
ពិធីរៀបចំបញ្ចប់ការសិក្សាមួយនៅសាលាអាយលីដអន្តរជាតិ កាលពីថ្មីៗនេះ។ រូបថត សហការី
ភ្នំពេញៈ សាលាអាយលីដអន្តរជាតិជាសាលាសហគ្រាសសង្គមដែលផ្ដល់ការអប់រំខ្ពស់ដល់កុមារតូចទាំងថ្នាក់មត្តេយ្យ និងបឋមសិក្សាដោយមានទាំងកម្មវិធីសិក្សាជាតិ និងអន្តរជាតិ និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរកប្រាក់ចំណូលជួយដល់ថ្នាក់មត្តេយ្យសហគមន៍ជាង ៤០ ដោយមិនគិតប្រាក់កម្រៃក្នុងខេត្តចំនួន ៧ រួមមាន ខេត្តកណ្តាល, កែប, តាកែវ កំពត សីហនុ កោះកុង និងព្រៃវែង។
សាលាអាយលីដអន្តរជាតិត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៥ និងទទួលបានការឧបត្ថម្ភធំដោយអង្គការ Action Education ហើយការបង្កើតថ្នាក់មត្តេយ្យដោយមិនគិតប្រាក់កម្រៃនៅតាមខេត្តទាំង ៧ នេះ ក៏ជាគំនិតផ្ដួចផ្ដើម និងគាំទ្រដោយអង្គការ និងមានការអនុវត្តដោយសាលាអាយលីដផ្ទាល់។
លោក អ៊ុន ស៊ីរ៉ែន អ្នកសម្របសម្រួលសាលា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា៖ «យើងបានបង្កើតសហគ្រាសសង្គមដើម្បីការអប់រំដោយមាន ៣ អង្គភាព ក្នុងនោះគឺសាលារៀនអាយលីដអន្តរជាតិជាអ្នករកប្រាក់ចំណូល, មជ្ឈមណ្ឌលសហគមន៍អាយលីដ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលអាយលីដ ជាអង្គភាពបំប៉នគ្រូ»។
សាលាបានចូលរួមក្នុងភាពជាដៃគូជាមួយ Learning Alliance ក្នុងការកសាង និងជួសជុលសាលាមត្តេយ្យសហគមន៍ចំនួន ៤១ ហើយបន្ទប់សិក្សាចំនួន ៤៥ ត្រូវបានជួសជុលឡើងវិញក្នុងឆ្នាំសិក្សា ២០២១-២០២២។ រីឯសិស្ស ៦ ៥០០ នាក់ ទទួលបានសម្ភារសិក្សា និង ១ ៧៥០ នាក់ ទទួលបានអាហារូបករណ៍សម្រាប់ការសិក្សា។
លោក ស៊ីរ៉ែន បានបន្ថែមថា សាលាបានផ្តល់ឱ្យសិស្សនូវសុវត្ថិភាព, បរិស្ថានសិក្សាសប្បាយរីករាយ,គ្រូជនជាតិដើមនិយាយភាសាអង់គ្លេស មានបទពិសោធបង្រៀនច្រើនឆ្នាំ និងយល់ដឹងពីបរិបទសង្គមនៅកម្ពុជាបានល្អ ដោយអនុវត្តតាមគោលវិធីសាស្ត្រមជ្ឈមណ្ឌល Child Center Methodology ទាំងកម្មវិធីសិក្សាជាតិ។
សាលានេះ ទទួលយកសិស្សចាប់ពីអាយុ ២ ឆ្នាំឡើង សម្រាប់កម្រិតមត្តេយ្យ និងបឋមសិក្សាដោយមានគម្រោងកម្រិតមធ្យមសិក្សាបន្ថែមទៀត។
អ្នកសម្របសម្រួលសាលាវ័យ ៦៧ ឆ្នាំរូបនេះឱ្យដឹងដែរថា សាលាអាយលីដបានរួមចំណែកជួយដល់ថ្នាក់សហគមន៍ដូចជា៖ «កសាងបណ្តាញសាមគ្គីភាពទីក្រុង និងជនបទ ដោយមាតាបិតានៅទីក្រុងជួយឧបត្ថម្ភដល់កុមារនៅតំបន់ជនបទ ផ្តល់ជូនប្រាក់ឧបត្ថម្ភដល់គ្រូសហគមន៍ ជួយបំប៉នសមត្ថភាពគ្រូ និងផ្តល់ជូនសម្ភារសិក្សាដល់គ្រូ ទាំងគ្រូសហគមន៍ និងគ្រូសាលារដ្ឋរហូតដល់គ្រូថ្នាក់ទី១ និងថ្នាក់ទី២ ទៀតផង»។
