ភ្នំពេញៈ ការ​ប្រកាន់​ខ្ជាប់​ស្ដង់​ដា​ប្រមូល​ឃ្មុំ​ព្រៃ​ប្រក​បដោយ​គុណ​ភាព​និរន្តរ​ភាព​អនាម័យ​ និង​គ្មាន​ជាតិគីមី​ បាន​ធ្វើឱ្យ​សមា​ជិក​សហ​គ្រាស​សហគម​ន៍​ទឹកឃ្មុំ​ចំនួន​ ៣ ​នៃ​សហ​ព័ន្ធ​សហ​គ្រាស​ប្រមូល​ និង​អភិរក្ស​ឃ្មុំ​ព្រៃ​កម្ពុជា ​(CBHE)​ មកពី​តំបន់​ព្រៃ​ខេត្ត​ក្រចេះ ​ព្រះវិហារ​ និង​ស្ទឹង​ត្រែង ​ទទួល​បាន​វិញ្ញាបន​បត្រ​នៃ​ការ​អនុ​លោម​តាម​ពិធីសារ​ និង​ស្ដង់​ដា​ទឹកឃ្មុំ​ព្រៃនៅ​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី​ ១៧ ខែ សីហា​ ឆ្នាំ​ ២០២២​។​

​វិញ្ញា​បន​បត្រ​នេះ​ ត្រូវបាន​ផ្ដល់ជូន​សមា​ជិក​សហ​គ្រាស​សហគ​មន៍​ទឹកឃ្មុំ​ បន្ទាប់​ពី​អ្នក​ជំនាញ​ និង​ក្រុម​សវនកម្ម​ខាង​ក្រៅ​បាន​ទៅធ្វើ​ទស្សន​កិច្ច​ចំនួន​ ២ ​ដង​ ក្រោម​ការ​គាំទ្រ​ពី​គម្រោង USAID ព្រៃ​ឡង់​បៃតង និង​ក្រុម​ហ៊ុន Nature Wild Co.Ltd ដែល​បាន​ផ្ដល់​ការណែ​នាំ​បច្ចេក​ទេស​ព្រម​ទាំង​ការ​គាំទ្រ​ដល់​សមា​ជិក CBHE​។​

​អ្នក​ស្រី ស្រៀ​ង ឈុន​លាង ជា​បេឡាករ​នៅ​សហ​គមន៍​ប្រមូល​ទឹកឃ្មុំ​ព្រៃ​ធម្ម​ជាតិ​សាមគ្គី​ភូមិ​ក្រឡា​ពាស ខេត្ត​ស្ទឹង​ត្រែង ជា​តំបន់​ដែល​ទឹកឃ្មុំ​មាន​ពណ៌​មាស ​ដោយ​សារ​ប្រភេទ​រុក្ខជាតិ​ផ្កា​ដែល​ពួកវា​ក្រេប​។

​អ្នកស្រី​បាន​សម្ដែង​ការ​រីក​រាយ​ដែល​ទទួល​បាន​វិញ្ញា​បន​បត្រ​ស្ដង់ដា​ទឹកឃ្មុំ​ព្រៃក្រោយ​ពី​បាន​បំពេញ​កិច្ចការ​នេះ​រយៈ​ពេល​ប្រមាណ ​៣ ​ឆ្នាំ​។​

​អ្នកស្រី​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍ថា​៖ «​ខ្ញុំ​ជា​អ្នក​ប្រមូល​ការ​វេច​ខ្ចប់​ឱ្យ​ស្អាត​។ដូចជា​មុន​នឹង​វេច​ខ្ចប់​ហ្នឹង​ដូច កាន ​ធុង​ចម្រោះ ស្បៃ​អី យើង​ត្រូវ​ដាំទឹក​ក្ដៅ​ស្រុស ហើយ​យក​មក​ស​ម្ងួ​ត​ហាល​ថ្ងៃ​ឱ្យបាន​ស្អាត ​ទៅ​តាម​ស្ដង់​ដា​មាន​អនាម័យ​ត្រឹម​ត្រូវ​។ការងារ​នេះ​មិន​លំបាក​ប៉ុន្មាន​ទេ តែ​យើង​ត្រូវតែ​ផ្ចិត​ផ្ចង់​ឱ្យ​ស្អាត​»​។​

