ភ្នំពេញៈ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​បាន​ដាក់​ទិសដៅ​រយៈពេល​មធ្យម និង​រយៈពេល​វែង​ «​ពង្រឹង​កិច្ចគាំពារ​សង្គម​ ដើម្បី​លើកស្ទួយ​ស្ថានភាព​សង្គម សេដ្ឋកិច្ច​» ដោយ​ពង្រឹង​បណ្តាញ​សុវត្ថិភាព​សង្គម និង​កិច្ច​គាំពារ​សង្គម លើកកម្ពស់​គុណភាព ប្រសិទ្ធភាព និង​សមធម៌ ខណៈ​រយៈពេល ៥ ​ឆ្នាំ ក្រសួង​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ផ្តល់​ជំនួយ​សង្គ្រោះបន្ទាន់​ជា​ស្បៀង និង​សម្ភារ​ផ្សេងៗ​ដល់​ប្រជាជន​រងគ្រោះ​ ដោយ​គ្រោះធម្មជាតិ គ្រោះ​មហន្តរាយ​ផ្សេងៗ​ប្រជាជន​ក្រីក្រ ទុរគតជន សរុប​ចំនួន ២៨០ ២៩២ ​គ្រួសារ​។

លោក តូច ចាន់នី អ្នក​នាំពាក្យ​ក្រសួង​សង្គមកិច្ច​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី «​សមិទ្ធផល​សម្រេច​បាន​រយៈពេល ៥ ឆ្នាំ​កន្លងមក​របស់​ក្រសួង​សង្គមកិច្ច​» ដែល​រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កាលពី​ថ្ងៃទី​ ១៨ សីហា នៅ​ទីស្ដីការ​គណៈរដ្ឋមន្ដ្រី​ថា ក្នុង​រយៈពេល ៥ ​ឆ្នាំ (២០១៧-២០២២) ក្រសួង​សង្គមកិច្ច អនុវត្ត​សម្រេច​បាន​លទ្ធផល​ការងារ​សំខាន់ៗ​ជាច្រើន​ក្នុង​នោះ វិស័យ​សង្គមកិច្ច​បាន​អនុវត្ត​កម្មវិធី​សង្គ្រោះបន្ទាន់ ដោយ​សហការ​ជាមួយ​កាកបាទ​ក្រហម​កម្ពុជា និង​អង្គការ​នានា​ផ្តល់​ជំនួយ​សង្គ្រោះ​បន្ទាន់ ជា​ស្បៀង និង​សម្ភារ​ផ្សេងៗ​ដល់​ប្រជាជន​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ​គ្រោះ​មហន្តរាយ​ផ្សេងៗ ប្រជាជន​ក្រីក្រ ទុរគតជន សរុប​ចំនួន ២៨០ ២៩២​ គ្រួសារ​។

ចំណែក វិស័យ​អតីតយុទ្ធជន (​រួមទាំង​អតីតមន្ត្រី​រាជការ​ស៊ីវិល​) ទាក់ទង​នឹង​បេឡា​ជាតិ​សន្តិសុខ​សង្គម​ សម្រាប់​មន្ត្រី​រាជការ​ស៊ីវិល​បាន​ដាក់​ឱ្យ​ដំណើរការ​នូវ​របប​សន្តិសុខ​សង្គម​ ដែល​មាន​តាវកាលិក​ចំនួន​ ៦ គឺ ការ​ចូលនិវត្តន៍​ការបាត់បង់​សម្បទា​វិជ្ជាជីវៈ មាតុភាព គ្រោះថ្នាក់​ការងារ មរណភាព និង​អ្នក​នៅក្នុង​បន្ទុក​។ ដោយឡែក​សព្វថ្ងៃនេះ​បេឡា​ជាតិ​បាន​អនុវត្ត​តែ​លើ ៣ តាវកាលិក​ប៉ុណ្ណោះ​គឺ ការចូល​និវត្តន៍ ការបាត់បង់​សម្បទា​វិជ្ជាជីវៈ និង​អ្នក​នៅក្នុង​បន្ទុក​។

