​កំពង់ធំៈ មន្ត្រី​អាវុធហត្ថ ​២ ​នាក់ ក្នុងចំណោម​ ១២​ នាក់ ត្រូវបាន​​ឃាត់ខ្លួន បន្ទាប់ពី​ក្រុមការងារ​ចំពោះ​កិច្ច​នៃ​បញ្ជាការដ្ឋាន​​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ចុះ​ស៊ើបអង្កេត កាលពី​ថ្ងៃទី ​៩ ខែសីហា ពាក់ព័ន្ធ​នឹង​ការស្លាប់​បុរស​ម្នាក់​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​ល្បែង​ជល់​មាន់ និង​ល្បែង​ឡូតូ​តាម​អន​ឡាញ កាលពី​ថ្ងៃទី​ ៧ សីហា នៅ​ភូមិ​រូង ឃុំ​ក្រវ៉ា ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ខណៈ​គ្រួសារ​បុរស​​រងគ្រោះ​ត្រៀម​ដាក់​បណ្តឹងទាមទារ​សំណង​ ១០ ​ម៉ឺន​ដុល្លារ​។​

​អ្នកនាំពាក្យ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក ​អេង ហ៊ី ប្រាប់​ ភ្នំពេញ​ ​ប៉ុស្តិ៍ ​នៅ​ថ្ងៃទី ​១៦ សីហាថា កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ឃាត់ខ្លួន​មន្ត្រី​អាវុធហត្ថ​ខេត្តកំពង់ធំ​ ២ ​នាក់ បន្ទាប់ពី​ចុះ​​ស៊ើបអង្កេត​ស្រាវជ្រាវ កាលពី​ថ្ងៃទី ​៩ សីហា ឆ្នាំ ​២០២២​។

​មន្ត្រី​ដែល​ត្រូវ​ឃាត់ខ្លួន ទី​១- ឈ្មោះ​ សុខ ម៉េង​ហុង ឋានៈ​អនុ​​សេនីយ៍​ឯក មុខងារ​នាយ​កា​រិ​យា​ល័យ​ព្រហ្មទណ្ឌ និង​ទី​២ ​ឈ្មោះ លុយ តាំង​ឈួ​យ ឋានៈ​អនុសេនីយ៍ឯក មុខងារ​ប្រធាន​អង្គភាព​នគរបាល​យុត្តិធម៌​។​

​លោក​ថ្លែងថា​៖ «​ចំពោះ​ជន ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​នេះ បើតាម​នីតិវិធី​ច្បាប់ ត្រូវ​បញ្ជូនទៅ​តុលាការ​ហើយ​។ នៅ​ថ្ងៃស្អែក​ [​ថ្ងៃទី ​១៧ សីហា​]​ នេះដែរ​ ក៏មាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​ដែរ​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ​»​។​

​បើតាម​សេចក្តីប្រកាស​ព័​ត៌​​មាន​ដែល​បង្ហោះ​លើ​គេហទំព័រ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កាល​ថ្ងៃទី​ ១៥ ខែ សីហា ឆ្នាំ​ ២០២២ របស់លោក​ អេង ហ៊ី អ្នកនាំពាក្យ​​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែល​ ភ្នំពេញ ​ប៉ុស្តិ៍ ​ទទួលបាន​នៅ​ថ្ងៃទី ​១៦ ខែសីហា កង​រាជ​​អាវុធហត្ថ​ជម្រាបជូន​សា​ធារ​ណ​ជន អ្នកសារព័ត៌មាន និង​គ្រួសារ​របស់​សព ឈ្មោះ​ សួង ឌ័​ន ថា ចាប់ពី​ថ្ងៃទី ​៩ ខែសីហា ក្រុមការងារ​ចំពោះ​កិច្ចនៃ​បញ្ជា​​ការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ចុះ​មកដល់​ខេត្តកំពង់ធំ ​ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត​ករណី​ប្រតិបត្តិ​ការបង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​ (​ជល់​មាន់​តាម​អន​ឡាញ​) ​នៅ​ចំណុច​ភូមិ​រូង ឃុំ​ក្រ​វា ស្រុក​បារាយណ៍ ហើយក៏​បាន​បិទ​បញ្ចប់ ការស៊ើបអង្កេត​ស្រាវជ្រាវ​នេះ​។​

