ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា កម្ពុជា​ចង់ឱ្យ​តួអង្គ​ទាំងអស់​នៅក្នុង​កិច្ចដំណើរការ​ប្រជាធិបតេយ្យ​ធ្វើការ​រិះគន់​ដោយ​ស្ថាបនា ដោយ​មិន​អុជអាល និង​មិន​សាប​ព្រួស​ការស្អប់​រវាង​ប្រជាជាតិ​ខ្មែរ និង​ខ្មែរ ដែល​អាច​នាំនូវ​សង្គ្រាម​ស៊ីវិល​។ លោក​ថ្លែង​ដូច្នេះ​ក្នុង​ជំនួប​ជាមួយ លោក វិទិត មុនតាប៊ន អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ (UN) ប្រចាំ​កម្ពុជា​កាលពី​ថ្ងៃទី​ ១៦ ខែសីហា នៅ​វិមាន​សន្តិភាព​។

ពាក់ព័ន្ធ​នឹង​លម្ហ​ស៊ីវិល​ប្រជាធិបតេយ្យ និង​ការបោះឆ្នោត លោក ហ៊ុន សែន ថ្លែងថា ក្នុង​និយាម​នៃ​ការអនុវត្ត​ជា​សកល​លទ្ធិប្រជាធិបតេយ្យ​ត្រូវ​ដើរតួ​ទន្ទឹមនឹង​នីតិរដ្ឋ​។ ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ​ដោយ​គ្មាន​នីតិរដ្ឋ​នឹង​នាំ​ទៅជា​អនាធិបតេយ្យ​។

ហ្វេសប៊ុក​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ក្រោយ​ជំនួប​នេះ​ថា​៖ «​ក្នុង​ស្មារតី​នេះ កម្ពុជា​ចង់​ឱ្យ​តួអង្គ​ទាំងអស់​នៅក្នុង​កិច្ចដំណើរការ​ប្រជាធិបតេយ្យ​មាន​ការទទួល​ខុសត្រូវ​ធ្វើការ​រិះគន់​ដោយ​ស្ថាបនា មិន​អុជអាល មិនបង្កើត​ការស្អប់​ខ្ពើម​រវាង​ពូជសាសន៍ ជាពិសេស​មិន​សាប​ព្រួស​ការ​ស្អប់​រវាង​ប្រជាជាតិ​ខ្មែរ​ និង​ខ្មែរ ដែល​អាច​នាំនូវ​សង្គ្រាមស៊ីវិល​។ ការគោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ និង​ការរក្សា​សន្តិភាព ​ស្ថិរភាព មាន​ការ​អាស្រ័យ​គ្នា​ទៅវិញ​ទៅមក​មិនអាច​ខ្វះ​ណាមួយ​បាន​»​។

លោក​ថ្លែងថា ប្រទេស​កម្ពុជា​បាន​រៀបចំ​ការបោះឆ្នោត​ទៀងទាត់​ចាប់​តាំងពី​ឆ្នាំ​ ១៩៩៣ ហើយ​មកដល់​ពេល​នេះ កម្ពុជា​បាន​រៀបចំ​ការបោះឆ្នោត​សកល​ចំនួន ​៦ ​ដង និង​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់ ៥ ​ដង ដែល​ត្រូវបាន​អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ វាយតម្លៃ​ថា បាន​ប្រព្រឹត្ត​ទៅ​ដោយ​តម្លាភាព សេរី ត្រឹមត្រូវ និង​យុត្តិធម៌​។

លោកនាយក​រដ្ឋមន្ត្រី​បាន​លើកឡើង​ថា កម្ពុជា​មាន​មោទនភាព​ចំពោះ​ជោគជ័យ​នៃ​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​ ៥ កាលពី​ថ្ងៃទី​ ៥ ខែ​មិថុនា ឆ្នាំ​ ២០២២ កន្លងទៅ ដោយ​បាន​ប្រព្រឹត្ត​ទៅដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ក្នុង​បរិយាកាស​អព្យាក្រឹត សន្តិសុខ របៀប​រៀបរយ គ្មាន​អំពើហិង្សា​។

បើតាម​ហ្វេសប៊ុក​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុងជំនួប​នេះ លោក វិទិត មុន​តាប៊ន​ធ្វើការ​ស្វែងយល់​អំពី​តួនាទី​របស់​កម្ពុជា​ក្នុង​ការ​ជំរុញ​សិទ្ធិ​មនុស្ស​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន ស្ថានភាព​សេដ្ឋកិច្ច និង​វឌ្ឍនភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ក្នុង​អំឡុង​ពេល​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ​ ១៩ លម្ហ​សង្គម​ស៊ីវិល លម្ហ​ប្រជាធិបតេយ្យ ការបោះឆ្នោត និង​អាទិភាព​សម្រាប់​ជំនួយ​បច្ចេកទេស​។

