
លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ កាលពីថ្ងៃទី ១៧ សីហា។ រូបថត GRK
កំពង់ធំៈ មន្ត្រីអាវុធហត្ថចំនួន ៣ នាក់ ត្រូវបានឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ធំនៅថ្ងៃទី ១៧ សីហា ក្រោយពីបិទបញ្ចប់ការស៊ើបអង្កេតករណីពាក់ព័ន្ធនឹងការស្លាប់របស់បុរសឈ្មោះ សួង ឌ័ន ក្នុងប្រតិបត្តិការបង្ក្រាបល្បែងជល់មាន់ និងល្បែងឡូតូតាមអនឡាញនៅភូមិរូង ឃុំក្រវា ស្រុកបារាយណ៍ កាលពីថ្ងៃទី ៧ សីហា ឆ្នាំ ២០២២។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំកាលពីថ្ងៃទី ១៧ សីហា ថា ជនសង្ស័យទី១ ឈ្មោះ សុខ ម៉េងហុង ជានាយការិយាល័យព្រហ្មទណ្ឌ ទី២ លុយ តាំងឈួយ ជាប្រធានអង្គភាពយុត្តិធម៌ និងទី៣ ឈ្មោះ សៅ សេរីវុឌ្ឍ ជំនួយការនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំត្រូវបានសមត្ថកិច្ចអាវុធហត្ថកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ធំហើយ។
លោកថ្លែងថា៖ «យើងបញ្ជូនជនសង្ស័យពាក់ព័ន្ធនឹងបទមនុស្សឃាតដោយអចេតនាចំនួន ៣ នាក់ទៅសាលាដំបូងខេត្តកំពង់ធំ។ តាមពិតការឃាត់ខ្លួនជនសង្ស័យរបស់សមត្ថកិច្ច គឺជាភាពចាំបាច់ បើមិនចាំបាច់គេមិនឃាត់ទេ តែនេះពួកគាត់ (មន្ត្រីអាវុធហត្ថ) មានការធ្វេសប្រហែស»។ លោកបន្តថា ការចុះបង្ក្រាបទីតាំងលេងល្បែងនោះមានឈ្មោះ សុខ ម៉េងហុង ឈ្មោះ លុយ តាំងឈួយ និងឈ្មោះ សៅ សេរីវុឌ្ឍ ព្រមទាំងមានកងកម្លាំងសរុបចំនួន ១៣ នាក់។ ចំពោះការចុះបង្ក្រាបបទល្មើសនេះដែរ ក៏មានការសម្របសម្រួលពីលោក សាយ វាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ ហើយលោកបានឱ្យលោក ឃឿន សុលាភ ជាក្រឡាបញ្ជីចូលរួម។
ពេលចុះបង្ក្រាបនៅវេលាម៉ោង ៤ កន្លះល្ងាច ថ្ងៃទី ៧ សីហា ឆ្នាំ ២០២២ នោះ សមត្ថកិច្ចឃាត់ខ្លួនឈ្មោះ សួង ឌ័ន និងចាប់យកម៉ូតូបាន ៦ គ្រឿង ទូរទស្សន៍ ១ គ្រឿង រួមនឹង CPU ផងដែរ ដើម្បីបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ។ ប៉ុន្តែនៅក្នុងពេលធ្វើដំណើរតាមរថយន្ត ស្រាប់តែឈ្មោះ សួង ឌ័ន ក្នុងចំណោមជនសង្ស័យ ៤ នាក់មានអាការមិនស្រួលខ្លួនហើយឈ្មោះ ពេជ្រ ថៃ ដែលជាជនសង្ស័យដែរនោះបានប្រាប់ទៅឈ្មោះ សៅ សេរីវុឌ្ឍ ជាមន្ត្រីអាវុធហត្ថ ដែលជិះជាប់នឹងជនសង្ស័យទាំង ៤ នាក់ថា ប្អូនរបស់គាត់ សួង ឌ័ន មានអាការពុលរថយន្ត។ នៅពេលនោះឈ្មោះ ពេជ្រ ថៃ បានស្នើឱ្យសមត្ថកិច្ចរវៃកញ្ចក់រថយន្តចុះ ដើម្បីឱ្យមានខ្យល់ចេញចូលហើយមន្ត្រីអាវុធហត្ថក៏ដោះខ្នោះដៃពីជនសង្ស័យទាំង ៤ នាក់ដែរ។ ដោយស្ថានភាពឈ្មោះ សួង ឌ័ន កាន់តែមិនស្រួលខ្លាំង ក្រុមជនសង្ស័យបានសួរទៅឈ្មោះ សៅ សេរីវុឌ្ឍ រកប្រេងកូឡា តែត្រូវបាន សេរីវុឌ្ឍ សួរថា ពុលលេង ឬពុលមែនហើយក៏បន្តបើករថយន្តទៅមុខ ដើម្បីរកទិញប្រេងកូឡា។
ប៉ុន្តែដោយសារ សួង ឌ័ន មានអាការកាន់តែធ្ងន់ធ្ងរខ្លាំងក៏ដឹកគាត់ចូលទៅមន្ទីរពេទ្យបង្អែកស្រុកបារាយណ៍ តែលោកវេជ្ជបណ្ឌិតឈ្មោះ សុខ មុន្នីឧត្តម ប្រាប់ថា សួង ឌ័ន បានដាច់ខ្យល់ស្លាប់មុនបញ្ជូនដល់មន្ទីរពេទ្យ ដោយសារខ្វះខ្យល់អុកស៊ីហ្ស៊ែន។ លោក អេង ហ៊ី លើកឡើងថា តាមលិខិតកោសល្យវិច័យរបស់នគរបាលបច្ចេកទេសវិទ្យាសាស្ត្រ និងគ្រូពេទ្យបញ្ជាក់ថា លើដងខ្លួនគ្មានស្លាកស្នាមអ្វីទេ តែមានស្នាមពណ៌ស្វាយនៅក្បាលដែលគ្រូពេទ្យថា កាលណាមនុស្សខ្វះអុកស៊ីហ្ស៊ែនគឺបណ្តាលឱ្យមានពណ៌ស្វាយបែបនេះ។ ករណីនេះជនសង្ស័យ ៣ នាក់ក៏និយាយដែរថា មិនមានការធ្វើទារុណកម្មពីសមត្ថកិច្ចអាវុធហត្ថនោះដែរ។
លោកថ្លែងថា៖ «ឈ្មោះ សុខ ម៉េងហុង និង លុយ តាំងឈួយ និង សៅ សេរីវុឌ្ឍ អ្នកទាំង ៣ មានការធ្វេសប្រហែស ខ្ជីខ្ជា និងការមិនបំពេញកាតព្វកិច្ចដែលច្បាប់តម្រូវ។ ពួកគេត្រូវចោទបឋមពាក់ព័ន្ធបទមនុស្សឃាតដោយអចេតនាតាមមាត្រា ២០៧ នៃក្រមព្រហ្មទណ្ឌដែលអាចទទួលទោសពី ១ ឆ្នាំទៅ ៣ ឆ្នាំ»។
លោក អេង ហ៊ី បានប្រាប់អំពីសិទ្ធិដល់គ្រួសារសពលោក សួង ឌ័ន គឺមានសិទ្ធិប្តឹងតវ៉ានៅគ្រប់ដំណាក់កាលនៃរឿងក្តីនៅតុលាការ ដែលគាត់អាចមានមេធាវី ឬក៏ខ្លួនគាត់ផ្ទាល់មានសិទ្ធិប្តឹងទាមទារសំណងជំងឺចិត្ត។
ជាមួយគ្នានេះលោក ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំបានចូលរួមថវិកា ១០ លានរៀលដែលជាគោលនយោបាយរបស់កងរាជអាវុធហត្ថដល់គ្រួសារសពលោក សួង ឌ័ន៕
វីដេអូ៖