​សេចក្តីប្រកាស​ព័ត៌មាន​បន្តថា កាលពី​ថ្ងៃទី ​៧ ខែសីហា កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ បាន​ចុះ​ប្រតិបត្តិការ​ប្រើប្រាស់​កម្លាំង​ចំនួន​ ១៣​ នាក់ និង​មាន​រថយន្ត​ ២​ គ្រឿង ម៉ូតូ​ ១​ គ្រឿង ​ជា​មធ្យោបាយ ដែល​ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក​ សុខ ម៉េង​ហុង ជា​នាយការិយាល័យ​ព្រហ្ម​​ទណ្ឌ និង​លោក​អនុសេនីយ៍ឯក លុយ តាំង​ឈួ​យ ជា​ប្រធាន​​អង្គភាព​នគរបាល​យុត្តិធម៌​។ ក្នុង​ប្រតិបត្តិការ មានការ​សម្រប​​សម្រួល​ផ្លូវច្បាប់​ពី​លោក​សាយ វាសនា ព្រះរាជអាជ្ញារង​អម​​សាលាដំបូង​ខេត្តកំពង់ធំ និង​លោក​ ឃឿន សុ​លាភ ជា​ក្រឡា​​បញ្ជី នៃ​អយ្យការ​អម​សាលា​​ដំបូង​ខេត្តកំពង់ធំ ​ចូលរួម​ក្នុង​កិច្ចប្រតិបត្តិការ​នោះ​ផងដែរ​។

​បើ​យោងតាម​សេចក្តីប្រកាស​​ព័ត៌មាន ក្នុង​ប្រតិបត្តិការ​នោះ​កម្លាំង​ជំនាញ​នគរបាល​យុត្តិធម៌នៃ​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន ​៤ ​នាក់ និង​ចាប់យក​វត្ថុតាង​ម៉ូតូ​ចំនួន ​៦ ​គ្រឿង ទូរទស្សន៍​ចំនួន​ ១ ​គ្រឿង CPU ១ ​គ្រឿង ​បញ្ជូន​ទៅកាន់​បញ្ជាការដ្ឋាន​កង​រាជ​​អាវុធហត្ថ​ខេត្តកំពង់ធំ​។ ប៉ុន្តែ​ក្នុងពេល​កំពុងធ្វើដំណើរ​តាម​​រថយន្ត​ម៉ាក ​Toyota Sienna មាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ សួង ឌ័​ន បានទទួល​មរណ​​ភាព​។ ការស្លាប់​នេះ លោក​វេជ្ជបណ្ឌិត​ សុខ មុន្នី​ឧ​ត្ត​ម បានបញ្ជាក់ថា អ្នកជំងឺ​បាន​ស្លាប់​មុន​ដឹក​ដល់​មន្ទីរពេទ្យបង្អែក​​ស្រុក​បារាយណ៍សន្ទុក​។​

​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ដដែល បាន​ដកស្រង់​របាយ​​ការណ៍​របស់លោក​ ហង្ស ថុល មេបញ្ជាការ​កងរាជអាវុធហត្ថ​​ខេត្តកំពង់ធំ និង​បានឃើញ​គណនី​ហ្វេ​ស​ប៊ុ​ក ឈ្មោះ “Nearadey Din” បាន​បង្ហោះ​ថា​៖ «​ឈ្មោះ សួង ឌ័​ន អាយុ ៤៧ ​ឆ្នាំ វេលា​ម៉ោង ​៥ ​ល្ងាច គាត់​មកពី​ប្រជុំ​វិញ ចៃដន្យ​ភ្លៀង គាត់​ក៏បាន​ជ្រក​ភ្លៀង​នៅ​តូប​កាហ្វេ មិនបាន​ប៉ុន្មាន​ស្រាប់​តែមាន​ប៉េអឹម ចាប់​លោកឪពុក​ខ្ញុំ​ទៅ​សង្កត់​ត្រង់ចំណុច​ក រហូត​គាត់​ដកដង្ហើម​មិន​ចេញ គាត់​ក៏​ស្រែក​ឱ្យគេ​យកទៅ​ពេទ្យ តែ [​បែរជា​] ​គិតថា ពុក​ខ្ញុំ​យក​លេស​ទៅវិញ រហូត​គាត់​ផុតដង្ហើម​លើ​ឡាន​។ អនុវត្ត​ច្បាប់ តែ​គ្មាន​ទំនួល​ខុសត្រូវ អយុត្តិធម៌​ណាស់ សម្រាប់​គ្រួសារ​ខ្ញុំ ជួយ​រក​យុ​ត្តិ​ធម៌​ឱ្យ​ខ្ញុំ​ផង​។ គាត់​ជាម​នុស្ស​ស្លូតត្រង់​ស្រឡាញ់​គោរព​អ្នក​ភូមិ អ្នកណា​ក៏​ស្រឡាញ់​ចូល​​ចិត្ត​គាត់​គ្រប់គ្នា​»​។