​វិញ្ញា​បន​បត្រ​ក៏ត្រូវ​បាន​ប្រគល់​ជូន​លោក ​ជួប ជួន មកពី​សហ​គមន៍​ប្រមូល​និង​កែច្នៃ​ឃ្មុំ​ព្រៃ​ដីភ្នំ​ឈើ​ក្រហម ខេត្ត​ព្រះ​វិហារដែល​ល្បី​មាន​ទឹក​ឃ្មុំ​ផ្អែម​មុត​ ក្លិន​ឈ្ងុយ​ស្រាលនិង​ពណ៌​ក្រហម​ក្រមៅ​ជាង​ទឹកឃ្មុំ​ព្រៃ​មកពី​បណ្ដា​ខេត្ត​ដទៃ​។

​ចាប់​ផ្ដើម​ពី​ឆ្នាំ ២០១៨ ​លោក ជួន ដែល​មាន​តួនាទី​ជា​ប្រធាន​ក្រុម​ឃ្មុំ​ព្រៃ​រូ​បនេះ​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ដែល​ខាង​អង្គ​ការ​ NTFP-EP និង​ក្រុម​ហ៊ុន NatureWild បាន​ចុះទៅ​ផ្សព្វ​ផ្សាយ​និង​បង្រៀន​ពួក​ខ្ញុំ​ឱ្យ​ចេះ​ធ្វើ​ទឹក​ឃ្មុំ​ទៅ​តាម​ស្ដង់​ដា​បច្ចេក​ទេស​»​។​

ការតាំងបង្ហាញទឹកឃ្មុំព្រៃនៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន កាលពីថ្ងៃទី ១៧ ខែសីហា។ហេង ជីវ័ន

​ក្រោយពី​ទទួល​បាន​វិញ្ញា​បន​បត្រ​នៃ​ការអនុលោ​ម​តាម​ពិធី​សារ​ និង​ស្ដង់ដា​ទឹកឃ្មុំ​ព្រៃនៅ​រាជ​ធានី​ភ្នំពេញ លោក​គ្រោង​នឹង​ត្រឡប់​ទៅវិញ​ផ្សព្វ​ផ្សាយ​ដល់​សមា​ជិក​សហ​គមន៍​ឱ្យខិត​ខំប្រឹង​ប្រែង​ប្រមូល​ឃ្មុំ​ព្រៃ​ហ្នឹង​ទៅ​តាម​ស្ដង់​ដា​ ដើម្បី​ឱ្យ​លក់​នៅ​លើ​ទីផ្សារ​បាន​តម្លៃ​ខ្ពស់​។

​លោក​បន្ត​ថា​៖ «​ម្យ៉ាង​ទៀត​នៅពេ​លដែល​អតិថិជ​ន​គាត់​ទិញ​យក​ទៅប្រើក៏​គាត់​មាន​ទំនុក​ចិត្ត​ជឿជាក់​លើ​យើង​ដែរ​»​។​

​ក្នុង​ចំណោម​​សមាជិក​សហ​គ្រាស​សហ​គម​ន៍​ទឹកឃ្មុំ​ទាំង ​៣ ​រូប ដែល​ទទួល​បាន​វិញ្ញាបន​បត្រ លោក ​ជា ចាន់​ថន ជា​អនុ​ប្រធាន​ផ្នែក​ទីផ្សារ​នៅ​សហ​គមន៍​វាល​កន្សែង​ខេត្តក្រ​ចេះ បាន​ចូលរួម​ក្រុម​ប្រមូល​ទឹកឃ្មុំ​ព្រៃ​តាំង​ពី​ឆ្នាំ​ ២០១២​។​

​លោក​ ចាន់​ថន បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍ថា​៖ «​ខ្ញុំ​អ្នក​ខាង​ប្រមូល​ទិញ​ទឹកឃ្មុំ ហើ​យ​ឃើញ​អង្គ​ការ​ជួយ​គាំទ្រ​ក្រុម​ប្រមូល​ឃ្មុំ​ព្រៃវា​ល្អ​ដែរ​។ ត្រេកអរ​ណាស់​ដែល​យើង​មាន​ទឹកឃ្មុំ​តាម​ស្តង់​ដា​អ៊ីចឹង​។ ជីវភាព​សហ​គមន៍​គាត់​បាន​រាង​ធូរ​ធារ​ដែរ​»​។

​លោក​ ខន ​សុខុម ប្រធាន CBHE និង​ជា​អ្នក​ប្រមូល​ផល​ទឹកឃ្មុំនិ​ង​អាជីវ​កម្ម​មកពី​ខេត្ត​មណ្ឌល​គិរី សាទរ​ការ​ផ្ដល់​វិញ្ញាបន​បត្រ​បញ្ជាក់​និង​ផ្ទៀង​ផ្ទាល់​សមា​ជិក​ទាំង ​៣ រូបនេះ ​ដែល​បាន​រួម​ចំណែក​ក្នុងការ​ពង្រីក​នូវ​ស្លាក​សញ្ញា​ឃ្មុំ​ព្រៃ​។​

