
អ្នកចូលរួមសិក្ខាសាលាកាលពីថ្ងៃទី ១៥ ខែសីហា ។ រូបថត សហការី
ភ្នំពេញៈ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ការយល់ដឹងពីប្រព័ន្ធស្បៀងនៅកម្ពុជា» ដើម្បីប្រមូលធាតុចូល ពីគ្រប់ភាគីពាក់ព័ន្ធ ដាក់បញ្ចូលទៅក្នុងគម្រោងលើកកម្ពស់ប្រព័ន្ធស្បៀងកម្ពុជាឱ្យទទួលបានជោគជ័យនៅឆ្នាំ ២០៣០។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើង កាលពីថ្ងៃទី ១៥ ខែសីហា ក្នុងគោលបំណងប្រមូលព័ត៌មានបឋមពីភាគីពាក់ព័ន្ធនានា ទាក់ទងការយល់ដឹង ចំណេះដឹង និងការអនុវត្តវិធីសាស្ត្រផ្អែកលើគោលការណ៍ជាមូលដ្ឋានសិទ្ធិមនុស្ស ក្នុងបរិបទប្រព័ន្ធស្បៀងកម្ពុជា ដើម្បីអនុវត្តគម្រោងលើកកម្ពស់ប្រព័ន្ធស្បៀងនៅកម្ពុជាតាមរយៈការចូលរួម (People Center Food System) ដែល ការងារនេះគាំទ្រថវិកាដោយទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍របស់ប្រទេសស្វ៊ីស (SDC) ។
អនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ លោក ជា សំណាង មានប្រសាសន៍ថា សិក្ខាសាលាពិគ្រោះយោបល់នេះ គឺជាការផ្ដល់ឱកាសឱ្យតួអង្គពាក់ព័ន្ធដូចជាអ្នកសិក្សាស្រាវជ្រាវ អ្នករៀបចំគោលនយោបាយ តំណាងក្រសួង ស្ថាប័ន ដើម្បីចូលរួមពិភាក្សាលើទិន្នន័យថ្មីបំផុត របស់ប្រទេសកម្ពុជា និងការរកឃើញផ្នែកវិទ្យាសាស្ត្រក្នុងវិស័យកសិកម្ម បរិស្ថាន អភិវឌ្ឍន៍ជនបទ សុខាភិបាល អប់រំ ការផ្គត់ផ្គង់ទឹកស្អាត និងសុវត្ថិភាពចំណីអាហារ សំដៅធ្វើឱ្យកាន់តែល្អប្រសើរឡើងនូវស្ថានភាពប្រព័ន្ធស្បៀងនៅកម្ពុជា។
លោកថា៖ «ឈរលើស្មារតីនេះ ការពង្រឹងប្រព័ន្ធស្បៀងគឺមិនមែនគ្រាន់តែដើម្បីឱ្យមានរបបអាហារសុខភាព ប៉ុណ្ណោះទេ ប៉ុន្តែជាប្រធានបទមួយដ៏មានសារៈសំខាន់ដែលបានលើកឡើងនៅតាមវេទិកាជាតិ និងអន្តរជាតិ ហើយត្រូវបានគេចាត់ទុកថា ជាកត្តាគន្លឹះក្នុងការអភិវឌ្ឍសង្គមជាតិ»។
មួយវិញទៀត រដ្ឋាភិបាលបានផ្ដល់អាទិភាពខ្ពស់ និងចាត់ទុកវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ ជាបញ្ហាអន្ដរវិស័យមួយដ៏មានសារៈសំខាន់ ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស សេដ្ឋកិច្ច ភាពចម្រុងចម្រើននៃសង្គមជាតិ និងសមធម៌សង្គម។
លោក ជា សំណាង គូសបញ្ជាក់ថា ដោយមើលឃើញពីបញ្ហានេះ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក្នុងនាមជាសេនាធិការជូនរាជរដ្ឋាភិបាល បានសហការជាមួយអង្គការដៃគូអភិវឌ្ឍ វិស័យឯកជន និងក្រសួង ស្ថាប័ន ពាក់ព័ទ្ធរៀបផែនទីបង្ហាញផ្លូវ ស្តីពីប្រព័ន្ធស្បៀងសម្រាប់ការអភិវឌ្ឍប្រកបដោយចិរភាពនៅកម្ពុជា ឆ្នាំ ២០៣០ ហើយឯកសារនេះត្រូវបាន រាជរដ្ឋាភិបាលអនុម័តកាលពីខែកញ្ញា ឆ្នាំ ២០២១។