ក្រៅពីនោះប្រាក់ចំណូលរបស់អាយលីដក៏ត្រូវបានប្រើប្រាស់ ដើម្បីផ្តល់អាហារដល់កុមារចំនួន ២០០ នាក់ជារៀងរាល់ថ្ងៃ ខណៈដែលមួយចំនួន ត្រូវបានប្រើប្រាស់សម្រាប់សាងសង់កន្លែងលាងដៃចំនួន ១៦៥ សម្រាប់ពួកគេ។
រៀបរាប់ពីភាពពិសេសរបស់សាលាអាយលីដ លោកថា៖ «ក្រៅពីជាសាលាសហគ្រាសសង្គមមិនយកកម្រៃ គឺមានទំនាក់ទំនងនិងធ្វើការជាមួយសហគមន៍, ជាអ្នកបណ្តុះបណ្តាលគ្រូ, ផ្តល់ឱកាសដល់និស្សិតដែលកំពុងបន្តការសិក្សាមានលទ្ធភាពទទួលការងារ, គ្រូជនជាតិដើមនិយាយភាសាអង់គ្លេស និងមានបទពិសោធយូរឆ្នាំ, សិស្សមានចំនួនតិចជាង ១៥ នាក់ អាចគ្រប់គ្រងបានដោយគុណភាព ហើយក៏ជាសមាជិក Learning Alliance ដែលផ្តោតលើការអប់រំកុមារតូច,មានការទទួលស្គាល់ ព្រមទាំងសហការជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ»។
កាលពីចុងខែកក្កដាថ្មីៗនេះ សាលាបានធ្វើពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ឆ្នាំសិក្សាជូនសិស្សានុសិស្សនៃសាលាអាយលីដអន្តរជាតិ និងសាលាមត្តេយ្យសហគមន៍គោលដៅ និងប្រគល់សម្ភារសិក្សាសម្រាប់កុមារមានសេចក្ដីត្រូវការពិសេស និងមានពិការភាពនៅសាលារៀនទន្សាយ និងប្រគល់សម្ភារបង្រៀនជូនគ្រូមត្តេយ្យសហគមន៍។ក្នុងនោះមានអ្នកចូលរួមជាច្រើន រួមទាំងលោកស្រី ឃុន រចនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាលោក វន សំភាស់ នាយកអង្គការ Action Education ប្រចាំប្រទេសកម្ពុជា និងជាប្រធានសហគ្រាសសង្គមអាយលីដ ដើម្បីការអប់រំ,តំណាងពីសាលាសហគមន៍មាតាបិតា និងអាណាព្យាបាលសិស្ស,លោកគ្រូអ្នកគ្រូ គណៈគ្រប់គ្រង និងសិស្សានុសិស្សនៃសាលាអាយលីដអន្តរជាតិ ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិសរុបទាំងអស់ចំនួន ៣២៧ នាក់។
លោក វន សំភាស់ បានមានប្រសាសន៍ក្នុងកម្មវិធីនោះថា៖«យើងរួមគ្នាធ្វើឱ្យការរៀនសូត្រពោរពេញដោយការលើកទឹកចិត្ត ការចូលរួម និងភាពសប្បាយរីករាយ កសាងពិភពលោកដ៏អស្ចារ្យមួយសម្រាប់កុមារក្នុងការលូតលាស់ និងរីកចម្រើន។ យើងត្រូវដាំដុះជំនាញវិជ្ជាជីវៈហើយបង្រៀនពួកគេឱ្យរៀបចំខ្លួននិងអប់រំឱ្យរស់នៅដោយសុខដុមរមនា ឯករាជ្យ ការទទួលខុសត្រូវ និងដោយសេចក្តីថ្លៃថ្នូរ»។