​លោក​បាន​លើក​ឡើង​ថា​៖ «​មក​ទល់​សព្វ​ថ្ងៃនេះ ​ពិធីសារនិ​ង​ស្ដង់​ដា​សម្រាប់​ការ​ប្រមូល​ទឹកឃ្មុំ​ព្រៃ​ប្រកប​ដោយ​និរន្តរ​ភាព​របស់​យើង​នៅតែ​​រក្សា​បាន​ និង​មាន​ភាព​រឹងមាំ​»​។​

​លោក អេ​រីក ហ្គូ​រី​ន (Eric Guerin) អ្នក​ជំនាញ​ការ​ចិញ្ចឹម​ឃ្មុំ​ប្រកប​ដោយ​និរន្តរ​ភាព ​និង​អ្នក​តស៊ូ​មតិ​លើ​កា​រអ​ភិរក្ស​សត្វ​ឃ្មុំ​ដើម ​និង​ជាស​វន​ករ​នៃ​ប្រព័ន្ធ​ធានា​ដោយ​មាន​ការ​ចូល​រួម (PGS) បាន​លើក​ឡើងថា ក្រុម​ទឹក​ឃ្មុំ​ព្រៃ និង​ខ្សែ​ចង្វាក់​តម្លៃ​ទឹកឃ្មុំ បាន​បង្កើត​ទំនាក់​ទំនង​ល្អ​ផ្អែកលើ​ការ​ជឿទុ​កចិត្ត​។

​លោក​​ថា​៖ «​ការ​ផ្ដល់​វិញ្ញា​បន​បត្រ​ឱ្យ​សមា​ជិក ​CBHE ទាំងនេះ ​គឺជា​ការទ​ទួល​ស្គាល់​ក៏ដូច​ជា​លើក​ទឹក​ចិត្ត​ដល់​ពួក​គាត់​ឱ្យ​អនុវត្ត​នូវ​អ្វី​ដែ​រល្អ ដែល​ស័ក្ដិ​សម​នឹង​អ្វីដែល​ពួកគាត់​បានទទួល​»​។​

​ដោយមាន​ជំនួយ​ពី​ដៃគូ​រួម អង្គការ​បណ្ដាញ​អនុផល​ព្រៃឈើនិង​សហគ្រាស​សហគមន៍​កម្ពុ​ជា (NTFP-EP Cambodia) និង​ក្រុមហ៊ុន NatureWild ជា​អន្តរការី​ទីផ្សារ CBHE ត្រូវ​បាន​បង្កើត​ឡើង​រួមជាមួ​យ​ម៉ាក​សញ្ញា​សមូ​ហភា​ព និង​ការដា​ក់ចេ​ញ​ស្ដង់​ដាប​ច្ចេកទេ​ស​ប្រមូល​ទឹក​ឃ្មុំ​ព្រៃ​។​

​ស្តង់ដា​បច្ចេក​ទេស​ប្រមូល​ទឹក​ឃ្មុំ​ព្រៃ​កម្ពុ​ជា​មាន ​៣ ដំ​ណាក់កា​ល​។ នេះ​បើ​យោង​តាម​លោក ម៉េ​ន សុខ​ហេង ជាម​ន្ដ្រី​អភិ​វឌ្ឍន៍​សហ​គ្រាស​សហ​គម​ន៍នៃ​អង្គការ ​NTFP-EP។​

​លោក​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍ ពី​ដំណាក់​កាល​ទី​១ ថា​៖ «​មុន​ពេល​ប្រមូល​សហ​គមន៍​គាត់​ត្រៀម​សម្ភារប្រើ​ប្រាស់​ហ្នឹង​ឱ្យ​មាន​អនា​ម័យ​មាន​ដូច​ជាខ្សែ​ ស្រោម​ដៃ ស្បៃ​សម្រាប់​ច្រោះ ធុង​ស្ប៉េ​ត្រូល ​កាន​សម្រាប់​ច្រក​ទឹក​ឃ្មុំ ទឹ​កស្អាត កាំ​បិត​ឈើ ទុក​ចៀរ​យក​ឃ្មុំ​»​។​

