ភ្នំពេញៈ​ និស្សិត​ស្ថាបត្យ​កម្ម​មួយ​ក្រុម​ដែល​មាន​ ៥​ នាក់​ មកពី​សាកល​វិទ្យា​ល័យ​ចំនួន ​២ ​ក្នុង​រាជធានី​ភ្នំពេញ​ បាន​ឈ្នះ​ការ​ប្រកួត​ប្រជែង​លើ​ការ​រចនា​​អាហា​រដ្ឋា​ន​លើដំបូល​ការិយា​ល័យ​ថ្មី​នៃ​អង្គការ​ស្បៀង​និង​កសិកម្ម​នៃ​សហ​ប្រជា​ជាតិ (FAO) ​ប្រចាំ​កម្ពុជា​ដោយ​លទ្ធផល​ការប្រកួត​ប្រជែង​ត្រូវបាន​ប្រកាស​ក្នុង​ទិវា​យុវជន​អន្តរ​ជាតិ​។

​ទិវា​យុវជន​អន្តរ​ជាតិ​ត្រូវបាន​ប្រារព្ធ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ​នៅ​ថ្ងៃទី​ ១២ ​ខែសីហា ​ដោយ​ក្នុងឆ្នាំនេះ​ផ្តោត​សំខាន់​លើ​សក្តានុពល​ច្នៃ​ប្រឌិត​ថ្មី​របស់​យុវជន​ក្រោម​ប្រធាន​បទ «​សាមគ្គី​ភាព​អន្តរ​ជំនាន់​»​ ដែល​បង្ហាញ​ពី​តម្រូវការ​របស់​មនុស្ស​គ្រប់​វ័យ​ ដើម្បី​រួម​កម្លាំង​កសាង​ពិភព​លោក​ដ៏​ល្អ​ប្រសើរ​សម្រាប់​មនុស្ស​ទាំង​អស់​គ្នា​។​

​កាល​ពី​ខែ​មិថុនា អង្គការ​ FAO ប្រចាំ​កម្ពុជា​បាន​អញ្ជើញ​និស្សិត​ស្ថាបត្យ​កម្ម​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ ឱ្យ​ចូលរួម​ប្រកួត​ប្រជែង​ការ​រចនា​អាហារ​ដ្ឋា​ន​លើ​ដំបូល​ការិយា​ល័យ​ថ្មី​របស់​អង្គការ​ FAO ប្រចាំ​កម្ពុជា​ដែល​រួម​មាន​ផ្ទះ​បាយ​ជា​លក្ខណៈ​អាជីវ​កម្ម​តូច ​សួន​ច្បារ​ដែល​មាន​ផ្ទះ​បាយ និង​កន្លែង​ទទួល​ទាន​អាហារ និង​កន្លែង​ប្រជុំ​ដែល​មាន​ទាំង​ក្នុង និង​ក្រៅ​អាហា​រដ្ឋា​ន​។​

​អង្គការ FAO បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃទី​ ១៧​ ខែសីហា​ថា​ ការ​រចនា ​និង​សាង​សង់​ត្រូវតែ​ធ្វើឡើង​តាម​បែប​កម្ពុជា​ដែលមាន​ពណ៌​បៃ​តង​ និង​មាន​តម្លៃ​សមរម្យ ហើយ​កន្លែង​នីមួយៗ​មាន​មុខងារ​ច្រើន​។ និស្សិត​ចំនួន​ ១៥ នាក់​ បាន​ប្រើ​ពេល​ ១ ​ខែ ​ក្នុង​ការ​រចនា​ឱ្យ​រួចរាល់​ ហើយ​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ ​និស្សិត​ចំនួន ​៥​ ក្រុម ​ត្រូវបាន​ជ្រើស​រើស​ឱ្យប្រកួត​ប្រជែង​ដោយ​បង្ហាញ​ពី​គំនិត​រចនា​របស់ខ្លួន​ទៅកាន់​គណៈ​កម្មការ​វាយ​តម្លៃ​។ រង្វាន់​សម្រាប់​ក្រុម​ដែល​ឈ្នះ​រួម​មាន​ ឱកាស​ធ្វើការ​ជាមួយ​វិស្វករ​និង​អង្គការ​ FAO ​ហើយ​គំនិត​រចនា​របស់​ពួកគេ​ត្រូវ​បាន​យក​មក​អនុវត្ត​ក្នុង​ការ​រចនា​អាហា​រដ្ឋា​ន​នៅ​លើ​ដំបូល​នៃ​ការិយា​ល័យ​ FAO ថ្មី​ប្រចាំ​កម្ពុជា​។​

