ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ថ្លែង​ជា​សាធារណៈ​កាលពី​ម្សិលមិញ​ថា ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ត្រូវ​រៀបចំ​ព្រះរាជក្រឹត្យ​ ដើម្បី​រក្សា​តំបន់​សួនសត្វ​ភ្នំ​តាម៉ៅ នៅក្នុង​ខេត្ត​តាកែវ​រក្សា​ជា​តំបន់​អភិរក្ស និង​តំបន់​ការពារ ក្រោយពី​មាន​ការរិះគន់​ពី​ភាពចម្រូង​ចម្រាស​ក្នុង​ការសម្រេច​ផ្ដល់​សិទ្ធិ​ឈូសឆាយដី​តំបន់​សួនសត្វ​នោះ​ ១​ ​ផ្នែក ប្រែ​ទៅជា​តំបន់​អភិវឌ្ឍន៍​។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ជា​សារ​សំឡេង​នៅ​​យប់​ថ្ងៃទី​ ១៦ ខែសីហា ថា​៖ «​ដើម្បី​ចៀសវាង​នូវ​បញ្ហា​ភាន់ច្រឡំ​ និង​ការ​មួលបង្កាច់​ដោយ​ពួកអគតិ​មួយចំនួន​ខ្ញុំព្រះករុណាខ្ញុំ​សូមបញ្ជាក់​សាជាថ្មី​ឱ្យ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ ត្រៀម​ព្រះរាជក្រឹត្យ​កំណត់​នូវ​និយាម​កា​តំបន់ភ្នំ​តាម៉ៅ​ ដែល​ជា​តំបន់​ការពារ​នេះ​ចេញ​ជា​ព្រះរាជក្រឹត្យ​ ដើម្បី​ដាក់​ជា​តំបន់​អភិរក្ស និង​តំបន់​ត្រូវ​ការពារ​តែម្តង​»​។

លោក​ វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​អះអាង​នៅ​ព្រឹក​ថ្ងៃទី​ ១៧ ខែ​សីហា ថា ក្រសួង​កំពុង​រៀបចំ​សេចក្តី​ព្រាង​ព្រះរាជក្រឹត្យ​។

លោក​ វេង សាខុន ថ្លែង​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ព្រឹក​ថ្ងៃទី​ ១៧ ខែ​សីហា​ថា បន្ទាប់ពី​មាន​ការណែនាំ​តាមរយៈ​សារ​សំឡេង​របស់​លោក​នាយក​រដ្ឋមន្ត្រី ក្រុម​ការងារ​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​រៀបចំ​ភ្លាមៗ​ក្នុង​ការធ្វើ​សេចក្ដី​ព្រាង​ព្រះរាជក្រឹត្យ កំណត់​ដើម្បី​ថែរក្សា​ការពារ​ព្រៃ​តំបន់​​ភ្នំ​តាម៉ៅ​នេះ​។

លោកនាយក​រដ្ឋមន្ត្រី​លើកឡើង​ថា ដើម្បី​ដាំ​កូនឈើ​ឱ្យ​បាន លឿន និង​ទាន់ពេល​រដូវភ្លៀង​លោក​បាន​ចេញ​បទបញ្ជា​ឱ្យកម្លាំង​អង្គរក្ស​ជាង ​១ ​ពាន់​នាក់ ប្រើ​គ្រឿងចក្រ​ចំនួន ១១៣ គ្រឿង​ទៅ​ធ្វើ​សកម្មភាព​ជួយ​ឈូសឆាយដី និង​ដាំ​កូនឈើ​ក្នុង​តំបន់​ដែល​បាន​ឈូសឆាយ​ហើយ​ក្បែរ​សួនសត្វ​ភ្នំ​តាម៉ៅ​។

