ភ្នំពេញៈ មន្ត្រី​ស្រាវជ្រាវ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហែម ឡាច បាន​សរសេរ​ពី​តួនាទី​អារាម​ក្នុង​សង្គម​ខ្មែរ ដែល​ក្នុង​នោះ​លោក​បាន​លើកឡើង​ពី​ទីវត្ត​អារាម​ជា​កន្លែង​ផ្តល់​នូវ​ការអប់រំ ការសិក្សា​វិជ្ជា​ផ្សេងៗ រួមមាន មុខវិជ្ជា​អក្សរសាស្ត្រ គណិតសាស្ត្រ និង​សិល្បសាស្ត្រ ជាដើម ដែល​ទាំងអស់​នេះ​មិនត្រូវ​នៅ​ឆ្ងាយ​ពី​ព្រះពុទ្ធសាសនា​ឡើយ​។

ជាក់ស្តែង​លោក​ក៏បាន​លើកឡើង​ពី​ប្រជាពលរដ្ឋ ដែល​ជា​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត នៅពេល​កូនចៅ​របស់​ពួកគេ​ឈាន​ដល់​វ័យ​សិក្សា គេ​តែងតែ​យក​ទៅ​ផ្ញើ​នឹង​ទីអារាម ដែលមាន​ព្រះសង្ឃ​ជា​គ្រូ​បង្ហាត់​បង្រៀន​។ អ្នកខ្លះ​ក៏បាន​បួស​ជា​សាមណេរ និង​ភិក្ខុ ដើម្បី​ជា​ការ​តបស្នង​សងគុណ​ដល់​មាតា បិតា និង​មាន​ឱកាស​សិក្សា​រៀនសូត្រ​កាន់តែ​ច្រើន​។

លោក​ ហែម ឡាច សរសេរ​ថា​៖ «​បច្ចុប្បន្ន ថ្វីដ្បិតតែ​ប្រទេស​យើង​បាន​ឈាន​ជើង​ចូល​ទៅក្នុង​សម័យ ទំនើប​ក៏ដោយ សាលារៀន​មួយ​ចំនួន​ធំ​ស្ថិត​ក្នុង​វត្ត​អារាម​នៅឡើយ ពោល​គឺ​ការអប់រំ​មិនអាច​នៅ​ឆ្ងាយ​ពី​ព្រះពុទ្ធសាសនា​បាន​ឡើយ​»​។

ក្នុង​សំណេរ​របស់​លោក​ក៏បាន​លើកឡើង​ដែរ​ថា បើសិន​ជា​មិនមាន​វត្ត​អារាម​ទេ ប្រហែល​ជា​អក្សរសាស្ត្រ​ខ្មែរ​រលាយ​សាបសូន្យ​អស់​ទៅ​ហើយ ដោយ​ហេតុនេះ​ហើយ​បាន​ជា​វត្តអារាម មាន​ឈ្មោះ​ថា​ «​ជា​កន្លែង​សម្រាប់​ចិញ្ចឹម​វប្បធម៌ អក្សរសាស្ត្រ​ឱ្យ​រស់នៅ​ពិតប្រាកដ​»​។

លោក​ ហែម ឡាច បន្ថែមថា​៖ «​អក្សរសាស្ត្រ​ពិតជា​ពន្លឺ​រស្មី​របស់​ជាតិ កាលបើ​អត់​អក្សរសាស្ត្រ ជាតិ​ក៏​អាប់ឱន​ជា​លំដាប់​។ ហេតុ​នេះ​ហើយ​បានជា​គេ​និយាយថា ពុទ្ធសាសនា​នៅ​ប្រទេស​យើង​ជា​សាសនា​ដែល​ជួយ​រក្សាទុក​នូវ​វប្បធម៌ អក្សរសាស្ត្រ​ជាតិ​»​។

ក្មេងៗ និង​លោក​នេន ដែលមាន​អាយុ​ពី​ ៧​ ឆ្នាំ ដល់ ​១៥ ​ឆ្នាំ ចំនួន​ ៤ ​នាក់​បាន​មក​សិក្សា​អក្សរសាស្ត្រ​ខ្មែរ បាលី និង​ភាសា​អង់គ្លេស​ក្នុង​វត្ត​សិរិសាគរ​ដូនស្តើង ស្ថិត​ក្នុងស្រុក​ព្រះស្តេច ខេត្ត​ព្រៃវែង ដែល​ព្រះចៅអធិការ​វត្ត​នេះ​បាន​បង្កើត​ថ្នាក់រៀន​ ១ ​តាំងពី​ឆ្នាំ​ ២០១៥ មកដល់​ពេលបច្ចុប្បន្ន​។