​ក្រុម​ប្រមូល​ឃ្មុំ​ព្រៃ​ត្រូវ​រក្សា​អនា​ម័យ​ដោយ​ងូត​ទឹក​សម្អាត​ខ្លួន​ ស្លៀក​សម្លៀក​បំពាក់​ស្អាត​ជិត​ខ្លួន និង​ចៀស​វាង​ការ​ប្រើ​ក្លិន​ក្រ​អូប​។​

​ដំណាក់​កាល​ទី​២ ​អំឡុង​ពេល​ប្រមូល​ទឹកឃ្មុំ​ព្រៃ​សហ​គមន៍​ត្រូវ​ប្រើ​គប់​ផ្សែ​ងនិង​ចៀស​វាង​ការប្រើ​ថ្នាំពុ​ល ឬ​ភ្លើង​ដេញ​មេ​ឃ្មុំ​។

ការតាំងបង្ហាញទឹកឃ្មុំព្រៃនៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន កាលពីថ្ងៃទី ១៧ ខែសីហា។ហេង ជីវ័ន

​ជំនាញ​រូបនេះ​បាន​ប្រាប់​ពី​បច្ចេក​ទេស​និរន្ត​រភាព​ថា​៖ «​នៅ​ពេល​គាត់​ឡើង​គឺ​គាត់​ចៀរ​យក​តែ ៨០ ​ភាគរយ​នៃ​ក្បាល​ទឹក ​ដើម្បី​រក្សា ២០​ ភាគ​រយ​ទៀត​ឱ្យ​វា​ចិញ្ចឹម​កូន​និង​ពង​ញាស់​​ក្នុង​សម្បុក​ទៀត​»​។​

​ថង់​ប្លា​ស្ទិ​ក​ដែល​ស្អាត​ត្រូវបាន​ប្រើ​សម្រាប់​ដាក់​ក្បាលទឹក​ដែល​ចៀរ​រួច ហើយ​ជំនួស​ឱ្យ​ការ​ពូត​ដោយ​ដៃ ក្បាល​ទឹក​ត្រូវ​បាន​កាត់​ជា​ដុំ​តូចៗ​ឱ្យ​វា​ហូរ​ទឹក​តាម​ដំណើរ​។​

​ដំណាក់​កាល​ទី​៣ ​នៅ​ពេល​ត្រឡប់​ពី​ព្រៃ​មក​ដល់​សហ​គមន៍​ភូមិ​ស្រុក​វិញទឹក​ឃុំ​ត្រូវបាន​ច្រោះ​ហើយ​គណៈ​កម្មការ​ចាប់​ផ្ដើម​ប្រមូល​ព័ត៌​មាន​ពី​តំបន់​ជម្រក​ឃ្មុំ ចំនួន​សម្បុក និង​ប្រភេទ​ដើម​ឈើ​ជា​បង្គង​។

​លោក ​សុខ​ហេង បាន​ឱ្យដឹ​ងថា​៖ «​បន្ទាប់​មក​គណៈ​កម្មកា​រពាក់​ស្រោម​ដៃនិ​ង​ប្រើ​ឧប​ករណ៍​កំហាប់​ជាតិ​ទឹក ផ្ដល់​ចំណាត់​ថ្នាក់​គុណ​ភាព​ទឹក​ឃ្មុំ​ព្រៃ​»​។​

«​ទឹកឃ្មុំ​ព្រៃ​» មាន​ប្រភព​មកពី​ខេត្ត​ចំនួន​៥​នៅ​ប្រទេស​កម្ពុជា​និង​ជា​ស្លាក​សញ្ញា​ដែល​ត្រូវ​បាន​ដាក់ឱ្យ​ដំណើរ​ការ​ក្នុង​ឆ្នាំ​ ២០១០​ ជា​មួយ​លក្ខណ​ពិសេស​នៃ​ការ​ប្រមូល​ផល​ទឹកឃ្មុំ​ប្រកប​ដោយ​និរន្ត​រភាព​ពី​ពពួក​ឃ្មុំ​ធំ ឃ្មុំ​ចង្អេរ ឬ​ឃ្មុំ​ស្លឹក​ត្រចៀក​ដំរី ដែលមា​ន​នៅ​ក្នុង​ព្រៃ​ធម្ម​ជាតិ ​ដូចជា​ព្រៃ​កោង​កាង ព្រៃ​តំបន់​ដីសើម និង​ព្រៃ​តំបន់​ភ្នំ ជា​ពិសេស​នៅ​ក្នុង​តំបន់​ព្រៃ​ការ​ពារ ឬ​ព្រៃ​សហ​គមន៍​។​

