ភ្នំពេញៈទីភ្នាក់​ងារ​ជំនួយ​អាមេរិក USAID កាលពី​ថ្ងៃទី ១៦ សីហា បាន​ប្រកាស​គាំទ្រ​ការប្រឆាំង​អំពើ​ជួញ​ដូរមនុស្សនៅ​ក្នុង​ប្រទេស​កម្ពុជា ខណៈមន្រ្ដី​ជាន់​ខ្ពស់​ក្រសួង​យុត្តិធម៌​ចាត់ទុក​ថា ការ​ប្រកាស​គាំទ្រនេះ​ ស្រប​ទៅ​តាម​ឆន្ទៈ​ដែល​ក្រសួង​យុត្តិធម៌​បាន​ធ្វើ​នាពេល​កន្លង​មក​​។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ USAID ដែល​ផ្ដល់​ឱ្យ ភ្នំពេញ​​ ប៉ុស្ដិ៍​ កាលពីថ្ងៃទី ១​៦ សីហា បាន​ឱ្យដឹង​ថា USAID បាន​ប្រកាស​គំនិត​ផ្តួច​ផ្តើម​ថ្មីមួយ ដើម្បី​គាំទ្រ​ដល់វិស័យ​យុត្តិធម៌​នៅកម្ពុជា​ក្នុង​ការ​ស៊ើប​អង្កេត ​និង​កាត់ទោស​ឧក្រិដ្ឋកម្ម​ជួញ​ដូរ​មនុស្ស​។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា​៖ «គំនិ​ត​ផ្តួច​ផ្តើមថ្មី ដែ​ល​នឹង​គ្រប់​គ្រង​ដោយ​អង្គការ​ បេសកកម្ម​យុត្តិធម៌​អន្តរជាតិ (International Justice Mission - IJM) គឺជា​ផ្នែក​មួយ​នៃគ​ម្រោង ប្រយុទ្ធ​ប្រឆាំង​អំពើជួញ​ដូរ​មនុស្សនៅ​កម្ពុជា (Cambodia Counter Trafficking in Persons - CTIP) របស់ USAID ដែល​អនុវត្ត​ដោយ​អង្គការ វីន​រ៉ក់ អន្តរ​ជាតិ (Winrock International)»។

គម្រោង CTIP សហការ​ជាមួយ​នឹង​រាជ​រដ្ឋាភិបាល​កម្ពុជា វិស័យ​ឯក​ជន និង​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ការពារប្រជា​ជន​កម្ពុ​ជាពីអំពើជួញ​ដូរ​មនុស្ស​។

លោក Benjamin Wohlauer ភារ​ធារីស្ថាន​ទូត​អាមេរិ​ក​ប្រចាំនៅ​កម្ពុជា បាន​មានប្រសាសន៍​ថា៖ «​ការងារ​របស់យើង​លើសកម្ម​ភាព​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស ក្នុង​ភាពជាដៃគូ​ជាមួយ​នឹង​អង្គការ IJM នឹង​ជួយស​ម្រាលការឈឺចា​ប់របស់​ជនរ​ង​គ្រោះនៃអំ​ពើជួញ​ដូរ​មនុស្ស និងយក​ជន​ល្មើស​មក​កាត់​ទោស​តាម​ច្បាប់»​។

លោក​បន្ត​​ថា​៖«យើង​មានមោ​ទកភាព​ក្នុងការជួយ​ដល់កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹ​ង​អំពើ​ជួញ​ដូរ​មនុស្ស។ អង្គការ​ IJM នឹង​បំពេញ​បន្ថែ​ម​លើគម្រោង ​CTIP ដោយ​សហការ​ជាមួយ​នឹង​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ធ្វើ​ឱ្យសេវា​និង​ការការ​ពារ​ជន​រងគ្រោះនៃ​អំពើជួញ​ដូរមនុស្ស​ មាន​ភាពប្រសើរ​ឡើង»។

បើ​តាម​ការ​បញ្ជាក់​ក្នុង​សេក្ដី​ប្រកាស​ព័ត៌​មាន សហរដ្ឋ​អាមេរិក​បន្ត​សហការជា​មួយនឹង​ភាគី​ពាក់​ព័ន្ធនៅ​ក្នុងប្រទេស​កម្ពុជា ដើម្បី​ពង្រឹង​កិច្ច​ខិត​ខំប្រឹង​ប្រែង​ឃ្លាំមើល​សូចនាករ​នៃ​អំពើជួញ​ដូរមនុស្ស​ដែល​ពាក់​ព័ន្ធ​នឹង​ការជ្រើស​រើស​ពលករ​ឯក​ជន ក៏ដូច​ជាការ​កាត់​ទោស​ឧក្រិដ្ឋ​ជន ការពារ​ជន​រងគ្រោះ​ និង​ទប់ស្កាត់​អំពើជួញ​ដូរ​មនុស្ស។​

