សៀមរាប: រូបភាព និងវីដេអូឃ្លីប កំពូលប្រាសាទអង្គរវត្ដរំលេចពណ៌មាសផុសត្រដែតលើខឿនប្រាង្គប្រាសាទ ហាក់បីដូចជាប្រាសាទមាសក្នុងរឿងព្រេងកថា ត្រូវបានបង្ហោះនិងចែករំលែកបន្ដនៅលើបណ្ដាញសង្គមរាប់ម៉ឺន រាប់សែនអមដោយសំណេរបញ្ចេញមតិបង្ហាញពីអារម្មណ៍រំភើបចំពោះភាពអច្ឆរិយនេះ។
លោក ហុង សំអាត ដែលបានថត និងបង្ហោះរូបភាពក៏ដូចជាវីដេអូដ៏អស្ចារ្យនេះ គឺជាភ្នាក់ងារទេសចរណ៍របស់អាជ្ញាធរជាតិអប្សរាដែលត្រូវបានថតពីផ្នែកខាងក្រោយនៃប្រាង្គប្រាសាទអង្គរវត្ដ។
លោក សំអាត ដែលបច្ចុប្បន្ននេះ អាល់ប៊ុមរូប និងវីដេអូត្រូវបានចែករំលែកបន្ដរហូតដល់ជាង ៣ ម៉ឺននាក់ បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «ខ្ញុំបានថតរូប និងវីដេអូនោះនៅថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០២២ វេលាម៉ោង ៦:០៣ នាទីព្រឹក»។
ក្នុងចំណោមរូបភាពអេម៉ូជីបេះដូងក្រហមព្រោងព្រាត គណនីហ្វេសប៊ុកឈ្មោះ ធិតា ឡាយកា បានសរសេរបញ្ចេញមតិថា «ស្អាតណាស់ប្អូន បងមិនដែលបានឃើញទេ!»។ Chuon Sopheap បានបន្ដថា «ពិតជាអស្ចារ្យខ្លាំងណាស់» ខណៈ G Vonn Teav បានសរសេរសរសើរថា «ទឹកដៃល្អ ថតបានស្អាត»។
លើសពីនេះទៀត រូបភាព និងវីដេអូរបស់លោក សំអាត ត្រូវបានក្រុមអ្នកសារព័ត៌មានអនឡាញផ្សព្វផ្សាយល្បីល្បាញពាសពេញបណ្ដាញសង្គម។
យ៉ាងណាមិញ លោក សំអាត មិនហ៊ានបកស្រាយអំពីបាតុភូតបែបនេះទេ ដោយសារខ្លួនមិនមែនជាអ្នកជំនាញខាងវិទ្យាសាស្ដ្រ ឬបុរាណវិទ្យា។
យុវជនរូបនេះបានបន្ដថា៖ «ខ្ញុំមានអារម្មណ៍សប្បាយចិត្ដនិងរំភើបដែលបានឃើញទិដ្ឋភាពកំពូលប្រាសាទរំលេចពណ៌មាសដោយផ្ទាល់ភ្នែក និងបានចែករំលែកបន្ដក្នុងបណ្ដាញសង្គមដោយមានបងប្អូនមហាជនជាច្រើនចែករំលែកបន្ដ។ ប៉ុន្ដែចំពោះខ្ញុំផ្ទាល់ខ្ញុំមិនចង់ល្បីល្បាញអ្វីទេ គ្រាន់តែថតបានដោយចៃដន្យ និងផុសនៅក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនប៉ុណ្ណោះ»។
