ភ្នំពេញៈ រដ្ឋមន្ដ្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ បាន​បង្កើត​ក្រុម​ការងារ​ចំពោះ​កិច្ច​ ដើម្បី​ទទួល​បន្ទុក​ពិនិត្យ និង​ផ្តល់យោបល់​លើ​ផ្នែក​ទោសប្បញ្ញត្តិ​នៃ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ជលផល សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ព្រៃឈើ និង​សេចក្តី​ព្រាង​ច្បាប់ ស្តីពី​តំបន់​ការពារ​ធម្មជាតិ មុន​នឹង​ដាក់​ទៅ​​ទីស្ដីការ​គណៈរដ្ឋមន្ដ្រី​ ដើម្បី​ពិនិត្យ និង​សម្រេច​។

យោងតាម​សេចក្ដី​សម្រេច​របស់​លោក កើត រិទ្ធ ចុះ​ថ្ងៃទី​ ១៧ ខែ​សីហា បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច​ទទួល​បន្ទុក​ពិនិត្យ​ និង​ផ្ដល់​យោបល់​លើ​ផ្នែក​ទោស​ប្បញ្ញត្តិ​នៃ​សេចក្ដី​ព្រាងច្បាប់​ទាំង​ ៣​ នេះ​ដោយ​មាន​សមាសភាព​លោក ជីវ សុងហាក់ និង​លោក កេង សុម៉ារិទ្ធ ជា​រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌​ជា​សហប្រធាន​រួម​នឹង​អនុប្រធាន​ ៣ ​រូប សមាជិក​ និង​លេខាធិការ​មកពី​ក្រសួង​យុត្តិធម៌​ចំនួន​ ១៤ ​រូប​ទៀត​។

លោក កើត រិទ្ធ បញ្ជាក់​ក្នុង​សេចក្ដី​សម្រេច​នេះ​ថា​៖ «​ក្រុម​ការងារ​ចំពោះ​កិច្ច​នេះ មាន​តួនាទី​ ​និង​ភារកិច្ច​សិក្សា​ស្រាវជ្រាវ ដើម្បី​លើក​យោបល់​លើ​ផ្នែក​ទោសប្បញ្ញត្តិ​នៃ​សេចក្តី​ព្រាងច្បាប់​ស្តីពី​ជលផល សេចក្តី​ព្រាងច្បាប់​ស្តីពី​ព្រៃឈើ​និង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​តំបន់​ការពារ​ធម្មជាតិ​។

ពិនិត្យ និង​លើក​យោបល់​អំពី​សង្គតិភាព​ និង​អនុលោមភាព​គតិយុត្តរ​វាង​សេចក្ដី​ព្រាង​ច្បាប់​ស្តីពី​ជលផល សេចក្តី​ព្រាងច្បាប់​ស្តីពី​ព្រៃឈើ​ និង​សេចក្តី​ព្រាងច្បាប់​ស្តីពី​តំបន់​ការពារ​ធម្មជាតិ​»​។

លោក​បន្តថា ក្រុមការងារ​នេះ​ក៏មាន​តួនាទី​ និង​ភារកិច្ច ពិនិត្យ​ និង​លើក​យោបល់​អំពី​សង្គតិភាព​ និង​អនុលោមភាព​គតិយុត្តរ​វាង​សេចក្តី​ព្រាងច្បាប់​ទាំង​ ៣​ នេះ ជាមួយ​ច្បាប់​ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ជាធរមាន​ផ្សេងទៀត​ផង​ដែរ​។

ជាមួយ​នេះ​លោក​ក៏បាន​លើកឡើង​ដែរ​ថា ក្រុម​ការងារ​ចំពោះកិច្ច​មាន​តួនាទី និង​ភារកិច្ច​ធ្វើ​របាយការណ៍​អំពី​លទ្ធផល​នៃ​ការពិនិត្យ និង​ផ្តល់​យោបល់​លើ​សេចក្តី​ព្រាងច្បាប់​ស្តីពី​ជលផល សេចក្តី​ព្រាងច្បាប់​ស្តីពី​ព្រៃឈើ និង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​តំបន់​ការពារ​ធម្មជាតិ​ និង​អនុវត្ត​ការងារ​ផ្សេង​ទៀត​តាម​ការប្រគល់​ភារកិច្ច​ពី​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​។

លោក​បាន​បញ្ជាក់ថា អនុប្រធាន និង​សមាជិក​នៃ​ក្រុម​ការងារ​ត្រូវ​ចូលរួម​ប្រជុំ​តាម​ការកោះអញ្ជើញ​របស់​សហប្រធាន​។

ក្នុង​ករណី​សហប្រធាន​ ១ ​រូប​អវត្តមាន​ ឬ​មានធុរៈ​សហប្រធាន​ ១ ​រូប​ទៀត​អាច​កោះប្រជុំ និង​/​ឬ ដឹកនាំ​កិច្ចប្រជុំ​ជំនួស​បាន​។

