
កញ្ចប់គ្រឿងញៀនដែលសមត្ថកិច្ចចាប់បានកាលពីថ្ងៃទី ១៦ សីហា ជាមួយនឹងជនសង្ស័យជាតិចិន ៥ នាក់។ រូបថត ប៉ូលិស
ព្រះសីហនុៈ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយកម្លាំងនគរបាលការពារព្រំដែនទឹក បានបង្ក្រាបចាប់ជនជាតិចិន ៥ នាក់ និងដកហូតគ្រឿងញៀនបានប្រមាណជិត ៩០០ គីឡូក្រាម។ នេះបើតាមលោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ។
លោកបានថ្លែងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួនក្នុងបទល្មើសខាងលើនេះ រួមមាន ឈ្មោះ TONG JIAN XIN អាយុ ៧១ ឆ្នាំ, GAO ZHI XIN អាយុ ៤៩ ឆ្នាំ, LI YONG XIN អាយុ ៤៨ ឆ្នាំ, ZHONG JIAN LIN អាយុ ៣៦ ឆ្នាំ និងឈ្មោះ YAN XI TONG អាយុ ៥២ ឆ្នាំ។ ជនសង្ស័យទាំង ៥ នាក់ គឺជាបុរសជនជាតិចិន។
លោកបានបន្តថា ករណីចាប់ខ្លួនជនជាតិចិនខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោង ៨:៣០ នាទីយប់ថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០២២ បន្ទាប់ពីសមត្ថកិច្ចបានទទួលព័ត៌មានពីមន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ ក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាលការពារព្រំដែនទឹក បានសហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ចេញពួនស្ទាក់នៅខាងក្រោយផ្ទះជនសង្ស័យជនជាតិចិនទាំង ៥ នាក់ (ត្រង់និយាមកា 10°40.051N-103°31.320E) ខាងក្រៅទំនប់កោះព្រាប ក្នុងដែនសមុទ្រស្ថិតនៅភូមិ៣ សង្កាត់ ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
លោកបានបញ្ជាក់ថា៖ «ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញម្សៅក្រាមពណ៌សថ្លាចំនួន ៤៤ ដុំ ដោយក្នុង ១ ដុំ មានទម្ងន់ ២១ គីឡូក្រាម ហើយទម្ងន់សរុបមានចំនួន ៩២៤ គីឡូក្រាម គិតទាំងសម្បកវេចខ្ចប់។ បន្ថែមពីនេះសមត្ថកិច្ចបានដកហូតមធ្យោបាយអូប័រចំនួន ១ គ្រឿងនិងទូកឈើចំនួន ១ គ្រឿងផងដែរ»។
បច្ចុប្បន្នជនសង្ស័យ និងគ្រឿងញៀនទាំងនោះ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីអនុវត្តតាមនីតិវិធីបន្ត។ ចំណែកអូប័រ និងទូក ត្រូវបានរក្សាទុកបណ្ដោះអាសន្ននៅទីបញ្ជាការអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ។
ជុំវិញករណីនេះ លោក អ៊ិន សុង អ្នកនាំពាក្យមន្ទីរប្រឆាំងគ្រឿងញៀន បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា ក្រោយធ្វើតេស្តទៅលើវត្ថុតាងគ្រឿងញៀនទាំងនោះ មន្ត្រីជំនាញពីមន្ទីរពិសោធន៍នៃមន្ទីរប្រឆាំងគ្រឿងញៀន បានបង្ហាញថា គ្រឿងញៀនទាំងនោះ ជាប្រភេទកេតាមីន ដែលមានទម្ងន់សរុប ៨៧១ គីឡូក្រាម (ដកសម្បកចេញ)។ នៅពេលនេះជនសង្ស័យនិងវត្ថុតាងគ្រឿងញៀន ត្រូវបានប្រគល់ឱ្យទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ជាអ្នកអនុវត្តនីតិវិធី»។
លោកបានបន្ថែមថា៖ «ទម្រាំបង្ក្រាបចាប់ជនជាតិចិនដែលប្រព្រឹត្តបទល្មើសគ្រឿងញៀនទាំងនេះបាន កម្លាំងមន្ទីរគ្រឿងញៀនយើង បានធ្វើការស៊ើបអង្កេតអស់រយៈពេលជាង ៣ ខែ»៕