
គ្រូបង្រៀននៅវិទ្យាល័យព្រះស៊ីសុវត្តិ រាជធានីភ្នំពេញ។ ហេង ជីវ័ន
ភ្នំពេញៈ គ្រូបង្រៀនក្របខ័ណ្ឌរដ្ឋនៅទូទាំងប្រទេសចាប់ពីឆ្នាំ ២០២៣ តទៅ នឹងទទួលបានប្រាក់បៀវត្សរ៍ប្រចាំខែ ១ លាន ៥ សែនរៀល ក្នុង ១ ខែ យ៉ាងតិច។ នេះបើតាមលោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា។
លោក រស់ សុវាចា ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងអប់រំ យុវជន និងកីឡា» រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅទីស្ដីការគណៈរដ្ឋមន្ដ្រី កាលពីថ្ងៃទី ១៦ ខែសីហាថា ក្រសួងអប់រំ យុវជន និងកីឡា បាននឹងបន្តលើកកម្ពស់គុណភាពនិងជីវភាពគ្រូបង្រៀនដោយបន្តដំឡើងប្រាក់ខែជូនគ្រូបង្រៀនតាមលទ្ធភាពរបស់រាជរដ្ឋាភិបាល។
លោកថ្លែងថា ប្រាក់ខែគ្រូបង្រៀននៅឆ្នាំ ២០១៥ គឺចន្លោះជាង ៥ សែនរៀល ដល់ ១ លាន ២ សែនរៀល។ ប្រាក់ខែគ្រូបង្រៀននៅឆ្នាំ ២០២២ គឺចន្លោះ ១ លាន ២ សែនរៀល ដល់ ២ លាន ១ សែនរៀល។
លោកបន្តថា៖ «សម្តេចតេជោ [ហ៊ុន សែន] នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូនមហាជនរួចមកហើយថា ចាប់ពីដើមឆ្នាំ ២០២៣ តទៅ ប្រាក់ខែគ្រូបង្រៀនគឺមានចំនួន ១ លាន ៥ សែនយ៉ាងតិច»។
លោក សុវាចា បញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បាននឹងបន្តធ្វើការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធ ដើម្បីពិនិត្យលទ្ធភាពបន្តបង្កើនប្រាក់ខែរបស់គ្រូបង្រៀន។
លោក សុវាចា បញ្ជាក់ថា សមិទ្ធផលរយៈពេល ៥ ឆ្នាំកន្លងមក ដែលក្រសួងអប់រំ យុវជន និងកីឡា សម្រេចបាន បានមកពីការដាក់ចេញនូវយុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា ២០១៨-២០២៣។
លោកថ្លែងថា៖ «ក្នុងអាណត្តិទី៦ នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានដាក់ចេញយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដោយ បានចាត់ទុកការអភិវឌ្ឍធនធានមនុស្ស ជាអាទិភាពទី១»។
លោកបន្តថា ក្រសួងអប់រំ យុវជន និងកីឡា ប្តេជ្ញាសម្រេចឱ្យបាននូវមុំទី១ ស្តីពី «ការពង្រឹងគុណភាពអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា» ដោយផ្តល់អាទិភាពលើ៧ចំណុចក្នុងនោះមានទី១ ការយកចិត្តទុកដាក់លើគ្រូបង្រៀន ទី២ ការពង្រីកវិសាលភាពសាលារៀនគ្រប់កម្រិត ទី៣ ការពង្រឹងអធិការ កិច្ចគ្រប់ជ្រុងជ្រោយលើការគ្រប់គ្រងសាលារៀន ទី៤ ការជំរុញការអប់រំបច្ចេកទេសនៅមធ្យមសិក្សាទុតិយភូមិ ទី៥ ការអប់រំបំណិនឱ្យស្របតាមទីផ្សាការងារ ទី៦ ការអភិវឌ្ឍកម្មវិធីសិក្សា និងសៀវភៅសិក្សាគោលគ្រប់ជ្រុងជ្រោយ និងទី៧ ការត្រៀមប្រកួតកីឡាស៊ីហ្គេមឆ្នាំ ២០២៣។
លោកបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡាបានធ្វើមូលដ្ឋាននីយកម្មគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ស្តីពីការអប់រំឆ្នាំ ២០៣០ និងផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០១៩-២០២៣ ដែលមានគោលនយោបាយចំនួន ២ គឺទី១ ការធានាការអប់រំគុណភាពប្រកបដោយសមធម៌ បរិយាប័ន្ន និងលើកកម្ពស់ឱកាសក្នុងការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា និង ទី២ ធានាភាពស័ក្តសិទ្ធនៃភាពជាអ្នកដឹកនាំនិងគ្រប់គ្រងរបស់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់។
ក្រសួងអប់រំ យុវជន និងកីឡាបានដាក់ចេញទិសដៅអាទិភាពសម្រាប់ពេលខាងមុខតាមរយៈអាទិភាពកំណែទម្រង់ ៨ ចំណុច ដើម្បីបន្តឈានទៅសម្រេចគោលដៅចក្ខុវិស័យកម្ពុជានៅឆ្នាំ ២០៣០ និងឆ្នាំ ២០៥០ ក៏ដូចជាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជាដោយប្ដេជ្ញាចិត្ដយ៉ាងមុតមាំក្នុងការអភិវឌ្ឍធនធានមនុស្ស និងភាពជាពលរដ្ឋសកលឱ្យឆ្លើយតបនឹងបរិបទនៃការអភិវឌ្ឍកម្ពុជា។
នៅក្នុងទិសដៅអាទិភាពទី២ ការអភិវឌ្ឍគូបង្រៀន តាមរយៈកំណែទម្រង់គ្រឹះស្ថានលោក សុវាចា បញ្ជាក់ថា គ្រូបង្រៀន គឺជាបេះដូងនៃប្រព័ន្ធអប់រំ។ គ្រូបង្រៀន គឺជាកម្លាំងជួរមុខនៃវិស័យអប់រំ។ ដូចនេះ គ្រូបង្រៀនសតវត្សរ៍ទី២១ ត្រូវប្រកបដោយស្តង់ដាវិជ្ជាជីវៈខ្ពស់ តាមរយៈការធ្វើកំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្ដាលគ្រូ ដែលផ្តោតលើការកែលម្អកម្មវិធីបណ្តុះបណ្តាល និងវិក្រឹតការគ្រូ។ ការអភិវឌ្ឍសមត្ថភាព វិជ្ជាជីវៈគ្រូឧទ្ទេសខាងផ្នែកខ្លឹមសារមេរៀន, គរុកោសល្យ និងវិធីសាស្ត្របង្រៀនសម្បូរបែប និងការប្រើប្រាស់ បច្ចេកវិទ្យាក្នុងការបង្រៀន។ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ស្របតាមបច្ចេកវិទ្យាថ្មីៗ បណ្ណាល័យ និងសម្ភារ ឧបទេសទំនើបសម្បូរបែប។ ការអភិវឌ្ឍភាពជាអ្នកដឹកនាំគ្រប់គ្រង។ ការផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការ អនុវត្ត កម្មវិធីសិក្សាគរុកោសល្យ និងការធានាគុណភាពនៃការបណ្ដុះបណ្ដាល៕