លោក​បញ្ជាក់ថា រហូត​មក​ដល់​ល្ងាច​ថ្ងៃទី​ ១៦ ខែសីហា​ចំនួន​ដី ៥៣០ ហិកតា ត្រូវ​បាន​ធ្វើ​រួចរាល់ ប៉ុន្តែ​នៅ​ត្រូវការ​សម្អាត​បន្ថែមទៀត​ដោយ​ត្រូវការ​ពេលវេលា​មួយរយៈ​ថែមទៀត​។

លោក​បាន​ថ្លែងថា​៖ «​កម្លាំង​អង្គរក្ស​ទៅ​ទីនោះ​គឺ​ទៅ​ដើម្បី​ជួយ​ដាំ​កូនឈើ​ឱ្យបាន​ឆាប់ ព្រោះ​បញ្ហា​មិន​ស្ថិត​លើ​បញ្ហា​ខ្វះ​ដើមឈើ ​ឬ​ខ្វះ​កម្លាំង​ដាំ​កូនឈើ​នោះទេ តែ​អ្វីដែល​សំខាន់​គឺ​ត្រូវ​ធ្វើ​ដី​នេះ​ឱ្យបាន​ស្អាត​ ដើម្បី​ដាំ​កូនឈើ​ឱ្យបាន​ត្រឹមត្រូវ ដូច្នេះ​ត្រូវ​ប្រើ​គ្រឿងចក្រ និង​កម្លាំង​យ៉ាង​ធំ គ្រឿងចក្រ​មាន​រហូត​ដល់ ១១៣ គ្រឿង និង​កម្លាំង​កងទ័ព​ជាង​ ១ ​ពាន់​នាក់ ដែល​ត្រូវ​ចូលរួម​ធ្វើ​ដី​នេះ​»​។

ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​សាកលវិទ្យាល័យ​ពុទ្ធិសាស្ត្រ​ធ្វើឡើង​នៅ​អគារ​ពាណិជ្ជកម្ម និង​ពិព័រណ៍​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​ព្រឹក​ថ្ងៃទី ​១៧ ខែសីហា លោក ហ៊ុន សែន បញ្ជាក់​បន្ថែម​ថា លោក​បាន​បញ្ជា​ឱ្យ​ប្រែក្លាយ​តំបន់​ដែល​បាន​ឈូសឆាយ​ហើយ​បាននិង​កំពុង​ដាំ​កូនឈើ​នោះ​ក្លាយ​ជា​តំបន់​ឧទ្យាន​ព្រៃឈើ សួន​ព្រៃឈើ សួន​ដាំ​ដើមឈើ ដែល​ពីមុន​គ្រាន់តែ​ជា​ព្រៃរបោះ​មិនមែន​ជា​ឈើ​ដែល​ទទួលផល​នោះទេ ប៉ុន្តែ​នៅពេល​ខាងមុខ​កន្លែង​នេះ​នឹង​មាន​ឈើ​ដែល​មាន​តម្លៃ សុទ្ធតែ​ប្រភេទ​ឈើ​ប្រណីត​។

លោក​បាន​បញ្ជាក់ថា ការដាំដុះ​កូនឈើ​មិន​លំបាក​ទេ ប៉ុន្តែ​ការសម្អាត​ដី​ជាង ៥០០ ​ហិកតា​នោះ​ទើប​ជា​ការលំបាក​ព្រោះ​ត្រូវ​គាស់​ឫសគល់​ឈើ​ចេញ​ឱ្យអស់ ហើយ​ការដាំ​នោះ​ទៀត​សោត​មិនមែន​ដាំ​គ្រាន់តែ​ ដើម្បី​ល្អមើល​ឡើយ គឺ​ដាំ​ដើម្បី​ធានា​ការលូតលាស់ ជាពិសេស​ឆ្លងកាត់​រដូវប្រាំង​ខាងមុខ​នេះ ត្រូវ​ធានា​ដល់​ការ​មាន​ទឹក​គ្រប់គ្រាន់​សម្រាប់​ស្រោចស្រព​កូនឈើ​។

