
ពលរដ្ឋទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ នៅក្នុងខណ្ឌជ្រោយចង្វារ កាលពីខែមករា ឆ្នាំ ២០២២។ ហុង មិនា
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តអំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់រូប ចូលរួមប្រយុទ្ធប្រឆំាងនឹងជំងឺកូវីដ ១៩ និងបន្តចាក់វាក់សាំងការពារដើម្បីកុំឱ្យមានការឆ្លងរាលដាលជំងឺនេះជាថ្មីទៀត ខណៈដែលជំងឺនេះ មិនទាន់ទៅណាឆ្ងាយពីកម្ពុជានៅឡើយ។
ការអំពាវនាវរបស់ លោក ហ៊ុន សែន ធ្វើឡើងនៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ នាព្រឹកថ្ងៃទី ១៧ សីហា ឆ្នាំ ២០២២។
លោកបន្តថា ការបន្តប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ដោយអនុវត្ត នូវវិធានការ «៣ កុំ ៣ ការពារ» គឺមានភាពចាំបាច់បំផុត ដើម្បីការពារពីការឆ្លងរាលដាលនៃកូវីដ ១៩ បើទោះបីមិនទាន់មានរកណីស្លាប់ជាថ្មីទៀតក៏ដោយ។ ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រីក៏បានអំពាវនាវឱ្យបន្តជំរុញការចាក់វ៉ាក់សំាង ការពារពីការឆ្លងជំងឺកូវីដ ១៩ នេះផងដែរ ។
បើតាមលោកនាយករដ្ឋមន្ត្រី អ្នកដែលមិនទាន់ចាក់វ៉ាក់សំាងកូវីដ ១៩ ដូសមូលដ្ឋាន ត្រូវទៅស្វែងរកចាក់ដូសមូលដ្ឋាន កុមារដែលដល់អាយុ ត្រូវតែទៅយកដូសមូលដ្ឋាន រីឯដូសជំរុញត្រូវតែបន្តជាដូសទី៣ ឬទី៤ ទី៥ បន្ថែមទៀត។
លោកថ្លែងថា៖ «អ៊ីចឹងយើងត្រូវបន្តប្រយុទ្ធតទៅទៀត យើងត្រួតត្រាបានហើយ តែយើងមិនត្រូវមើលស្រាលវាទេ វាអត់ទៅណាឆ្ងាយពីយើងទេ វានៅវិលវល់ហ្នឹង ឥឡូវប្រហែលហើរក្បែរៗក្បាលយើង»។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានថ្លែងកាលពីថ្ងៃទី ១៧ សីហាថា ការចាក់វាក់សាំងកូវីដ ១៩ ដូសជំរុញ (ទី៣ ទី៤ និងទី៥) នឹងជួយដល់ការបង្កើត និងរក្សាកងការពារដែលយើងហៅថា អង់ទីគ័រ នៅក្នុងសរីរាង្គមនុស្ស នៅក្នុងកម្រិតដែលអាចជួយកាត់បន្ថយបាន ជាអតិបរិមានូវភាពធ្ងន់ធ្ងរនៃការវាយលុកពីជំងឺកូវីដ ១៩ ផង ជួយកាត់បន្ថយបានជាអតិបរិមានូវអត្រាចូលសម្រាក ពេទ្យ និងសេចក្តីស្លាប់ផងដែរ។
លោកស្រីបន្តថា វាក់សាំងកូវីដ ១៩ គឺជួយអាយុជីវិតមនុស្ស និងកាត់បន្ថយបានយ៉ាងច្រើន នូវមហន្តរាយសុខភាពសាធារណៈ ព្រមទាំងចូលរួមធ្វើឱ្យសង្គម អាចដំណើរការក្នុងប្រក្រតីភាពថ្មី មាននិរន្តរភាព ជំរុញកំណើនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិតាមរយ:ការដំណើរការឡើងវិញនូវធុរកិច្ចនានា និងទំនាក់ទំនង បម្លាស់ប្តូរពាណិជ្ជកម្មទាំងក្នុង និងក្រៅប្រទេសផងដែរ។
លោកស្រីក៏បានអំពាវនាវទៅដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យអនុវត្តទៅតាមការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រី ដោយនាំគ្នាចូលរួមស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំងកូវីដ ១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ (ទី៣ ទី៤ និងទី៥) នៅពេលដល់វេនចាក់ឱ្យបានគ្រប់ៗគ្នា និងបន្តអនុវត្តវិធានការ «៣ ការពារ និង ៣ កុំ» បន្ថែមទៀត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលឡើងវិញនូវវីរុសកូវីដ ១៩ ។
លោកស្រីបញ្ជាក់ថា៖ «សូមបងប្អូនប្រជាពលរដ្ឋ ចូលរួមចំណែកកាត់បន្ថយ ផលប៉ះពាល់ធ្ងន់ធ្ងរ ដល់សុខភាពសាធារណៈ ឆ្ពោះទៅរកការលើកតម្កើងសុខភាពល្អទាំងអស់គ្នា និងរក្សានិរន្តរភាពនៃការរស់នៅប្រចាំថ្ងៃក្នុងប្រក្រតីភាពថ្មីរបស់បងប្អូន ជាមួយនឹងការរៀនរស់នៅជាមួយនឹងវត្តមានវីរុសកូវីដ ១៩ ប្រកបដោយការទទួលខុសត្រូវខ្ពស់ លើសុខភាពផ្ទាល់ខ្លួន របស់បុគ្គលម្នាក់ៗ របស់ក្រុមគ្រួសារ និងសហគមន៍»៕