លោក ហ៊ុន សែន បញ្ជាក់ថា កម្ពុជា​កំពុង​ជំរុញ​អនុវត្ត​គោលនយោបាយ​គាំពារ​សង្គម ជាពិសេស ការជួយ​គាំពារ​ជនក្រីក្រ និង​ជនរងគ្រោះ​ដោយ​ជំងឺ​កូវីដ-១៩​ការដំឡើង​បៀវត្សរ៍​របស់​មន្ត្រីរាជការ​ស៊ីវិល និង​កងកម្លាំង​ប្រដាប់អាវុធ​ការកែសម្រួល​ប្រាក់​សោធន​និវត្តន៍​មន្ត្រីរាជការ និង​អតីតយុទ្ធជន ការអនុវត្ត​ប្រាក់​សោធន​និវត្តន៍​ សម្រាប់​កម្មករនិយោជិត​ដែល​ស្ថិត​នៅ​ក្រោម​បទប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​ការងារ និង​ការដំឡើង​ប្រាក់ឈ្នួល​អប្បបរមា​របស់​កម្មករនិយោជិត​។

លោកនាយក​រដ្ឋមន្ត្រី ថ្លែង​តាម​ហ្វេសប៊ុក​បន្តថា ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ បាន​ផ្លាស់ប្ដូរ​សេដ្ឋកិច្ច​ពិភពលោក​យ៉ាងខ្លាំង ព្រមទាំង​បាន​ជះឥទ្ធិពល​លើ​គ្រប់​វិស័យ​នៅ​កម្ពុជា​។ រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​ដាក់ចេញ​នូវ​វិធានការ​បន្ទាន់​ហ្មត់ចត់ ស៊ីជម្រៅ និង​មាន​ប្រសិទ្ធភាព ដើម្បី​គាំទ្រ​វិស័យ​សេដ្ឋកិច្ច និង​គាំពារ​សង្គម​មាន​ដូចជា ការបញ្ចេញ​កញ្ចប់​ថវិកា និង​ដាក់ចេញ​នូវ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ពលរដ្ឋ​ក្រីក្រ និង​ងាយ​រងគ្រោះ​ដែល​ទទួលរង​ផលប៉ះពាល់​ពី​ជំងឺ​កូវីដ​ ១៩​។ នេះ គឺជា​ការធានា​ដល់​ផ្នែក​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ​។

ហ្វេសប៊ុក​លោក​នាយក​រដ្ឋមន្ត្រី​ដដែល​នេះ​បាន​បញ្ជាក់ថា​៖ «​សិទ្ធិ​រស់រាន​មាន​ជីវិត​ត្រូវបាន​ផ្ដល់​ជា​អាទិភាព និង​សិទ្ធិ​ទទួលបាន​ព័ត៌មាន​តាមរយៈ​នៃ​ការផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​ជូន​ដល់​ប្រជាពលរដ្ឋ​យុទ្ធសាស្ត្រ​ផ្កា​រីក​របស់​កម្ពុជា​ក្នុង​ការចាក់​ស្រោច​វ៉ាក់សាំង​កូវីដ​ ១៩ ដោយ​ឥតគិតថ្លៃ និង​គ្មាន​ការរើសអើង រួមទាំង​អ្នកទោស និង​ជនបរទេស ដោយ​បាន​សម្រេច​នូវ​អត្រា​ការចាក់​វ៉ាក់សាំង​ជាង ៩៤ ​ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប​»​។

លោកនាយក​រដ្ឋមន្ត្រី​ប្រាប់​អ្នកជំនាញ​សិទ្ធិមនុស្ស​រូបនេះ​ថា ច្បាប់​ស្ដីពី​ការគ្រប់គ្រង​ប្រទេស​ជាតិ​ក្នុង​គ្រាអាសន្ន​ត្រូវ​បាន​អនុម័ត និង​សម្រេច​ឱ្យ​ប្រើ​ប្រាស់​។ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​អនុក្រឹត្យ​ស្ដីពី​វិធានការ​រដ្ឋបាល​ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ និង​ជំងឺឆ្លង​កាចសាហាវ​ប្រកប​ដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងៗ​ទៀត ដែល​ច្បាប់​ទាំងអស់​នេះ រៀបចំ​ឡើង​ក្នុង​គោលបំណង​ ដើម្បី​ការពារ​សន្តិសុខ​ជាតិ និង​សណ្ដាប់ធ្នាប់​សាធារណៈ ការពារ​អាយុជីវិត និង​សុខភាព​របស់​ប្រជាពលរដ្ឋ ព្រមទាំង​ការការពារ​ទ្រព្យសម្បត្តិ និង​បរិស្ថាន​។

