
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ កាលពីថ្ងៃទី ១៧ សីហា។ រូបថត SPM
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់ទុកកិច្ចសន្យាផ្តល់សេវាអ៊ីនធឺណិតផ្តាច់មុខនៅតាមបុរីជាកិច្ចសន្យាខុសឆ្គងមួយ និងប្រកាសមិនទទួលស្គាល់ ហើយលោកជំរុញដល់ភាគីពាក់ព័ន្ធសូមឱ្យពន្លឿនដោះស្រាយបញ្ហាសេវាអ៊ីនធឺណិត និងទូរស័ព្ទនៅតាមបុរីនេះឱ្យបានឆាប់រហ័ស។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រកាលពីថ្ងៃទី ១៧ សីហា លោកនាយករដ្ឋមន្ត្រីបានលើកឡើងថា អ្នកកសាងបុរីទាំងឡាយត្រូវតែបម្រើអ្នកដែលទៅរស់នៅកន្លែងនោះឱ្យមានសេវាអ៊ីនធឺណិត និងសេវាទូរស័ព្ទសម្រាប់ធ្វើការ និងរៀនសូត្រ មិនត្រូវធ្វើកិច្ចសន្យាផ្តាច់មុខជាមួយក្រុមហ៊ុនប្រតិបត្តិករទូរគមនាគមន៍នោះទេ។
លោកថា៖ «រដ្ឋាភិបាលអត់មានទទួលស្គាល់កុងត្រារបស់អ្នកឯងទេ ព្រោះនេះគឺជាកិច្ចសន្យាខុសឆ្គងមួយស្តីអំពីការប្រកួតប្រជែងដោយសុចរិត។ រាជរដ្ឋាភិបាលត្រូវការការប្រកួតប្រជែងនូវសេវាទាក់ទង... ព្រោះពេលខ្លះពិបាកទាក់ទងមានលុយទៅដល់រាប់ម៉ឺន រាប់សែនដុល្លារទៅទិញផ្ទះក្នុងបុរី ប៉ុន្តែសេវាទូរស័ព្ទអត់មាន សេវាអ៊ីនធឺណិតអត់មាន វាមិនមែនកុងត្រាក្រសួងប្រៃសណីយ៍ឱ្យគេផ្តាច់មុខណា កុងត្រារវាងបុរីជាមួយក្រុមហ៊ុនអ៊ីនធឺណិត»។
ជាមួយគ្នានេះលោកនាយករដ្ឋមន្ត្រីជំរុញដល់ក្រសួងប្រៃសណីយ៍ ក៏ដូចជាក្រុមហ៊ុនប្រតិបត្តិករទូរគមនាគមន៍ត្រូវពន្លឿនការដំឡើងអង់តែននៅតាមបុរីឱ្យបានឆាប់រហ័សចៀសវាងបង្កការរំខានដល់ប្រជាពលរដ្ឋក្នុងការប្រាស្រ័យទាក់ទង។ លោកថា៖ «អ៊ីចឹងត្រូវតែជំរុញល្បឿនឱ្យបណ្តាក្រុមហ៊ុននានាត្រូវដំឡើងអង់តែន ដើម្បីបម្រើសេវាដល់អ្នករស់នៅតាមបុរី មិនអាចធ្វើរបៀបផ្តាច់មុខរាជរដ្ឋាភិបាលអត់មានទទួលស្គាល់ទេ...ហើយរាជរដ្ឋាភិបាលលើកទឹកចិត្តឱ្យមានការប្រកួតប្រជែង មិនមែនលើកទឹកចិត្តឱ្យមានការផ្តាច់មុខទេ ទាំងម្ចាស់បុរីទាំងផ្នែកក្រុមហ៊ុនទូរគមនាគមន៍ បើមិនអ៊ីចឹងទេ អ្នកដែលខាតបង់ទៅជាតំបន់កូនចៅដែលរស់នៅបុរី ព្រោះត្រូវរៀនអនឡាញ ហើយត្រូវរៀនតាមអ៊ីនធឺណិត ហោចណាស់អ៊ីនធឺណិតក្នុងទូរស័ព្ទឱ្យវាខ្លាំង ទើបរៀនបាន»។ លោកបញ្ជាក់ថា៖ «ខ្ញុំធ្លាប់ធ្វើទំនាក់ទំនងទៅតាមអ្នកដែលរស់នៅតាមបុរី ព្រោះមន្ត្រីរបស់យើងមួយចំនួនរស់នៅតាមបុរីពិបាកទាក់ទងគ្នាទាល់តែមែនទែន មហាពិបាក អ៊ីចឹងទោះបីថា នៅប្រទេសកម្ពុជាប្រព័ន្ធទូរស័ព្ទសំខាន់ៗមាន ៤ ប៉ុន្តែស៊ីសងកន្លែងនោះអត់មានសេវា ព្រោះផ្តាច់មុខទៅក្រុមហ៊ុនមួយទៅហើយ»។
លោកគូសបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាបានឈាន ១ ជំហានយ៉ាងលឿននៅក្នុងផ្នែកឌីជីថល សមស្របជាមួយដំណាក់កាលនៃឧស្សាហកម្ម ៤.០ ដូចនេះប្រព័ន្ធសេវាទូរស័ព្ទ និងអ៊ីនធឺណិតនេះគឺជារឿងចាំបាច់។ លោក ហ៊ុន សែន ក៏បានណែនាំដល់មន្ត្រីត្រូវចេះបច្ចេកវិទ្យាព័ត៌មាន ដើម្បីទទួលបានការចាត់តាំងក្នុងការបំពេញបេសកកម្ម បើពុំនោះទេ មន្ត្រីនោះមិនទទួលបានការចាត់តាំងឡើយ។
លោកថា៖ «ខ្ញុំបាននិយាយច្រើនដងហើយ សម្រាប់មន្ត្រីរាជការ យើងមិនធ្វើការតែងតាំងអ្នកណាដែលមិនចេះប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន គឺឱ្យធ្វើអក្ខរកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ព្រោះក្នុងប្រព័ន្ធទូរស័ព្ទ Smart Phone គឺមានគ្រប់សព្វនៅក្នុងនេះ បើចេះប៉ុណ្ណឹងបានទើបអាចធ្វើការជាមួយគេបាន»។
លោក លីវ សុផាណារិទ្ធ អ្នកនាំពាក្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ប្រាប់ភ្នំពេញប៉ុស្តិ៍ថា ជាក់ស្តែងក្រុមការងារពង្រឹងគុណភាពសេវាចំនួន ៨ ក្រុម កំពុងធ្វើការជាមួយបុរី និងប្រតិបត្តិករទូរគមនាគមន៍ក្នុងការពន្លឿនការសាងសង់បង្គោលអង់តែន។
លោកថា៖ «មកដល់ពេលនេះមាន ៦០ បុរីហើយ ដែលយើងកំពុងធ្វើការ បុរីមួយចំនួនក៏បានដំឡើងអង់តែនជាច្រើនដូចជាបុរីប៉េងហួតបឹងស្នោ ដំឡើងបានជិត ២០ អង់តែនហើយ ហើយយើងកំពុងធ្វើតេស្តនៅបុរីផ្សេងៗទៀត ដែលយើងបានសាងសង់ចន្លោះពី ១ ដើមទៅដល់ជាង ១០ ដើម»។
លោកគូសបញ្ជាក់ថា បន្ថែមពីនេះ ក្រុមការងារក៏កំពុងរៀបចំបណ្តាញខ្សែកាប្លិ៍អុបទិកចូលទៅតាមបណ្តាបុរីផងដែរ ប៉ុន្តែការងារនេះត្រូវការរយៈពេលយូរគួរសម។ លោកមានប្រសាសន៍ថា៖ «ព្រោះការងារនេះត្រូវការរយៈពេលដែរ ត្រូវជីកតាមផ្លូវទម្រាំអូសចូលដល់បុរីរាប់រយគីឡូ ហើយត្រូវរៀបចំបំពាក់ឧបករណ៍បច្ចេកទេស និងធ្វើតេស្តផ្សេងទៀត សុទ្ធតែត្រូវចំណាយពេលទាំងអស់ ហើយខ្ញុំជឿជាក់ថា មិនយូរមិនឆាប់យើងនឹងឃើញលទ្ធផលល្អប្រសើរ»៕