
ទិដ្ឋភាពភ្លើងឆេះអគារកន្លងមក ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។ ហុង មិនា
ភ្នំពេញៈ មន្ត្រីនគរបាលជាន់ខ្ពស់ផ្នែកពន្លត់អគ្គិភ័យម្នាក់បាននិយាយថា អ្នកស្លាប់ដោយគ្រោះអគ្គិភ័យក្នុងរយៈពេល ៨ ខែឆ្នាំ ២០២២ នេះ ធៀបទៅនឹងឆ្នាំមុនក្នុងរយៈពេលដូចគ្នា គឺមានការថយចុះចំនួន ៤ នាក់ ប៉ុន្តែចំនួនអ្នករងរបួស និងចំនួនផ្ទះដែលរងការឆេះខូចខាត មានការកើនឡើងខ្ពស់ជាង។
លោក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៨ ខែសីហាថា ក្នុងរយៈពេល ៨ ខែ ឆ្នាំ ២០២២ មានអគ្គិភ័យកើតឡើង ៤២៨ លើកនៅទូទាំងប្រទេស បណ្ដាលឱ្យមនុស្ស ១៣ នាក់ស្លាប់ និង ៤១ នាក់ទៀតរបួស ព្រមទាំងឆេះខូចខាតផ្ទះចំនួន ៥៦៤ ខ្នង។
លោកបានបញ្ជាក់ថា៖ «បើធៀបទៅនឹងឆ្នាំមុនក្នុងរយៈពេលដូចគ្នានេះ គ្រោះអគ្គិភ័យបានថយចុះ ៤២ លើក ខណៈចំនួនអ្នកស្លាប់បានថយចុះចំនួន ៤ នាក់។ ប៉ុន្តែអ្នករងរបួសមានការកើនឡើងចំនួន ៧ នាក់ ហើយ ខ្នងផ្ទះដែលរងការឆេះខូចខាតបានកើនឡើងចំនួន ១០៩ ខ្នង»។
បើតាមលោកវន្ថា ក្នុងរយៈពេល ៨ ខែឆ្នាំ ២០២២ រាជធានីភ្នំពេញ កើតមានគ្រោះអគ្គិភ័យច្រើនជាងគេ គឺ ៧៨ លើក បន្ទាប់មក ខេត្តកណ្ដាល មានគ្រោះអគ្គិភ័យកើតឡើង ៣៩ លើក ខេត្តសៀមរាប ៣២ លើក និង ខេត្តបាត់ដំបង ២៨ លើក ខណៈខេត្តតាកែវ ត្រូវបានគេកត់សម្គាល់ថា មានករណីគ្រោះអគ្គិភ័យកើតឡើងតិចតួចជាងគេបំផុត គឺមានចំនួនត្រឹមតែ ៣ លើកប៉ុណ្ណោះ។
ទន្ទឹមជាមួយគ្នានេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ ម្ចាស់គ្រឹះស្ថាន រោងចក្រ សហគ្រាស និងអង្គភាពនានា បង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្ន អំពីបញ្ហាគ្រោះអគ្គិភ័យ ដោយត្រូវមានបំពង់ពន្លត់អគ្គិភ័យនៅតាមផ្ទះ អគាររោងចក្រ សហគ្រាស និងគ្រឹះស្ថានរបស់ខ្លួន និងត្រូវមានចំណេះដឹងជាមូលដ្ឋានក្នុងការងារពន្លត់អគ្គិភ័យផងដែរ ដើម្បីជាប្រយោជន៍ក្នុងការជួយអន្តរាគមន៍ពន្លត់អគ្គិភ័យ ពេលមានគ្រោះអគ្គិភ័យកើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន មុនពេលកម្លាំងសមត្ថកិច្ចនគរបាលជំនាញផ្នែកអគ្គិភ័យទៅដល់។
យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែល ភ្នំពេញ ប៉ុស្តិ៍ ទទួលបាននៅថ្ងៃទី ១៨ ខែសីហា កត្តាប្រឈមការកើតមាននូវគ្រោះ អគ្គិភ័យក្នុងរយៈពេល៨ខែឆ្នាំ២០២២ ភាគច្រើនបណ្ដាលមកពីករណីផ្ទុះឆ្លងចរន្តអគ្គិសនីជិត ៤១ ភាគរយ ករណីប្រើប្រាស់ភ្លើង (ចង្ក្រាននិងទៀន ធូប) ជិត ៣៧៨ ភាគរយ និង ២២ ភាគរយទៀត កំពុងស្ថិតនៅក្នុងការស៊ើបអង្កេត ស្រាវជ្រាវនៅឡើយ។
ពាក់ព័ន្ធករណីស៊ើបអង្កេតស្រាវជ្រាវនេះដែរ លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ កាលពីពេលថ្មីៗកន្លងទៅនេះ បានជំរុញឱ្យគ្រប់ផ្នែកពាក់ព័ន្ធនៃក្រុមពន្លត់អគ្គិភ័យយកចិត្តទុកដាក់រៀនសូត្រពីបច្ចេកទេសសំខាន់ពីបណ្ដាប្រទេសនានាជាដៃគូ ដើម្បីបង្កើនឧត្តមភាពនៅក្នុងអង្គភាពនិងស្ថាប័នផង និងដើម្បីយកចំណេះដឹងនិងបទពិសោធពីបណ្ដាប្រទេសទាំងនោះ មកអនុវត្តនៅកម្ពុជា ប្រកបដោយឧត្តមភាពនិងប្រសិទ្ធភាព ដោយធ្វើយ៉ាងណាស្រាវជ្រាវរកឱ្យឃើញនូវគ្រប់មូលហេតុទាំងអស់នៃគ្រោះអគ្គិភ័យដែលបានកើតឡើង និងកំណត់នូវមុខសញ្ញានៃជនបង្កគ្រោះអគ្គិភ័យ ដើម្បីមានចំណាត់ការបន្តតាមនីតិវិធីច្បាប់។
ទន្ទឹមនឹងនេះ លោកបានជំរុញ ឱ្យគ្រប់អង្គភាព ស្ថាប័ន និងគ្រឹះស្ថានឯកជនទាំងអស់ រួមទាំងផ្សារតូចធំ បង្កើតក្រុមពន្លត់អគ្គិភ័យស្ម័គ្រចិត្ត ដើម្បីចូលរួមសហការពន្លត់អគ្គិភ័យ ព្រោះប្រសិនបើមានក្រុមអគ្គិភ័យស្មគ្រ័ចិត្ត នៅពេលមានអគ្គិភ័យកើតឡើង ពួកគេអាចជួយបានទាន់ពេលវេលា ៕