ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន បាន​បញ្ជា​ឱ្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បញ្ចេញ​កញ្ចប់​ថវិការដ្ឋ​ ដើម្បី​ទូទាត់​សំណង​ដល់​កម្មករ​កម្មការិនី​ដែល​ជួបប្រទះ​នឹង​បញ្ហា​ថៅកែ​បិទទ្វារ​រោងចក្រ​រត់ ដោយ​​ព្រមាន​មិនឱ្យ​អូសបន្លាយ​ដល់​កម្មករ​ទៀត​នោះទេ​។

ការប្រកាស​យ៉ាង​ដូច្នេះ​បាន​​ធ្វើឡើង​នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​ជូន​និស្សិត​សាកលវិទ្យាល័យ​ពុទ្ធិសាស្ត្រ​នៅ​​ថ្ងៃទី​ ១៧ ខែ​​សីហា បន្ទាប់ពី​លោក​បាន​មើលឃើញ​ថា មាន​រោងចក្រ​មួយ​ចំនួន​ដែល​ជួបប្រទះ​នឹង​បញ្ហា​នេះ​បន្ត​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​លោក​ជា​បន្តបន្ទាប់ ប៉ុន្តែ​នៅតែ​មិនមាន​ដំណោះស្រាយ​។

លោក​ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា​៖ «​រឿង​កម្មករ​គឺ​​ជា​រឿង​ដែល​យើង​ត្រូវយក​ចិត្តទុកដាក់​ក្នុង​ការដោះស្រាយ​។

គ្នា​វា​ដាក់​ញត្តិ ប៉ុន្តែ​យើង​មិន​​បាន​ដោះស្រាយ​ឱ្យគេ​។ ឥឡូវ​អស់លោក​ត្រូវការ​លុយ​ប៉ុន្មាន​ ដើម្បី​ដោះស្រាយ​ទៅកាន់​កម្មករ​​ប៉ុន្មាន​រយ​ហ្នឹង​? ហេតុអ្វី​បាន​មិន​ធ្វើ រឿង​ប៉ុណ្ណឹង​រង់ចាំ​ប៉ុន្មាន​ខែ​ទៀត​? ​ហើយ​ទុក​រឿង​ហ្នឹង​ឱ្យ​​នាយករដ្ឋមន្ត្រី​ជា​អ្នកដោះស្រាយ​?

បើ​ទុក​រឿង​ហ្នឹង​ឱ្យ​នាយករដ្ឋមន្ត្រី​​ជា​អ្នកដោះស្រាយ​មិនបាច់​ចាត់​តាំងធ្វើ​ក្រសួង​ធ្វើ​អ្វី​?»​។

ជាមួយ​គ្នានេះ លោក​នាយករដ្ឋមន្ត្រី​ក៏បាន​លើក​ជា​ឧទាហរណ៍​ថា មាន​រោងចក្រ​ខ្លះ​បាន​ជួបប្រទះ​បញ្ហា​នេះ​ជាច្រើន​ខែ​មកហើយ ដោយ​បាន​ស្វែងរក​កិច្ច​អន្តរាគមន៍​ជា​ហូរហែ នៅ​​តែ​មិនមាន​ដំណោះស្រាយ ខណៈ​ដែល​ថៅកែ​រោងចក្រ​មួយចំនួន​បាន​បិទទ្វារ​រោងចក្រ​ពី​កន្លែងចាស់​ទៅ​បើក​នៅ​កន្លែង​​ថ្មី​ ដើម្បី​គេច​ពី​ការទទួល​ខុសត្រូវ​។

