
ទិដ្ឋភាពទឹកលិចដែលហៀរចេញពីជំនន់ទឹកអូរនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ក្នុងតំបន់ស្រុកម៉ាឡៃ កាលពីថ្ងៃទី ១៥ ខែសីហា។ រូបថត ក្រសួងធនធានទឹក
បន្ទាយមានជ័យៈ ស្ថានភាពទឹកនៅតាមអូរព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបន្ទាយមានជ័យ បានស្រកចុះ ខណៈទឹកស្ទឹងសែនក្នុងខេត្តកំពង់ធំ នៅថ្ងៃទី ១៧ ខែសីហា បានបន្តជន់ឡើង ប៉ុន្តែការជន់ឡើងដោយសន្សឹមៗនេះ មិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋនោះទេ។
លោក ឡាយ ពុទ្ធី អនុប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបន្ទាយមានជ័យថ្លែងថា ទឹកអូរព្រំដែនក្នុងក្រុងប៉ោយប៉ែត និងស្រុកម៉ាឡៃ បានស្រកចុះបន្ទាប់ពីកម្លាំងសមត្ថកិច្ចបានកាយបើកផ្លូវទឹកឱ្យហូរចុះទៅស្ទឹងសេរីសោភ័ណ និងស្ទឹងមង្គលបុរី ហើយបន្តហូរចាក់ទៅកាន់បឹងទន្លេសាប។
លោកថ្លែងថា៖ «គិតត្រឹមម៉ោង ១០ ព្រឹក ថ្ងៃទី ១៧ ខែសីហា ទឹកអូរព្រំដែនបានស្រកចុះមកនៅត្រឹមកាចអូរវិញ»។ ថ្វីបើយ៉ាងដូច្នេះក្ដី កម្លាំងសមត្ថកិច្ចចម្រុះ នៅតែបន្តត្រៀមលក្ខណៈជាប់ជាប្រចាំ ដោយមានទាំងមធ្យោបាយ ជាគ្រឿងចក្រអេស្កាវាទ័រ ទូក អូប័រ និងឧបករណ៍សម្ភារមួយចំនួនទៀត សម្រាប់ត្រៀមអន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋ ក្នុងតំបន់ដែលងាយរងគ្រោះដោយទឹកជំនន់ ដើម្បីនាំទៅកាន់ទីទួលសុវត្ថិភាព ខណៈការព្យាករអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ១៧ ខែសីហា បញ្ជាក់ថា ភ្លៀងនឹងបន្តធ្លាក់ក្នុងកម្រិតពីខ្សោយទៅខ្លាំងនៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស រហូតដល់ថ្ងៃទី ២៣ សីហា ដែលអាចបង្កឱ្យតំបន់ដែលធ្លាប់រងការជន់លិចកាលពីមុន នឹងរងការជន់លិចសាជាថ្មីទៀត។
ដោយឡែក កម្ពស់ទឹកស្ទឹងសែនក្នុងខេត្តកំពង់ធំ នៅថ្ងៃទី ១៧ សីហា បានបន្តជន់ឡើង ១ សង់ទីម៉ែត្របន្ថែមទៀត ដែលធ្វើឱ្យវិសាលភាពនៃទឹកជំនន់នៅក្នុងខេត្តនេះ រីកសាយគ្របដណ្ដប់លើផ្ទៃដីស្រែចម្ការរបស់ប្រជាកសិករ ប្រមាណជាង ១ ម៉ឺនហិកតា ក្នុងក្រុង-ស្រុកចំនួន ៣ រួមមានក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ និងស្រុកស្ទោង។ នេះបើតាមលោក ហេ គឿន ប្រធានការិយាល័យនៃមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ធំ។ លោកថា កម្ពស់ទឹកស្ទឹងសែន នៅថ្ងៃទី ១៧ សីហា បានជន់ឡើងដល់ ១៣,៥៧ ម៉ែត្រ លើសកាលពីថ្ងៃទី ១៦ ក្នុងកម្ពស់ ១ សង់ទីម៉ែត្រ ខណៈកម្ពស់ទឹកដែលត្រូវប្រកាសឱ្យប្រុងប្រយ័ត្នគឺ ១៣,៥០ ម៉ែត្រ៕