ស្ដែង​យូរឆ្នាំ​មក​ហើយ នៅលើទី​តាំង​ដីដែល​ស្ថិតនៅក្នុង​ផែនទី តំបន់​ការ​ពារ​ធម្មជាតិ និង​គម្រប​ព្រៃឈើនៅ​តាម​ក្រុង ស្រុក​គោល​ដៅ ដើម្បី​ធ្វើការ​កាត់​ឆ្កៀលដឹ និងផ្ដល់​កម្ម​សិទ្ធិជូន​ពួក​គាត់ ព្រម​ទាំង​ត្រៀម​រៀបចំ​បម្រុង​ដី ១០% សម្រាប់​ការ​ប្រើប្រាស់​រួម​របស់ស​ហគមន៍​។

ត្រូវ​បង្កើន​ការ​តាម​ដាន និង​គ្រប់​គ្រង​សភាព​ការណ៍​វិវត្តពាក់​ព័ន្ធ​នឹង​ការ​កាន់​កាប់ដីធ្លី​របស់​ប្រជាពលរដ្ឋ​នៅតាមតំបន់​ការ​ពារ​​ធម្មជាតិ និង​គម្រប​ព្រៃ​ឈើ​ដើម្បី​បង្ការ​ទប់​ស្កាត់​កុំឱ្យមាន​និន្នាការ​រុករាន ទន្ទ្រាន​កាន់​កាប់ដី​ព្រៃ ឬដីរដ្ឋខុស​ច្បាប់​បន្ថែម​​ទៀត។

រដ្ឋបាល​ខេត្ត​បញ្ជាក់​ថា រាល់​ការរុក​រាន​ទន្ទ្រាន​កាន់កាប់​ថ្មី​នូវដី​ព្រៃឬ​ដីរដ្ឋដោយ​ខុស​ច្បាប់ត្រូ​វហាម​ឃាត់​ដាច់​ខាត និង​​ត្រូវ​ប្រើប្រាស់​វិធាន​ការ​រដ្ឋបាល និង​វិធាន​ការ​ច្បាប់​ឱ្យ​តឹង​រ៉ឹង និង​ម៉ឹង​ម៉ាត់ដើម្បី​ទប់ស្កាត់​ និង​ត្រូវ​ខិត​ខំ​អប់រំណែនាំ​ពន្យល់​អំពី​ស្ថាន​ភាព​នៃការ​កាន់​កាប់​ដីធ្លី​របស់​ប្រជា​ពលរដ្ឋ និង​ឆន្ទៈ​របស់រា​ជរដ្ឋាភិបាល​ ក្នុងការ​ប្រឹង​ប្រែង​ដោះ​ស្រាយ​បញ្ហា​ដីធ្លី​ជូន​ប្រជា​ពលរដ្ឋ​ដើម្បី​ឱ្យ​ពួក​គាត់​ចូល​រួមជាមួយ​អាជ្ញាធរ​ពាក់​ព័ន្ធ​ដោយ​មិន​ត្រូវ​ជឿតា​មកា​រញុះ​​ញង់​អូស​ទាញ​របស់​មេខ្យល់ ឬជន​ខិល​ខូច​មួយ​ចំនួន ដែល​ឆ្លៀត​ឱកាសកេង​យកផល​ប្រយោជន៍ ឬកេងចំ​ណេញ​​ពី​បញ្ហាដីធ្លី​នេះ​ឡើយ។

​អាជ្ញា​ធរ​ត្រូវមាន​វិធាន​ការ​ទប់​ស្កាត់ និង​បង្ក្រាប​មេខ្យល់ និង​ជនខិល​ខូចទាំង​នេះ​ស្របតាម​ច្បាប់ជាធរ​មាន ចំពោះ​​ទីតាំង​ដីធ្លី​ដែល​មាន​ទំនាស់​ត្រូវ​ខិត​ខំ​សម្រុះ​សម្រួល​ដោះស្រាយ​ដោយសន្តិវិធី​ តម្លាភាព សុចរិត​ភាព និង​យុត្តិធម៌ដោយ​ត្រូវ​ចុះ​ជួប​ផ្ទាល់​ជាមួយ​ប្រជា​ពលរដ្ឋ​ដើម្បី​ស្រាវ​ជ្រាវ ស្វែង​យល់​ឱ្យ​បាន​ច្បាស់​លាស់​អំពីសាវ​តារដី​ទំនាស់ សាវតា​រប្រជា​ពលរដ្ឋ និង​ការ​ទាមទារ​តវ៉ា​របស់​ប្រជា​ពលរដ្ឋ ដើម្បី​ធ្វើជា​មូល​ដ្ឋាន​បង្អែក​សម្រាប់​ទាញ​ហេតុ​ផល​ក្នុង​ការ​សម្រុះ​សម្រួល និង​ដោះ​ស្រាយ​ទំនាស់ ដីធ្លី​ជូន​ប្រជាពល​រដ្ឋ។ នេះ​បើតាម​ការ​បញ្ជាក់​របស់​រដ្ឋបាលខេត្ត​៕

វីដេអូ៖