លោក​បាន​បញ្ជាក់ថា​៖ «​សូមបញ្ជាក់​ទៅ​ទាំង​ក្រសួង​ការងារ​ទាំង​ខុទ្ទកាល័យ​របស់ខ្ញុំ ទទួល​បាន​ញត្តិ​ហើយ តើ​របៀប​ដោះស្រាយ​យ៉ាងម៉េច​? ​អ្នកណា​អ្នក​ទទួល​ញត្តិ​ហើយ​ញត្តិ​ហ្នឹង​បាន​​ប្រគល់​ទៅឱ្យ​អ្នកណា​? ​ក្រុមហ៊ុន​ហ្នឹង​គេ​បិទ ហើយ​គេ​ទៅ​បង្កើត​ក្រុមហ៊ុន​ណាមួយ​ទៀត ប៉ុន្តែ​ទោះបី​យ៉ាងណា​ក៏ដោយ ក៏ត្រូវ​បើកប្រាក់​ឱ្យគេ​។ ខ្ញុំ​ផ្តាំ​ទៅ​រឿងនេះ​គឺជា​រឿង​ត្រូវធ្វើ ព្រោះ​សុខទុក្ខ​របស់​កម្មករ​»​។

ទាក់ទង​នឹង​បញ្ហា​នេះ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ក៏បាន​​ស្តីបន្ទោស​ទៅកាន់​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ផងដែរ​ថា កន្លងទៅ​រដ្ឋ​ធ្លាប់​ផ្តល់​ថវិកា​មួយចំនួន​ឱ្យ​ក្រសួង​ការងារ​ខ្ចី ដើម្បី​ទូទាត់​ជូន​កម្មករ ប៉ុន្តែ​ករណី​ដដែល​នេះ នៅតែ​កើតមាន​ទៀត​។

លោក​បាន​បញ្ជាក់​ថា​៖ «​ឯកឧត្តម​ អ៊ិត សំហេង​អើយ កុំ​ពិបាក​​ពេក​។ កាលពីមុន​ខ្ញុំ​ធ្លាប់​ឱ្យអស់​​លោក​ខ្ចីលុយ​យក​ទៅ​ដោះស្រាយ​ឱ្យ​កម្មករ តែ​ហេតុម្តេច​ពេលនេះ​បាន​មិន​ដោះ​? មាន​ខាង​ក្រសួង​ការងារ​មក​អត់​? ​ទៅវិញ​រាយការណ៍​ឱ្យ​រដ្ឋមន្ត្រី​ដែល​រដ្ឋមន្ត្រី​មិនបាន​មើល​...​ទៅ​ខ្ចីលុយ​រដ្ឋាភិបាល​យកទៅ​​បើក​ឱ្យ​សិន​ទៅ រួចហើយ​ចាំ​ដោះស្រាយ​ជាមួយ​ក្រុមហ៊ុន​ជា​ក្រោយ​...»​។

លោក​ ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​​វិជ្ជាជីវៈ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​យ៉ាងខ្លី​នៅ​ថ្ងៃទី​ ១៧ ខែសីហា​ថា នៅពេល​នេះ ក្រសួង​កំពុង​រៀបចំ​ចាត់ចែង​អនុវត្ត​អនុសាសន៍​​របស់​លោក​នាយករដ្ឋមន្ត្រី​ដែល​ផ្ដល់​អនុសាសន៍​នេះហើយ​។

យ៉ាងណាក្ដី លោក ហេង សួរ មិនបាន​បញ្ជាក់​ទេ​ថា នឹង​ត្រៀម​កញ្ចប់​ថវិកា​ចំនួន​ប៉ុន្មាន ហើយ​កម្មករ​រោងចក្រ​ចំនួន​ប៉ុន្មាន​ដែល​នឹង​ទទួល​បាន​ទូទាត់​ជា​មុន​ក្នុងអំឡុង​ពេល​ដែល​ថៅកែ​បិទទ្វារ​រោងចក្រ​នេះ​។

លោក ម៉ៃ ចាន់ កម្មករ​រោងចក្រ​នៅ​ខេត្ត​កណ្តាល​បាន​សាទរ​ ​និង​បានបង្ហាញ​ក្តីសប្បាយ​រីករាយ​ដែល​ថ្នាក់ដឹកនាំ​បញ្ជា​ឱ្យ​ក្រសួង​ការងារ​បញ្ចេញ​បញ្ចប់​ថវិការដ្ឋ ដើម្បី​ទូទាត់​សំណង​ជូន​កម្មករ​ដែល​ថៅកែ​បិទទ្វារ​​រោងចក្រ​រត់ចោល​នេះ​។ លោក​បាន​បន្តថា ការដែល​រដ្ឋាភិបាល​ប្រកាស​បែបនេះ គឺ​បាន​ចូលរួម​ចំណែក​ជួយ​ដល់​ពួកលោក​ដែល​ជា​កម្មករ ពីព្រោះ​ភាគច្រើន​កម្មករ​តែង​ជួប​ការលំបាក​ហើយ​មិនដឹង​ជា​ទៅ​ស្វែងរក​ដំណោះស្រាយ​ពី​ណា​ខាង​ណា​នោះទេ​។