លោក ហ៊ុន សែន លើកឡើង​ថា ការចោទប្រកាន់​ថា បទប្បញ្ញតិ្ត​ជាច្រើន​ត្រូវបាន​អនុម័ត ដើម្បី​​រឹតបន្តឹង​លម្ហ​សង្គម​ស៊ីវិល គឺ​ពុំ​ផ្អែកលើ​មូលដ្ឋាន​ត្រឹមត្រូវ​ការពិត​។ រាល់​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ទាំងអស់ ដែល​បាន​អនុម័ត រួមទាំង​ក្នុង​អំឡុងពេល​នៃ​ការរាតត្បាត​ជំងឺ​កូវីដ-១៩ គឺ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​នេះ នីត្យានុកូលភាព ភាពចាំបាច់ និង​សមាមាត្រ​ដោយ​មាន​គោលបំណង​តែ ​១ ​គត់ គឺ​ដើម្បី​សង្គ្រោះ​អាយុជីវិត ការពារ​ពលរដ្ឋ​ដែល​គោរព​ច្បាប់ និង​ទប់ស្កាត់​អំពើ​ល្មើសច្បាប់​នានា ដែល​បង្ក​អំពើ​អស្ថិរភាព​សង្គម ប៉ះពាល់​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ និង​សណ្ដាប់ធ្នាប់​សាធារណៈ​។

លោក យង់ គិមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព​ថ្លែងថា​ការលើកឡើង​របស់​លោក ហ៊ុន សែន ដែល​ចង់​ឱ្យ​ធ្វើការ​រិះគន់​ដោយ​ស្ថាបនា ដោយ​មិនបង្កើត​ការ​ស្អប់ខ្ពើម​រវាង​ពូជសាសន៍​គឺជា​រឿង​មួយ​ល្អ ប៉ុន្តែ​ទាល់តែ​រដ្ឋាភិបាល​ក៏ដូចជា​អាជ្ញាធរ​ត្រូវតែ​សម្រួល​យ៉ាងណា​ឱ្យមាន​ការអនុវត្ត​សិទ្ធិមនុស្ស​ដោយ​រលូន​។ ​បើសិន​ជា​ការអនុវត្ត​សិទ្ធិមនុស្ស​មាន​ចន្លោះ​ខ្វះខាត​គឺអាច​ធ្វើ​ច្បាប់​បន្ថែម​ ដើម្បី​ឱ្យ​ការអនុវត្ត​សិទ្ធិ​មនុស្ស​ប្រព្រឹត្ត​ទៅបាន​ដោយ​រលូន​។

លោក​ថ្លែងថា រដ្ឋាភិបាល និង​អ្នករាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិមនុស្ស​របស់​ UN គួរតែ​មាន​កិច្ចសហការ​គ្នា​ និង​ស្តាប់​ពីគ្នា​ទៅវិញ​ទៅមក​ឱ្យបាន​ច្រើន​នៅក្នុង​ការកែលម្អ​វិស័យ​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​កម្ពុជា​។ បញ្ហា​សិទ្ធិមនុស្ស​នេះ​គឺ​ត្រូវតែ​អនុវត្ត​ទៅតាម​គោលការណ៍​ជា​ចម្បង​របស់​ UN​។ ការអនុវត្ត​ទៅតាម​គោលការណ៍​នេះ​គឺអាច​បញ្ចៀស​បាន​នូវ​ការរើសអើង​ និង​ការ​ស្អប់ខ្ពើម​ជាតិ​សាសន៍ ហើយ​ធ្វើឱ្យ​ម្នាក់ៗ​ដែលជា​តួអង្គ​សំខាន់​មាន​ការ​ទទួល​ខុសត្រូវ​បានច្បាស់លាស់​ ហើយ​ជាពិសេស​គឺ​អាជ្ញា​ធរមាន​សមត្ថកិច្ច​អាចនឹង​ទទួល​យក​នូវ​ការរិះគន់​ ដើម្បី​ស្ថាបនា​បាន​ផងដែរ​។

លោក យង់ គិមអេង បន្តថា​៖ «​ដោយសារ​យើង​បាន​អនុម័ត​ទទួលយក​ក៏ដូចជា​ការផ្តល់​សច្ចាប័ន​ទទួល​យក​នូវ​កតិកា​សញ្ញា អនុសញ្ញា​សិទ្ធិមនុស្ស​ជាច្រើន​ជា​បន្តបន្ទាប់ គួរតែ​មាន​ការផ្សព្វផ្សាយ ការអប់រំ​ឱ្យមាន​ការយល់ដឹង​ទូលំទូលាយ​នៅក្នុង​ចំណោម​ទាំង​មន្ត្រី ទាំង​ប្រជាពលរដ្ឋ​ឱ្យមាន​ការយល់ដឹង​ដូចគ្នា​ហើយ​យើង​យល់​អំពី​គោលការណ៍​ពី​ស្តង់ដា​សិទ្ធិមនុស្ស​ដូចគ្នា​អាហ្នឹង​គឺ​លែងមាន​បញ្ហា​ហើយ ហើយ​យើង​ព្យាយាម​គោរព​គោលការណ៍​សិទ្ធិមនុស្ស​ហ្នឹង​»​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា បាន​ថ្លែងថា ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ល្អ​ ឬ​អាក្រក់ វា​មិន​ចំណុះ​ទៅលើ​អ្នកសរសេរ​របាយការណ៍​នោះទេ ប៉ុន្តែ​វា​អាស្រ័យ​ទៅលើ​សុច្ឆន្ទៈ និង​ការប្តេជ្ញាចិត្ត​ខាង​នយោបាយ​របស់​រាជរដ្ឋាភិបាល​។