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន បន្ទាប់ពី​មាន​ភាពមិនប្រក្រតី​នេះ​កើតឡើង គឺ​នៅ​ថ្ងៃទី​ ៩ ខែ សីហា ឆ្នាំ ​២០២២ នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កង​រាជ​អាវុធ​​ហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ដើម្បី​ធ្វើការ​ត្រួតពិនិត្យ ស្រាវជ្រាវ​បាតុភាព​មិន​ប្រក្រតី ក្នុងការ​​ប្រតិបត្តិ​តួនាទី​ភារកិច្ច ពាក់ព័ន្ធ​នឹង​ករណី​យោធិន នៃ​កង​រាជ​​អាវុធហត្ថ​ខេត្តកំពង់ធំ​។ ក្រោយពីក្រុមការងារ​ចំពោះ​កិច្ច​បានធ្វើ​​ការស្រាវជ្រាវ​ស៊ើបអង្កេត​តាម​នីតិវិធី​រួចមក មន្ត្រីនគរបាល​យុត្តិធម៌​បាន​សុំ​គោលការណ៍​ឃាត់ខ្លួន​យោធិន​កង​រាជ​អាវុធ​ហត្ថ​ខេត្តកំពង់ធំ ដែល​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​អំពើ​ល្មើស ឈ្មោះ សុខ ម៉េង​ហុង ជា​នាយ​កា​រិ​យា​​ល័យ​ព្រហ្មទណ្ឌ និង​ឈ្មោះ​ លុយ តាំង​ឈួ​យ ជា​ប្រធាន​អង្គភាព​​នគរបាល​យុត្តិធម៌​។​

​ពាក់ព័ន្ធ​នឹង​ការឃាត់ខ្លួន​មន្ត្រី​អាវុធហត្ថ ​២ ​នាក់​នេះ កញ្ញា​ ឌិន នារ​តី ជា​កូនស្រី​របស់​បុរស​ស្លាប់​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍ ​តាម​ទូរស័ព្ទថា ព័ត៌មាន​ដែលថា មានការ​​ឃាត់ខ្លួន​សមត្ថកិច្ច​ក​ង​រាជ​អា​វុ​ធ​ហត្ថ​ខេត្តកំពង់ធំ គឺជា​កិច្ចការ​មួយ​ផ្តល់​យុត្តិធម៌​ដល់​គ្រួសាររបស់​នាង ប៉ុន្តែ​អ្វីដែល​ធ្វើឱ្យ​ក្រុម​គ្រួសារ​នាង​នៅតែ​សោកស្តាយ គឺ​ការបាត់​បង់ជីវិត​ឪពុក​ជាទី​ស្រ​ឡាញ់​របស់​នាង និង​ម្តាយ​នាង​ត្រូវ​បាត់បង់​ប្តី​ដ៏​ល្អ​របស់គាត់​។​

​កញ្ញា​នារ​តី​បាន​និយាយថា​៖ «​ម្តាយ​ខ្ញុំ ក៏ដូចជា​កូនៗ​ដែរ គឺ​ពឹង​ផ្អែកលើ​ឪពុក​ខ្ញុំ​ជា​ជំហរ ហើយ​រឿងនេះ​ខ្ញុំ​គិត​គ្នា​ក្នុង​គ្រួសារ​ថា នឹងដាក់​ពាក្យបណ្តឹងទាមទារ​សំណង​ជំងឺ​ចិត្ត ​១០ ​ម៉ឺន​ដុល្លារ​ពី​ជនបង្ក​»៕

វីដេអូ៖