ភ្នំពេញៈ ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ដាក់​ចេញ​នូវ​ទិសដៅ​អាទិភាព ក្នុង​ការធ្វើ​កំណែទម្រង់​វិស័យ​អប់រំ​ចំនួន ៨ ចំណុច ដើម្បី​បន្ត​ឈាន​ទៅ​សម្រេច​គោលដៅ​ចក្ខុវិស័យ​កម្ពុជា​នៅ​ឆ្នាំ​ ២០៣០ និង​ឆ្នាំ​ ២០៥០ ក៏ដូចជា​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​របស់​កម្ពុជា​ដោយ​ប្ដេជ្ញាចិត្ដ​យ៉ាងមុតមាំ​ក្នុង​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស និង​ភាពជា​ពលរដ្ឋ​សកល​ឱ្យ​ឆ្លើយតប​ទៅនឹង​បរិបទ​នៃ​ការអភិវឌ្ឍ​កម្ពុជា​។

លោក រស់ សុវាចា អ្នក​នាំពាក្យ​ក្រសួង​អប់រំ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​សមិទ្ធផល​សម្រេច​បាន​រយៈពេល​ ៥ ​ឆ្នាំ​កន្លងមក​របស់​ក្រសួង​អប់រំ រៀបចំ​ដោយ​អង្គភាព​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ដ្រី​កាលពី​ថ្ងៃទី​ ១៦ សីហា​ថា ក្រសួង​អប់រំ​បាន​ដាក់​ចេញ​នូវ​ទិសដៅ​អាទិភាព​ក្នុង​ការធ្វើ​កំណែទម្រង់​លើ​វិស័យ​អប់រំ​ចំនួន​ ៨ ​ចំណុច​ក្នុងនោះ​មាន ទី​ ១ ​កំណែទម្រង់​សាលា​រៀនទី​ ២ ការអភិវឌ្ឍ​គ្រូបង្រៀន​តាមរយៈ​កំណែទម្រង់​គ្រឹះស្ថាន​បណ្ដុះបណ្ដាល​គ្រូ​។ ទី​ ៣ ការអប់រំ​ឌីជីថល ទី​ ៤ ការអប់រំ​វិទ្យាសាស្ដ្រ និង​បច្ចេកវិទ្យា ទី​ ៥ ការលើក​កម្ពស់​សុខភាព​សិក្សា ទី​ ៦ ការអភិវឌ្ឍ​យុវជន​ដើម្បី​លើកកម្ពស់​បំណិន​សតវត្សរ៍​​ ២១ ទី​ ៧ ការបង្កើត​មជ្ឈមណ្ឌល​ឧត្ដមភាព​នៅ​គ្រឹះស្ថាន​ឧត្ដមសិក្សា និង​ទី​ ៨ ការកសាង​ប្រព័ន្ធ និង​ការអភិវឌ្ឍ​សមត្ថភាព​។

លោក​បានឱ្យ​ដឹងថា ​«​កំណែ​ទម្រង់​សាលារៀន​» គឺ​បន្ទាប់ពី​បាន​អនុវត្ត​សាកល្បង​កម្មវិធី​កំណែទម្រង់​សាលារៀន និង​បទពិសោធ​ពី​ការប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​ ១៩ ក្រសួង​អប់រំ​បន្ត​បង្កើត​គំរូ​កំណែទម្រង់​សាលារៀន​ចំនួន ​២ ​ប្រភេទ គឺ​ទី ​១ ​សាលារៀន​ជំនាន់​ថ្មី ដោយ​ផ្តោតលើ​ការផ្ដល់​ស្វ័យភាព​ក្នុង​ការអនុវត្ត​កម្មវិធី​សិក្សា ដើម្បី​បណ្តុះ​ធនធាន​មនុស្ស​មាន​បំណិន​សតវត្សរ៍​ទី​ ២១ ក្នុងនោះ​គណៈ​គ្រប់គ្រង​សាលារៀន និង​គ្រូបង្រៀន​។

ប្រភេទ​ទី​ ២ ​សាលារៀន​ប្រកប​ដោយ​ប្រសិទ្ធភាព​ដោយ​ផ្តោតលើ​សាលារៀន​មាន​គណនេយ្យភាព​ជាមួយ​សហគមន៍ និង​សម្រេច​បាន​ស្តង់ដា​សាលារៀន​មាន​ប្រសិទ្ធភាព​។ លោក​បញ្ជាក់ថា អាទិភាព​ទី​ ២ «​ការអភិវឌ្ឍ​គ្រូ​បង្រៀន តាមរយៈ​កំណែ​ទម្រង់​គ្រឹះស្ថាន​» គឺ​ការបណ្តុះ​បណ្តាល​គ្រូបង្រៀន ខណៈ​គ្រូបង្រៀន​គឺជា​បេះដូង​នៃ​ប្រព័ន្ធ​អប់រំ​គ្រូបង្រៀន​គឺជា​កម្លាំង​ជួរមុខ​នៃ​វិស័យ​អប់រំ​។

