ភ្នំពេញៈ អង្គការ​ចលនា​ដើម្បី​សុខ​ភាព​កម្ពុជាមើល​ឃើញ​ថា​ ការ​លក់​និង​ចែក​ចាយ​បារី​អេឡិចត្រូនិ​ក តាមបណ្តាញ​ព័ត៌​មាន​សង្គម​ហាក់​មាន​ការ​ប្រុង​ប្រយ័ត្ន​ជាង​មុន ក្រោយ​ពី​មាន​ចំណាត់​ការ​ពីសំណាក់​អាជ្ញាធរ​មា​នសមត្ថ​កិច្ច​ជាបន្ត​បន្ទាប់​ ប៉ុន្តែការ​ផ្សព្វ​ផ្សាយ​លក់​នៅ​តែ​បន្ត​កើត​មាន​។

កាល​ពីថ្ងៃ​ទី​ ២៦ ខែ ​មិថុនា ឆ្នាំ​ ២០២២​ លោក ​ស ខេង រដ្ឋ​មន្ដ្រី​ក្រសួង​មហា​ផ្ទៃ បាន​ក្រើន​រំលឹក​ដល់​អាជ្ញា​ធរ មាន​សមត្ថកិច្ច​ពាក់​ព័ន្ធ និង​ប្រជា​ពលរដ្ឋ​ទាំង​អស់ ចូល​រួម​អនុវត្ត​សេចក្តី​ណែនាំ​របស់​អាជ្ញាធរ​ជាតិ ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ពាក់​ព័ន្ធ​នឹង​ការ​បង្ការ និងទប់​ស្កាត់​ការ​ធ្វើ​អាជីវ​កម្ម ស៊ីហ្សា បារី​អេឡិច​ត្រូនិ​ក ​(E-cigarette) និង​ការ​ប្រើប្រាស់​ផលិត​ផល អេចស៍​ ធី ភី (HTPs)។

អង្គការ​ចលនា​ដើម្បី​សុខ​ភាព​កម្ពុជា បាន​ឱ្យដឹង​នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ចុះថ្ងៃទី​ ១៦​ សីហា​ថា កន្លង​មក​មាន​ការ​បង្ក្រាប​របស់​សមត្ថ​កិច្ច​ជាច្រើន​ករណី​ចំពោះ​ការ​លក់ ការចែ​ក​ចាយ បារីអេឡិច​ត្រូនិ​ក ជាបន្ត​បន្ទាប់​ដូចជា ការ​បង្ក្រាប​របស់​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​និង​ស្នង​ការដ្ឋាន​នគរ​បាល​រាជធានី​ភ្នំពេញ ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ សហការ​ជាមួយ​កម្លាំង​ការិយាល័​យ​នគរ​បាល​ប្រឆាំង​បទល្មើស​គ្រឿង​ញៀន​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍​សាត់។

ប៉ុន្តែ​បើទោះបី​ជា​មាន​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​សមត្ថកិច្ច​យ៉ាង​ណាក្ដី នៅពេល​ថ្មីៗ​នេះ ការចែក​ចាយ​ ការ​លក់ និង​ការ​ប្រើប្រាស់​បារី​អេឡិច​ត្រូនិ​ក (vape) តាម​បណ្តាញ​ព័ត៌មាន​សង្កម នៅ​តែមាន​សកម្មភាព​បន្ត​ដដែល ដោយ​គ្រាន់​តែមាន​ការ​ប្រុង​ប្រយ័ត្ន​ជាង​មុន​តែប៉ុ​ណ្ណោះ។

អង្គការ​នេះ​បាន​បន្ថែ​ម​ថា ការ​ប្រុង​ប្រយ័ត្ន​នេះ ដោយ​ផ្លាស់​ប្តូរ​ពីការផ្ស​ព្វផ្សាយ​លក់ផលិតផ​លទាំងនេះ​ ដោយ​ផ្ទាល់​តាម​ហ្វេស​ប៊ុក​ឬ​ផេក មក​ជាការ​លក់​តាម​ប្រព័ន្ធ​តេលេក្រាម​វិញ ដោយ​រក្សាគណ​នី​ហ្វេស​ប៊ុក​ឬផេក សម្រាប់​ទំនាក់​ទំន​ងជា​មួយ​អតិថិ​ជន​។

