​ភ្នំពេញៈ​ ​លោក​ទេសរដ្ឋ​មន្ត្រី លី ធុជ អនុ​ប្រធាន​ទី​១ អាជ្ញា​ធរ​មីន​បានថ្លែង​ក្នុង​ពេល​ជួប​ពិភាក្សា​ការ​ងារ​ជា​មួយ លោក ​Andrew Well-Dang មន្ត្រី​ជាន់​ខ្ពស់​នៃ​វិទ្យា​ស្ថាន​សន្តិ​ភាព​សហ​រដ្ឋ​អាមេរិក​នៅ​ព្រឹក​ថ្ងៃទី​ ១៨​ ខែ សីហា ​ឆ្នាំ​ ២០២២ ​នៅ​ទីស្នាក់​ការ​អាជ្ញា​ធរ​មីន​ថា​ កម្ពុជា​បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច​ក្នុង​ការ​ចូលរួម​កសាង​និង​ពង្រឹង​នូវ​សន្តិ​ភាព​នៅ​តាម​បណ្តា​ប្រទេស​នានាដែល​ត្រូវ​ការ​កម្ពុជា​។​

​ក្នុង​ជំនួប​រវាង​អនុ​ប្រធាន​ទី​១ ​អាជ្ញា​ធ​មីន​និង​ម​ន្ត្រីជាន់ខ្ពស់​នៃ​វិទ្យាស្ថាន​សន្តិភាព​សហរដ្ឋ​អាមេរិក​នេះ​ធ្វើ​ឡើង​ក្រោម​ប្រធាន​បទ «​កេរដំណែល​សង្គ្រាម ​សន្តិភាព​និង​សន្តិ​សុខ​ក្នុង​តំបន់ និង​ការ​កសាង​សន្តិ​ភាព» ដែលជា​ផល​ប្រយោជន៍​សម្រាប់​ប្រជាជ​ន​អាមេរិក ​និង​កម្ពុជា​។

​ក្នុង​ជំនួប​នោះ​លោក​ លី ធុជ បាន​លើក​ឡើង​អំពី​ដំណើរ​ការ​ស្វែង​សន្តិ​ភាព និង​ការ​បញ្ចប់​សង្គ្រាម​ទាំង​ស្រុង​នៅ​កម្ពុជា ក្រោម​នយោ​បាយ ​ឈ្នះ ​ឈ្នះ ដែល​មាន​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ជា​ស្ថាបនិក​សន្តិ​ភាព និង​ម​គ្គុ​ទេ្ទ​ស​ក៍ឯកក្នុង​ការ​នាំមក​នូវ​សន្តិភាព​ពេញ​លេញ​ជូន​ជាតិ​មាតុ​ភូមិព្រម​ទាំង​បាន​បញ្ជូន​កង​កម្លាំង​រក្សា​សន្តិភាព​ទៅ​បណ្តា​ប្រទេស​នានា​ដែល​ត្រូវការ​ និង​ធ្លាប់​រង​គ្រោះ​ដូច​កម្ពុជា​។

​លោក​ថ្លែង​ថា​៖ «​កម្ពុជា​មាន​បទពិ​សោធ​គ្រប់​គ្រាន់​ក្នុងការ​ចូលរួម​ស្វែងរក​សុខ​សន្តិ​ភាព​ និង​ចែករំលែក​ទៅតាម​បណ្ដា​ប្រទេស​នានា ​ជុំវិញ​ពិភព​លោក​ និង​ក្នុង​តំបន់​»​។​

​លោក​ក៏បាន​លើក​ឡើង​ដែរ​ថា រយៈ​ពេល ៣០ ​ឆ្នាំនៃ​ដំណើរ​ការ​បោស​សម្អាត​មីន​មនុស្ស​ធម៌​នៅ​កម្ពុជា បាន​ចូល​រួម​ចំណែក​ជាច្រើន​ក្នុង​ការ​ផ្តល់​ដី​សុវត្ថិ​ភាព​ កាត់​បន្ថយ​អត្រា​គ្រោះថ្នាក់​ដោយ​សារ​មីន​និង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ ជា​ពិសេស​ការងារ​បោស​សម្អាត​មីន បាន​រួម​ចំណែក​ដល់​កិច្ច​គាំពារ​ដល់​សន្តិ​ភាព​នៅ​កម្ពុជា​ផង​ដែរ​។ ទន្ទឹម​នឹង​នេះ លោក ​លី ធុជ ក៏បាន​ស្នើ​សុំ​ឲ្យ​វិទ្យា​ស្ថាន​សន្តិភាព​សហរដ្ឋ​អាមេ​រិក ជួយ​គាំទ្រ​ដល់​ជន​មាន​ពិការ​ភាព និង​អតីត​យុទ្ធ​ជន ដែល​បាន​រង​គ្រោះ​ដោយ​សារ​កាក​សំណល់​សង្គ្រាម​។​