​លោក​ស្រី Rebekah Bell តំណាង​អង្គ​ការ FAO ប្រចាំ​កម្ពុជា​ថ្លែង​ថា ​អង្គការ FAO បាន​ស្វែង​រក​គំនិត​រចនា​ដែល​នឹង​ជួយ​ពង្រឹង​កន្លែង​ធ្វើការ​ងារ​របស់​បុគ្គលិក​ និង​ភ្ញៀវ​របស់​អង្គការ ​FAO ​ទាំង​អស់ក៏​ដូច​ជា​ផ្សព្វ​ផ្សាយ​វប្បធម៌​អាហារ​ខ្មែរ​ផង​ដែរ​។​

​លោក​ស្រី​ថ្លែង​ថា​៖ «​អាហា​រដ្ឋា​ន​លើដំបូល​ការិយា​ល័យ​នេះ​នឹង​ក្លាយជា​កន្លែង​ដែល​មានការ​ចម្អិន​ និង​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​ដោយមាន​ថាម​ពល​ពន្លឺព្រះ​អាទិត្យ​ និង​ជា​កន្លែង​ដែល​យើង​អាច​រៀបចំ​កិច្ច​ប្រជុំ​ដែល​ជំរុញ​ការងារ​របស់ FAO និង​ផ្សព្វ​ផ្សាយ​វប្បធម៌​អាហារ​ខ្មែរ​ដ៏​អស្ចារ្យ​ផង​ដែរ​»​។​

​ក្រោម​ការ​គាំទ្រ​ពី​រាជ​រដ្ឋាភិ​បាល​កម្ពុជា ​បច្ចុប្បន្ន​អង្គការ​ FAO កំពុង​ដំណើ​ការ​សាង​សង់​ការិយា​ល័យ​ថ្មី​របស់​ខ្លួន​ប្រចាំ​នៅ​កម្ពុជា​ស្ថិត​ក្នុង​បរិវេណ​ក្រសួង​កសិ​កម្មរុក្ខាប្រមាញ់ និង​នេសាទ​ ដែល​រំពឹង​ថា ​នឹង​សាង់​សង់​បញ្ចប់​នៅ​ចុងខែ​កញ្ញា​។ ក្នុងការ​បញ្ចប់​ការសាង​សង់​ការិយា​ល័យ​ថ្មី​នេះ ​អង្គការ FAO ​បាន​ផ្តល់​ឱកាស​ដល់​និស្សិត​ស្ថាបត្យ​កម្ម​កម្ពុជា ​ដើម្បី​ចូលរួម​រចនា​អាហា​រដ្ឋា​ន​លើដំបូល​ការិ​យា​ល័យ​នេះ​ដែល​បាន​លើក​ឡើង​នេះ​។​

​អង្គការ​ FAO​ បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា​គំនិត​រចនា​អាហា​រដ្ឋា​ន​ដែល​បង្ហាញ​ដល់​គណៈ​កម្មការ​វាយតម្លៃ​ដោយ​បេក្ខ​ជន​ក្រុម​ទាំង​ ៥​ នាក់ ​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ ​គឺមាន​លក្ខណៈប្រកប​ដោយ​គុណ​ភាព​ខ្ពស់ហើយ​ក្រុម​ទាំង​ ៥ ត្រូវបាន​កោត​សរសើរ​ចំពោះ​គុណ​ភាព​នៃ​គំនិត​រចនា​របស់​ពួកគេ​។ ក្រុម​ដែល​ទទួល​បាន​ជយលាភី​មាន​និស្សិត​ចំនួន​ ៥ ​នាក់​ ដែល​មកពី​សាកល​វិទ្យា​ល័យ​អាមេរិកាំង​ភ្នំពេញ​ និង​សាកល​វិទ្យា​ល័យ​ន័​រ​តុ​ន​។ គំនិត​ក្នុងការ​រចនា​រហូតទទួល​បាន​ជយ​លាភី​នេះ ​ក៏ត្រូវ​មាន​ការ​ឆ្លុះបញ្ចាំង​ពី​ទស្សនៈ​របស់​កសិករ​ ហើយ​ត្រូវបាន​បំផុស​គំនិត​ដោយ​ដំណើរ​ការដាំ​ដុះ​ស្រូវ​។​

​លោក​ស្រី Rebekah Bell​ ថ្លែង​ថា​ ក្រុម​ការងារ​ FAO នៅ​កម្ពុជា​រង់ចាំ​ធ្វើការ​ជាមួយ​ក្រុម​យុវជន​ដ៏​ស្វា​ហាប់​នេះ ​លើ​ការ​រចនា​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​ និង​ទំនើប​របស់​ពួកគេ​ក្នុង​អំឡុង​ពេល​សាង​សង់​អាហា​រដ្ឋា​ន​លើ​ដំបូល​ថ្មី​របស់​អង្គការ​ FAO​៕