លោក ​ជិន ម៉ាលីន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​បានឱ្យ​ដឹងថា បច្ចុប្បន្ន​ក្រុម​ការងារ​ចំពោះ​កិច្ច​ក្រសួង​យុត្តិធម៌​កំពុង​ពិនិត្យ​តាម​នីតិវិធី​លើ​សេចក្ដី​ព្រាងច្បាប់​ទាំង​ ៣​ នេះ​ត្រង់​ជំពូក​ទោសប្បញ្ញត្តិ ក្រោយពី​អន្តរក្រសួង​បាន​បញ្ជូន​ច្បាប់​ទាំងនេះ​មក​ក្រសួង​កាលពី​ថ្ងៃទី​ ៨ ខែសីហា ឆ្នាំ​ ២០២២​។

លោក​ថ្លែងថា​៖ «​ក្រោយពី​បាន​ទទួល​សេចក្ដី​ព្រាង​វិសោធនកម្ម​ច្បាប់​ស្ដីពី​ព្រៃឈើ​ច្បាប់​ស្ដីពី​ជលផល និង​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ ក្រុម​ការងារ​ក្រសួង​នឹង​ធ្វើការ​ពិនិត្យ​ និង​ផ្តល់យោបល់​លើ​ផ្នែក​ដែល​ពាក់ព័ន្ធ​នឹង​ទោស​ប្បញ្ញត្តិ​នេះ​។ ​ចំពោះ​រយៈពេល​ប៉ុន្មាន​ដែល​ត្រូវ​បញ្ចប់​ហើយ​បញ្ជូនទៅ​គណៈរដ្ឋមន្ដ្រី​ពិនិត្យ​ និង​សម្រេច​គឺ​យើង​មិនទាន់​អាច​កំណត់​បានទេ​»​។

លោក​ ប៉ែន បុណ្ណារ៍ មន្ត្រី​ជាន់ខ្ពស់​សមាគម​អាដហុក​បាន​ថ្លែងថា ការធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​ឡើងវិញ​នឹងមាន​ចែង​ច្បាស់​​អំពី​កាតព្វកិច្ច​របស់​ប្រជាពលរដ្ឋ មន្ដ្រី​នគរបាល និង​អ្នក​រាជការ​សាធារណៈ​ចំពោះ​កាតព្វកិច្ច​ក្នុង​ការ​ចូលរួម​ការពារ​ថែរក្សា​ធនធាន​ធម្មជាតិ ព្រៃឈើ​តាមរយៈ​ការដាក់​ជា​កាតព្វកិច្ច​គឺ​បណ្ដឹង​បរិហារ​តែម្ដង​។

លោក​ថ្លែងថា​៖ «​យើង​តែងតែ​គិតថា ច្បាប់​ទាំង​ ៣​ នេះ​ប្រសិន​បើ​មាន​ការ​អនុវត្ដ​មាន​ប្រសិទ្ធភាព ត្រូវ​បាន​មន្ដ្រី​នគរបាល​យុត្តិធម៌​គ្រប់​ទីកន្លែង តំណាង​អយ្យការ​អម​សាលាដំបូង​គ្រប់​ខេត្ត អនុវត្ត​បាន​តាមច្បាប់​ចាស់​គឺអាច​ទប់ស្កាត់​បាន​នូវ​បទល្មើស​ព្រៃឈើ និង​បទល្មើស​ធនធាន​ធម្មជាតិ​ផ្សេងទៀត​»​។

កាលពី​ថ្ងៃទី ​៨ ខែសីហា លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ធ្លាប់បាន​បញ្ជាក់​ក្នុង​កិច្ចប្រជុំ​អន្តរក្រសួង​ពិនិត្យ​លើ​ការរៀបចំ​សេចក្ដី​ព្រាង​ច្បាប់​ទាំងនេះ​ថា ការរៀបចំ​ធ្វើ​សេចក្ដី​ព្រាងច្បាប់​ទាំង​ ៣ ​នេះ គឺជា​ការ​អនុវត្ត​តាម​អនុសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្របតាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

លោក​បានឱ្យ​ដឹងថា ការរៀបចំ​សេចក្ដី​ព្រាងច្បាប់​ទាំង​ ៣ ​នេះ​មាន​គោលដៅ​ធ្វើឱ្យ​ស្របតាម​បន្ទាត់​កំណែទម្រង់​វិមជ្ឈការ​ និង​វិសហមជ្ឈការ ដើម្បី​ជំរុញ​ និង​លើកកម្ពស់​ការទទួល​ខុសត្រូវ​របស់​ថ្នាក់ក្រោម​ជាតិ និង​ប្រជាពលរដ្ឋ​ក្នុង​ការការពារ អភិរក្ស និង​អភិវឌ្ឍ​ធនធាន​ធម្មជាតិ​ប្រកប​ដោយ​ប្រសិទ្ធភាព​ និង​និរន្តរភាព​នៅ​កម្ពុជា​៕