ព្រះគ្រូ​សីល​វុឌ្ឍាចារ្យ អ៊ឹម ទៀង ព្រះចៅអធិការ​វត្ត​សិរិសាគរ​ដូន​ស្តើង មាន​ថេរ​ដីកា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ព្រះអង្គ​បង្កើត​ថ្នាក់រៀន​នេះ​ឡើង ដោយសារ​ព្រះអង្គ​បាន​សង្កេតឃើញ​ថា ក្មេងៗ​នៅក្នុង​ភូមិ​មិនសូវ​ចេះ​អាន​អក្សរ និង​មិនបាន​ចូលរៀន​ដិតដល់ ទើប​ព្រះអង្គ​មាន​គំនិត​បង្កើត​កន្លែង​រៀន ដោយ​ព្រះអង្គ​ជា​អ្នក​បង្រៀន​ដោយផ្ទាល់​តែម្តង​។

ព្រះអង្គ​បាន​មាន​ថេរដីកា​ថា​៖ «​ឪពុកម្តាយ​ភាគច្រើន​មាន​ជីវភាព​ខ្វះខាត និង​មិនសូវ​ជា​ចាប់​អារម្មណ៍​ឱ្យ​តម្លៃ​លើ​ការរៀនសូត្រ ហើយ​ពួកគាត់​ខ្លះ​ធំៗ​ហើយ តែ​មិនចេះ​អក្សរ ទើប​អាត្មា​បាន​ប្រមូល​ក្មេងៗ និង​នេន​តូចៗ​ដែល​បាន​មក​បួស​រៀន​ក្នុង​វត្ត​នេះ​មក​បង្រៀន​តែម្តង​»​។

មួយវិញទៀត ដោយសារ​តែ​ធ្លាប់ជា​កូនអ្នកក្រ​ខ្សត់ ធ្លាប់​តស៊ូ​លំបាក​ជាមួយ​ឪពុកម្តាយ​វេទនា គ្មាន​ចំណេះវិជ្ជា ម្យ៉ាងទៀត​ដោយសារ​តែ​ព្រះអង្គ​ស្អប់​ភាពក្រីក្រ និង​ភាពល្ងង់ខ្លៅ​នេះហើយ ទើប​ព្រះអង្គ​ពុះពារ​ជួយ​ពួកគាត់ ដែល​មកពី​គ្រួសារ​ក្រីក្រ​។ មានតែ​អ្នក​ក្រ​ទេ ដែល​អាច​ស្គាល់​ពី​ទុក្ខ​ធុរៈ ឬ​ជួយ​អ្នកក្រ​ពិតប្រាកដ​បាន​។

ព្រះអង្គ​បញ្ជាក់​ថា​៖ «​អាត្មា​មិនមាន​អ្វី​ផ្តល់ជូន​ក្មេងៗ​ទាំងនេះ​ក្រៅពី​ចំណេះដឹង​ទេ ហើយ​ចំណេះដឹង​នេះ​នឹង​ជួយ​ឱ្យ​ជីវិត​របស់​ពួកគាត់ និង​ក្រុមគ្រួសារ​រហូត​ដល់​សង្គមជាតិ​»​។

ព្រះគ្រូ​សីល​វុឌ្ឍាចារ្យ អ៊ឹម ទៀង តែងតែ​ចំណាយ​ពេលវេលា​របស់​លោក​ចាប់ពី​ម៉ោង​ ៧ ដល់​ម៉ោង​ ១០ ​ព្រឹក និង​ពី​ម៉ោង​ ២ ដល់​ម៉ោង​ ៤​ រសៀល ជា​រៀងរាល់ថ្ងៃ ដើម្បី បង្រៀន​ភាសា​ខ្មែរ ភាសា​អង់គ្លេស និង​ធម៌​វិន័យ​ផងដែរ ដែល​ការបង្រៀន​នេះ​ ៦០% គឺ​ផ្តោត​ទៅលើ​អក្សរសាស្ត្រ​ខ្មែរ​តែម្តង​។

ព្រះអង្គ​មាន​ថេរ​ដីកា​បន្តថា​៖ «​ភាសា​ខ្មែរ គឺជា​គ្រឹះ​ជា​មូលដ្ឋាន​របស់​ខ្មែរ​យើង ដែល​កូន​ខ្មែរ​ត្រូវតែ​ចេះ​។ សព្វថ្ងៃនេះ​ក្មេងៗ ដែល​មក​រៀន​ជា​ប្រចាំ​មាន​ចំនួន​ ១៤​ នាក់ ដោយ​ក្នុង​នោះ សម្រាប់​ក្មេងប្រុសៗ នៅពេល​ដែល​រៀន​មួយរយៈ​យើង​ឱ្យ​ពួកគាត់​បួស​រៀន​តែម្តង ដោយសារ​បួស​ជា​ព្រះសង្ឃ យើង​ស្រួល​ក្នុងការ​គ្រប់គ្រង​ជាង​នៅ​ជា​ឧបាសក​»​។