លោកបន្តថា ផែនទីបង្ហាញផ្លូវនេះ គឺឈរលើអាទិភាពចំនួន ៤ ទី១ លើកកម្ពស់របបអាហារសុខភាពសម្រាប់ទាំងអស់គា្ន ទី២ លើកកម្ពស់ភាពស្វាហាប់របស់យុវជន ស្រ្តី និងជនងាយរងគ្រោះ ក្នុងការលើកកម្ពស់ប្រព័ន្ធស្បៀង ទី៣ ពង្រីកភាពធន់លើមុខរបរចិញ្ចឹមជីវិត និងប្រព័ន្ធស្បៀង និងទី៤ ពង្រឹងអភិបាលកិច្ចដើម្បីធ្វើឱ្យប្រព័ន្ធស្បៀងកាន់តែមានបរិយាប័ន្ន។
លោកថា៖ «ដើម្បីទទួលបានជោគជ័យនូវប្រព័ន្ធស្បៀងនេះ យើងត្រូវធ្វើការរួមគ្នា ជាមួយនឹងអង្គភាពពាក់ព័ន្ធ ទាំងអស់ ទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងសហគមន៍ ដើម្បីឈានទៅសម្រេចបានការកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាជន បញ្ចប់ភាពអត់ឃ្លាន លុបបំបាត់បញ្ហាកង្វះអាហារូបត្ថម្ភគ្រប់ទម្រង់ (ក្មេងក្រិសក្រិន, ស្គមស្គាំង, ទម្ងន់មិនគ្រប់, ធាត់ជ្រុល) និងការការពារធនធានបរិស្ថាន» ។
លោក ហ៊ូ ក្រើន អនុប្រធានអង្គការហេលេន ខេល័រ អន្តរជាតិ បានថ្លែងថា សិក្ខាសាលានេះគឺជាព្រឹត្តិការណ៍មួយដ៏ល្អដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដោយធ្វើការពិភាក្សាគ្នាលើសារៈ សំខាន់នៃផលប្រយោជន៍ប្រព័ន្ធស្បៀងមានលក្ខណៈចីរភាពសម្រាប់កម្ពុជា។
លោកថា៖ «នៅពេលនិយាយរឿងស្បៀង គឺការផលិតស្បៀងឱ្យបានច្រើនដើម្បីឱ្យមានសន្តិសុខស្បៀង ហើយបញ្ហានេះមានការពាក់ព័ន្ធច្រើនមិនត្រឹមតែការផលិតទេ យើងមានចំណុចច្រើនដែលត្រូវចាប់ផ្តើម ដូចជាការផលិត ការប្រមូលផល កែច្នៃ ការលក់ដូរ បរិភោគ ដោយសារមានដំណាក់កាលច្រើន។ អ៊ីចឹងត្រូវមានការចូលរួមពីភាគីពាក់ព័ន្ធពហុវិស័យ»។
លោកយល់ថា ពាក់ព័ន្ធស្បៀងអាហារនេះដែរ នៅក្នុងខ្សែចង្វាក់ផលិតកម្មនៅស្រុកខ្មែរ បាននិងកំពុងធ្វើ និងអនុវត្តបានចំណុចមួយចំនួនធំហើយ ជាពិសេសលើការផលិត ប៉ុន្តែនៅជួបបញ្ហាកង្វះទីផ្សារ។ ជាមួយគ្នានេះដែរ លោកជំរុញដល់ស្ថាប័នពាក់ព័ន្ធសូមឱ្យបង្កើនការត្រួតពិនិត្យលើសុវត្ថិភាពចំណីអាហារនៅតាមទីផ្សារ ដូចជាបន្លែ ផ្លែឈើ សាច់ និងអ្នកលក់ដូរនៅតាមដងវិថី ខណៈលោកថា ទាំងនេះក៏ពាក់ព័ន្ធលើប្រព័ន្ធសន្តិសុខស្បៀងប្រកបដោយសុវត្ថិភាពលើចំណីអាហារផងដែរ។
នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយយុទ្ធសាស្ត្រជាតិ ស្តីពីសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ លើកទី២ ឆ្នាំ ២០១៩-២០២៣ កាលពីថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០១៨ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ដំណោះស្រាយពាក់ព័ន្ធនឹងសន្តិសុខស្បៀង និងអាហារូបត្ថម្ភ មិនត្រឹមតែជាការឆ្លើយតបទៅនឹង គោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញកន្លងមកប៉ុណ្ណោះទេ ប៉ុន្តែបានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ការដោះស្រាយទុក្ខលំបាកលើកស្ទួយជីវភាពរស់នៅ និងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនទៀតផង៕