សេចក្តី​ប្រកាស​ព័ត៌​មាន​បន្ត​ថា​៖ «អ្នក​លក់​ខ្លះទៀ​ត មិន​អនុញ្ញាត​ឱ្យ​អថិតិ​ជន​របស់​ខ្លួន មក​ទិញ​ដោយ​ផ្ទាល់​ទេ មាន​ន័យ​ថា ទំនិញ​ត្រូវ​ដឹក​ទៅ​ឱ្យអ្នក​ទិញ​តាម​ភ្នាក់​ងារ​ដឹក​ជញ្ជូន​វិញ។​ អ្នកលក់​ខ្លះទៀត​ គ្រាន់តែ​ផ្អាក​សកម្ម​​ភាព​ពេល​មាន​ការ​រឹត​បន្តឹង​ខ្លាំង​ពី​អាជ្ញាធ​រ​មាន​សមត្ត​កិច្ច រួច​បន្តផ្ស​ព្វផ្សាយ​លក់​វិញ​ដដែល។​ អ្នក​លក់​ខ្លះទៀ​ត ក៏នៅ​តែបន្ត​លក់​តាម​ហ្វេស​ប៊ុក​ឬ​ផេក ដោយ​មិន​ក្រែង​រអែង​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​ឡើយ​»។

លោក​មុំ គង់ នាយក​អង្គការ​ចលនា​ដើម្បី​សុខ​ភាព​កម្ពុជា បាន​ចាត់ទុក​ទង្វើទាំង​នេះ​ថា ជាការប្រព្រឹ​ត្តបទ​ល្មើស​ទៅ​នឹង​សេចក្ដី​ណែនាំ​របស់​របស់រា​ជរដ្ឋាភិ​បាល ដែល​បាន​ហាម​ឃាត់​ការ​ប្រើប្រាស់​ ធ្វើអាជីវ​កម្ម ការ​នាំ​ចូល ផលិត​ផល​ស៊ីហ្សា បារី​អេឡិច​ត្រូនិ​ក​ (E-cigarette) តាំង​ពីឆ្នាំ​ ២០១៤ និង​ហាម​ឃាត់​ការ​ប្រើប្រា​ស់ ធ្វើ​អាជីវ​កម្ម ការ​នាំចូលផ​លិតផ​ល អេចស៍​ ធី ភី (HTPs) នៅឆ្នាំ ​២០២១​។

លោក​បញ្ជាក់​ថា៖ «យើង​ដឹង​ហើយ​ថា បារី​អេឡិច​ត្រូនិក​ និង​ផលិត​ផល​អេចឈ៍​ ធី ភី​ កំពុង​ពង្វក់​យុវជ​ន​និងកុមារ ហើយ​ក្លាយ​ជាការ​ព្រួយ​បារម្ភ​របស់ថ្នា​ក់ដឹក​នាំ ក៏ដូច​ជាប្រជាព​លរដ្ឋ​ទូទៅ»​។

បើ​តាម​លោក​ មុំ គង់ ភ័ស្តុតាង​ជាច្រើន​បង្ហាញ​ថា ការ​ប្រើប្រាស់​បារីអេឡិច​ត្រូនិ​ក​បង្កផល​ប៉ះពាល់ដល់​សុខ​ភាព បណ្ដាល​ឱ្យញៀន បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ បេះដូង និ​ង​សួត រហូត​ដល់បាត់​បង់​ជីវិត។

ការ​ប៉ះពា​ល់ដល់​សុខ ​ភាព​ក្រុម​មនុស្ស​វ័យ​ជំទង់​និង​កុមារ​នេះ វាជាកា​រប៉ះពាល់​ធ្ងន់​ធ្ងរ ទៅដល់​ធន​ធា​ន​មនុស្សរ​បស់កម្ពុ​ជា ដែល​ពួក​គេទាំង​នោះ គឺជា​មនុស្ស​បន្ត​វេន ក្នុង​ការ​អភិវឌ្ឍ​សង្គ​មកម្ពុជា​នាថ្ងៃខា​ងមុខ​។

លើស​ពីនេះ ​លោក ​មុំ គង់ បន្ថែម​ថា៖ «នៅ​ពេល​ប្រើប្រាស់​បារី​អេឡិច​ត្រូនិ​ក​ សារធាតុ​គីមី និ​ង​ជាតិនី​កូទីន​ត្រូវ បាន​ស្រូប​ចូល​ទៅក្នុង​រាង្គ​កាយ​ហើយ​ចូល​ទៅ​ក្នុង​ខួរ​ក្បាល​របស់អ្នក​ជក់ ស្រប​ពេលអ្នក​ជំនាញ​បាន​ព្រមាន​ថា អ្នក​ប្រើប្រាស់​ឧបករណ៍​អេឡិច​ត្រូនិក​ជាច្រើន​ កំពុង​វិវត្ត​ស្ថានភាព​ក្នុង​អត្រាប្រកាស​អាសន្ន ជាពិសេស​អ្នក​នៅវ័យ​ក្មេង​»។

