ភ្នំពេញៈ គណបក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល​ ៤ គ្រោង​នឹងដាក់​លិខិត​នៅក្នុង​សប្ដាហ៍​នេះ​ទៅកាន់​រដ្ឋសភា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) និង​ក្រសួង​មហាផ្ទៃ ដើម្បី​សុំ​ជួបពិភាក្សា​ស្នើសុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ ឱ្យ​មាន​ការកែលម្អ​ប្រព័ន្ធ​បោះឆ្នោត និង​សេរីភាព​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា​។

លោក គង់ មូនីកា ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ​បាន​ឱ្យដឹង​នៅ​ថ្ងៃទី​ ១៦ ខែសីហា​ថា គណបក្ស​ភ្លើងទៀន គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គណបក្ស​ឆន្ទ:ខ្មែរ និង​គណបក្ស​កែទម្រង់​កម្ពុជា​កាលពី​ថ្ងៃទី​ ១៥ ខែសីហា បាន​បើក​កិច្ចប្រជុំ​សម្រេច​ដាក់​ឯកសារ​សំខាន់ៗ និង​សំណើ​ទៅ​ស្ថាប័ន​ទាំងនេះ​នៅក្នុង​សប្តាហ៍​នេះ ប៉ុន្តែ​មិនទាន់​បាន​កំណត់​ពេលវេលា​ជាក់លាក់​នៅឡើយ​ទេ​។

លោក​បន្តថា ឯកសារ​ដែល​ត្រៀម​នឹង​យក​ទៅ​ដាក់​នៅ​ស្ថាប័ន​ជាតិ​សំខាន់ៗ​ទាំងនេះ​រួមមាន​លិខិត​ស្នើសុំ​ជួបពិភាក្សា និង​ឯកសារ​ពាក់ព័ន្ធ​មួយចំនួន​ទៀត​ដែល​ពាក់ព័ន្ធ​នឹង​តួនាទី ភារកិច្ច​របស់​ស្ថាប័ន​ជាតិ​ទាំងនេះ​ដោយ​មាន​ក្តី​រំពឹងថា ស្ថាប័ន​នីមួយៗ​នឹង​ឆ្លើយតប​ជា​វិជ្ជមាន​ចំពោះ​ការស្នើសុំ​របស់​គណបក្ស​នយោបាយ​ទាំង​ ៤ ​នេះ​។

លោក គង់ មូនីកា ថ្លែងថា​៖ «​ទោះបី​ស្ថាប័ន​ជាតិ​នីមួយៗ​ទទួល​យក ឬ​មិន​ទទួលយក​អនុសាសន៍​កែលម្អ​យ៉ាងណា យើង​សង្ឃឹម​ថា នឹង​បាន​ជួប​ជជែក​គ្នា​ផ្ទាល់​ឱ្យយោបល់​ពី​គំនិត និង​អនុសាសន៍​របស់​យើង​ថា តើ​ហេតុអ្វី​យើង​មានគំនិត​បែប​ហ្នឹង​?​ ហេតុ​អី្វ​យើង​មាន​អនុសាសន៍​បែប​ហ្នឹង​? ខ្ញុំ​គិតថា វា​ជាការ​ល្អប្រសើរ​នៅពេល​ដែល​យើង​ជួប​ជជែក​គ្នា​ដោយផ្ទាល់ ហើយ​ប្រាប់​ពី​ហេតុផល​»​។

លោក គង់ មូនីកា ថ្លែងថា គណបក្ស​ទាំង​ ៤ ​ក៏បាន​ឯកភាពគ្នា​លើ​ជំហរ​រួម​ក្នុង​ការតស៊ូ​មតិ​ទាក់ទង​ទៅនឹង​ករណី​បណ្តឹង​តុលាការ​របស់ គជប និង​គណបក្ស​ប្រជាជន​កម្ពុជា លើ​លោក សុន ឆ័យ អនុប្រធាន​គណបក្ស​ភ្លើងទៀន​។