លោក​បាន​រៀបរាប់​ថា​៖ «​ខ្ញុំ​សប្បាយ​មែនទែន ដែល​រដ្ឋាភិបាល​បាន​គិតគូរ​ដល់​ពួក​ខ្ញុំ​។

យើង​កក់ក្តៅ​ណាស់​ដែល​រដ្ឋ​បញ្ចេញ​កញ្ចប់​ថវិការដ្ឋ​ដោះស្រាយ​ជូន​ពួកខ្ញុំ​នៅពេល​បិទទ្វារ​។ នៅពេល​ថៅកែ​បិទទ្វារ​​រោងចក្រ​គឺ​ប៉ះពាល់​ដល់​ពួកខ្ញុំ​ណាស់ ណា​រឿង​បង់លុយ​ធនាគារ ណា​ប៉ះពាល់​ដល់​ជីវភាព​ក្នុង​ការហូបចុក​។ ​នៅពេល​ថៅកែ​បិទទ្វារ​យើង​ជា​កម្មករ​​គឺ​ពិបាក​ណាស់​»​។

ស្រដៀង​គ្នា​នេះដែរ លោក​ ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​កម្ពុជា​បាន​ប្រកាស​គាំទ្រ ចំពោះ​ចំណាត់ការ​នេះ​ដោយបាន​លើកឡើង​ថា កន្លងមក​កម្មករ​គឺ​តែង​ទទួល​រងគ្រោះ​ពី​ការបិទទ្វារ​រោងចក្រ​របស់​ថៅកែ ដោយ​ការមិន​ព្រម​ផ្តល់ប្រាក់​ឈ្នួល និង​ប្រាក់​អត្ថប្រយោជន៍​នានា​ស្របតាម​ច្បាប់​។

លោក​បាន​បន្តថា ភាគី​សហជីព​ចង់ឃើញ​ការអនុវត្ត​គោលការណ៍​បែបនេះ​បន្តទៅ​ថ្ងៃ​អនាគត និង​ដាក់ចេញ​ជា​គោលការណ៍​នយោបាយ​ថ្នាក់ជាតិ​ សម្រាប់​ដោះស្រាយ​ជូន​កម្មករ​កម្មការិនី នៅពេលដែល​ពួកគេ​ជួបប្រទះ​នឹង​បញ្ហា​នៃ​ការបិទ​ទ្វារ​រោងចក្រ​។

លោក​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​ស្នើឱ្យ​ថ្នាក់ដឹកនាំ​លោក​កំណត់​ជា​គោលការណ៍​នយោបាយ​ថ្នាក់ជាតិ​ថា ឱ្យ​គ្រប់​រោងចក្រ​សហគ្រាស​ដែលមាន​ថៅកែ​រត់ចោល ឬ​បិទទ្វារ​អី​ជាដើម​សុំឱ្យ​រដ្ឋាភិបាល​ប្រើប្រាស់​កញ្ចប់​ថវិការដ្ឋ ដើម្បី​ជួយ​ដោះស្រាយ​ផលប៉ះពាល់​ផ្សេងៗ​បង្កលក្ខណៈ​ងាយស្រួល​ទៅដល់​បងប្អូន​កុំឱ្យ​គាត់​មាន​ការតវ៉ា​ហាលភ្លៀង​ហាលខ្យល់ ប្រឈម​មុខ​នឹង​ការប៉ះទង្គិច​គ្នា​ជាមួយ​សមត្ថកិច្ច​ជាដើម​»៕