​លោក ​Andrew Well-Dang បាន​ថ្លែង​បញ្ជាក់​ថា វិទ្យា​ស្ថាន​សន្តិ​ភាព​សហ​រដ្ឋ​អា​មេរិក បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការផ្សព្វ​ផ្សាយ ​អប់រំ ស្វែង​រក​សន្តិ​ភាព និង​ដោះ​ស្រាយ​បញ្ហា​ទំនាស់​ផ្ទៃក្នុង​ប្រទេស​នីមួយៗ​នៅលើ​ពិភ​ពលោក និង​ក្នុង​តំបន់​។​

​ម​ន្ត្រីជាន់​ខ្ពស់​រូបនេះ បាន​វាយត​ម្លៃ​ខ្ពស់​ចំពោះ​ដំណើរ​ការ​ស្វែងរក​សន្តិ​ភាព ​និង​ការ​បញ្ចប់​សង្គ្រាមរ៉ាំរ៉ៃ​រាប់​ទសវត្ស​រ៍​នៅ​កម្ពុជា ​ហើយ​បាន​ចាត់​ទុក​កម្ពុជាជា​ប្រទេស​មួយ​ដែល​មាន​បទ​ពិសោធ​ច្រើន និង​អាច​ចែក​រំលែក​ទៅបណ្តា​ប្រទេស​នានាជុំ​វិញពិភព​លោកនិ​ង​ក្នុង​តំបន់ ដែល​កំពុង​ជួប​ប្រទះ និង​ធ្លាប់​ជួប​ផល​វិបាក​ដូច​កម្ពុជា​។​

​លោក ​ប៉ា ចន្ទ​រឿន ប្រធាន​វិទ្យា​ស្ថាន​ប្រជាធិ​បតេយ្យ​កម្ពុជា​ថ្លែង​នៅ​ថ្ងៃទី​ ១៨ ​ខែសីហា​ថា កាល​ពី​ ៣០ ឆ្នាំមុន​ ប្រទេស​កម្ពុជា​ត្រូវ​ការ​ជំនួយ​ពី​អន្តរ​ជាតិ​ក្រោម​ឆ​ត្រ​របស់​អ៊ុន​តាក់​ក្នុងការ​កសាង​ និង​ថែរក្សា​សន្តិ​ភាព​នៅ​កម្ពុជា ប៉ុន្តែ​៣០​ ក្រោយ​មក ​កម្ពុជា​ត្រូវបា​ន​រាជ​រដ្ឋាភិ​បាល​ប្រកាស​ថា មាន​សុខ​សន្តិ​ភាព​ពេញ​បរិបូរណ៍​និង​ជា​ពេល​វេលា​មួយ​ដែល​កម្ពុជា​អាច​ចូល​រួម​ចំណែក​ក្នុងការ​កសាង ​និង​ថែរក្សា​សន្តិ​ភាព​នៅ​លើ​ពិភព​លោក ជា​ពិសេស​ប្រទេស​ដែល​កំពុង​តែ​ប្រឈម​មុខ​នឹង​សង្គ្រាម​ឬ​ចម្បាំង​ប្រដាប់​អាវុធ ។

​លោក​បន្ត​ថា ​កន្លង​មក ​កម្ពុជា​បាន​បញ្ជូន​កង​ទ័ព​មួក​ខៀវ​ក្រោម​ឆត្រ​អង្គកា​រសហ​ប្រជា​ជាតិ​ទៅ​ប្រទេស​មួយ​ចំនួនដែល​នៅក្នុង​បេស​កម្ម​នោះ​កង​ទ័ព​មួក​ខៀវ​កម្ពុជា​បាន​ទទួល​នូវ​ការ​កោតស​រសើរ​អំពី​ការលះ​បង់ក្នុង​ការ​បំពេញ​តួនាទី​ជា​កង​កម្លាំង​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​ក្នុង​ការ​កសាង និង​ការពារ​សន្តិភាព​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​។

​លោក​ថ្លែងថា​៖ «​ខ្ញុំ​គិត​ថា ជា​ឱកាស​ពិ​សេស​មួយ​សម្រាប់​កម្ពុជា​ក្នុង​ការដើរ​តួ​ជា​អ្នក​ជួយ​បង្កើត​ កសាង​និង​ថែរក្សា​សន្តិភាព​ជូន​ពិភព​លោក​វិញ​ម្តង ជាការ​ឆ្លើយ​តប​នឹង​អ្វីដែល​ពិភព​លោក​ធ្លាប់​ជួយ​កម្ពុជា​ពីមុន​មក ហើយ​ការ​បង្កើត ​កសាង និង​ការពារ​សន្តិភាព​សម្រាប់​ពិភព​លោក​នេះ ជា​ឱកាស​ពិ​សេស​មួយ​ដើម្បី​ពង្រីក​កិត្តិនាម​ និង​ឥទ្ធិពល​របស់​កម្ពុជា​នៅ​ក្នុង​ពិភព​លោក​»៕