ភ្នំពេញៈ ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ប្រកាស​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​អតីតភាព​ការងារ​ចំនួន​ ៣​ ចំណុច​ដល់​កម្មករ​រោងចក្រ​ ឃែនធើរេន អែភែរឹល​ (​ខេមបូឌា​) ដែល​ត្រូវបាន​ថៅកែ​រត់ចោល ដោយ​ណែនាំ​ឱ្យ​កម្មករ​ត្រៀម​ឯកសារ ដើម្បី​ទទួល​ប្រាក់​ឈ្នួល​ក្នុងពេល​ខាងមុខ​។

ការប្រកាស​ផ្តល់ជូន​កម្មករ​ក្នុង​រោងចក្រ​នេះ បន្ទាប់ពី​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន កាលពី​ថ្ងៃទី​ ១៧ សីហា បាន​បញ្ជា​ឱ្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ចេញ​កញ្ចប់​ថវិការដ្ឋ ដើម្បី​ដោះស្រាយ​ផ្តល់​សំណង​ដល់​កម្មករ កម្មការិនី ដែល​ជួបប្រទះ​នឹង​បញ្ហា​ថៅកែ​បិទទ្វារ​រត់ចោល​រោងចក្រ ដោយ​មិនត្រូវ​អូសបន្លាយ​ដល់​កម្មករ​ទៀត​នោះទេ​។ រោងចក្រ​ ឃែនធើរេន អែភែរឹល ​(​ខេមបូឌា) ​ដែល​និយោជក​បាន​បិទទ្វារ​រត់ចោល​នេះ​មាន​ទីតាំងនៅ​ភូមិ​ត្រពាំង​ថ្លឹង​ ៣​ សង្កាត់​ចោមចៅ​ទី​ ១ ខណ្ឌ​ពោធិ៍សែនជ័យ​។

សេចក្តី​ប្រកាស​របស់​ក្រសួង​ការងារ​ចុះ​ថ្ងៃទី​ ១៧ សីហា បាន​ឱ្យ​ដឹងថា យោងតាម​ស្មារតី​នៃ​កិច្ចប្រជុំ​ដោះស្រាយ​ករណី​ក្រុមហ៊ុន​ ឃែនធើរេន អែភែរឹល ​(​ខេមបូឌា​) ​កន្លងមក និង​យោងតាម​ច្បាប់​ស្តីពី​ការងារ ក្រសួង​នឹង​ធ្វើការ​ទូទាត់​បើកប្រាក់​ឈ្នួល និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងទៀត​ចំនួន ៣ ​ចំណុច ដោយ​ប្រើ​ថវិកា​បុរេប្រទាន​របស់​រាជរដ្ឋាភិបាល​។

សេចក្តី​ប្រកាស​ដដែល​បាន​បន្តថា ការបើកប្រាក់​ឈ្នួល​នេះ គឺមាន​ ៣ ​ចំណុច​ដោយ​ទី​ ១ ប្រាក់​ឈ្នួល​ខែ​ចុងក្រោយ ដែល​មិនទាន់​បាន​បើក ទី​ ២​ ប្រាក់​បំណាច់​ជួស​ការ​សម្រាក​ប្រចាំឆ្នាំ​ដែល​នៅសល់ និង​ទី​ ៣ ប្រាក់​បំណាច់​អតីតភាព​ការងារ​ថ្មី​ក្នុង​ឆ្នាំ និង​ប្រាក់​រំឭក​ប្រាក់​បំណាច់​អតីតភាព​ការងារ ដែលមាន​មុន​ឆ្នាំ​ ២០១៩​។

ក្រសួង​បញ្ជាក់ថា​៖ «​សូម​បងប្អូន​កម្មករនិយោជិត មេត្តា​រង់ចាំ​ការជូន​ដំណឹង​បន្ថែម​អំពី​ការបើកប្រាក់​ឈ្នួល និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ពី​អគ្គលេខាធិការដ្ឋាន​គណៈកម្មការ សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម នៅតាម​គ្រប់មុខ​សញ្ញា​នាពេល​ឆាប់​ខាងមុខនេះ​»​។