ការបង្កើត​ទីកន្លែង​បង្រៀន ឬ​ថ្នាក់រៀន​នៅតាម​វត្ត​អារាម ជា​ការរួម​ចំណែក​ជួយ​សង្គម​មួយ​យ៉ាង​ធំ ដោយ​មិន​ត្រឹមតែ​ចែករំលែក​ចំណេះដឹង​បន្ត​ដល់​ក្មេងៗ​តែប៉ុណ្ណោះ​ទេ ហើយ​សម្រាប់​ព្រះគ្រូ​សីល​វុឌ្ឍាចារ្យ អ៊ឹម ទៀង គឺ​ចង់ឃើញ​នៅ​គ្រប់​បណ្តា​វត្ត​បង្កើត​ថ្នាក់រៀន​ដូចនេះ ខណៈ​ដែល​មាន​វត្តអារាម​មួយចំនួន​បាន​បង្កើត​ និង​អនុវត្ត​ជាប្រចាំ​រួចហើយ​ក្តី​។

ទាក់ទង​នឹង​ការបង្រៀន​នេះដែរ សាស្ត្រាចារ្យ​នៃ​ពុទ្ធិក​សាកល​វិទ្យាល័យ​ព្រះសីហនុ​រាជ លោក ​ប្រាក់ សម្ផស្ស លើកឡើង​ដែរ​ថា តាំងតែ​ពី​អតីតកាល​រហូត​មកទល់​បច្ចុប្បន្នកាល​នេះ ព្រះសង្ឃ​នៅតែ​ដើរតួនាទី​សំខាន់​នៅឡើយ ក្នុង​សង្គម​កម្ពុជា ថ្វីដ្បិត​តែ​ខកខាន​ឃើញ​ព្រះ​វត្តមាន​ព្រះសង្ឃ​នៅ​ចន្លោះ​ឆ្នាំ​ ១៩៧៥ ដល់​ឆ្នាំ​ ១៩៧៩ ​ក្តី ប៉ុន្តែ​ក្រោយ​ឆ្នាំ​ ១៩៧៩ ព្រះវត្តមាន​របស់​ព្រះសង្ឃ​ខ្មែរ​បាន​លេច​ចេញ​ឡើង​បន្តទៀត​។

លោក​និយាយ​ថា ព្រះ​វត្តមាន​ព្រះសង្ឃ​ជា​ការផ្តល់​ក្តីសង្ឃឹម​ដល់​ពុទ្ធបរិស័ទ​មួយផ្នែក មិនមែន​ត្រឹមតែ​លំនឹង​ផ្លូវចិត្ត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​តួនាទី​ព្រះសង្ឃ​ខ្មែរ​បានរួម​ចំណែក​ជា​វិភាគទាន​យ៉ាង​សំខាន់​ដល់​កិច្ចការ​សង្គម មនុស្សធម៌ និង​កិច្ចការ​ជួយ​សង្គ្រោះ​រាប់មិនអស់​រហូត​មក​ទល់​បច្ចុប្បន្ន ដែល​មាន​ន័យថា ព្រះសង្ឃ​តែងតែ​ស្ថិត​នៅក្បែរ​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ដរាប ទោះ​ក្នុង​កាលៈទេសៈ​ណាក៏ដោយ​។

លោក​សាស្ត្រាចារ្យ​បាន​ថ្លែងថា​៖ «​វត្ត​អារាម​នៅតែមាន​តួនាទី​សំខាន់​ចំពោះ​សង្គម​កម្ពុជា ក្នុង​នោះ​មាន​ទិដ្ឋភាព​ចំនួន​ ៣ ​សំខាន់​នៃ​វត្ត​អារាម​នេះ​ផងដែរ ដែល​ទី​ ១ គឺ​បណ្តុះបណ្តាល​ផ្នែក​សីលធម៌ សម្រាប់​ក្មេងៗ​បន្តវេន​ទៅមុខ ការរក្សា​ប្រពៃណី ទំនៀមទម្លាប់​។ រឿងរ៉ាវ​ទាំងអស់​នោះ ភាគច្រើន តួនាទី​ព្រះសង្ឃ​ក្លាយជា​ចលករ​សំខាន់​ក្នុង​ការជំរុញ​កិច្ចការ​អភិរក្ស និង​អភិវឌ្ឍ​រឿងនេះ​»​។