ដូចនេះ​គ្រូបង្រៀន​សតវត្សរ៍​ទី​ ២១ ត្រូវ​ប្រកប​ដោយ​ស្តង់ដា​វិជ្ជាជីវៈ​ខ្ពស់ តាមរយៈ​ការធ្វើ​កំណែទម្រង់​គ្រឹះស្ថាន​បណ្តុះបណ្ដាល​គ្រូ ដែល​ផ្តោតលើ ទី​ ១​ ការកែលម្អ​កម្មវិធី​បណ្តុះបណ្តាល និង​វិក្រឹត​ការ​គ្រូបង្រៀន​។ ទី​ ២ ​ការអភិវឌ្ឍ​សមត្ថភាព វិជ្ជាជីវៈ​គ្រូឧទ្ទេស​ខាង​ផ្នែក​ខ្លឹមសារ​មេរៀន គរុកោសល្យ និង​វិធីសាស្ត្រ​បង្រៀន​សម្បូរបែប និង​ការប្រើប្រាស់ បច្ចេកវិទ្យា​ក្នុង​ការបង្រៀន​។ ទី​ ៣ ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ស្រប​តាម​បច្ចេកវិទ្យា​ថ្មីៗ មាន​ដូចជា​បណ្ណាល័យ និង​សម្ភារ​ឧបទេស​ទំនើប​សម្បូរបែប​។ ទី​៤​ការអភិវឌ្ឍ​ភាពជា​អ្នកដឹកនាំ​គ្រប់គ្រង ទី​៥​ការ​-​ផ្សារភ្ជាប់​ទ្រឹស្តី​ទៅនឹង​ការអនុវត្ត​កម្មវិធី​សិក្សា​គរុកោសល្យ និង ទី​ ៦​ ការធានា​គុណភាព​នៃ​ការបណ្ដុះ​បណ្ដាល​។

អាទិភាព​ទី​ ៣ «​ការអប់រំ​ឌីជីថល​» ខណៈ​នៅ​ដំណាក់កាល​កូវីដ ​១៩ កម្ពុជា​បាន​ដើរទៅ​មុខ ១០ ​ឆ្នាំមុន​ពី​ការកំណត់​ការប្រើប្រាស់​បច្ចេកវិទ្យា​ក្នុង​វិស័យ​អប់រំ​។ គ្រូបង្រៀន​បាន​ខិតខំ​រៀន​ពី​ការប្រើប្រាស់​បច្ចេកវិទ្យា ដើម្បី​បង្រៀន​សិស្ស នៅពេល​សាលា​ត្រូវបាន​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន​។

លោក​ រស់ សុវាចា បន្តថា ដូចនេះ​ក្រសួង​អប់រំ​នឹង​បន្ត​លើកកម្ពស់​ការអប់រំ ឌីជីថល តាមរយៈ​ទី​ ១​ ការកែលម្អ​វេទិកា​ឌីជីថល ដែល​មាន​ស្រាប់ និង​ការបង្កើត​មជ្ឈមណ្ឌល​អប់រំ​ឌីជីថល​។ ទី​ ២​ ការផលិត​វីដេអូ​បង្រៀន​សម្រាប់​មុខវិជ្ជា​គោល និង​សម្រាប់​ថ្នាក់ប្រឡង ព្រមទាំង​បង្ហោះ និង​ផ្សព្វផ្សាយ​លើ​វេទិកា​ឌីជីថល​ដែលមាន​ស្រាប់​។ ទី​ ៣ ការបញ្ចូល​ការប្រើប្រាស់​បច្ចេកវិទ្យា​ទៅក្នុង​ការបង្រៀន និង​រៀន ទី​ ៤ ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​នៅ​តាម​សាលារៀន ដូចជា ការរៀបចំ​បន្ទប់​ឌីជីថល បំពាក់​ប្រព័ន្ធ​គ្រប់គ្រង​ការសិក្សា និង​ប្រព័ន្ធ​គ្រប់គ្រង​ការសិក្សា​នៅតាម​សាលារៀន និង​ទី​ ៥​ ការបង្កើត​កម្មវិធី​​អប់រំ​ឌីជីថល​។