លោក​ឱ្យ​ដឹងថា បេឡា​ជាតិ​សន្ដិសុខ​សង្គម​សម្រាប់​មន្ដ្រីរាជការ​ស៊ីវិល ​ដែល​ជា​គ្រឹះស្ថាន​សាធារណៈ​រដ្ឋាភិបាល​បាននិង​កំពុង​បម្រើ​សំណូមពរ​លើ​ការផ្តល់​សេវា​ដល់​និវត្តជន និង ជន​បាត់បង់​សម្បទា​វិជ្ជាជីវៈ​ចំនួន ៥៦ ១៧១ ​នាក់ និង​អ្នក​ក្នុងបន្ទុក​ចំនួន ៤៤ ៦៩២ ​នាក់​ដែល​ប្រើប្រាស់​ថវិការដ្ឋ​ប្រមាណ ៣៨៩ ​ពាន់​លាន​រៀល​ក្នុង​ ១ ​ឆ្នាំ​ (​ប្រហាក់​ប្រហែល ៩៤ ​លាន​ដុល្លារ​អាមេរិក​)​ ដោយ​ធានា​ការ​អនុវត្ដ​របប​គោលនយោបាយ​ប្រកប​ដោយ​ប្រសិទ្ធភាព​។ លោក​បន្តថា​៖ «​តាម​ការប៉ាន់ស្មាន​ចំនួន​មន្ត្រីរាជការ​សរុប​ប្រមាណ​ជាង ២០​ ម៉ឺន​នាក់ ដែល​ក្នុងនោះ អ្នក​ដែល​ត្រូវ​ដល់​អាយុ​ចូលនិវត្តន៍​មាន​ចំនួន​ប្រមាណ​ ៣ ៣០០ ​នាក់ ក្នុង ១ ឆ្នាំ ស្មើនឹង ​១,៥%»​។

ចំពោះ​វិស័យ​យុវនីតិសម្បទា​លោក ចាន់នី ឱ្យ​ដឹងថា ក្រសួង​បាន​ជួយ​ជនរងគ្រោះ​ដោយសារ​ការប្រើប្រាស់​គ្រឿងញៀន​ដែល​បាន​មក​ទទួល​ការព្យាបាល និង​ស្តារនីតិសម្បទា​ក្នុង​មជ្ឈមណ្ឌល​មាន​ចំនួន ៥៥ ៣០៧ នាក់​ក្នុងនោះ​ជនរងគ្រោះ ដោយសារ​ការប្រើប្រាស់​គ្រឿងញៀន ៣៥ ២២៣ ​នាក់ ត្រូវ​បាន​ធ្វើ​សមាហរណកម្ម​ត្រឡប់​ទៅ​ក្រុមគ្រួសារ​ និង​សហគមន៍​វិញ​ ន្ទាប់ពី​បានជា​សះស្បើយ​។

ទាក់ទង​នឹង​កម្មវិធី​ជំនួយ​សង្គម​ លោក​បានឱ្យ​ដឹងថា រាជរដ្ឋាភិបាល​បាន​ប្រកាស​ដាក់ឱ្យ​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ចំនួន​ ២ ក្នុងនោះ​មាន ទី​ ១ កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម ២ ​ឆ្នាំ ដែល​បាន​អនុវត្ត​ចាប់​តាំង​ខែមិថុនា ឆ្នាំ ២០១៩ មកទល់​ពេលនេះ​បាន​ផ្តល់​សេវា​ដល់​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​បាន​ប្រមាណ ២៧៧ ០៨០ ​នាក់​ និង​ចំណាយ​ថវិការដ្ឋ​សរុប​ចំនួន ៧៦ ៨៩៦ ៣២០ ០០០ ​រៀល (​ប្រមាណ ១៩,២២ ​លាន​ដុល្លារ​អាមេរិក​)​។

ទី​ ២ ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុង​អំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ បាន​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​នៅ​ថ្ងៃទី​ ២៤ ខែមិថុនា ឆ្នាំ​ ២០២០ ក្រោម​អធិបតីភាព លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​។

លោក​បញ្ជាក់​ថា​៖ «​បើ​គិត​មក​ដល់​ថ្ងៃទី​ ២៤ ខែកក្កដា ឆ្នាំ​ ២០២២ ក្រសួង​អនុវត្តបាន​ចំនួន ៩ ​ជុំ មាន​ ២៥ ​លើក មាន​អ្នក​ទទួលផល​ក្នុង​រង្វង់ ៧០ ​ម៉ឺន​គ្រួសារ ដោយ​ចំណាយ​អស់​ថវិការដ្ឋ​សរុប​ជាង ២ ៩៧៨ ​ប៊ីលាន​រៀល ស្មើនឹង​ប្រមាណ ៧៤៤ ​លាន​ដុល្លារ​អាមេរិក​»​។