សម្រាប់​ចំណុច​ទី​ ២ លោក ប្រាក់ សម្ផស្ស បាន​បន្តថា វត្តអារាម ជា​ទី​បណ្តុះ​សាមគ្គីភាព​ផ្ទៃក្នុង​ដ៏សំខាន់ ព្រោះ​នៅពេល​ដែល​ក្មេង​ជួបជុំ​គ្នា​ធ្វើឱ្យ​ក្មេង​មានការ​ប្រាស្រ័យ​ទាក់ទង​គ្នា ដឹង​សុខ ដឹង​ទុក្ខ​រវាង​គ្នា និង​គ្នា​។ រីឯ​ចំណុច​ទី​ ៣ ដែលជា​ខឿន​ស្នូល គឺ​បញ្ហា​អក្សរសាស្ត្រ​។

លោក​សង្កត់ធ្ងន់​ថា​៖ «​ដូច្នេះ តួនាទី​វត្ត​អារាម និង​ព្រះសង្ឃ​នៅតែ​មាន​តម្លៃ​ចាំបាច់​»​។

បន្ទាប់ពី​បាន​សម្រេច​ចិត្ត​បញ្ជូន​កូន​ទៅ​សិក្សា​ជាមួយ​នឹង​ព្រះចៅអធិការ​វត្ត​សិរិសាគរ​ដូន​ស្តើង​មួយរយៈ អ្នកស្រី សួន យ៉ាត អាយុ​ ៥០ ​ឆ្នាំ បាន​សង្កេតឃើញ​ថា កូនប្រុស​របស់​គាត់​ប្លែក​ជាង​មុន ដោយ​កូន​អាច​ចេះ​អាន និង​សរសេរ​អក្សរ​បាន​ច្រើន​។

អ្នកស្រី​ឱ្យ​ដឹងថា ដំបូង​ឡើយ អ្នកស្រី​មិនសូវ​ជា​ចាប់អារម្មណ៍​ចង់ឱ្យ​កូន​ទៅ​រៀន​នៅ​វត្ត​ទេ ដោយសារ​អ្នកស្រី​ចង់​ឱ្យ​កូន​នៅផ្ទះ​បាន​ជួយ​ការងារ​គាត់​ផង ប៉ុន្តែ​ដោយសារ​តែ​កូនសុំ​ច្រើនដង​ពេក ក៏​យល់​ព្រមឱ្យ​កូន​ទៅ​រៀន​។

អ្នកស្រី​និយាយ​ថា​៖ «​ខ្ញុំ​ឃើញ​គាត់​ដូចជា​ប្លែក គាត់​ចេះ​អាន​អក្សរ​ច្រើនជាង​មុនពេល​ទៅ​រៀន​បន្ថែម​ជាមួយ​លោក​។ តែ​គាត់​បាន​រៀន​ជាមួយ​ព្រះសង្ឃ នៅពេល​ដែល​ទំនេរ​ពី​សាលា​រដ្ឋ គឺ​ពេល​វ៉ា​កង​។ បន្ទាប់ពី​គាត់​ទៅ​រៀន​បាន​ប៉ុន្មាន​ខែ កូន​ខ្ញុំ​ប្រាប់​ថា វា​ដូច​មាន​និស្ស័យ​ជាមួយ​នឹង​ការសិក្សា​ច្រើន​ជាង​មុន និង​ចូលចិត្ត​រៀន​ជាង​មុន​ផងដែរ​»​។

ចំណែក​ស្ត្រី​ម្នាក់​ដែល​ជា​ជីដូន ​១​ រូប ក៏បាន​ជំរុញ​ឱ្យ​ចៅស្រី​របស់គាត់​ទៅ​រៀន​បន្ថែម​ជាមួយ​ព្រះសង្ឃ​ផងដែរ គឺ​អ្នកស្រី​សាន្ត ម៉ើ​។ អ្នកស្រី​បាន​ឱ្យដឹង​ដែរ​ថា គាត់​ចង់ឱ្យ​ចៅស្រី​គាត់​ចេះអក្សរ រៀនសូត្រ​បាន​ច្រើន មាន​អនាគត​ល្អ និង​អាចមាន​ការងារ​ល្អៗ​នៅពេល​ចៅស្រី​ធំ​ឡើង​។

អ្នកស្រី​និយាយ​ថា​៖ «​ដោយសារ​ខ្ញុំ​ចង់ឱ្យ​ចៅ​ក្លាយជា​មនុស្ស​ល្អ ស្គាល់​ព្រះពុទ្ធសាសនា និង​ក្លាយ​ទៅជា​ក្មេង​ល្អ មនុស្ស​ល្អ​នៅក្នុង​សង្គម​»៕