ទន្ទឹមនឹងការបញ្ចេញមតិអំពីភាពអច្ឆរិយកើតឡើងនៅប្រាសាទអង្គរវត្ដដែលរំលេចនូវភាពមហស្ចារ្យពណ៌មាសនោះ បងប្អូនប្រជាពលរដ្ឋជាច្រើនបានផ្ដោតទៅលើជំនឿ និងកោតសរសើរចំពោះស្នាដៃដូនតាខ្មែរដែលបានកសាងប្រាសាទថ្ម អាចបញ្ចេញជាពណ៌មាសពេលចាំងចែងត្រូវពន្លឺព្រះសុរិយា។
ទាក់ទងនឹងជំនឿ និងការបកស្រាយណាមួយជុំវិញបញ្ហានេះ អាជ្ញាធរជាតិអប្សរាដែលមានសមត្ថកិច្ចថែទាំប្រាង្គប្រាសាទ បានឱ្យដឹងថា វាមិនអាចត្រូវបានបកស្រាយបានឡើយ ដោយវាអាស្រ័យទៅលើធម្មជាតិ។
លោក ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរាបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «យើងមិនអាចស្វែងរកលក្ខណៈវិទ្យាសាស្ដ្រណាមកបញ្ជាក់បាននោះទេ។ គ្រាន់តែថា ពេលខ្លះវារំលេចទស្សនីយភាពស្អាតយ៉ាងដូច្នេះឯង ហើយវាយោងទៅតាមថ្ងៃណា ដែលអត់មានពពកច្រើនទៅក៏ជះពន្លឺមកបានឃើញស្អាតយ៉ាងដូច្នេះ»។
ជាតម្រុយសម្រាប់ភ្ញៀវទេសចរ ដែលមានបំណងចង់ឃើញទស្សនីយភាពប្រាង្គប្រាសាទរំលេចពណ៌មាស លោក កុសល បានឱ្យដឹងថា ពួកគេគួរពិនិត្យមើលទៅលើកត្ដាអាកាសធាតុ។
អគ្គនាយករងអាជ្ញាធរជាតិអប្សរាដែលទើបធ្វើការពន្យល់អំពីការយល់ច្រឡំចំពោះការប្រើប្រាស់ជើងកាមេរ៉ាក្នុងបរិវេណ ប្រាសាទបានបន្ដថា៖«វាជាពន្លឺ [ព្រះអាទិត្យ] ចាំងលើប្រាង្គប្រាសាទ ដែលមានពណ៌មាសមិនមែនមកពីកត្ដាបាតុភូតអ្វីទេ។ ជាទូទៅ ពន្លឺជះស្អាតបែបនេះកើតឡើងនៅពេលព្រឹក ហើយថ្ងៃរសៀលក៏វាបង្ហាញពន្លឺស្អាតបែបនេះដែរ»។
ឆ្លើយនឹងចម្ងល់អំពីបញ្ហាអច្ឆរិយរបស់ថ្មប្រាសាទ លោក ឡុង កុសល បានពន្យល់ថា៖«បងប្អូនយើងមានជំនឿផ្សេងៗ។ នេះជារឿងជំនឿរបស់យើង»។
លោកបានបញ្ជាក់ថា កាលពីប៉ុន្មានឆ្នាំមុន លោកក៏បានថតពន្លឺពណ៌មាសបែបនេះដែរ ដែលវាបានចាំងទៅលើបរិវេណប្រាសាទនាពេលរសៀល។
ទាក់ទងនឹងជំនឿរបស់ខ្មែរតាំងពីបុរាណកាលរហូតដល់បច្ចុប្បន្ននេះ លោក ហឿ សេធុល ជាអ្នកប្រឹក្សាយោបល់ផ្នែកចិត្ដសាស្ដ្របានសរសេរសំណេរដកស្រង់ពីសង្ឃដិការបស់ព្រះសង្ឃពុទ្ធសាសនានិងពុទ្ធឱវាទរបស់ព្រះសម្មាសម្ពុទ្ធដោយភ្ជាប់ជាមួយរូបថត៣សន្លឹកអំពីបាតុភូតសមរាត្រី និងពន្លឺពណ៌មាសចាំងលើប្រាង្គប្រាសាទអង្គរវត្ដ។
លោកបានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកថា៖ «ព្រះភិក្ខុ ប៉ាង ខាត់ វិរិយបណ្ឌិតោ ព្រះអង្គមានបន្ទូលថា (បើទៅលេងអង្គរវត្ដ ឱ្យសួរថ្មផង)»។
លោក សេធុល បានសរសេរបន្ដថា៖ «ព្រះពុទ្ធសមណគោតម មានព្រះឱវាទថា(សីល សមាធិ បញ្ញា) ត្រូវរក្សាវិន័យត្រូវតាំងចិត្ដឱ្យហ្នឹង និងប្រើបញ្ញា(ជំនឿខ្វះបញ្ញា គឺជាភាពងប់ងុល)»។
លោកបានបន្ថែមថា អ្នកសាងអង្គរវត្ដស្គាល់អំពីដំណើរធម្មជាតិច្បាស់លាស់ ហើយគេប្រើបញ្ញាជាគ្រឹះនៃជំនឿទៅលើភាពអស្ចារ្យនៃធម្មជាតិ។ ប៉ុន្ដែមនុស្សសម័យខ្លះៗ បែរជាមានជំនឿងប់ងុល គ្មានបែប គ្មានបទ។
ក្រោយពីបង្ហាញនូវទស្សនីយភាពប្រាសាទមាស លោក ហុង សំអាត បានបញ្ជាក់ថា នៅថ្ងៃបន្ទាប់ ទី ១៣ ខែសីហា ទិដ្ឋភាពពន្លឺពណ៌មាសចាប់ផ្ដើមប្រែជាស្លេក និងប្រែបន្ដិចម្ដងៗរហូតដល់ទិដ្ឋភាពពន្លឺថ្ងៃធម្មតា។
លោកបានប្រាប់ថា៖ «មួយរយៈក្រោយការបង្ហោះអាល់ប៊ុមនោះ មានភ្ញៀវ ក៏ដូចជាមគ្គុទ្ទេសក៍ទេសចរណ៍នាំភ្ញៀវទៅមើលមួយចំនួនដែរ តែមិនច្រើនទេ ពីព្រោះភ្ញៀវភាគច្រើន ឬមគ្គុទ្ទេសក៍នាំភ្ញៀវទៅមើលថ្ងៃរះខាងមុខប្រាសាទ ជាទីតាំងធ្លាប់មើលរាល់ដង។ បន្ទាប់ពីថ្ងៃនោះមក ពន្លឺព្រះអាទិត្យមិនសូវរះ ឬមានពន្លឺស្រឡះល្អនោះទេ»។
ក្រៅពីទិដ្ឋភាពកម្រៗប្រចាំឆ្នាំ ដូចជា បាតុភូតសមរាត្រី ដែលកើតឡើង ១ ឆ្នាំ ២ ដង នៅក្នុងខែមីនា និងខែកញ្ញា ក៏ដូចជា ពន្លឺពណ៌មាសចាំងជះលើកំពូលប្រាសាទអង្គរវត្ដ តំបន់បរិវេណអង្គរត្រូវបានកែលម្អលើកសម្រស់ដើម្បីទាក់ទាញភ្ញៀវទាំងជាតិ និងអន្ដរជាតិ សម្រាប់ឱកាសបើកប្រទេសឡើងវិញតាំងពីខែវិច្ឆិកា ឆ្នាំ ២០២១។
បរិវេណខាងក្រៅប្រាង្គប្រាសាទ ត្រូវបានដាំដើមឈើតូចធំដើម្បីជាម្ហប់ និងសម្រស់អមដោយកម្រាលព្រំបៃតងធម្មជាតិ ខណៈបរិវេណខាងក្នុងប្រាង្គប្រាសាទក៏រំលេចនូវវាលស្មៅបៃតងខួបប្រាំង ខួបវស្សានិងស្រះទឹកបុរាណជាទីឋានគយគន់ថ្ងៃរះ ជាអ្វីដែលអាជ្ញាធរជាតិអប្សរារៀបចំឡើងសម្រាប់ស្វាគមន៍ភ្ញៀវរាល់ថ្ងៃ៕