
លោក កឹម សុខា (កណ្ដាល)ក្នុងពេលចូលរួមសវនាការនៅសាលាដំបូង រាជធានីភ្នំពេញកាលពីខែមករា ។ ហុង មិនា
ភ្នំពេញៈ តំណាងអយ្យការនៃសាលាដំបូងរាជធានីភ្នំពេញបានដាក់ភ័ស្តុតាងបន្ថែមដើម្បីដាក់បន្ទុកលើ លោក កឹម សុខាអតីតប្រធានគណបក្សសង្គ្រោះជាតិក្នុងសំណុំរឿងសន្ទិដ្ឋិភាពជាមួយរដ្ឋបរទេស ឬត្រូវរ៉ូវជារដ្ឋបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ប៉ុន្តែសហមេធាវីរបស់លោក កឹម សុខា មិនសប្បាយចិត្តចំពោះការដាក់ភ័ស្តុតាងបន្ថែមនេះទេ។
លោក ចាន់ ចេន សហមេធាវី ១ រូប របស់លោក កឹម សុខា ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ក្រោយបញ្ចប់សវនាការលើកទី៥២ កាលពីថ្ងៃទី ១៧ ខែសីហាថា សវនាការលើកនេះមិនជឿនលឿនទៅមុខទេ ព្រោះតំណាងអយ្យការបានដាក់ភ័ស្តុតាងបន្ថែមលើសំណុំរឿងនេះ ។
លោកបន្តថា តំណាងអយ្យការក៏បានបញ្ជាក់ថា នឹងដាក់ភ័ស្តុតាងបន្ថែមជាបន្តបន្ទាប់ទៀត នៅពេលណាមានភ័ស្តតាងថ្មី។ លោកចាត់ទុកថា ការដាក់ភ័ស្តុតាងបន្ថែមថ្មីនេះ មិនទាក់ទងទៅនឹងករណីកូនក្តីរបស់លោក គឺលោក កឹម សុខា នោះទេ ។
លោកថ្លែងថា៖ «សហមេធាវីក៏ដូចជាកូនក្តី យើងយល់ថា ការដាក់ភ័ស្តុតាងបន្ថែមនេះគឺជាការអូសបន្លាយពេលវេលា ចំពោះ ឯកឧត្តម កឹម សុខា វាចូលជិត៥ឆ្នាំហើយនិងមិនដឹងថាចប់នៅពេលណាទេ »។
លោកបញ្ជាក់ទៀតថា តាមរយៈការសិក្សានិងប្រវត្តិសាស្ត្ររបស់កម្ពុជាមិនដែលមានឃើញតំណាងអយ្យការណាមួយបន្ថែមភ័ស្តុតាងនៅពាក់កណ្តាលទីនៃសវនាការបែបនេះទេ។ សំណុំរឿងក្តីរបស់លោក កឹម សុខា ជាប្រវត្តិសាស្ត្រដែលមានតំណាងអយ្យការបន្ថែមភ័ស្តុតាងបែបនេះ និងមានរយៈពេល៥២លើក ដែលមិនទាន់មានការសម្រេចក្ដី។
លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៧ ខែសីហាថា សវនាការលោក កឹម សុខា លើកនេះ ពិភាក្សាលើភ័ស្តុតាងដែលតំណាងអយ្យការបានដាក់បន្ថែមពាក់ពន្ធ័នឹងសម្តី លោក ហូរ វ៉ាន់ និយាយពីបាតុកម្មនៅស្ទឹងមានជ័យ និងនៅកន្លែងផ្សេងទៀតដែលដឹកនាំដោយរូបគាត់។
លោកថ្លែងថា៖ «មេធាវីគាត់ប្រាកដជាមិនពេញចិត្តហើយ ព្រោះភ័ស្តុតាងនោះ វាបានបង្ហាញពីចំណងពាក់ព័ន្ធរវាងកូនក្តីរបស់គាត់ ជាមួយនឹងបាតុកម្ម»។
តាមប្រតិទិនរបស់សាលាដំបូងរាជធានីភ្នំពេញ សវនាការបន្តរបស់លោក កឹម សុខា នឹងធ្វើនៅថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២២៕
វីដេអូ៖