​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់​ និង​បញ្ជា​ជាថ្មី​ថា តំបន់ភ្នំ​តា​ម៉ៅ​ត្រូវតែ​រក្សា​ទុកជា​ព្រៃ​អភិរក្ស ហើយ​លោក​ក៏​បានឱ្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ធ្វើ​តាមរបៀប​ព្រះរាជក្រឹត្យ​ដើម្បី​រក្សា​តំបន់​នេះ​ទៅជា​តំបន់​ព្រៃ​អភិរក្ស​សម្រាប់​ការពារ​ជា​រៀងរហូត​តទៅ​។​

​លោក​បានបញ្ជាក់​ដូចនេះ​តាមរយៈ​សារ​សំឡេង​ពិសេស​នាយ​ប់​ថ្ងៃទី​ ១៦ ខែសីហា បន្ទាប់ពី​មានការ​សង្ស័យ​ពី​ជន​មួយចំនួន ដោយបាន​វាយតម្លៃ​យ៉ាង​ឆាប់រហ័ស​ថា ​ដី​នេះ​នឹងត្រូវ​ក្លាយជា​ដី​របស់​ឯកជន​។​

​លោក ហ៊ុន សែន មានប្រសាសន៍ថា៖ «​សម្រាប់​ដីព្រៃ​នេះ​យើង​សុទ្ធតែ​ដាំ​កូនឈើ​ប្រណីត ហើយ​ដែល​ឥឡូវនេះ​ខ្ញុំ​បានចេញ​បទបញ្ជា​ទៅ​មេបញ្ជាការ​កង​អង្គរក្ស ក៏ដូចជា​អ្នក​ដែល​ទទួលខុស​ត្រូវការ​ងារ​ដាំ​ដុះ​នៅ​ទីនោះ ប្រែក្លាយ​ទៅជា​តំបន់​ឈូសឆាយ​នេះ​ទៅជា​សួន​ដាំ​ដើមឈើ ឬក៏​ចម្ការ​ដាំ​ដើមឈើ ដែល​សុទ្ធតែជា​ឈើ​ប្រណីត​»​។​

​ដើម្បី​ចៀសវាង​នូវ​បញ្ហា​ភ័ន្តច្រឡំ និង​ការ​មួលបង្កាច់​ដោយ​ពួក​អគតិ​មួយចំនួន លោក ហ៊ុន សែន ក៏បាន​បញ្ជា​ឱ្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ត្រៀម​ព្រះរាជក្រឹត្យ​កំណត់​និយាម​ការ​តំបន់ភ្នំ​តា​ម៉ៅ ដែល​ត្រូវជា​តំបន់​ការពារ​នេះ​ចេញ​ជា​ព្រះរាជក្រឹត្យ​ដើម្បី​ដាក់​ជា​តំបន់​អភិរក្ស និង​តំបន់​ដែល​ត្រូវការពារ​តែម្តង​។​

​ដើម្បី​សម្រុក​ដាំ​ដើមឈើ​ឡើងវិញ​ ដើម្បី​ទាន់​ក្នុង​រដូវភ្លៀង កងកម្លាំង​អង្គរក្ស​ជាង​ ១ ​ពាន់​នាក់ និង​គ្រឿង​ចាក់​ចំនួន​ជាង​ ១០០ ​គ្រឿង ដាក់​ទៅ​តំបន់ភ្នំ​តា​ម៉ៅ​ដែល​ត្រូវបាន​ឈូសឆាយ​នោះ ដែលមាន​ទំហំ​ជាង ​៥០០​ ហិកតា​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​៕​