
លោក ជា សុផារ៉ា ដឹកនាំក្រុមការងារចុះពិនិត្យសំណង់ខុសច្បាប់នៅតំបន់រមណីយដ្ឋានអង្គរ នៅខេត្តសៀមរាប នាថ្ងៃទី ១៦ សីហា ឆ្នាំ ២០២២។ រូបថត ក្រសួងរៀបចំដែនដី
សៀមរាបៈ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា បានប្រកាសបើកយុទ្ធនាការចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី ១៧ ខែសីហា និងបានប្រកាសប្រាប់ម្ចាស់សំណង់ខុសច្បាប់ទាំងអស់រុះរើចេញជាបន្ទាន់ដោយខ្លួនឯង។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងដែនដី នៅថ្ងៃទី ១៧ ខែសីហា ឱ្យដឹងថា យុទ្ធនាការនេះសំដៅការពារតំបន់រមណីយដ្ឋានអង្គរមានទំហំ ៤០១ គីឡូម៉ែត្រការ៉េ ទុកជាសម្បត្តិសាធារណៈរបស់រដ្ឋ ដែលត្រូវរក្សាការពារដាច់ខាត មិនអាចកាត់ឆ្វៀលបានឡើយ។ នៅដើមឆ្នាំ ២០២២ មានអ្នកឆ្លៀតឱកាស សាងសង់សំណង់ខុសច្បាប់រាប់រយករណី បន្ថែមពីលើករណីសំណង់ខុសច្បាប់ជាច្រើនទៀត ដែលបានរំលោភបំពាន នាពេលកន្លងមក ក្នុងតំបន់ការពារនៃរមណីយដ្ឋានអង្គរ។
សេចក្តីប្រកាសបញ្ជាក់ថា៖ «សំណង់ខុសច្បាប់អស់ទាំងនេះ ត្រូវធ្វើការរុះរើចេញជាបន្ទាន់ដោយផ្ទាល់ខ្លួន។ ទន្ទឹមនេះ រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា បន្តចាត់វិធានការទប់ស្កាត់ការសាងសង់ រុះរើសំណង់ខុសច្បាប់ ហាមឃាត់ការទិញលក់ដី និងផ្ទះគ្រប់ប្រភេទ និងមិនផ្តល់លិខិតគតិយុត្តផ្សេងៗ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ជាដាច់ខាត»។
ក្រសួងដែនដីបានឱ្យដឹងទៀតថា យុទ្ធនាការនេះ មានកម្លាំងសរុបចំនួន ៧៧៩ រូប ចែកចេញជា ៣២ ក្រុម ក្នុងនោះ មន្ត្រីជំនាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ចំនួន ៤៣៩ រូប មន្ត្រីរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចំនួន ២៣២ រូប និងមន្ត្រីរបស់រដ្ឋបាលខេត្តសៀមរាបចំនួន ១០៨ រូប ដើម្បីចុះវាស់វែងកំណត់និយាមកាក្បាលដី អត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។
ក្រសួងដែនដីបញ្ជាក់ថា ឯកសារស្ថិតិប្រជាពលរដ្ឋស្ថិតក្នុងតំបន់ការពារទី១ និងការពារទី២ នៃរមណីយដ្ឋានអង្គរ ដែលរៀបចំដោយអាជ្ញាធរជាតិអប្សរា នាឆ្នាំ ២០០៤-២០០៥ នឹងត្រូវប្រើប្រាស់ជាឯកសារគោល ដើម្បីពិនិត្យការកាន់កាប់ដី និងសំណង់ស្របច្បាប់ ឬមិនស្របច្បាប់ក្នុងរមណីយដ្ឋានអង្គរ។
មន្ទីរព័ត៌មានខេត្តសៀមរាបបានដកស្រង់សម្តីលោក ជា សុផារ៉ា ថ្លែងក្នុងយុទ្ធនាការនោះថា នៅក្នុងរមណីយដ្ឋានអង្គរ មានសំណង់ខុសច្បាប់ប្រមាណជាង ៨ ពាន់សំណង់ ដែលជាសំណង់ដ៏គួរឱ្យខ្មាសអៀន។ ចាប់ពីពេលនេះតទៅ គឺអាជ្ញាធរទាំងអស់ត្រូវបញ្ចប់ការទទួលស្គាល់ការធ្វើជាសាក្សីក្នុងសកម្មភាពលក់ដូរដី ក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។ ចំណែកប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់ ១ និងតំបន់ ២ នៃរមណីយដ្ឋានអង្គរ សូមឈប់យល់ច្រឡំថា អាចនឹងទទួលបានសិទ្ធិកាន់កាប់ដី តទៅទៀតនៅថ្ងៃណាមួយឱ្យសោះ។