លោក​ថ្លែងថា របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ នាពេល​កន្លងមក​មាន​ចំណុច​ខ្លះ​មិន​ឆ្លុះបញ្ចាំង​ទាំង​ស្រុង​ពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នោះទេ ដោយសារ​តែ​គេ​ប្រើប្រាស់​ពេលវេលា​តិច និង​មាន​ការពឹងផ្អែក​ខ្លាំង​ទៅលើ​របាយការណ៍​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិមនុស្ស ហើយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំងនោះ​ផ្តល់​និយមន័យ​ពី​បញ្ញត្តិ​សិទិ្ធ​មនុស្ស​ខុសគ្នា​ជាមួយ​រដ្ឋាភិបាល​។ លោក​ថ្លែងថា ចំណែក​រាជរដ្ឋាភិបាល​វិញ ក៏​គួរតែ​មាន​ការសហការ​គ្នា​ល្អ​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ចាំបាច់​នានា​ដែល​ជា​ការបង្ហាញ​នូវ​ការពិត​ផងដែរ​។

លោក គិន ភា លើកឡើង​ថា ឥរិយាបថ​របស់​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​មិន​ខុសគ្នា​ទេ ហើយ​ការមិន​យល់​គ្នា​នៅតែ​មាន​ដោយសារ​ភាគី​ទាំងសងខាង នៅតែ​មិនមាន​និយមន័យ​រួម​ទៅលើ​អ្វីដែល​ហៅថា​សិទ្ធិមនុស្ស អ្វី​ហៅថា​លម្ហ​ប្រជាធិបតេយ្យ ហើយ​អ្វី​ហៅថា​វឌ្ឍនភាព​។ ជាក់ស្តែង​គេ​នៅតែ​ប្រើ​សូចនាក​ខុសគ្នា​ពី​វឌ្ឍនភាព​នៃ​សិទ្ធិមនុស្ស លម្ហ​សេរីភាព និង​​នយោបាយ​។

លោក​ថ្លែងថា​៖ «​ទាំង​អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទាំង​រដ្ឋាភិបាល​គួរតែ​រក​ចំណុចរួម​ទៅលើ​បញ្ញត្តិ​នៃ​សិទ្ធិមនុស្ស លម្ហ​សេរីភាព លម្ហ​ប្រជាធិបតេយ្យ និង​លម្ហ​នយោបាយ ​ហើយ​ត្រូវតែ​មានការ​ឯកភាព​គ្នា​លើ​សូចនាករ​ សម្រាប់​វាស់វែង​នៃ​វឌ្ឍនភាព រឿង​សិទ្ធិមនុស្ស​ និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា បើ​មិន​ដូច្នោះ​ទេ​ម៉ែត្រ​ខុសគ្នា វាស់វែង​ខុស​គ្នា របាយការណ៍​ចេញមក​គឺ​ខុសគ្នា​ហើយ​ឈ្លោះ​គ្នា​តែ​ជាមួយ​របាយការណ៍​ហ្នឹង​»​។

លោក វិទិត មុនតាប៊ន ចាប់ផ្តើម​បំពេញ​ទស្សនកិច្ច​ផ្លូវការ​លើកដំបូង​នៅ​កម្ពុជា​កាលពី​ថ្ងៃទី​ ១៥ ខែសីហា ហើយ​គ្រោង​នឹង​បញ្ចប់​ទស្សនកិច្ច​នេះ​នា​ថ្ងៃទី​ ២៦ ខែសីហា​។ លោក​នឹង​វាយតម្លៃ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា និង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការបង្កើត​បរិយាកាស​អំណោយផល​ក្នុង​ការ​ទទួលបាន​សិទ្ធិមនុស្ស​ទាំងអស់ រួមមាន​សិទ្ធិ​នយោបាយ សិទ្ធិ​ពលរដ្ឋ សិទ្ធិ​សេដ្ឋកិច្ច សិទ្ធិ​សង្គម និង​សិទ្ធិ​វប្បធម៌ ក្រោយ​ជំងឺ​រាតត្បាត​កូវីដ​ ១៩៕