
ជនអនាថាដើរសុំទានតាមផ្លូវ ក្នុងសង្កាត់ចាក់អង្រែក្រោម។ ហុង មិនា
ភ្នំពេញៈ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបង្ហាញនៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី ១៨ ខែសីហា ដោយក្រសួងបានរកឃើញជនអនាថាជាង ២ ៦០០ នាក់ ដែលកំពុងធ្វើសកម្មភាពនៅតាមទីសាធារណៈគ្រប់រាជធានី-ខេត្ត ទូទាំងប្រទេស ហើយបាននឹងកំពុងយកចិត្តទុកដាក់ដោះស្រាយលើបញ្ហានេះ។
នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ ឆ្នាំកន្លងមក របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា” កាលពីថ្ងៃទី ១៨ ខែសីហានេះ លោក តូច ចាន់នី អគ្គនាយកសេវាសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានថ្លែងថា កន្លងមកនេះក្រសួងបានចេញគោលការណ៍ណែនាំសម្រាប់ដោះស្រាយបញ្ហាជនអនាថា និងការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព។
លោកថា ក្រសួងបានធ្វើការអង្កេតរហ័ស ក្នុងឆ្នាំ ២០២០ កន្លកងមកនេះពាក់ព័ន្ធការងារជនអនាថា សំដៅធ្វើការពិនិត្យទិន្នន័យថាតើជនអនាថាមានប៉ុន្មាន? ហើយគោលដៅ គោលបំណងរបស់គាត់ និងសំណូមពរ និងចំណង់ចំណូលចិត្តគាត់ចង់បានអ្វី?។ តាមរយៈការធ្វើអង្កេតរហ័សនៅគ្រប់ទីតាំងនៅតាមបណ្តារាជធានីខេត្ត រកឃើញជនអនាថាជាង ២ ៦០០ នាក់ ដោយក្នុងនោះមានជនអនាថាពិតប្រាកដពុំមានផ្ទះសម្បែង និងជនអនាថាខ្លះ បង្កើតឡើងដោយក្រុមទុច្ចរិតដើម្បីប្រយោជន៍របស់ក្រុមពួកគេ។
លោកថា៖ «ជនអនាថាមានច្រើនប្រភេទ ខ្លះសុំទានដើម្បីចិញ្ចឹមខ្លួនឯងផ្ទាល់ ប៉ុន្តែជនអនាថាខ្លះ ការសុំទានរបស់គាត់មានការរៀបចំទុច្ចរិត ប្រមូលមនុស្សដើម្បីដើរសុំទានជាប្រយោជន៍របស់ក្រុមគាត់។ មូលហេតុជនអនាថាមិនព្រមស្នាក់នៅតាមការរៀបចំរបស់ក្រសួងដោយគាត់គិតថា ដើរសុំទានបានចំណូល ចំណែកការស្នាក់នៅមណ្ឌលដែលក្រសួងរៀបចំឱ្យ ពុំបានចំណូល»។
លោក តូច ចាន់នី ឱ្យដឹងថា កន្លងមកក្រសួងក៏បានគិតគូរបញ្ហាជនអនាថាដោយបានប្រមូលមករស់នៅក្នុងមណ្ឌលសង្គមកិច្ច ហើយផ្តល់មុខរបរដល់គាត់ ដូចជាទិញធុងទឹកអំពៅ និងទិញធុងលតឆាឱ្យពួកគាត់ ប៉ុន្តែបានតែប៉ុន្មានខែគាត់លក់ចោល វិលទៅរកការសុំទានដដែល ព្រោះពួកគេអាចរកចំណូលបានច្រើនជាងការលក់ដូរ ខណៈជនអនាថាមួយចំនួនមិនព្រមទទួលសេវាដែលរដ្ឋាភិបាលរៀបចំឱ្យនោះទេ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូលោក អំ សំអាត ថ្លែងថា ពាក់ព័ន្ធជនអនាថានេះក្រសួងគួរមានយន្តការច្បាស់លាស់ ទើបយន្តការនោះទទួលបានជោគជ័យ បើពុំទោះទេ ការប្រមូលជនអនាថាដូចវែកចក និងនៅតែជាបញ្ហាក្នុងសង្គម។
លោកថា៖ «ការប្រមូលឬគិតគូរពីក្រុមជនអនាថា ត្រូវតែមានយន្តការច្បាស់លាស់ បើសិនជាគាត់គ្មានដីបង្កបង្កើនផល ហើយមិនមានមុខរបរ ក្រសួងគួរគិតថាតើមានផ្តល់ជាដីសម្បទានសង្គមកិច្ចឬបង្ហាត់បង្រៀនវិជ្ជាជីវៈ ដើម្បីគាត់មានមុខរបរ កុំឱ្យគាត់វិលទៅរស់នៅតាមផ្លូវ»។
លោកថា ក្រសួងត្រូវតែចាត់វិធានការតាមផ្លូវច្បាប់ លើបុគ្គលដែលធ្វើអាជីវកម្មលើកុមារដោយប្រមូលកុមារដើរសុំទាន ឬប្រើប្រាស់ពលកម្មកុមារដើម្បីទទួលបានកម្រៃ ដោយមានអ្នកចាត់តាំង ឬមានអ្នកគ្រប់គ្រងច្បាស់លាស់៕
វីដេអូ៖