លោកថ្លែងថា៖ «ចំពោះប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ ១ និងតំបន់ ២ នៃរមណីយដ្ឋានអង្គរ ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ជាយូរមកហើយនោះ គឺពួកគាត់មានសិទ្ធិរស់នៅបន្ត ដោយគ្មានការបណ្ដេញឱ្យចាកចេញឡើយ។ ក៏ប៉ុន្តែការធ្វើផ្ទះថ្មីជំនួសផ្ទះចាស់ ឬក៏ការជួសជុលផ្ទះត្រូវតែសុំការអនុញ្ញាតពីអាជ្ញាធរជាតិអប្សរា»។
លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បញ្ជាក់ថា ដោយសារស្ថានភាពសន្តិភាពពេញលេញ សម្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងកំណើនប្រជាជន ជាមួយនិន្នាការផ្សេងៗ បានបង្កឱ្យសកម្មភាពសាងសង់សំណង់ខុសច្បាប់ក្នុងតំបន់ការពារ បានចាប់ផ្តើមកាន់តែខ្លាំង ចាប់ពីឆ្នាំ ២០០១ មកម្ល៉េះ។ នៅឆ្នាំ ២០១៧ កំណើននៃសំណង់ខុសច្បាប់ ធ្វើឱ្យមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក ចេញលិខិតព្រមាន និងស្នើសុំប្រទេសកម្ពុជា ធ្វើការបកស្រាយចំនួន ២ ដងរួចមកហើយដែរ។
លោក ហង់ ពៅ បន្តថា ទោះបីជាមានទិន្នន័យគោល ព្រមទាំងយន្តការអមផ្សេងៗ សម្រាប់អនុវត្តក៏ដោយ បច្ចុប្បន្ន សំណង់ខុសច្បាប់ ក៏នៅតែមានការកើនឡើងហួសពីការស្មាន បើធៀបនឹងឆ្នាំ ២០០៤។ សម្រាប់សំណង់ខុសច្បាប់ទើបសាងសង់ចំនួន ៣៩៨ រយៈពេល ៣ ខែនេះ ព្រមជាមួយករណីបន្ថែម ដែលទើបសាងសង់នៅ ២ សប្តាហ៍ថ្មីៗនេះ ចំនួន ៧៨ ករណី ក្រុមការងារអាជ្ញាធរជាតិអប្សរា បានសម្រេចរុះរើចេញបាន ២០២ សំណង់ នៅសល់ ២៧៤ សំណង់ ដោយសារគ្មានកិច្ចសហការពីម្ចាស់សំណង់ និងការបន្តស្នើសុំពន្យារពេលរុះរើពីសំណាក់អាជ្ញាធរដែនដី។
លទ្ធផលកិច្ចប្រជុំនៅថ្ងៃទី ១៦ ខែសីហា ស្តីពីយុទ្ធនាការនេះ រដ្ឋបាលខេត្តសៀមរាបបានឱ្យដឹងថា កិច្ចការងារនេះ ត្រូវមានកិច្ចរួមសហការជាមួយអាជ្ញាធរមូលដ្ឋានក្រុង សង្កាត់ និងមេភូមិ សំខាន់ការចូលរួមរបស់ប្រជាពលរដ្ឋជាម្ចាស់អចលនទ្រព្យទាំងនោះ និងគោរពឱ្យបាននូវការចាត់តាំងតាមក្រុមនីមួយៗ ហើយពេលវេលាចុះអនុវត្តការងារនេះមានរយៈពេលតែ ១៥ ថ្ងៃប៉ុណ្ណោះ ដែលចុះអនុវត្តចាប់ពីថ្ងៃទី ១៨ ខែសីហានេះទៅ។
កម្លាំងជំនាញចុះទៅអនុវត្ត គឺធ្វើទៅតាមការកំណត់របស់គណៈកម្មការដែលបានធ្វើការណែនាំកន្លងមក ព្រមទាំងត្រូវធ្វើការផ្សព្វផ្សាយព័ត៌មានឱ្យចូលជ្រៅដល់បងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅឋាន កាន់កាប់ដីធ្លី ក្នុងតំបន់រមណីយដ្ឋានអង្គរ ឱ្យកាន់តែយល់ច្បាស់អំពីតម្លៃនៃសម្បត្តិបេតិកភណ្ឌពិភពលោក ដែលជាសម្បត្តិមនុស្សជាតិ៕