លោកស្រី ឃុន រចនា បានថ្លែងដែរថា៖ «សាលាអាយលីដ មិនរកប្រាក់ចំណេញទេ ព្រោះវាប្រើប្រាស់ប្រាក់ចំណូលទាំងអស់របស់ខ្លួន ដើម្បីចំណាយលើគម្រោងដែលគាំទ្រកុមារងាយរងគ្រោះ និងយុវជនក្នុងសហគមន៍ជនបទ។គំនិតផ្តួចផ្តើមនេះភ្ជាប់កុមារដែលកំពុងសិក្សានៅតំបន់ជនបទទៅកាន់អ្នកដែលរស់នៅក្នុងទីក្រុងដោយបង្រៀនពួកគេឱ្យចេះជួយគ្នា និងរស់នៅជាមួយគ្នាដោយសុខដុមរមនា» ។
អ្នកស្រី ស្រ៊ឺ គៀវ ជាអ្នកគ្រូសហគមន៍ខេត្តកណ្ដាលដែលបង្រៀនថ្នាក់មត្តេយ្យពីអាយុ ៣-៥ ឆ្នាំ ក៏បានចែករំលែកពីចំណាប់អារម្មណ៍និងបទពិសោធខ្លះៗ ដែលបានចូលរួមជាមួយសាលាមត្តេយ្យអាយលីដតាំងពីចុងឆ្នាំ ២០១៦។
អ្នកគ្រូថ្លែងថា ពីមុនមក អ្នកគ្រូនៅតែផ្ទះ តែក្រោយពីបានទៅរៀននៅអង្គការផ្សេងៗដែលគេបង្រៀនពីអ្វីដែលអាចជួយសហគមន៍ ព្រោះសហគមន៍មានអំពើហិង្សា ជក់គ្រឿងញៀនច្រើន អ្នកគ្រូក៏មានគំនិតជួយបណ្ដុះក្មេងពីតូចៗដោយហៅក្មេងមកជួយបង្រៀននៅផ្ទះមិនយកលុយ។
អ្នកគ្រូបន្តថា៖ «ក្រោយមកក៏មាននាយកសាលាអាយលីដជួយជាសម្ភារសិក្សា។ និយាយទៅខ្ញុំស្រឡញ់ និងចូលចិត្តទាំងការបង្រៀន និងក្មេងៗ ព្រោះខ្ញុំចង់ឱ្យសហគមន៍យើងចៀសផុតពីភាពល្ងង់ ពីគ្រឿងញៀន និងអំពើហិង្សា។ពេលបានមកបង្រៀននៅអាយលីដនេះ វាបានជួយជីវភាពខ្ញុំឱ្យល្អប្រសើរជាងមុន ហើយក៏រីករាយដែលទទួលបានកត្តិយស ការគាំទ្រពីឪពុកម្ដាយសិស្ស»។
រីឯអ្នកស្រី សួង សុខា ដែលមានកូនស្រីឈ្មោះ ថេត ទេពី អាយុ ៦ ឆ្នាំ រៀននៅខេត្តកណ្ដាល ហើយទើបតែទទួលបានវិញ្ញាបនបត្របញ្ចប់ឆ្នាំសិក្សា ក៏បានរៀបរាប់ពីភាពប្លែកនៃការចេះដឹងរបស់កូនផងដែរ។
អ្នកស្រីថា៖ «ពេលទៅរៀននៅសាលាខ្ញុំឃើញគាត់មានអារម្មណ៍ល្អស្រស់ស្រាយហើយស្ដាប់បង្គាប់។ ម្យ៉ាងអ្នកគ្រូគាត់យកចិត្តទុកដាក់បង្រៀនកូនខ្ញុំណាស់។ គាត់ពូកែកំប្លុកកំប្លែងធ្វើឱ្យកូនខ្ញុំមានចិត្តចង់រៀនហើយក៏យល់ដឹងបានច្រើនដែរ។ កូនខ្ញុំរៀនមិនអស់ប្រាក់អ្វីទេខ្ញុំពិតជាអរគុណដល់អង្គការ និងគ្រូៗដែលបានខិតខំបង្រៀនកូនខ្ញុំ»។
លោក ស៊ីរ៉ែន បន្ថែមដែរថា៖ «សូមមាតាបិតាជួយសហគ្រាសសង្គមអាយលីដដើម្បីការអប់រំតាមរយៈការនាំកូនចៅចុះឈ្មោះចូលរៀននៅសាលាអាយលីដអន្តរជាតិ ព្រោះបានជួយដល់សហគមន៍នៅជនបទដាច់ស្រយាល។ សាលានឹងព្យាយាមស្រាវជ្រាវវិធីសាស្ត្របង្រៀន និងផ្តល់ជូនការបណ្តុះបណ្តាលគ្រូដើម្បីភាពទាន់សម័យសម្រាប់តម្រូវការនៃយុគសម័យទំនើបយើងនេះ។ សាលាសូមអរគុណចំពោះការជឿ និងទុកចិត្តរបស់មាតាបិតាសិស្សមកដល់សាលា»៕