ចំណែក​អាទិភាព​ទី​ ៤ «​ការអប់រំ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​» លោក​បញ្ជាក់​ថា ការបង្កើន​ចំនួន​សិស្ស និង​ទាក់ទាញ​សិស្ស​នៅ​មធ្យមសិក្សា និង​ឧត្តមសិក្សា​ឱ្យ​ចូលរៀន​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ជា​កត្តា​សំខាន់​ ដើម្បី​ឆ្លើយតប​ទៅនឹង​បដិវត្តន៍​ឧស្សាហកម្ម ៤.០ និង​គោលនយោបាយ​ជំរុញ​ឌីជីថល​របស់​រាជរដ្ឋាភិបាល​។

លោក​បន្តថា ក្រសួង​អប់រំ​នឹង​បង្កើន​ចំនួន​សាលារៀន​ជំនាន់​ថ្មី សាលារៀន​ស្ទែម និង​បង្កើន​ម៉ោង​បង្រៀន និង​ការបង្រៀន ផ្តោតលើ​មុខវិជ្ជា​ស្ទែម វិនិយោគ​បន្ថែម និង​បង្កើន​គុណភាព​នៃ​ការបណ្តុះ​បណ្តាល​គ្រូ​មុខវិជ្ជា​ស្ទែម​ឱ្យដល់​កម្រិត​ស្តង់ដា​វិជ្ជាជីវៈ​។

អាទិភាព​ទី​ ៥ «​ការលើកកម្ពស់​សុខភាព​សិក្សា​» លោក សុវាចា បាន​ឱ្យ​ដឹងថា ក្នុង​បរិបទ​គន្លង​ប្រក្រតីភាព​ថ្មី​នៃ​វិស័យ​អប់រំ សាលារៀន​ត្រូវ​ធានា​បាន​នូវ​និរន្តរភាព​នៃ​ដំណើរការ និង​ធានា​នូវ​សុវត្ថិភាព​សុខភាព រួមទាំង​សុខភាព​ផ្លូវចិត្ត សម្រាប់​បុគ្គលិក​អប់រំ និង​អ្នកសិក្សា​។

លោក​បាន​បញ្ជាក់​ថា ដូចនេះ​សាលារៀន​ត្រូវ​បន្ត​បង្កើត​គណៈកម្មការ​សុខភាព​សិក្សា​នៅតាម​សាលារៀន​។ កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​សុខភាព ដូចជា រៀបចំ​បន្ទប់​សុខភាព​ស្ដង់ដា បរិស្ថាន​សាលារៀន​បៃតង សាលា​ស្អាត​គ្មាន​សំរាម​។ លើក​កម្ពស់​ការប្រើប្រាស់​ទឹកស្អាត និង​អនាម័យ​ផ្ដោត​លើទឹក​ទទួលទាន កន្លែង​លាងដៃ បង្គន់​អនាម័យ ជាដើម​។​ល​។

អាទិភាព​ទី​ ៦ «​ការអភិវឌ្ឍ​យុវជន​ដើម្បី​លើកកម្ពស់​បំណិន​សតវត្សរ៍​ ២១» លោក​លើកឡើង​ថា​៖ «​យុវជន​សតវត្សរ៍​ទី​ ២១ ជា​យុវជន​បន្តវេន និង​ជា​សសរទ្រូង​ សម្រាប់​ការអភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​កម្ពុជា​ឆ្ពោះ​ទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជា​នៅ​ឆ្នាំ​ ២០៣០ និង​ ២០៥០»​។

ដូចនេះ​យុវជន​នឹងត្រូវ​ទទួល​បាន​នូវ​ការអភិវឌ្ឍ​លើ​គ្រប់​ទិដ្ឋភាព និង​តាម​គ្រប់​រូបភាព​ក្នុង​នោះ កម្មវិធី​អភិវឌ្ឍន៍​យុវជន​ទាំង​បំណិន​រឹង និង​បំណិន​ទន់ ដោយ​ផ្តោតលើ​បំណិន​សតវត្សរ៍​ទី​ ២១ និង​លើក​កម្ពស់​ភាពជា​អ្នកដឹកនាំ ការបណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទាំង​ការអប់រំ ដើម្បីឱ្យ​យុវជន​មាន​សមត្ថភាព​ចូលរួម​ដោះស្រាយ​បញ្ហា​រួម​របស់​ប្រទេស​ជាតិ​។