យោង​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​បាន​ឱ្យដឹ​ង​ថា ការ​ប្រើប្រាស់​បារីអេឡិច​ត្រូនិ​ក​ក្នុង​ចំ​ណោម​មនុស្ស​វ័យ​ជំទង់ និង​កុមារ​មាន​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​ការ អភិវឌ្ឍ​ខួរ​ក្បាល ដែ​លនាំឱ្យ​កើត​មាន​ផលវិបាក​រយៈ​ពេល​វែង​សម្រាប់​ការ​អភិវឌ្ឍ​ខួរ​ក្បាល និង​អាច​នាំឱ្យ​ប៉ះពាល់​ដល់ ការចង​ចាំ ការ​សិក្សា និង​បង្ក​ឱ្យ​មាន​ជំងឺ​ថប់​អារម្មណ៍​។

បន្ថែម​ពីនេះការ​សាក​ល្បង​ប្រើប្រាស់​បារី​អេឡិច​ត្រូនិក​ ជាផ្លូវ​នាំ​ឱ្យ​ក្រុម​មនុស្ស​វ័យជំទង់​និង​កុមារ​ក្លាយ​ជាអ្នក​ជក់​បារី​ធម្មតា និង​ឈាន​ទៅរក​ការ​ប្រើប្រាស់​គ្រឿង ញៀន​ផ្សេង​ទៀត នាពេល​អនាគត​ទៀត​ផង។​

កាល​ពីថ្ងៃទី​ ១៦ ខែ​ សីហា ឆ្នាំ​ ២០២២ ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន បាន​រៀបចំ​សិក្ខាសា​លា​មួយពា​ក់​ព័ន្ធ​នឹង​វិធានកា​រ​និង​ការ​ហាម​ឃាត់ ការ​ផ្សព្វផ្សាយ​លក់​តាម​រយៈ​បណ្តាញ​ពត័មាន​សង្គម​គ្រប់​ទម្រង់ និង​ការ​ចែក​ចាយ​បារី​អេឡិច​ត្រូនិ​ក និង​ផលិត​ផល​អេច​ឈ៍ ធី ភី គ្រប់​រូប​ភាព​។

សិក្ខា​សាលា​នេះមាន​ការ​ចូល​រួមពី​មន្ត្រី​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​នៃអគ្គស្នង​ការ​នគរបា​ល​ជាតិ រដ្ឋបាលរាជ​ធានី ខេត្ត​ទាំង ​២៥​ ស្នង​ការ​នគរ​បាល​រាជ​ធានី ខេត្ត កង​រាជ​អាវុធ​ហត្ថរាជ​ធានី ខេត្ត មន្ត្រីនៃនាយក​ដ្ឋាន​ប្រឆាំង​បទ​ល្មើស​​បចេ្ចក​វិទ្យា​នៃ​ក្រសួង​មហាផ្ទៃ និង​ស្ថាប័ន​ពាក់​ព័ន្ធ​ផ្សេង​ទៀត​។

អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំ​ងគ្រឿង​ញៀន​បាន​បញ្ជាក់​ថា សិក្ខា​សាលា​នេះគឺដើម្បី​បន្តការ​ចាត់​វិធាន​ការ​ ឱ្យបាន​ម៉ឺង​ម៉ាត់​លើការ​ប្រើ​ប្រាស់ ការ​ផ្សព្វ​ផ្សាយ​លក់​តាម​រយៈ​បណ្តាញ ព័ត៌មាន​សង្គម​គ្រប់​ទម្រង់​ និងការ​ចែក​ចាយ​បារី​អេឡិច​ត្រូនិ​ក និង​ផលិត​ផល​អេច​ឈ៍ ធី ភី គ្រប់​រូប​ភាព​។

អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​បាន​បន្ត​ថា​៖«ត្រូវ​កំណត់​ទីតាំង​ចែក​ចាយ និង​កំណត់​មុខ​សញ្ញាអ្នក​ផ្សព្វ​ផ្សាយ​លក់​តាម​ទំព័រ​ហ្វេស​ប៊ុក គេ​ហទំព័រ ប្រព័ន្ធ​តេលេ​ក្រាម ទិក​តុក។ល។ ដើម្បីមាន​វិធាន​ការរឹ​បអូសផ​លិត​ផ​ល ទាំ​ងនេះ ​និងព្រ​មានម្ចាស់​ទំនិញ​ទាំង​នេះ ឱ្យ​បញ្ឈប់​សកម្ម​ភាព​ជាស្ថាព​រ​»៕

វីដេអូ៖