​សហគ​មន៍​តំបន់​ការពារ​ធម្មជាតិ​ដែល​ត្រូវ​បាន​បង្កើត​ឡើង ​និង​ទទួល​ស្គាល់​ដោយ​ក្រសួង​បរិស្ថាន​បាន ​និង​កំពុង​ដើរតួ​នាទី​យ៉ាង​សំខាន់​ជា​របង​ក្នុងការ​ការពារ​តំបន់​ការពារ​ធម្មជាតិ​ឱ្យ​កាន់​តែមាន​ភាព​ល្អប្រសើរ​។

​លោក ​នេត្រ ភក្ត្រា អ្នក​នាំពា​ក្យ និង​ជា​រដ្ឋលេខាធិ​ការ​ក្រសួង​បរិស្ថាន​បាន​ឱ្យដឹង​ថា គិត​ត្រឹម​ខែ​ឧសភា ឆ្នាំ​ ២០២២ ​សហ​គមន៍​តំបន់​ការពារ​ធម្មជាតិ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ទូទាំង​ប្រទេស​កម្ពុ​ជា​មាន​ចំនួន ១៨២ ​ដែល​មាន​ការ​ចូល​រួម​ពី​ប្រជា​ពលរដ្ឋ​ចំនួន​ ៥៥ ៤៤៦ ​គ្រួសារ​ នៅក្នុ​ង ៣៣៥ ​ភូមិ ក្នុង​ ១០៨ ឃុំ ក្នុង​ ១៦​ ខេត្ត និង​ចូលរួម​គ្រប់​គ្រង​អភិ​រក្ស​លើ​ផ្ទៃដី​ព្រៃ​ចំនួន ​៣០៩ ៤៦៣ ​ហិកតា​។

​លោក​បាន​លើក​ឡើង​ថា​៖ «​អ្វី​ដែល​យើង​ទាំង​អស់​គ្នា​បាន​ធ្វើ​លើ​ការ​បង្កើន​ជីវភាព​ប្រជា​ពលរដ្ឋ​ កា​ត់ផ្តាច់​ការ​ពឹង​អា​ស្រ័យ​ទាំង​ស្រុង​លើ​ធម្ម​ជាតិ​គឺជា​ដំណើរ​ដ៏​ត្រឹម​ត្រូវ​មួយ ​ហើយ​ការ​បង្កើត​ជម្រើស​មុខរបរ​ថ្មី បង្កើន​ជីវភាព​ពលរដ្ឋ​នៅ​ក្នុង​តំបន់​សហ​គម​ន៍គឺជា​យុទ្ធ​សាស្ត្រ​ដំណោះ​ស្រាយ​ដ៏​មាន​ប្រសិទ្ធ​ភាព​សម្រាប់​ការ​អភិ​រក្ស​ធន​ធាន​ធម្មជាតិ​របស់​កម្ពុជា​»​។​

​របាយ​ការណ៍​អភិវ​ឌ្ឍន៍​មនុស្ស​ចេញ​ឆ្នាំ ២០១៩ ​របស់​អ​ង្គការ​សហ​ប្រជាជាតិ​សម្រាប់​កម្ពុជាបា​ន​លើក​ទិន្ន​ន័យ​ឆ្នាំ​ ២០១៤ ​ថា គ្រួសារ​ជន​បទ​កម្ពុជា​ប្រ​ហែល ៣​១ ០០០​ គ្រួ​សារ បាន​ចូលរួម​ក្នុង​ការ​ប្រមូល​ទឹកឃ្មុំ​ព្រៃ ដែល​សកម្ម​ភាព​នេះ រួម​ចំណែក​យ៉ាង​ហោច​ណាស់​ ៤០ ​ភាគ​រយ​នៃ​ប្រាក់​ចំណូល​គ្រួសារ​។

​ការ​ប៉ាន់​ប្រមាណ​ទីផ្សារ​ជាតិ​សរុប​នៃ​ទឹក​ឃ្មុំ​ព្រៃ​គឺ​ ៥០០​ តោន ​ក្នុង​ ១ ​ឆ្នាំ​ ដោយ​ក្នុង​នោះ​ផ្នែក​នៃ​ទីផ្សារ​តម្លៃ​ខ្ពស់ ​និង​ទីផ្សារ​ភ្ញៀវ​ទេស​ចរមាន​ចំណែក​ពី​ ៥៥ ទៅ​ ៧៥ ​តោន​ ក្នុង​ ១​ ឆ្នាំ​ ដែល​ស្មើនឹ​ង​ទឹក​ប្រាក់​ ៣,២ ​លាន​ដុល្លារ​៕