សកម្មជន​បរិស្ថាន លោក សាន់ ម៉ាឡា បាន​គាំទ្រ​ការសម្រេច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ក្នុង​ការរក្សាទុក​តំបន់ភ្នំ​តាម៉ៅ​ជា​តំបន់​អភិរក្ស​ដោយ​គ្មាន​ការកែប្រែ ជាពិសេស​បាន​ស្រាយ​ចម្ងល់​របស់​សាធារណជន​ទូទៅ​ដែល​បាន​បារម្ភ​ថា តំបន់ភ្នំ​តាម៉ៅ​អាច​ក្លាយជា​ដី​ឯកជន តាមរយៈ​សកម្មភាព​ដែល​បាន​បង្ហាញ​ឱ្យឃើញ​តាមរយៈ​បណ្តាញ​សង្គម​ដែល​មាន​ក្រុម​មនុស្ស​ចូលទៅ​ជីកដី​គាស់​ដី​ដោយ​មិនបាន​បញ្ជាក់​ច្បាស់​ឱ្យ​សាធារណជន​បានដឹង​។

លោក ម៉ាឡា ថ្លែងថា ករណី​នៅ​តំបន់ភ្នំ​តាម៉ៅ រាជរដ្ឋាភិបាល​គួរ​ទុកជា​បទពិសោធ​សិក្សា​សម្រាប់​អនុវត្ត​នៅពេល​មាន​គម្រោង​អភិវឌ្ឍន៍​ណាមួយ​កើតឡើង​នៅ​ថ្ងៃមុខ​ពាក់ព័ន្ធ​នឹង​បរិស្ថាន ឬ​ព្រៃឈើ​។

លោក​បន្តថា ការអភិវឌ្ឍ​ដែល​មិនបាន​គិតគូរ​អំពី​ផលប៉ះពាល់​ចំពោះ​សង្គម​ជាពិសេស​គឺ​ការប្រតិកម្ម​ពី​មហាជន និង​ការបណ្ដែត​បណ្តោយ​បាន​ធ្វើ​ឱ្យមាន​ការបាត់បង់​ដើមឈើ​ប្រមាណ​ ៥០០ ​ហិកតា​ជាង​នៅក្នុង​តំបន់ភ្នំ​តាម៉ៅ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​ចង់ឱ្យ​រដ្ឋាភិបាល​សង្កត់​ធ្ងន់ និង​យក​ករណីនេះ​សិក្សា​សម្រាប់​ពិចារណា និង​គិតគូរ​ឱ្យបាន​ដិតដល់​បើសិន​ជា​មាន​គម្រោង​អភិវឌ្ឍន៍​ស្រដៀង​គ្នា​នេះ​នៅ​ថ្ងៃមុខ​»​។

យ៉ាងណា​ក៏ដោយ​ចំណុច​នេះ​ធ្លាប់​មាន​ការបាន​បកស្រាយ​យ៉ាងច្បាស់​ពី​រដ្ឋបាល​ព្រៃឈើ ដោយ​តាមរយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​ ៤ ខែសីហា បញ្ជាក់ថា ការអភិវឌ្ឍ​តំបន់​ភ្នំ​តាម៉ៅ​គឺ​ត្រូវបាន​អនុវត្ត​ដោយ​មាន​ភាព​តឹងរ៉ឹង មាន​ការ​វាយតម្លៃ​ពី​ក្រុមហ៊ុន​ឯកជន និង​មាន​គណៈកម្មការ ឯកជន​ភាវូបនីយកម្ម​ដែល​មាន​អន្តរក្រសួង​ពិនិត្យ និង​វាយតម្លៃ​អំពី​ការដោះដូរ​យ៉ាង​ត្រឹមត្រូវ ហើយ​ការអភិឌ្ឍ​តំបន់​នោះ​គឺ មិន​មាន​ការប៉ះពាល់​នោះទេ​៕