លោក ឡេង ប៉េងឡុង អ្នក​នាំពាក្យ​រដ្ឋសភា​ថ្លែង​នៅ​ថ្ងៃទី​ ១៦ ខែសីហា​ថា លោក​មិនដឹង​ថា គណបក្ស​ទាំង ៤ នឹង​ជួប​បុគ្គល ឬ គណៈកម្មការ​ជំនាញ​ណាមួយ​នោះទេ ពីព្រោះ​នៅក្នុង​រដ្ឋសភា​មាន​សមាជិក និង​តំណាងរាស្ត្រ​មាន​រហូត​ដល់ ១២៥ ​នាក់​។ ចំណែក​អគ្គលេខាធិការ​នៃ​រដ្ឋសភា​ធ្វើ​តែ​កិច្ចការ​រដ្ឋបាល​ប៉ុណ្ណោះ មិន​ពាក់ព័ន្ធ​ជាមួយ​នឹង​គណបក្ស​នយោបាយ​នោះទេ​។

លោក​ថ្លែងថា​៖ «​រដ្ឋសភា​មាន​ ១២៥ នាក់​ហើយ​ដាក់​ទៅណា​? ខ្ញុំ​រក​នីតិវិធី វា​អត់​មាន​ចែង​នៅក្នុង​នីតិវិធី​ច្បាប់​អី​សោះ តែបើ​ចង់​ជួប​គណៈកម្មការ​ជំនាញ​ណា ជួប​ទៅ​»​។

លោក​ថា បើ​គណបក្ស​ទាំងនេះ​មាន​បំណង​ចង់​ជួប​ពិភាក្សា​ជាមួយ​លោក ហេង សំរិន ប្រធាន​រដ្ឋសភា ប្រហែល​ជា​មិនអាច​បាន​ជួប​ទេ ពីព្រោះ​ប្រធាន​រដ្ឋសភា​រូបនេះ មាន​កិច្ចការ និង​ភារកិច្ច​ការងារ​រវល់​ច្រើន មិនមាន​ពេលវេលា​គ្រប់គ្រាន់​នោះទេ​។

លោក សោម សូរីដា អ្នកនាំពាក្យ គជប ថ្លែង​នៅ​ថ្ងៃទី ​១៦ ខែសីហា​ថា គជប គឺជា​ស្ថាប័ន​ដែល​មាន​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ ដែល​បាន​កំណត់​ឱ្យ​រៀបចំ ចាត់ចែង និង​គ្រប់គ្រង​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ការជ្រើសតាំង​តំណាងរាស្ត្រ និង​ការបោះឆ្នោត​ផ្សេងទៀត ស្រប​ទៅ​តាម​ច្បាប់​ជា​ធរមាន​។ នៅក្នុង​ក្របខ័ណ្ឌ​ច្បាប់​ជា​ធរមាន​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​នេះ គឺជា​មូលដ្ឋាន​សំខាន់​សម្រាប់​ចង្អុល​នៃ​ការអនុវត្ត​របស់ គជប ហើយ​កិច្ចការ​ដែល​បាន​អនុវត្ត​កន្លង​មក​នេះ​គឺ​គោរព និង​អនុវត្ត​ទៅតាម​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​។ ពាក់ព័ន្ធ​នឹង​សំណើ​របស់​គណបក្ស​នយោបាយ ៤ បើ​ពិនិត្យ​ទៅ​ឃើញថា ឆ្លើយតប​ទៅនឹង​សំណូមពរ​របស់​គណបក្ស​ទាំងនោះ គឺ មិនមាន​អ្វី​ជា​បញ្ហា​នោះទេ​ប៉ុន្តែ អ្វីដែល​សំខាន់​ដែល​អនុវត្ត​ទៅបាន គឺ​សំណើ​កំណែទម្រង់​ការបោះឆ្នោត​ត្រូវតែ​ឆ្លើយតប​ទៅនឹង​គោលការណ៍​ច្បាប់​។

លោក​ថ្លែងថា​៖ «​គជប មិនអាច​ធ្វើការ​កែលម្អ​ដំណើរការ​បោះឆ្នោត​ដែល​ប្រាសចាក​ពី​បញ្ញត្តិ​នៃ​ច្បាប់​នោះទេ​។ ប៉ុន្តែ​យ៉ាងណា​ក៏ដោយ គជប ស្វាគមន៍​»៕