លោក ជិន ម៉ាលីន រដ្ឋលេខា​ធិការ និង​ជាអ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​បានថ្លែង​នៅថ្ងៃទី ១៦ ខែសីហា​ថា​៖«ការ​ប្រកាស​គាំទ្រនេះ ​វាស្របទៅតាម​ឆន្ទៈ និង​អ្វីដែល​ក្រសួង​យុត្តិធម៌បាន​ធ្វើ​នាពេល​កន្លងមក​ ក្នុង​ការ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរមនុស្ស​នេះ តាមរយៈការ​រៀបចំក្របខ័ណ្ឌច្បាប់ និង​ក្របខ័ណ្ឌគតិយុត្ត និង​ការ​ផ្ដន្ទាទោស​ដោយ​គ្មាន​ការ​លើក​លែង​ចំពោះជន​ល្មើស និង​អ្នក​ពាក់ព័ន្ធ​ទៅនឹង​អំពើជួញដូរមនុស្ស​នេះ​នាពេល​កន្លងមក​​»។

រដ្ឋលេខា​ធិការ​ក្រសួង​យុត្តិ​ធម៌ លោក កេង សុម៉ារិទ្ធ បាន​លើក​ឡើង​ក្នុង​សន្និសីទ​កាសែត​ដែល​រៀបចំ​ដោយ​អង្គភាព​រាជ​រដ្ឋា​ភិបាល កាល​ពីថ្ងៃទី ១២ ខែ​សីហា​នៅ​ទីស្ដីការ​គណៈ​រដ្ឋម​ន្រ្ដី​ថា ​តុលាការ​កម្ពុជា បាន​កាត់ក្តី​យ៉ាង​ម៉ឺងម៉ាត់​និង​យក​ចិត្ត​ទុក​ដាក់​នូវ​រាល់​ករណី​អំពើជួញដូរ​មនុស្ស ដោយ​លោក​ស្នើសុំឱ្យ​មានកិច្ច​សហការ​ និង​ជំរុញការអនុវត្ត​ទៅ​លើការ​បង្ក្រាប ការ​ស៊ើប​អង្កេត ការ​ចោទ​ប្រកាន់ ការ​ស៊ើប​សួរ និង​ការ​ផ្ដន្ទា​ទោស ដែល​ត្រូវ​អនុវត្ត​ឱ្យ​​បាន​ម៉ឹងម៉ាត់​បំផុត ចំពោះ​ករណី ឬ​រឿងក្ដី​ទាំង​ឡាយ​ណា​ដែលបាន​បញ្ជូន​មកតុ​លាការ​។

លោក​ថ្លែង​ថា​៖«កន្លង​មក​មាន​សំណុំ​រឿង​ជាច្រើន​ ដែល​បាន​កសាង​ជាទិន្ន័យ​ ហើយ​ធ្វើការ​រាយការ​ណ៍​ជាប្រចាំ ឃើញ​ថា ស្ថាប័ន​តុលាការ ​រាប់ទាំង​ដំណាក់​កាល​អយ្យការ ដំណាក់​កាល​ស៊ើប​សួរ ដំណាក់​កាល​ជំនុំជម្រះ​ គឺបានយក​ចិត្ត​ទុ​ក​ដាក់ខ្ពស់​ទាំង​លើ​ចំណាត់​ការ​នៃរឿងក្ដី​ទាំង​អស់​នេះ ទាំងការ​អនុវត្ត​តាម​ច្បាប់ តាម​នីតិវិធី​ជា​ធរមានយ៉ាង​ម៉ឺង​ម៉ាត់ រហូត​ឈាន​ដល់ការ​ផ្ដន្ទា​ទោស ចំពោះ​ជន​ល្មើស​ពាក់​ព័ន្ធ​អំពើជួញ​ដូរ​មនុស្ស​»។

បើ​តាម លោក សុម៉ារិទ្ធ​ឆមាស​ទី១ ឆ្នាំ​ ២០២២ គិត​ចាប់ពី​ថ្ងៃទី​ ២៦ ខែធ្នូ ឆ្នាំ ២០២១ ដល់​ទី​ ២៥ ខែ​មិថុនា​ ឆ្នាំ ២០២​២ នៅ​ស្ថាប័ន​អយ្យការ​ទទួល​បាន​សំណុំ​រឿង​ចំនួន​ ១៩៥ សំណុំ​រឿង​ ពាក់​ព័ន្ធ​អំពើជួញ​ដូរមនុស្ស​ ក្នុង​នោះចំនួន​ ១៥៣ សំណុំ​រឿង បានចាត់​ការ​រួច​រាល់​នៅ​សល់​ចំនួន ៤២ សំណុំរឿង​ទៀត កំពុង​បន្តនីតិ​វិធី ហើយ​នៅក្នុងដំណាក់​កាល​ស៊ើប​សួរ ទទួ​ល​បានចំនួន​ ១៧៨ សំណុំរឿង និង​ដំណាក់​កាល​ជំនុំជម្រះ​ទទួល​បាន ២៨០​សំណុំរឿង៕