ជាមួយ​គ្នា​នេះ ក្រសួង​ការងារ​ក៏​បាន​ណែនាំ​ឱ្យ​កម្មករ​ត្រៀម​ឯកសារ​ពាក់ព័ន្ធ​មួយចំនួន ដើម្បី​ទុក​ សម្រាប់​ជា​ឯកសារ​ភ្ជាប់​ក្នុង​ការបើកប្រាក់​ឈ្នួល និង​ប្រាក់​អត្ថប្រយោជន៍​នេះ​ផងដែរ​។

ក្រសួង​ប្រាប់ថា​៖ «​ក្នុងអំឡុង​នៃ​ការរង់ចាំ​ការជូន​ដំណឹង​បន្ថែម​នេះ សូម​បងប្អូន​ដាក់ពាក្យ​ស្វែងរក​ការងារ​ធ្វើ​តាមរយៈ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ ដើម្បី​រក្សា​ស្ថិរភាព​នៃ​ប្រាក់ចំណូល​»​។

លោក ទេស រុក្ខាផល អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​បាតុកម្ម កូដកម្ម នៅតាម​គ្រប់​មុខសញ្ញា​ (​គកប​) ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៨ សីហា ថា មកដល់​ពេល​នេះ ក្រសួង​កំពុង​បន្ត​ធ្វើ​ការដោះស្រាយ​ជូន​កម្មករ​នៅ​រោងចក្រ​ ឃែនធើរេន អែភែរឹល (​ខេមបូឌា​)​។ លោក​ថា ចំពោះ​ករណី​ដូចគ្នា​នៅតាម​បណ្តា​រោងចក្រ​ផ្សេងទៀត ក្រសួង​នឹង​ពិនិត្យ​ទៅលើ​ស្ថានភាព​ជាក់ស្តែង​ ដើម្បី​ធ្វើការ​ដោះស្រាយ​ជូន​កម្មករ ដោយ​មិនមែន​ឱ្យតែ​រោងចក្រ​ជួប​បញ្ហា​បែបនេះ ក្រសួង​នឹង​ចេញ​ថវិការដ្ឋ ដើម្បី​ធ្វើការ​ដោះស្រាយ​ភ្លាមៗ​នោះទេ​។

លោក​ថា​៖ «​ចំពោះ​រោងចក្រ​ផ្សេងៗ យើង​មិនទាន់​មាន​គោលការណ៍​អ្វី​ទេ ព្រោះ​យើង​ទទួល​បាន​គោលការណ៍​អនុវត្ត​តែ​ [​ជាមួយ​]​ រោងចក្រ​នេះ​។ ក្នុងករណី​ដែលមាន​រោងចក្រ​ផ្សេង​ជួប​បញ្ហា​ដូចគ្នានេះ​យើង​នឹងធ្វើ​ទៅតាម​គោលការណ៍​ជាក់ស្តែង គឺ​មិនមែន​ [​ឱ្យតែ​] ​ពួកគាត់​ជួប​បញ្ហា​យើង​ត្រូវ​ចេញ​កញ្ចប់​ថវិកា ដើម្បី​ដោះស្រាយ​ជូន​គាត់​ទាំងអស់​ទេ​»​។

ដោយឡែក អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ក៏បាន​ប្រកាស​ពី​ការ​សម្រប​សម្រួល​ដោះស្រាយ​បញ្ចប់​រឿង​ជូន​អតីត​កម្មករនិយោជិត​ទាំងអស់​ដែល​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​ កាស៊ីណូ តុងហ្វាង ប៉ាលីរិន ដោយ​ការបើក​ជា​សាច់ប្រាក់ និង​ប្រាក់​បំណាច់​ផ្តាច់​កិច្ចសន្យា​ការងារ​ផងដែរ​ បន្ទាប់ពី​បាន​ផ្អាក​ដំណើរការ​ចាប់តាំងពី​ថ្ងៃ​ទី​ ៣០ កក្កដា​៕

វីដេអូ៖