អាទិភាព​ទី​ ៧ «​ការបង្កើត​មជ្ឈមណ្ឌល​ឧត្តមភាព​នៅ​គ្រឹះស្ថាន​ឧត្តមសិក្សា​» គឺ​ការធ្វើ​កំណែ​ទម្រង់​នៅ​ឧត្តមសិក្សា និង​ធានា​បាន​នូវ​ការបណ្តុះ​ធនធាន​មនុស្ស​ សម្រាប់​បម្រើ​ដល់​ការអភិវឌ្ឍ សង្គម​-​សេដ្ឋកិច្ច​កម្ពុជា​។ គ្រឹះស្ថាន​ឧត្តមសិក្សា​ត្រូវ​ផ្តោតលើ​ការពង្រឹង​អភិបាលកិច្ច ការលើក​កម្ពស់ គុណវុឌ្ឍ​សាស្ត្រាចារ្យ​ឱ្យមាន​សញ្ញាបត្រ​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ការកែលម្អ​កម្មវិធីសិក្សា និង​ធនធាន​សិក្សា ការប្រើប្រាស់​បច្ចេកវិទ្យា និង​ការអនុវត្ត​វិធីសាស្ត្រ​បង្រៀន​ទំនើប​ជាដើម​។​ល​។

អាទិភាព​ទី​ ៨ «​ការកសាង​ប្រព័ន្ធ និង​ការអភិវឌ្ឍ​សមត្ថភាព​» លោក សុវាចា បញ្ជាក់ថា ដើម្បី​ឆ្លើយតប​នឹង​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ និង​កម្មវិធី​ស្តារ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ការរស់នៅ​ជាមួយ​កូវីដ​ ១៩​ តាម​គន្លង​ប្រក្រតីភាព​ថ្មី សម្រាប់​ឆ្នាំ​ ២០២១-២០២៣ ​ឆ្ពោះទៅរក​ការចាកចេញ​ពី​វិបត្តិ​នៃ​ជំងឺ​កូវីដ​ ១៩ ក្នុង​ភាព​រឹងមាំ​។ លោក​បាន​បញ្ជាក់​ថា ចំណុច​អាទិភាព​ទី​ ៨ នេះ គឺ​ដើម្បី​វិល​ត្រឡប់​ទៅរក​មាគ៌ា​នៃ​កំណើន​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ឡើងវិញ ដោយ​វិស័យ​អប់រំ ទាមទារ​ចាំបាច់​នូវ​ភាពជា​អ្នកដឹកនាំ ដែល​មាន​ភាពវៃឆ្លាត​រស់​រវើក បុរេសកម្ម និង​ទន់ភ្លន់ ក្នុង​ការដោះស្រាយ​បញ្ហា និង​ឆ្លើយតប​ភ្លាមៗ​ចំពោះ​វិបត្តិ​ដែល​បង្កឱ្យ​មាន​ការអាក់ខាន​ក្នុង​ការបង្រៀន និង​រៀន​។

លោក សុវាចា បាន​បន្ថែមថា​៖ «​ទស្សនទាន​រួម​ (​ឆ្នាំ​ ២០២៣-២០២៨) សម្រាប់​បន្ត​លើកកម្ពស់​គុណភាព​អប់រំ យុវជន​ និង​កីឡា គឺ​ការបន្ត​ជំរុញ​ការអភិវឌ្ឍ​ធនធាន​មនុស្ស​ប្រកប​ដោយ​គុណភាព និង​មាន​តុល្យភាព​រវាង​វិជ្ជា​សម្បទា បំណិន​សម្បទា ចរិយា​សម្បទា និង​មនសិការ​ស្នេហា​ជាតិ និង​មនុស្ស​ជាតិ​ ជាពិសេស​ស្រប​តាម​តម្រូវការ​អភិវឌ្ឍ​សង្គម សេដ្ឋកិច្ច​»​។

លោក​បន្តថា ក្រសួង​អប់រំ​បន្ត​លើកកម្ពស់​ការអប់រំ​ប្រកប​ដោយ​គុណភាព សមធម៌ បរិយាប័ន្ន ព្រមទាំង​លើកកម្ពស់​ឱកាស​ទទួល​បាន​ការសិក្សា​ពេញ ​១ ​ជីវិត​ សម្រាប់​ទាំងអស់​គ្នា និង​ការអភិវឌ្ឍ​សមត្ថភាព បុគ្គល និង​សមត្ថភាព​ស្ថាប័ន គាំទ្រ​ទិសដៅ​អាទិភាព​សម្រាប់​ពេល​ខាង​មុខ​តាមរយ: អាទិភាព​កំណែទម្រង់​ ៨ ​ចំណុច​ខាងលើ​។

លោក​ រស់ សុវាចា បាន​គូសបញ្ជាក់ថា​៖ «​ក្រសួង​អប់រំ ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការបន្ត​អភិវឌ្ឍ​ធនធាន​មនុស្ស និង​ភាព​ជា​ពលរដ្ឋ​សកល​ឱ្យ​ឆ្លើយតប​ទៅនឹង​បរិបទ​នៃ​ការអភិវឌ្ឍ​​កម្ពុជា​»៕