បន្ថែម​ពីនេះ ក្រសួង​សង្គមកិច្ច​ក៏បាន​អនុវត្ត​កម្មវិធី​ជំនួយ​សង្គម​ជា​សាច់ប្រាក់​ក្រោយពេល​បិទខ្ទប់​ សម្រាប់​ប្រជាពលរដ្ឋ និង​គ្រួសារ​ប្រជាពលរដ្ឋ​មាន​ការលំបាក​ផ្នែក​ជីវភាព និង​គ្រួសារ​ប្រជាពលរដ្ឋ​មាន​ការស្លាប់​ ដោយសារ​ជំងឺ​កូវីដ​ ១៩ ក្នុង​ព្រឹត្តិការណ៍​ ២០ កុម្ភៈ ២០២១ ចំនួន ២ ​លើក ដែលមាន​ពលរដ្ឋ​សរុប​ចំនួន ១២៩ ៦៦៦ ​គ្រួសារ រួមមាន​គ្រួសារ​លំបាក​ផ្នែក​ជីវភាព​ចំនួន ១០៨ ៩៣០​ គ្រួសារ គ្រួសារ​ឆ្លង​កូវីដ​មាន​ជីវភាព​លំបាក​ចំនួន ១៨ ៦៨៣ ​គ្រួសារ និង​គ្រួសារ​អ្នកស្លាប់​ ដោយសារ​ជំងឺ​កូវីដ​ ១៩ ​ចំនួន ២ ០៥៣​ គ្រួសារ​ដោយ​ចំណាយ​ថវិកា​សរុប​ចំនួន ៣៤ ៧១៥ ១៨៣ ៦០០​ រៀល ប្រហាក់​ប្រហែល ៨,៧ ​លាន​ដុល្លារ​អាមេរិក​ផងដែរ​។

លោក​ ចាន់នី បាន​បញ្ជាក់ថា ជា​ទិសដៅ​បន្ត និង​ចក្ខុវិស័យ​រយៈពេល​មធ្យម និង​រយៈពេល​វែង ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា​នឹងដាក់​ចេញ​នូវ​គោលនយោបាយ​ «​ពង្រឹង​កិច្ច​គាំពារ​សង្គម​ ដើម្បី​លើកស្ទួយ​ស្ថានភាព​សង្គម​សេដ្ឋកិច្ច​» ក្នុង​គោលបំណង​ «​ពង្រឹង​នូវ​បណ្តាញ​សុវត្ថិភាព​សង្គម និង​កិច្ច​គាំពារ​សង្គម​លើកកម្ពស់​គុណភាព ប្រសិទ្ធភាព និង​សមធម៌​»​។

លោក​ថ្លែងថា​៖ «​ក្នុងន័យនេះ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា នឹងដាក់​ចេញ​នូវ​កម្មវិធី អនុកម្មវិធី និង​ចង្កោម​សកម្មភាព​មួយចំនួន​ជា​អាទិភាព​បន្ថែមទៀត សំដៅ​សម្រេច​បាន​នូវ​អភិក្រម​នៃ​សសរស្តម្ភ​ទាំង​ ២ នៃ​ប្រព័ន្ធ​គាំពារ​សង្គម (​ប្រព័ន្ធ​សន្តិសុខ​សង្គម និង​ប្រព័ន្ធ​ជំនួយ​សង្គម​) និង​ការពង្រឹង​សេវា​សង្គមកិច្ច​»​។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល និង​ការពារ​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ​លោក ​អំ សំអាត សម្តែង​ការគាំទ្រ​ចំពោះ​ការផ្តល់​ជំនួយ​សង្គ្រោះបន្ទាន់​ដល់​ជនក្រីក្រ​ និង​ជន​ងាយ​រងគ្រោះ​ទាំងនេះ​។ «​ការផ្តល់​ជំនួយ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​ក្រីក្រ ទុរគតជន ជនរងគ្រោះ​ដោយ​គ្រោះធម្មជាតិ និង​ទឹកជំនន់ ភ្លើង​ឆេះ​ជាដើម ខ្ញុំ​គាំទ្រ​លើ​ការផ្តល់​ជំនួយ​សង្គ្រោះបន្ទាន់​ សម្រាប់​ពួកគាត់ ប៉ុន្តែ​ត្រូវធ្វើ​យ៉ាង​ម៉េច​ឱ្យ​ការផ្តល់​នោះ​ទាន់​ពេលវេលា​»៕ រាយការណ៍​បន្ថែម ឡាយ សាមាន